សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ
អរគុណ! ក្មួយៗ សុខសប្បាយទេហ្នឹង? ដល់ខែរងាហើយ។ សុំសួរបន្តិច អ្នកដែលត្រៀមចូលរោងការប៉ុន្មានទៅទាំងស្រី/ប្រុស លើកដៃទៅមើល? ប្រហែលប៉ុន្មានភាគរយ? ថ្ងៃនេះ ដាច់ខែ អស្សុជ ស្អែកនេះ គឺ ១ កើត ខែ កត្តិក ហើយ។ អាចារ្យដែលឆ្លាត គឺរើសថ្ងៃខែរៀបការឱ្យចំខែរងា។ អាចារ្យឆ្លាតមែនទែន ដេញថ្ងៃខែចំតែ ថ្ងៃសៅរ៍/អាទិត្យ។ ថ្ងៃសៅរ៍/អាទិត្យ វាមានភ្ញៀវចូលរួម(ច្រើន)។ បន្តិចទៀត គឺថា ភ្លេងការប្រគុំលាន់លឺគ្រប់ទីកន្លែងទាំងអស់។ វាត្រូវដល់ពេលវាអញ្ចឹង។ ជំនួបថ្ងៃនេះ បើប្រៀបធៀបនឹងជំនួបកន្លងទៅ អាចចាត់ទុកជាជំនួបធំមួយ ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានមកកាន់ខេត្តតាកែវសាជាថ្មីម្តងទៀត។ កាលពីប៉ុន្មានខែមុនបានចុះខាងទៅស្រុកដូនកែវ ឯថ្ងៃនេះ យើងមកកាន់ស្រុកបាទី ដើម្បីជួបជាមួយកម្មករ/ការិនី រហូតទៅដល់ ២៤.៣៦៦ នាក់ ដែលមកពី ២០ រោងចក្រ នៅក្នុងស្រុកបាទីរបស់យើងនេះ។ អាចចាត់ទុកថា ជាជំនួបធំមួយ ក្នុងចំណោមជំនួបដែលពូបានជួបជាមួយកម្មករ/ការិនីនៅទីកន្លែងនានា។ ក្នុងនោះ ក៏មានក្មួយៗដែលមានផ្ទៃពោះ ចំនួន ១.០៤១ នាក់ ផងដែរ។…