ដកស្រង់ប្រសាសន៍ សារសំឡេងពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពកូវីដ-១៩ នៅ កម្ពុជាដែលបានកំពុងរីករាលដាលខ្លាំងឡើងៗ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ថ្ងៃនេះ សភាពការណ៍ក្នុងប្រទេសយើងពិតជាមិនធម្មតា។​​ រហូតមកដល់ម៉ោងនេះ ការរកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ រហូតដល់ ៤៩ នាក់ គិតតែនៅទី​ក្រុង​ភ្នំពេញ ខេត្ដព្រះសីហនុ និងមកពីខេត្តព្រៃវែង និងអាចមានផ្នែកខ្លះនៅក្នុងខេត្តកណ្ដាលតែប៉ុណ្ណោះ​។ សភាពការណ៍នេះ បានដាក់ចេញជាចំណោទធំៗសម្រាប់យើងក្នុងការបន្ដជំហាន​ប្រយុទ្ធ​ជាមួយជំងឺដ៏កាចសាហាវនេះ​។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអំពាវនាវផង និងចេញបញ្ជាផង។​ ការចេញបទបញ្ជា គឺសុំឲ្យស្ថាប័ននីមួយរបស់រាជរដ្ឋាភិបាល និងសុំអំពាវនាវស្ថាប័ននីតិបញ្ញតិ្ដ សុំផ្អាកបណ្ដោះអាសន្ននៅស្ថាប័ន​​​ តែយ៉ាងហោចណាស់យើងត្រូវមានមនុស្សធ្វើការតិចតួច ដោយ(ឲ្យ)មនុស្សភាគច្រើនធ្វើការតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ ថ្ងៃ។ ក្រោយ ៧ ថ្ងៃ ខ្ញុំព្រះ​ករុណាខ្ញុំនឹងជូនដំណឹងទៅស្ថាប័នទាំងនោះ។ ធ្វើយ៉ាងដូច្នេះ យើងនឹងប​ញ្ចៀសបាននូវហានិភ័យ ដែលយើងមិនទាន់ស្គាល់នូវអ្នកដែលមានការពាក់ព័ន្ធ ព្រោះមានការច្របូកច្របល់ខ្លាំងណាស់​នៅពេលនេះ។ មានការឆ្លងនៅក្នុងក្របខណ្ឌនគរបាល មន្ដ្រីរាជការ រហូតដល់សិល្បករ សិល្បការិនីផងដែរ។ ដូចនេះ ការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុង​ទេ​ ក៏ប៉ុន្ដែសុំឲ្យកាត់បន្ថយចំនួនមនុស្សយ៉ាងតិច ៩០% ហើយមានមនុស្សមួយចំនួនតួចតែប៉ុណ្ណោះ​ ដែលនៅប្រចាំការធ្វើការតាមស្ថាប័ន។ សម្រាប់វិស័យឯកជន ខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់ បើអាចធ្វើបានសុំកាត់បន្ថយបុគ្គលិក​(មកធ្វើការ ដោយ)ផ្លាស់ប្ដូរវេនគ្នា ដើម្បីបញ្ចៀសភាពកកកុញរបស់មនុស្សនៅតាមកន្លែងធ្វើការ​ផង ​និងតាមផ្លូវផង។ ខ្ញុំសូមអំពាវនាវក្រុមគ្រួសារ សុំកុំអោយកូនៗ ចេញក្រៅផ្ទះ…

សារពិសេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់!  “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ការឆ្លងក្នុងសហគមន៍លើកទី ៣ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានកិច្ចការបន្ទាន់ ដើម្បីនឹងប្រកាសជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញតែម្ដង។ មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ មានការប្រជុំពិសេសមួយរបស់មន្រ្តីថ្នាក់ដឹកនាំដែលជាប់ការពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ ​។ ឥឡូវសភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយ ដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ បានធ្វើការសន្និដ្ឋានច្បាស់ថា នេះជាការឆ្លងក្នុងសហគមន៍លើកទី ៣ បន្ទាប់ពីព្រឹត្តិការណ៍ឆ្លងសហគមន៍ ៣ វិច្ឆិកា ដែលផ្ដើមចេញដោយរដ្ឋមន្រ្តីការបរទេសហុងគ្រី។ បន្ទាប់ទៅ ពឹ្រត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ពិតមែនតែព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីថ្ងៃទី ១៨-១៩ ប៉ុន្តែដោយសារតែវិធានការដែលត្រូវប្រកាន់យកនិងការប្រជុំបន្ទាន់នេះ ត្រូវបានធ្វើនៅថ្ងៃទី ២០ កុម្ភៈ ខ្ញុំព្រះករុណាខ្ញុំ សម្រេចដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ផ្ដើមពីការរកឃើញកូវីដ-១៩ លើអ្នកសុំធ្វើតេស្ដចេញទៅក្រៅប្រទេស…

សេចក្តីដកស្រង់សារសំឡេង ដាក់បទបញ្ជាទប់ស្កាត់ការនាំចូល កូវីដ-១៩ ពីថៃ ពីថៃកាត់ឡាវ វៀតណាម និងការអនុវត្តអនុក្រឹត្យលេខ ១២៩ ចុះថ្ងៃទី ១៩ ខែ ៩ ឆ្នាំ ២០១៥ ស្ដីពីវិធានការសុខាភិបាលទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជាអន្តរជាតិនៃជំងឺតាមច្រកចេញចូល

ជូនចំពោះ ឯកឧត្ដម រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ក៏ដូចជាអភិបាលខេត្ត អភិបាលស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង ថ្ងៃនេះ ខ្ញុំមានកិច្ចការបន្ទាន់ដើម្បីចេញសារជម្រាបជូនបងប្អូនជនរួមជាតិ ទាក់ទិនជាមួយនឹងការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង។ កន្លងទៅ ជោគជ័យរបស់យើងដែលទទួលបាន គឺផ្ដើមចេញពីការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ដែលមិននាំទៅដល់ការឆ្លងសហគមន៍សាជាថ្មី ហើយបើទោះ​បីជាយើងធ្លាប់ឆ្លងសហគមន៍ ដែលហៅថាសហគមន៍ ៣ វិច្ឆិកា និងសហគមន៍ ២៨ វិច្ឆិកា ក៏យើងមិនមានការរីករាលដាលឲ្យទៅជាចង្កោមធំនោះទេ ដោយសារតែយើងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ។ បន្ទាប់ពីបិទបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា ការផ្ទុះការរីករាលដាលនៅក្នុងសហគមន៍នៅព្រះរាជាណាចក្រថៃ តម្រូវឲ្យយើងពង្រឹងការធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ។ បន្ទាប់ទៅ ដោយមើលឃើញ​ថាមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍នៅភាគខាងជើង ភាគកណ្ដាល រហូតមកដល់ភាគ​ខាងត្បូងរបស់ប្រទេសវៀតណាម យើងក៏បានពង្រឹងនូវវិធានការថែមទៀតជាមួយនឹងព្រំដែនកម្ពុជា​-វៀតណាម។ ថ្មីៗនេះ ដោយឃើញថាពលរដ្ឋរបស់យើងមួយចំនួន ដែលធ្វើការនៅក្នុងប្រទេសថៃ បានធ្វើដំណើរមកកម្ពុជាវិញដោយឆ្លងកាត់តាមប្រទេសឡាវ យើងក៏បានពង្រឹងនូវការធ្វើចត្តាឡីស័ក និងត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ឡាវ ដោយរកកិច្ចសហប្រតិបត្តិការជាមួយនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រោះឃើញថាវាមានហានិភ័យសម្រាប់ប្រជាជនឡាវផងដែរ នៅពេលដែលប្រជាជនកម្ពុជាយើងបានធ្វើដំណើរចេញពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសឡាវ ហើយចូលមកក្នុងប្រទេសកម្ពុជាវិញ។ ជាទូទៅ គឺយើងធ្វើចត្តាឡីស័កបានត្រឹមត្រូវ គ្រាន់តែតួលេខសម្រាប់ព្រំដែនកម្ពុជា-ថៃ គិតត្រឹមយប់មិញ​នេះ គឺអ្នកដែលបានធ្វើចត្តាឡីស័កចំនួន ៣៥ ៦៦៥…