សារលើហ្វេសប៊ុក អំពីការបើកទីផ្សារនាំស្វាយស្រស់ កម្ពុជា ទៅកាន់ប្រទេសចិន

ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់ កម្ពុជា ទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី ៩ ខែ មិថុនា ២០២០ នេះ គឺកម្ពុជា និងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន”។ អរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញការងារនេះរហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។ នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករ ដែលកំពុងវិនិយោគលើដំណាំស្វាយ ដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើន ដែលមានស្វាយទុំជ្រុះចោល ហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។ បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ លើផ្ទៃដី ២១.២៨៦ ហិកតា។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្មចុះត្រួតពិនិត្យ និងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរនៅពេលឆាប់នេះមិនខាន។ តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេស នៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩។ សូមបងប្អូនប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះឲ្យមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយ ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) ឲ្យបានល្អ ដែលអាចទទួលយកបាននៅក្រៅប្រទេស៕

សារលើហ្វេសប៊ុក អំពាវនាវឲ្យប្រុងប្រយ័ត្នរលកទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា

សូមប្រុងប្រយ័ត្នរលកទី ២ នៃការរាតត្បាតជំងឺឆ្លងកូវីដ ១៩ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការថែរក្សាអនាម័យសុខភាពអាយុជីវិត សម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ ១៩ ឲ្យសោះ។ សូមកុំឲ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែស មើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន​។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី ២ នៃការងើបឡើងវិញ នៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។ មកទល់ថ្ងៃនេះ​ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគ បានកើនឡើងជាង ៥ លាននាក់ហើយ (5,491,678) ហេីយស្លាប់ជាង ៣០ ម៉ឺននាក់។ ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី ២ ​នាក់ផងដែរ។ មកទល់ពេលនេះ​ មិនទាន់មានថ្នាំព្យាបាលកូវីដ ១៩ នៅឡេីយទេ។ ដូច្នេះ​ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស ហេីយត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស​ ជាពិសេស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន…

សារអបអរសាទរ និងជូនពរសាសនិកឥស្លាម ដែលបានបញ្ចប់ការស្រាយបួសរ៉ាម៉ាឌន និងស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី

ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ​ និងអារម្មណ៍ជ្រះថ្លា​ ហើយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី​ នៅថ្ងៃអាទិត្យ ទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣ កើត ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា​ ឆ្នាំ២០២០។ ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និងសេចក្ដីណែនាំទៅតាមវិធានការនានារបស់រាជរដ្ឋាភិបាល។ ខ្ញុំក៏សូមអំពាវនាវ​ឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល​ ក្នុងការការពារពីជំងឺកូវីដ-១៩នេះ​ ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ​អស់​ ១២២ នាក់កន្លងមក ហើយទើបមាននាំចូល មកថ្មីពីរនាក់ក៏ដោយ…