សារតាមហ្វេសប៊ុកផេច … លាហើយ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា”

ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ បូកបន្ថែមដោយការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ខ្ញុំមិនបានវាយកូនគោល ឬហាត់ប្រាណជាងមួយខែហើយ។ ថ្ងៃនេះ ចេញវាយកូនគោលលើកដំបូង ជាមួយសម្ភារថ្មី ពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុន បន្ទាប់ពីសម្រាកក្នុងបន្ទប់ ១៤ ថ្ងៃ។ អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន។ ដូចនេះ ខ្ញុំត្រូវដើរឱ្យបានពី ៨ ទៅ ១០ គីឡូម៉ែត្រនាថ្ងៃនេះ។ សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោល តែខ្ញុំបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនានា រួចហើយ។ ពេលល្ងាចខ្ញុំបន្តការងារដដែល។ មូលហេតុដែលខ្ញុំធ្វើដូចនេះ ក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ តើមានការប្រែប្រួលយ៉ាងណា? ម្យ៉ាងទៀត ទីលានវាយកូន​គោលនៅជាប់នឹងរបងផ្ទះ មិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា ”៕

ការធ្វើតេស្តលើកទី ៤ លើកចុងក្រោយ ខ្ញុំនិងភរិយា អ្នកនៅជាមួយ អវិជ្ជមាន កូវីដ-១៩

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី ៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមាន កូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ ដូចនេះចាប់ពីថ្ងៃស្អែក ១៩ វិច្ឆិកា ២០២០, ខ្ញុំនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅ ដូចមុនថ្ងៃទី ៤ វិច្ឆិកាឡើងវិញ តែខ្ញុំនៅតែមិនទាន់ឱ្យកូន និងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀត ដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូន និងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុក និងជីតា ផ្តល់ឱ្យកូន​ៗ និងចៅៗ គឺសុវត្ថិភាពរបស់កូនៗ និងចៅៗ ជាទីស្រឡាញ់។ ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័ក តាមពេលវេលាដូចខាងក្រោម៖ ១. សម្រាប់ថ្ងៃ ១៩ វិច្ឆិកា ២០២០ រាជធានីភ្នំពេញមានចំនួន ១៥៦៩ នាក់ (ជនជាតិហុងគ្រីចំនួន ៥ នាក់ដោយរាប់ទាំងអ្នកវិជ្ជមាន ៤ នាក់ ក្នុងនោះជាសះស្បើយ ១ នាក់ និង ៣ នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ/សូវៀត…

សារតាមហ្វេសប៊ុកផេច ស្តីពីការធ្វើតេស្តអវិជ្ជមាន កូវីដ១៩ ជាលើកទី ៣

នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាក(របស់ខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅបំរើការក្នុងផ្ទះរបស់ខ្ញុំ)ទៅធ្វើតេស្តជាលើកទី ៣។ ជាលទ្ធផល ទាំងខ្ញុំ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺ(មានលទ្ធផល)អវិជ្ជមាន កូវីដ-១៩ ទាំងអស់។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរបស់បងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយ ព្រឹត្តិការណ៍ ៣ វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី ៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថា​ ទាំងខ្ញុំ និងភរិយា ព្រមទាំងបងប្អូនប្រមាណជាង ១០០០ នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី ៤ វិច្ឆិកា ២០២០ នឹងមានលទ្ធផលអវិជ្ជមាន ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពី កូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងដែលអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់ខ្ញុំនិងភរិយា៕