សារអបអរសាទរ និងជូនពរសាសនិកឥស្លាម ដែលបានបញ្ចប់ការស្រាយបួសរ៉ាម៉ាឌន និងស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី

ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ​ និងអារម្មណ៍ជ្រះថ្លា​ ហើយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី​ នៅថ្ងៃអាទិត្យ ទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣ កើត ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា​ ឆ្នាំ២០២០។ ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និងសេចក្ដីណែនាំទៅតាមវិធានការនានារបស់រាជរដ្ឋាភិបាល។ ខ្ញុំក៏សូមអំពាវនាវ​ឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល​ ក្នុងការការពារពីជំងឺកូវីដ-១៩នេះ​ ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បើយ​អស់​ ១២២ នាក់កន្លងមក ហើយទើបមាននាំចូល មកថ្មីពីរនាក់ក៏ដោយ…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺ Covid-19

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ការលះបង់ឆ្លុះបញ្ចាំងពី ការតម្រង់ឆ្ពោះទៅរកអនាគត នៃការបម្រើប្រជាជនពិតប្រាកដ ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានជួបជាមួយក្មួយៗ។ ថ្ងៃនេះ ក៏ជាពេលវេលាដែលខ្ញុំត្រូវបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ សង្ឃឹមថា ស្ថានីយវិទ្យុ ទូរទស្សន៍ទាំងឡាយខិតខំធ្វើការផ្សាយបន្តផ្ទាល់នេះ ព្រោះនេះមិនគ្រាន់តែជាវេទិកានៃការជួបជុំសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏ជា​ពេលវេលាដែលខ្ញុំត្រូវបញ្ជូនសារទៅកាន់ក្របខណ្ឌទូទាំងប្រទេស។ អនុញ្ញាតឱ្យខ្ញុំសំដែងនូវការស្វាគមន៍ និងកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់ក្មួយៗ ដែលជាគ្រូពេទ្យ ក៏ដូចជានិស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជាមួយសត្រូវឥតស្រមោល គឺ Covid-19។ ការប្ដេជ្ញាចិត្តរបស់ក្មួយៗ ដែលពូបានដឹងថា សូម្បីតែមាតាបិតាខ្លះមិនអនុញ្ញាត​ឱ្យក្មួយៗចូលរួមទេ ដោយមានការភ័យខ្លាច។ ក៏ប៉ុន្តែក្មួយៗបានតាំងចិត្ត ដើម្បីចូលរួមជាមួយនឹងយុទ្ធនាការមួយ ដែលមិនដឹងថាសត្រូវនៅទីណាឱ្យពិតប្រាកដ​។ សមរភូមិលើបញ្ហាសុខភាពសាធារណៈនេះ វាខុសគ្នាឆ្ងាយជាមួយនឹងសមរភូមិយោធា។ សមរភូមិយោធា គេអាចដឹងបានថា សត្រូវនៅទីណា កាំភ្លើងធំឯណា មីនបង្កប់នៅកន្លែងណា។ ក៏ប៉ុន្តែ Covid-19 ឬក៏ហៅថាជំងឺឆ្លងនេះ គ្មានរូបភាពពិតប្រាកដទេ។ យើងមើលមិនឃើញទេ។ មិនដឹងថា វានៅទីណាពិតប្រាកដ។ ដូច្នេះ អ្វីដែលជាលះបង់របស់ក្មួយៗនៅពេលនេះ គឺវាមានតម្លៃធំធេងមហាសាល ដែលមិនអាចកាត់ថ្លៃបានទេ។ ពូសុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះក្មួយៗ។…

សេចក្ដីដកស្រង់ប្រសាសន៍ ពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន

លោកឧកញ៉ា សុះ កាំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាម លោកជំទាវ អគ្គរដ្ឋទូត តំណាងអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការ OIC សម្តេច​ ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូន ថ្នាក់ដឹកនាំ និងសាសនិកឥស្លាមទាំងអស់ ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ! ជាដំបូង អនុញ្ញាតឲ្យខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះបងប្អូន ថ្នាក់ដឹកនាំនៃសាសនិកគ្រប់ថ្នាក់ ក៏ដូចជាសាសនិកឥស្លាមទាំងអស់ ដែលបានអញ្ជើញមកពីគ្រប់​ទីកន្លែងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានចម្ងាយរាប់សិប រាប់រយគីឡូម៉ែត្រ មកកាន់ទីនេះ។ ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះវត្តមានរបស់បងប្អូនថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាមិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ដែលធ្វើដំណើរ(មកពី) បើតាមខ្ញុំដឹងជាង ៣០ ប្រទេស ចូលរួមជាមួយយើង។ ស្វាគមន៍ចំពោះលោកជំទាវតំណាងឲ្យអគ្គលេខាធិ ការ OIC ដែលបានអញ្ជើញមកចូលរួម និងថ្លែងសុន្ទរកថាដ៏មានអត្ថន័យ។ ហើយស្វាគមន៍ចំពោះឯកឧត្តម អគ្គរាជទូត អគ្គរដ្ឋទូត និងលោកជំទាវ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ។ ឆ្នាំនេះភរិយាមិនបានចូលរួម ឆ្នាំនេះ គឺជាឆ្នាំទី ៦ ដែលរាជរដ្ឋាភិបាលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការអញ្ជើញសាសនិកឥស្លាមកម្ពុជា ចូលរួមក្នុងពិធីស្រាយបួសរ៉ាម៉ាឌន។ បន្ទាប់ពីនេះ ខ្ញុំ ក៏ដូចជាសម្តេចក្រឡាហោម…