វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន ១ លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃសៅរ៍ ទី ១៩ ខែមិថុនា ឆ្នាំ ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន​ ១ លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ គិតចាប់ពីថ្ងៃទី ០៧ ខែកុម្ភៈ មកដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤,៥ លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យ​កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០ លាននាក់ នៅក្នុងឆ្នាំ ២០២១ នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ ២០២២៕

វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន ១ លានដូស បានមកដល់កម្ពុជាយើងទៀតហើយ

នៅព្រឹកថ្ងៃអាទិត្យ ទី ២៣ ខែឧសភា ឆ្នាំ ២០២១ នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១ លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាវ៉ាក់សាំងលើកទី ៥ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី ១ មានចំនួន ១.៥ លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី ២៦ ខែមីនា, ជើងទី ២ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី ១៧ ខែមេសា និងជើងទី ៣ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី ១១ ខែឧសភា និងជើងទី ៤ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់ថ្ងៃទី ១៦ ខែឧសភា។ វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន…