ការដកស្រង់សេចក្តីថ្លែង ទៅកាន់សារព័ត៌មាន ស្តីពីសកម្មភាពរុករក និងសង្រ្គោះ ក្នុងហេតុការណ៍សោកនាដកម្មរលំបាក់អាគារ ៧ ជាន់ នៅក្រុងព្រះសីហនុ

មរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសោកនាដកម្មដែលបានកើតឡើង ខ្ញុំអាចបញ្ជាក់ជូនអស់លោកនៅពេលនេះ។ យើងអាចជួបជុំគ្នាបាន។ ជាពេលវេលាដ៏ពិសេសមួយ ដែលខ្ញុំអនុញ្ញាត អោយអស់លោកអាចចោទចេញជាសំណួរ។ ប៉ុន្តែមុននឹងឈានដល់ដំណាក់កាលនោះនោះ ខ្ញុំក៏សូមយកឱកាសនេះសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រ​ជាពលរដ្ឋរបស់យើង(ដែលបានបាត់បង់ជីវិត) ហើយក៏សូមចូលរួមសោកស្តាយចំពោះអ្នកដែលត្រូវរបួស។ ប្រសិនបើខ្ញុំមិនមានភារកិច្ចធំ ទៅប្រជុំអាស៊ាននៅទីក្រុងបាងកកទេ ខ្ញុំពិតជាមានវត្តមានតាំងពីព្រឹក ថ្ងៃកើតហេតុម្ល៉េះ។ ប៉ុន្តែ ខ្ញុំមិនអាចនឹងពន្យារពេលបាន និងផ្អាកទៅចូលរួមប្រជុំអាស៊ានបានទេ។ នៅក្នុងពេលប្រជុំអាស៊ាននោះ ខ្ញុំបានឆ្លងឆ្លើយជាប់ជាមួយ ឯកឧត្តម អភិបាលខេត្ត យន្ត មីន ជាមួយប្រធានក្រុមការងារ សាយ សំអាល់ ជាមួយអគ្គបញ្ជាការកងទ័ព វង្ស ពិសេន និងអភិបាលក្រុង សុខ ឡេង។ ជាលើកដំបូងដែលប្រទេសកម្ពុជា កើតហេតុការណ៍ដូចនេះ យើងបានទទួលព័ត៌មានជាបន្តបន្ទាប់។ ប្រត្តិបត្តិការសង្គ្រោះបែបនេះ គឺជាលើកដំបូងដែលយើងកើតនៅក្នុងប្រ​ទេសរបស់យើង ដែលជារឿងដែលគួរអោយសោកស្តាយ ក៏ប៉ុន្តែ ខ្ញុំក៏សូមយកឱកាសនេះ អរគុណ និងកោតសរសើរចំពោះកម្លាំងទាំងអស់ ដែលបានខិតខំចូលរួមនៅក្នុងប្រតិបត្តិការ រុករក និងសង្គ្រោះនៅទីនេះ។ បើគ្មានការខិតខំទេ សូម្បីតែមនុស្សពីរនាក់ចុងក្រោយមុននេះ ប៉ុន្មានម៉ោង ក៏មិនអាចរស់រានមានជីវិតបានផង។ ខ្ញុំពិតជាអរគុណចំពោះអ្នកដែលបានចូលរួម​ ទាំងអ្នកដែលបានចូលរួមដោយកម្លាំងផ្ទាល់ ទាំងអ្នកដែលបានចូលរួមដោយសម្ភារៈបរិក្ខា ក៏ដូចជាការផ្តល់ជំនួយសង្គ្រោះ និងសមានចិត្តដ៏ទូលំទូលាយរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់…

សារនៅលើហ្វេសប៊ុក អំពីការផ្ដល់ថវិកាជាតិឧបត្តម្ភជូនជនរងគ្រោះ និងគ្រួសារសពបាត់បង់ជីវិត ដោយសារការបាក់អាគារនៅខេត្តព្រះសីហនុ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោកនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុ គឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមី ឬកូន ឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់ ៤០ លានរៀល(សែសឹបលានរៀល)ឬ ១ មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ ឯកឧត្តម​ ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក និងសង្រ្គោះជាមួយបងប្អូនតទៅទៀត៕

សុន្ទរកថា និងការដកស្រង់សេចក្ដីអធិប្បាយ ក្នុងពិធីបិទសន្និសីទជាតិស្តីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖ «មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅអនាគត»

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គសន្និសីទជាតិទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទសន្និសីទជាតិស្តីពីការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ ថ្ងៃ កន្លងទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចដំណើរការ ជាទូទៅនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលនានា ដែលតែងបានជួយគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ព្រមទាំងកិច្ចសហការក្នុងការអនុវត្តគោលនយោបាយកែទម្រង់ដ៏មានសារៈសំខាន់នេះ តាំងពីដំណាក់កាលដំបូងរហូតមកដល់បច្ចុប្បន្ន។ សន្និសីទជាតិដែលបានរៀបចំឡើងនាពេលនេះ គឺសមស្របនឹងកាលៈទេសៈរបស់កម្ពុជា ខណៈដែលកិច្ចដំណើរការ កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានឈានដល់ដំណាក់កាលកាន់តែស៊ីជម្រៅ និងឈានដល់របត់មួយ ដែលតម្រូវជាចាំបាច់ឱ្យក្របខ័ណ្ឌនៃការបែងចែកមុខងារ និងការទទួលខុសត្រូវកាន់តែមានភាពច្បាស់លាស់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, រវាងថ្នាក់នីមួយៗនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំនូវបែបផែននៃការគ្រប់គ្រងផ្សេងៗគ្នា រវាងតំបន់ទីក្រុង,…