សុន្ទរកថា ថ្លែងក្នុងពិធីលៀងសាយភោជនាអាហារពេលល្ងាច មុនកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣

ឯកឧត្តម ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ជាទីរាប់ឤន! ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សជាអនេក ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម, លោកជំទាវ, អស់លោក, លោកស្រី, ដែលបានអញ្ជើញមកចូលរួមក្នុងពិធីលៀងសាយភោជនាឤហារ ពេលល្ងាចនេះ និងត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ ដែលនឹងប្រារព្វធ្វើនៅថ្ងៃស្អែក, ទី ៥ ខែ មេសា ឆ្នាំ ២០១៨ ។ យើងខ្ញុំពិតជាមានមោទនភាព ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា នៅលើទឹកដីអង្គរ នៃខេត្តសៀម​រាប​។ ជាការពិត បណ្តាប្រទេសតាមដងទន្លេមេគង្គបានធ្វើកិច្ចការជាមួយគ្នាជាយូរមកហើយ ក្នុងការប្រែក្លាយតំបន់ទន្លេមេគង្គ ទៅជាតំបន់អភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ដើម្បីសាមគ្គីភាពរបស់ប្រជាជនយើង ដែលចែករំលែកទន្លេរួមគ្នា។  ជាងនេះទៅទៀត ទន្លេមេគង្គបានក្លាយជាមូលដ្ឋានដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងភាពចម្រុងចម្រើននៃតំបន់ឤស៊ីឤគ្នេយ៍។ ពិតណាស់ តាមលក្ខណៈភូមិសាស្ត្រ, ទន្លេនេះមិនត្រឹមតែបានភ្ជាប់ប្រទេសរបស់យើងទាំង ៦ ជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កើតជាវាសនារួមប្រកបដោយមិត្តភាព, ភាពជាអ្នកជិតខាងល្អ, សន្តិភាព និងវិបុលភាព។ ដូចនេះ យើងត្រូវបន្តរួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ទើបយើងឤចសម្រេចបាននូវភាពចម្រុងចម្រើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលរបស់យើងនាថ្ងៃស្អែក នឹងទទួលបាននូវលទ្ធផលជាផ្លែផ្កា និងប្រកបដោយផលិតភាព ដែលនឹងរួមចំណែកត្រួសត្រាយផ្លូវ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត…