សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងដូនកែវ ខេត្តតាកែវ

មុនចាប់ផ្ដើម ចង់សួរសំណួរសំខាន់មួយទៅកាន់ក្មួយៗ តើក្បែរភ្លឺនេះ រុស្សី និងអេហ្ស៊ីប អ្នកណាឈ្នះ? …​ អរគុណហើយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកកាន់ខេត្តតាកែវដើម្បីជួបជុំជាមួយនឹងក្មួយៗ ជាកម្មករ/ការិនីដែលនៅទីនេះ ហើយបើទោះបីថា ក្មួយៗបានទន្ទឹងរង់ចាំយូរបន្តិច ប្រៀបធៀបនឹងពេលពូចេញដំណើរ ការចាប់ផ្ដើមនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងទៅខេត្តផ្សេងទៀត ដូចជាខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកំពង់ចាម។ បើទោះបីការរង់ចាំនោះត្រូវបានមកយឺតបន្តិច ប៉ុន្តែពាក្យដែលគេថាមកយឺត ប្រសើរជាងមិនមក។ ថ្ងៃនេះ បើទោះបីជាមកយឺតបន្តិចក៏គង់ថាយើងមានឱកាស យើងបានជួបជុំគ្នានៅទីនេះ។ ពូសូមថ្លែងនៅអំណរគុណចំពោះក្មួយៗទាំងអស់ ដែលបានមកចូលរួមនៅក្នុងថ្ងៃនេះ ហើយក៏សូមថ្លែងអំណរគុណ និងស្វាគមន៍ ចំពោះវត្តមានរបស់ម្ចាស់រោងចក្រទាំងអស់ ហើយអរគុណចំពោះការដែលផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបជាមួយខ្ញុំនៅថ្ងៃនេះ បន្ថែមដោយល្ងាចនេះ ទទួលបាននូវការឈប់សម្រាករយៈពេលមួយល្ងាចទៀត ដោយមានប្រាក់ឈ្នួលពេញ។ តាកែវនឹងទទួលបានការវិនិយោគបន្ថែម បន្ទាប់ពីផ្លូវជាតិលេខ ២ និងលេខ ២២ បានកែលម្អ ខ្ញុំពិតជាមានអារម្មណ៍រីករាយ​ បន្ទាប់ពីគោលនយោបាយពង្រាយសាលារៀនតាមមូលដ្ឋាន គោលនយោ​បាយពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើ និងបង្កើតប្រាក់ចំណូល នៅតាម​បណ្ដាខេត្ត បាន និងកំពុងវិវឌ្ឍទៅបានយ៉ាងល្អប្រសើរ។ សង្ឃឹមថា ខេត្តតាកែវរបស់យើងនេះ នឹងក្លាយទៅជាខេត្ត ដែលទទួលបានការវិនិយោគបន្ថែមទៀត…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

អរគុណណាស់ អរគុណដែលអម្បាញ់មិញ ក្មួយៗបានអោបពូ ហើយជាលើកដំបូងហើយដែលពូធ្លាក់ខ្សែក្រវាត់ចុះក្រោមមិនដឹង។ ថ្ងៃក្រោយ ប្រហែលជាដើម្បីសម្រកក្បាលពោះ កុំអោយដុះក្បាលពោះ គឺអោយក្មួយៗអោប … ប្រហែលជាថាមពលនៅខេត្តកំពង់ស្ពឺហ្នឹងខ្លាំងណាស់។ មួយទៀត ក្មួយម្នាក់ហ្នឹងបានថើបពូ ដល់ថើបរួចហើយ ចង់គាំងបេះដូង។ អញ្ចឹងពូមានម៉ាស៊ីនឆក់? (សើច) ការជួបជុំកម្មករ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោត ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍ជាមួយនឹងវត្តមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ កម្មការិនី ទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងការជួបជុំគ្នានៅថ្ងៃនេះ។ ពូពិតជាមានការរំភើបរីករាយ ដែលបានមកជួបក្មួយៗនៅទីនេះ តាមអ្វីដែលពូបានលើកឡើង។ ចាប់ផ្ដើមពីពាក់​កណ្ដាលខែវស្សាឆ្នាំទៅ គឺនៅខែសីហា ឥឡូវចូលមកដល់ដើមខែវស្សាឆ្នាំក្រោយមកទៀត ពីឆ្នាំរកា មកដល់ឆ្នាំច ហើយបើគិតជាខែខាងគ្រិស្ដសករាជ ពីខែសីហា រហូតមកដល់ខែឧសភានេះ ពូនៅតែបន្តនូវការងាររបស់ខ្លួន ទាក់ទងនឹងដំណើរដើម្បីជួបជុំជាមួយនឹងកម្មករ កម្មការិនី ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សា​ហកម្ម ២០១៥-២០២៥។ ពិតហើយ ដោយសារតែពូមានការងារផ្សេងៗទៀតដែលត្រូវធ្វើ ដូច្នេះសម្រាប់ខេត្តកំពង់ស្ពឺ ក៏មិនមែនថាជាការជួបលើកដំបូ​ងនោះទេ ដោយសារយើងបានមកជួបនៅស្រុកសំរោងទង(ម្តងហើយ)។ ឥឡូវ វត្តមាននៅថ្ងៃនេះ ក៏មានអ្នកស្រុកសំរោងទង និងអ្នកច្បារមន ​ចូលរួមផងដែរ។ ពិតមែនតែកន្លែងការងារ…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ជ្រៃកោង ខណ្ឌពោធិសែនជ័យ

បន្តការងារជួបកម្មករ/ការិនីមិនតិចជាង ១០ ឆ្នាំ … ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ សូមស្វាគមន៍ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសថ្លែងអំណរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ដែលបានផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបខ្ញុំនៅពេលព្រឹកនេះ ហើយក៏បន្តអោយមានការឈប់សម្រាកនៅពេលល្ងាច ដែលមានប្រាក់ឈ្នួលពេញមួយថ្ងៃ។ អាទិត្យមុននេះ គឺក្មួយៗជាកម្មករ/ការិនីរបស់យើង ពិតជាមានដឹងហើយថា ពូបានធ្វើដំណើរទៅអូស្រ្តាលី ដែលឱកាសនៃការជួបគ្នាកាលពីអាទិត្យមុន មិនមានទេ។ ប៉ុន្តែអាទិត្យនេះ គឺយើងមាន ហើយអាទិត្យក្រោយ យើងក៏មានបន្តទៀត។ ខ្ញុំធ្លាប់បាននិយាយហើយថា យើងនឹងធ្វើកិច្ចការងារនេះ មិនមែនគ្រាន់តែមួយថ្ងៃ មួយខែ ឬពីរខែទេ ក៏ប៉ុន្តែយើងនឹងធ្វើការងារនេះក្នុងរយៈពេល ១០ ឆ្នាំបន្តទៀត …។ ការប្រែប្រួលអាកាសធាតុ/នៅថ្ងៃចូលឆ្នាំខ្មែរ មិនជាក្ដៅពេកទេ សុំអភ័យទោសផងដែរ ចំពោះក្មួយៗជាកម្មករ/ការិនី ដែលមិនទាន់បានជួប ច្បាស់ជាទន្ទឹងរង់ចាំ ប៉ុន្តែពេលវេលាសម្រាប់ពូ ពិតជាខើចពេកហើយ គឺបើយោងតាមការបរិច្ឆេ​ទ។ ម្សិលមិញនេះ ត្រូវទៅខេត្តព្រះវិហារឯណោះ ក៏ប៉ុន្តែមិនដឹងថាយ៉ាងម៉េច ជាបាតុភូតធម្មជាតិដែលបានកើតឡើង។ ប្រហែលនេះ ជាបាតុភូតដែលស្ដេចនាគ និងកូននាគជួបគ្នា ដែលធ្វើអោយប្រទេសរបស់យើងមានភ្លៀងធ្លាក់។ សូម្បីតែយប់មិញនេះ ទីន្លែងនេះក៏មានភ្លៀងធ្លាក់ដែរ។ អញ្ចឹងការពិត…