FN ៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសហព័ន្ធរុស្ស៊ី លោក Igor Morgulo បានបញ្ជាក់ប្រាប់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជាជាមិត្តដ៏ល្អរបស់ខ្លួន ទាំងលើឆាកអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន។
លោកអនុរដ្ឋមន្ត្រី Igor Morgulo លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេស។
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា «លោក Igor Morgulo បានលើកឡើងថា កម្ពុជាជាមិត្តដ៏ល្អរបស់រុស្ស៊ី និងបានវាយតម្លៃខ្ពស់ ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនៅស្ថិតស្ថិរជាយូរមកហើយ ទាំងលើឆាកអន្តរជាតិ ជាពិសេសចំពោះកម្ពុជាបានគាំទ្ររុស្ស៊ី ក្នុងការរៀបចំឲ្យមានកិច្ចប្រជុំអាស៊ាន-រុស្ស៊ី កាលពីឆ្នាំ២០១៦ កន្លងមក»។
ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីរុស្ស៊ីនេះ វាជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីធ្វើការត្រួតពិនិត្យអំពីការអនុវត្ត នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា នាពេលកន្លងមក ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ លើវិធានការពង្រឹង និងពង្រីកបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។
ប្រមុខការបរទេសកម្ពុជា ក៏បានបញ្ជាក់ថា «កម្ពុជាសង្ឃឹមថា នឹងបានជួបពិភាក្សាគ្នាជាថ្មីម្តងទៀត ក្នុងកិច្ចប្រជុំណាមួយនៅពេលក្រោយ ជាមួយតំណាងរដ្ឋាភិបាលទីក្រុងមូស្គូ ផ្តោតទៅលើវិស័យជាច្រើន ពិសេសវិស័យសេដ្ឋកិច្ច»៕