ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកក្រុងក្រចេះសាជាថ្មីម្តងទៀត ដើម្បី សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាចំនួន ៣ ខ្នង (ស្មើនឹង) ៤៨ បន្ទប់ ដែលកាលពីថ្ងៃទី ២៨ ខែ កក្កដា ២០១៦ កន្លងទៅ ខ្ញុំព្រះករុណាខ្ញុំ បានមកកាន់ទីនេះ ដើម្បីពិភាក្សាជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរកវិធីដើម្បីកសាងនូវអគារសិក្សានេះឡើង។ តាមរូបភាពដែលបានបោះនៅទីនេះ កាលពីពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានពាក់អាវដូច្នោះដែរ ព្រោះចាំបានថាចេញពីត្រង់ហ្នឹងទៅៗ ជួបជាមួយនឹងមន្ត្រីឃុំ/សង្កាត់ និងកងកម្លាំងប្រដាប់អាវុធ និងថតរូបនៅមាត់ទន្លេ …។ ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំបានច្បាស់ថា ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរកាត់មុខសាលានេះ ពេលនោះ ដូចជាបានចេញពីផ្សារ ហើយបានមកចូលកន្លែងហ្នឹង ហើយចេញពីត្រង់ហ្នឹងបានទៅផ្សារអូរប្ញស្សី ហើយចេញពីផ្សារអូរប្ញស្សីមកបានជួបមន្ត្រី រួចបានបាយថ្ងៃត្រង់ ហើយទៅភ្នំពេញតែម្តង។
អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីផ្នែកអប់រំ ពិនិត្យឡើងវិញនូវអគារសិក្សាចាស់ទ្រុឌទ្រោម
ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សូមអភ័យទោសអំពីកង្វះចន្លោះដែលខ្ញុំព្រះករុណាខ្ញុំពិតជាយល់ថា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស ពិតជាមានការកង្វល់ ជាមួយនឹងសុវត្ថិភាពរបស់កូនចៅរបស់ខ្លួន ដែលបានមកសិក្សានៅទីនេះ។ អគារខាងមុខនេះ គឺជាអគារចាស់ដែលសល់ពីកាលពីពេលមុន ហើយអគារនេះពិតជាទ្រុឌទ្រោមមែន ហើយគួរឲ្យខ្លាច។ ខ្ញុំព្រះករុណាខ្ញុំ ដែលពេលនោះរួមដំណើរដោយ ឧត្តមសេនីយ៍ គង់ អៀង មេបញ្ជាកាវិស្វកម្មរបស់ក្រសួងការពារជាតិ និងថ្នាក់ដឹកនាំខេត្ត ក៏បានធ្វើការគន់គូរជាមួយនឹងនាយកសាលា លោកគ្រូអ្នកគ្រូ តើយើងគួរដោះស្រាយយ៉ាងដូចម្តេច? ខាងក្រោយនេះពិតជាមានអគាររបស់ខ្ញុំព្រះករុណាខ្ញុំ ១ ខ្នង ចំនួន ២ ជាន់ (ស្មើនឹង) ១០ បន្ទប់។ អញ្ចឹង តើយើងកែកន្លែងនេះយ៉ាងម៉េច បើដីរបស់យើងវាតូចយ៉ាងដូច្នេះអញ្ចឹង? ដំណោះស្រាយគិតចុះគិតឡើង គឺវ៉ៃអគារនោះចោលហើយ តែអគារនោះវាមិនគ្រប់គ្រាន់ទេ ព្រោះទទឹងដីរបស់យើងវាតូច។ អញ្ចឹងមានតែវិធីថាធ្វើតាមអក្សរអ៊ុយ ៣ អគារតែម្តង។ អញ្ចឹង មួយអគារ ១៨ បន្ទប់។ ៣ អគារឡើង ៤៨ (បន្ទប់) បូកនឹងខាងក្រោយខ្នងដែលមានស្រាប់នេះ ១០ បន្ទប់ទៀត ឡើង (ដល់) ៥៨ បន្ទប់។
បើទោះបីជាបានដោះស្រាយរួចហើយក៏ដោយ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ នៅតែយល់ថាមិនគួរឲ្យមានស្ថានភាពបែបនោះ។ កន្លងទៅ ខ្ញុំព្រះករុណាខ្ញុំ ក៏បានអំពាវនាវទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ និង មន្ត្រីផ្នែកអប់រំឲ្យពិនិត្យឡើងវិញនូវអគារសិក្សាទាំងឡាយ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែល(ទ្រុឌទ្រោម) ត្រូវឲ្យអាទិភាពទៅលើការរៀបចំកសាងឡើងវិញ។ មានអគារពីរដែលខ្ញុំព្រះករុណាខ្ញុំបានជួបប្រទះហើយដែលធ្វើឲ្យមុនគេ។ អគារទី ១ គឺនៅកណ្តាលទីក្រុងកំពង់ចាមតែម្តង ហៅថាអនុវិទ្យាល័យ បឹងកុក ដែលបានធ្វើរួច និងសម្ពោធដាក់ឲ្យប្រើប្រាស់រួចទៅហើយ និងទី ២ គឺអគារនេះតែម្តង។ បើយោងទៅលើរូបថត ដែលបន្សល់ទុកនេះ គួរឲ្យខ្លាច គឺខ្ញុំព្រះករុណាខ្ញុំ ឡើងទៅអគារខាងលើ ឃើញថាស្ថានភាពនេះ មិនគួរបន្តឲ្យមានបែបនេះ ហើយក៏ត្រូវការបន្តការវិនិយោគបន្ថែម។ ជាស្ថានភាពដែលគួរឲ្យខ្លាច ប្រសិនបើវាបាក់មក តើលោកគ្រូ និងសិស្សានុសិស្សស្លាប់អស់ប៉ុន្មាន? នេះជាចំណុចដែលយើងត្រូវការយកចិត្តទុកដាក់បន្ថែមទៀត។
សមិទ្ធផលថ្មី លើទឹកដីចាស់ ទីក្រុងក្រចេះ
តែថ្ងៃនេះ យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ យល់ថា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅទីនេះ ក៏ដូចជា ប្រជាពលរដ្ឋដែលមានកូនចៅមករៀនសូត្រនៅទីនេះ ពិតជានឹងមានអំណរសាទរជាមួយនឹងសមិទ្ធផលថ្មី នៅលើទឹកដីចាស់ នៅទីក្រុងក្រចេះរបស់យើងនេះ។ (ក្រចេះ)ជាទីក្រុងអនុស្សាវរីយ៍មួយសម្រាប់ខ្ញុំព្រះករុណាខ្ញុំ កាលពីពេលមុនសង្គ្រាមរំដោះជាតិ ឆ្នាំ ១៩៧០ ហើយជាបន្តបន្ទាប់ ខេត្តក្រចេះនេះក៏ជាមូលដ្ឋានតស៊ូ ដើម្បីរំដោះជាតិសាជាថ្មីម្តងទៀត ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មកកាន់ទីនេះ គឺដើម្បីនឹងប្រគល់ជូននូវអគារសិក្សាទាំងនេះ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជន ដែលទទួលផលប្រយោជន៍ពីសាលានេះចាប់ពីពេលនេះតទៅ។ សង្ឃឹមថា សាលានេះនឹងចូលរួមចំណែក ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ហើយធនធានមនុស្ស គឺជាការចាំបាច់ ដើម្បីនឹងការអភិវឌ្ឍប្រទេសជាតិរបស់យើង។
វឌ្ឍនាភាពនៃវិស័យអប់រំ ក្នុងពេល ៣៨ ឆ្នាំ
ក្នុងអាណត្តិរបស់ខ្ញុំព្រះករុណាខ្ញុំ ដឹកនាំរយៈពេលជាង ៣០ ឆ្នាំ បើគិតទាំងអស់ជាង ៣៨ ឆ្នាំ ចាប់ផ្តើមពីការរៀនក្រោមដើមឈើ ចាប់ផ្តើមពីការដែលយកធ្យូងធ្វើជាដីស ចាប់ផ្តើមពីស្ថានភាពអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះ … (ជា)ស្ថានភាពដ៏លំបាកលំបិនមួយក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែឥឡូវនេះ នៅទូទាំងប្រទេសរបស់យើង និយាយជារួម និងនិយាយដោយឡែក គឺនៅក្នុងខេត្តក្រចេះរបស់យើង ប្រព័ន្ធអប់រំមួយត្រូវបានកសាងឡើង(អោយរីកចំរើន)។ ដូចដែល ឯកឧត្តម អភិបាលខេត្ត ស ចំរុង បានលើកឡើងអម្បាញ់មិញ សាកលវិទ្យាល័យក្រចេះនឹងបើកដំណើរការនៅឆ្នាំ ២០១៨ ខាងមុខនេះ ដែលពេលនោះ ខ្ញុំព្រះករុណាខ្ញុំ នឹងមានវត្តមានសាជាថ្មីម្តងទៀត ជាមួយនិងការសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលផ្សេងៗទៀត។ សមិទ្ធផលនៅទីនេះមិនទាន់ចប់ទេ នៅមានអគារមួយខ្នង (កម្ពស់) ២ ជាន់ (ស្មើនឹង) ១២ បន្ទប់ នៅវិទ្យាល័យថ្មគ្រែ និងនៅមានមន្ទីរពេទ្យព្រះសង្ឃទៀតផង ដែលព្រះតេជព្រះគុណថាជិតហើយៗ។ បើសិនហើយៗ កុំចាំ ខ្ញុំព្រះករុណាខ្ញុំ មកសម្ពោធអី ដាក់ព្យាបាលសិនទៅ។ ប៉ុន្តែ ធ្វើម៉េចដាក់ឲ្យត្រូវខាងបច្ចេកទេស ព្រះតេជព្រះគុណ។ កុំលេង ពេទ្យលោកសង្ឃព្យាបាលជំងឺអេដស៍ជា។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់និយាយនៅ(ខេត្ត) ឧត្តរមានជ័យ ព្រះសង្ឃថាព្យាបាលជាជំងឺអេដស៍ ហើយលោកអត់ហ៊ានយកខ្មែរធ្វើជាឧទាហរណ៍ទេ លោកថាថៃ និងវៀតណាមមកព្យាបាលជាហើយ ទៅបាត់តែម្តង អត់ឃើញត្រឡប់មកវិញ។ ខ្ញុំព្រះករុណាខ្ញុំ(ក៏)ថា វាត្រឡប់ទៅវិញ វាងាប់បាត់ហើយធ្វើម៉េចវាមក? នៅលើពិភពលោក អត់ទាន់មានអ្នកណាព្យាបាលជំងឺអេដស៍ជាទេ។
នយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាព, សន្តិភាពនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ខ្ញុំព្រះករុណាខ្ញុំ ងាកមកមើលអំពីស្ថានភាព នៃវិស័យអប់រំនៅក្នុងខេត្តក្រចេះរបស់យើងនេះ ដែលនៅក្នុង នោះវិទ្យាល័យមាននៅគ្រប់ស្រុក ដែលមុននេះ យើងមានវិទ្យាល័យតែមួយគត់នៅទីរួមខេត្តក្រចេះ ដែលបច្ចុប្បន្នហៅថា វិទ្យាល័យព្រះមហាក្សត្រីយានីព្រះកុសុមៈ។ កាលពីឆ្នាំណាមួយនោះ ខ្ញុំព្រះករុណាខ្ញុំ ជាមួយនិង ឯកឧត្តម អ៊ឹម ឈុនលឹម ក៏បានទៅកសាង និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមួយចំនួននៅទីនោះ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បាននឹកគិតថា បើបានជាជ្រុលកសាងហើយ កសាងសម្រាប់ពង្រីកឲ្យ ទៅវិទ្យាល័យតែម្តងទៅ។ ឯណាចៅៗដែលរៀននៅសាលានេះ ត្រូវបន្តអោយចប់អនុវិទ្យាល័យ ហើយនឹងបន្តឡើងទៅវិទ្យាល័យនៅក្នុងនេះតែម្តង …។ យើងត្រូវបន្តការកសាងប្រទេសជាតិបន្តទៅទៀត ក្រោមដំបូលសន្តិភាព ដែលយើងរកបានយ៉ាងលំបាក។ សង្គ្រាមបានបំផ្លិចបំផ្លាញយើងតាំងពីឆ្នាំ ១៩៧០ ហើយបន្តរហូតមកដល់របបប្រល័យពូជសាសន៍ឆ្នាំ ១៩៧៩។
យើងបានខិតខំរំដោះខេត្តក្រចេះ ប៉ុន្តែខេត្តក្រចេះក៏នៅតែមានបន្តនូវកម្លាំងឧទ្ទាម។ យើងក៏ខិតខំរកដំណោះស្រាយឈ្នះឈ្នះ ដើម្បីអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីនាំមកនូវសន្តិភាពពេណលេញ។ នៅក្នុងខេត្តក្រចេះរបស់យើង នៅពេលដែលអនុវត្តនយោបាយឈ្នះឈ្នះ នៅមានសេសសល់កម្លាំងមួយចំនួន ដែលចេញពីភ្នំប្រាំពាន់ នៅក្នុងទឹកដីស្នួល ក្រចេះរបស់យើងនេះ។ ឥឡូវនេះ ឱកាសសម្រាប់ប្រជាជនកម្ពុជាមាន តាមរយៈនៃសន្តិភាព តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយ។ ឥឡូវនេះ យើងធ្វើដំណើរពីក្រចេះទៅកាន់ទីក្រុងភ្នំពេញ ដែលពីជំនាន់ដើមធ្វើដំណើរភាគច្រើនតាមកាណូត និងទៅតាមផ្លូវជាតិលេខ ៧។ ប៉ុន្តែ ឥឡូវនេះ យើងមានផ្លូវបន្ថែមដែលឆ្លងកាត់តាមរយៈឆ្លូងចេញទៅតំបែ ចេញទៅផ្លូវជាតិលេខ ៧ តភ្ជាប់ទៅកំពង់ចាម និងចូលទៅទីក្រុងភ្នំពេញ ហើយក៏មានផ្លូវដទៃទៀត ដែលតភ្ជាប់រវាងយើងជាមួយនឹងស្ទឹងត្រែង ហើយបន្ទាប់ពីស្ទឹងត្រែង ទៅកាន់រតនគិរី មណ្ឌលគិរី និងពីស្ទឹងត្រែងទៅកាន់ព្រះវិហារផងដែរ។ តាមរយៈការតភ្ជាប់ទាំងនេះ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ក៏បានកើតឡើងមិនខុសពីទីក្រុងនោះទេ។
ទៅថ្ងៃអនាគត សាកលវិទ្យាល័យនឹងចាប់កំណើតនៅខេត្តក្រចេះ ហើយបង្កើតការងាយស្រួលសម្រាប់សិស្សានុសិស្ស និស្សិតរបស់យើងដែលត្រូវរៀនបន្ត។ ឥឡូវ យើងបានដោះស្រាយមួយដំណាក់ តាមរយៈឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច ស្រុកមួយមានវិទ្យាល័យមួយយ៉ាងតិច និងមានកន្លែងខ្លះនៅទូទាំងប្រទេសរបស់យើង ក៏មានវិទ្យាល័យច្រើនផងដែរ។ នៅខេត្តក្រចេះរបស់យើងនេះ ក៏មានសាលាគរុកោសល្យដែលទទួលបណ្តុះបណ្តាលគ្រូ ដែលមុននេះ យើងបណ្តុះបណ្តាលគ្រូ យើងជ្រើសរើសគ្រូ តាមរយៈជ្រើសរើសអ្នកដែលមានការចេះដឹងមួយចំនួន ហើយយកមកធ្វើវិក្រឹត្យការ ដើម្បីធ្វើជាគ្រូបង្រៀន … សូមចាត់ចែងការធ្វើដំណើរសម្រាប់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ធ្វើដំណើរទៅកម្សាន្តសប្បាយមុនពេលចូលឆ្នាំ …។
ចំណាយក្នុងវិស័យអប់រំ ធានាអោយប្រទេសលូតលាស់មិនរីងស្ងួត
ខ្ញុំព្រះករុណាខ្ញុំ គិតថា លោកតាលោកយាយ បងប្រុសបងស្រី ប្អូនប្រុសប្អូនស្រី បើទោះបីខ្លួនមិនរៀនផ្ទាល់ ក៏ខ្លួនមានសាច់ញាតិ កូនចៅ ដែលជ្រកក្រោមសាលាដ៏ស្កឹមស្កៃនេះ។ សង្ឃឹមថាសាលាទាំងអស់នេះ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន នឹងផ្តល់ផលប្រយោជន៍សម្រាប់ការលូតលាស់នៃកូនចៅរបស់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក គឺខេត្តក្រចេះរបស់យើងនេះ។ ការដាំដើមឈើត្រូវការ(ពេល) ៤-៥ ឆ្នាំ តែប៉ុណ្ណោះ ក៏ប៉ុន្តែការដាំមនុស្ស គឺត្រូវការពេលវេលាច្រើនណាស់។ សូម្បីតែទីកន្លែងនៃការដាំដុះនេះ តើយើងចំណាយប្រាក់ប៉ុន្មានទៅ ដើម្បីកសាងនូវអគារបែបនេះ សម្រាប់ឲ្យចៅៗ ក្មួយៗ ទទួលបាននូវការសិក្សា និងគ្រូបង្រៀងរបស់យើងបង្រៀនបានងាយស្រួល? យើងធ្វើកិច្ចការជាច្រើនទើបបានបែបនេះ។ សេចក្តីត្រូវការគ្រាន់តែដើម្បីឲ្យចប់មធ្យមសិក្សាកម្រិតមួយ ដែលមានត្រឹមថ្នាក់ទី ៩ តាមរដ្ឋធម្មនុញ្ញ ត្រូវការ(ពេល) ៩ ឆ្នាំ ដើម្បីចប់មធ្យមសិក្សាទុតិយភូមិ ដែលហៅថា បាក់ឌុប ត្រូវការ(ពេល) ១២ ឆ្នាំ ហើយបើ ចង់ចប់បរិញ្ញាបត្រ ត្រូវការ(ពេល) ១៦ ឆ្នាំ បើចង់ចប់ដល់បរិញ្ញាជាន់ខ្ពស់ ត្រូវចំណាយពេល ១៨ ឆ្នាំ ហើយបើត្រូវយកបណ្ឌិត ត្រូវចំណាយ(ពេល)លើស ២០ ឆ្នាំ ទើបអាចទទួលបាន(សញ្ញាបត្របណ្ឌិត)។ យើងត្រូវចំណាយធំណាស់ ក៏ប៉ុន្តែការចំណាយរបស់យើងនោះ ធានាឲ្យប្រទេសរបស់យើងមានការលូតលាស់ដោយមិនចេះរីងស្ងួត។
រួមគ្នាថែររក្សាសមិទ្ធផលសន្តិភាព និងសមិទ្ធផលសង្គមជាតិនានា
ពួក ប៉ុល ពត បានកាប់សម្លាប់អ្នកចេះដឹង។ យើងត្រូវកសាងឡើងវិញពីស្ថានភាពដ៏លំបាកលំបិន ហើយ បង្កើតឡើងនូវស្ថានភាពប៉ុណ្ណេះ យើងត្រូវចេះថែទាំនូវអ្វីដែលយើងសម្រេចបាន នោះគឺសមិទ្ធផលសន្តិ ភាព ដែលយើងរកបានដោយលំបាក មិនត្រូវឲ្យអ្នកណាមួយបំផ្លាញនូវសន្តិភាពនោះទេ។ មួយទៀតយើង ត្រូវរក្សានូវសមិទ្ធផលសង្គមជាតិ ដែលយើងកសាងដោយលំបាកលំបិន រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធនានា ដែលយើងត្រូវចេះជួយថែទាំ ដូចជាការដឹកជញ្ជូនមិនលើសចំណុះ ឬក៏ការថែទាំសំណង់នានាដូចជា អគារសិក្សា មន្ទីរពេទ្យ ឬក៏អគារសាធារណៈដទៃទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជន។ ថ្ងៃនេះ បន្តិចទៀត ខ្ញុំព្រះករុណាខ្ញុំហ្នឹងធ្វើការជួបជុំជាមួយមន្ត្រីប្រមាណជាង ៤០០ នាក់។ ដោយសារតែខ្វះទីកន្លែងទេ មិនមានទីកន្លែងគ្រប់គ្រាន់ ខ្ញុំព្រះករុណាខ្ញុំ ក៏បានអញ្ជើញនូវមន្ត្រីពីថ្នាក់មូលដ្ឋានមក ដើម្បីជួបសំណេះសំណាល និងផ្តល់នូវអនុសាសន៍សម្រាប់ពួកគាត់។
រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពេលបុណ្យចូលឆ្នាំខ្មែរ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
ខ្ញុំព្រះករុណាខ្ញុំ ក៏សុំចេញសារពីទីនេះ អំពាវនាវចំពោះប្រជាពលរដ្ឋ អំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើសកម្មភាពព្រមៗគ្នា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាឲ្យពិធីបុណ្យចូលឆ្នាំថ្មី ឆ្លងពីឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ទៅឆ្នាំរកា នព្វស័ក ព.ស ២៥៦១។ រដូវចូលឆ្នាំត្រូវតែជារដូវសប្បាយរីករាយ មិនមែនជារដូវជេរបញ្ចោរគ្នានោះទេ។ បន្តពីនោះ យើងនឹងឈានទៅដល់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិថ្មី ធ្វើយ៉ាងណាឲ្យបរិយាកាស នៃដំណើរការទាំងការចូលឆ្នាំសប្បាយរីករាយ និងការបោះឆ្នោតប្រព្រឹត្តិទៅដោយសន្តិភាព សន្តិសុខ ដោយសេរី និងយុត្តិធម៌ គ្មានការគម្រាមកំហែង។
បក្សនយោបាយ/បេក្ខជនទាំងអស់ ធ្វើសកម្មភាពដោយគោរពក្រមសីលធម៌
អំពាវនាវឲ្យគ្រប់បណ្តាបក្សនយោបាយទាំងអស់ ធ្វើសកម្មភាពដោយគោរពនូវក្រមសីលធម៌។ យើងត្រូវ យកអ្នកឃោសនាពាណិជ្ជកម្មធ្វើជាគម្រូ។ អ្នកឃោសនាពាណិជ្ជកម្ម គ្រាន់តែឃោសនាអំពីតែទំនិញរបស់ ខ្លួនតែប៉ុណ្ណោះ តែគេមិនបានបន្តុះបង្អាប់នូវទំនិញអ្នកដទៃទេ។ ការបន្តុះបង្អាប់ទំនិញអ្នកដទៃ ឬបេក្ខជន នៃបក្សដទៃ វានឹងនាំទៅដល់ជម្លោះ(ដោយ)ចៀសមិនផុត ព្រោះអ្នកដែលទទួលនូវការប្រមាថ អ្នកដែលទទួលនូវការជេរ (ឬ)លាបពណ៌ ពិតជាគេមិនសុខចិត្ត ហើយគេប្រើប្រាស់នូវសិទ្ធិរបស់គេដើម្បីប្តឹង។ ដូច្នេះ សង្ឃឹមថា បក្សនយោបាយនានា ក៏ដូចជាបេក្ខជនដែលឈរឈ្មោះ ត្រូវគោរពដោយក្រមសីលធម៌ដោយ រៀបចំដោយគណៈកម្មាការជាតិរៀបចំការបោះឆ្នោត ក៏ដូចជា ច្បាប់ស្តីពីបក្សនយោបាយផងដែរ។
លេខរៀងសម្គាល់គណបក្សនយោបាយ បានពីការចាប់ឆ្នោត
ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋ មិនមែនតែសម្រាប់គណបក្សប្រជាជន មួយទេ ប៉ុន្តែ សម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ឲ្យបានជ្រាបថា នៅត្រង់បញ្ហាលេខរៀង។ កាលពីអាណត្តិបោះឆ្នោតនៅឆ្នាំ ២០០៨ គណបក្សប្រជាជន ចាប់បានលេខរៀងទី ៤។ ដល់(ឆ្នាំ) ២០១៣ ក៏នៅចាប់បានលេខរៀងទី ៤ ទៀត។ ដូច្នេះ បានជាបងប្អូនយើងតែងតែនិយាយថា គាំទ្រលេខរៀងទី ៤ ប៉ុន្តែ សូមបងប្អូនយល់ឲ្យបានច្បាស់ថា ការបោះឆ្នោតនីមួយៗសុទ្ធតែមានការចាប់ឆ្នោត។ ជួនកាលយើងចាប់ប៉ះលេខរៀងទី ៤ ជួនកាលយើងចាប់ប៉ះលេខរៀងទី ៦ ជួនកាលយើងចាប់ប៉ះលេខរៀងទី ៧ ជួនកាលយើងចាប់ប៉ះលេខរៀងទី ៨ ជួនកាលយើងចាប់ប៉ះលេខរៀងទី ៩។ (សួរពីការចាប់លេខរៀង) អញ្ចឹងបោះឆ្នោតតាមឃុំ យើងមានជិត ១៧០០ ឃុំ ឃុំនីមួយៗមានលេខរៀងខុសៗគ្នាទាំងអស់ សន្លឹកឆ្នោតត្រូវបោះតាមឃុំនីមួយៗ។ ឃុំមួយបោះសន្លឹកឆ្នោតមួយ។ សន្លឹកឆ្នោតខ្លះ គណបក្សប្រជាជននៅលេខរៀងទី ១។ សន្លឹកឆ្នោតខ្លះ គណបក្សប្រជាជននៅលេខរៀងទី ៥។ សន្លឹកឆ្នោតខ្លះ គណបក្សប្រជាជននៅលេខរៀងទី ៣ ឬលេខរៀងទី ៤។ មិនដូចគ្នាទេ។ ឯបក្សដទៃក៏មិនដូចគ្នាដែរ។ ដល់ទៅបោះឆ្នោតថ្នាក់ជាតិ ត្រូវចាប់ឆ្នោត(រើសលេខរៀង)សាជាថ្មីម្ដងទៀត …។
អ្នកបោះឆ្នោតត្រូវស្គាល់សញ្ញាគណបក្សដែលខ្លួនពេញចិត្ត កុំមានជម្លោះក្នុងយុទ្ធនាការ កុំជេរប្រមាថគ្នា
ខ្ញុំព្រះករុណាខ្ញុំ និយាយនេះ មិនមែនសម្រាប់តែគណបក្សប្រជាជនតែម្នាក់ឯងទេ ក៏ប៉ុន្តែ សុំនិយាយ និងជូនសារសម្រាប់បណ្ដាបក្សនយោបាយទាំងអស់។ អ្នកបោះឆ្នោត សំខាន់ជាងគេត្រូវស្គាល់ពីសញ្ញាគណបក្សដែលខ្លួនពេញចិត្ត។ ដូចជាគណបក្សប្រជាជន គឺមានសញ្ញាទេវតាបាចផ្កានោះឯង។ សារដែលសំខាន់ ធ្វើម៉េចកុំឲ្យជម្លោះនៅក្នុងដំណាក់កាលនៃយុទ្ធនាការបោះឆ្នោត ហើយចាប់ពីពេលនេះ ទៅដល់ការបោះឆ្នោត កុំឲ្យមានជម្លោះ។ ដើម្បីចៀសវាងជម្លោះ រឿងតែមួយគត់ គឺកុំប្រមាថគ្នា និងកុំជេរគ្នា។ អួតតែពីខ្លួនឯងទៅបានហើយ កុំបង្អាប់អ្នកដទៃ។ ដូចជាភាសាខ្លះមិនគួរនិយាយ គេនិយាយ ច្បាប់មិនអនុញ្ញាតទេ ប្រសិនបើមានបញ្ហានោះកើតឡើង។ ត្រង់នេះហើយ ដែលយើងនឹងធ្វើឲ្យសង្គមរបស់យើងទទួលបានសេចក្ដីសុខ។ ផលប្រយោជន៍ពីសន្ដិភាព នាំមកនូវការរីកចម្រើនសម្រាប់ទាំងអស់គ្នា។
សូមអរគុណ សូមបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីរក្សាសន្ដិភាព និងអភិវឌ្ឍន៍
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវអំណរគុណ ចំពោះប្រជាពលរដ្ឋនៅខេត្តក្រចេះ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលជានិច្ចកាលបោះឆ្នោតគាំទ្រគណបក្សប្រជាជន។ សង្ឃឹមថា ប្រជាជននឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនតទៅទៀត។ បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតដើម្បីធានារក្សានូវសន្ដិភាព បោះដើម្បីធានានូវការអភិវឌ្ឍជាបន្តទៀត។ នេះមិនមែនជាការឃោសនាបោះឆ្នោតមួយទេ ក៏ប៉ុន្តែក៏គ្មានអ្នកណាហាមឃាត់ ខ្ញុំព្រះករុណាខ្ញុំ មិនឲ្យនិយាយបែបនោះដែរ ព្រោះអ្នកដែលឈ្នះឆ្នោតកំពុងតែនិយាយ។ ខ្ញុំព្រះករុណាខ្ញុំ ថ្លែងអំណរគុណប្រជាជនមានអីខុស? ហើយសូមឲ្យប្រជាជនបោះឆ្នោតឲ្យទៀតមានអីខុស …។
ច្បាប់ក្រមង៉ុយ ១៥០០០ ច្បាប់សម្រាប់ចែកតាមសាលានានា
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់ខេត្តក្រចេះ សម្រាប់ដាក់តាមបណ្ណាល័យ និងចែកជូនទៅតាមទីកន្លែងដែលមានតម្រូវការនូវច្បាប់ក្រមង៉ុយ ចំនួន ១០០០ ច្បាប់ ដើម្បីឲ្យចៅៗ ក្មួយៗ និងអ្នកដែលមានតម្រូវការដើម្បីនឹងអានបន្ត សូម្បីតែខ្ញុំព្រះករុណាខ្ញុំខ្លួនឯង ក៏នៅតែបន្តទុកច្បាប់ក្រមង៉ុយមួយច្បាប់ និងការប្រៀនប្រដៅរបស់បណ្ឌិត អ៊ូ ចុង មួយច្បាប់ ជាប់ជានិច្ចនៅលើក្បាលដំណេក។ ពេលណាអផ្សុក យកមកអាន។ ខ្ញុំព្រះករុណាខ្ញុំ បោះពុម្ភ ១៥០០០ ច្បាប់។ ថ្ងៃនេះ បាននាំមកសម្រាប់មន្ទីរអប់រំខេត្ត ដើម្បីចាត់ចែងបញ្ជូនទៅតាមសាលារៀន ទាំងកម្រិតវិទ្យាល័យ ទាំងកម្រិតអនុវិទ្យាល័យ ដើម្បីការសិក្សារបស់សិស្ស។ ប្រសិនបើអាចធ្វើទៅបាន ថ្ងៃក្រោយ ខ្ញុំព្រះករុណាខ្ញុំ នឹងបញ្ជូនមកនូវសាស្រ្តាស្លឹករឹទ្ធ ដែលខ្ញុំព្រះករុណាខ្ញុំ ទៅកម្មង់អ្នកខេត្តសៀមរាបឲ្យផលិត។ បើព្រះតេជព្រះគុណត្រូវការ ខ្ញុំព្រះករុណាខ្ញុំនឹងប្រគេន ព្រោះអាហ្នឹងវាជិតដាច់ពូជ ដើម្បីយើងថែរក្សាមរតករបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ មិនបន្តទេ ដោយសារ ខ្ញុំព្រះករុណាខ្ញុំ សម្លេងរាងស្អកៗ ព្រោះមិនស្អកម៉េច? បើមួយថ្ងៃមិនដឹងនិយាយប៉ុន្មានម៉ោង…។
ពាំនាំ
ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមកសម្រាប់ លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងមួយនាក់ៗ ក្រណាត់ស ១ ដុំ និងថវិកា ចំនួន ១ ម៉ឺនរៀល។ ជូនយុវជនកាយាប្ញទ្ធិ និងយុវជនកាកបាទក្រហម ចំនួន ២០០ នាក់ ក្នុងមួយនាក់ៗ ថវិកា ១ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ចំនួន ៣.៤៨៨ នាក់ ក្នុងមួយនាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម និងថវិកា ៥ ពាន់រៀល។ សប្បាយជាងគេ គឺចៅៗ។ ខ្ញុំព្រះករុណាខ្ញុំ ដើរមួយទូទាំងប្រទេសហ្នឹង សប្បាយជាងគេ គឺចូលតាមសាលាហ្នឹងតែម្តង។ ធ្វើសាលាឲ្យផង ជាមួយ ចៅៗ ជាមួយលោកគ្រូ អ្នកគ្រូ មួយប្រទេស។ ជូនគរុសិស្ស ដែលបានមកចូលរួមក្នុងពិធី ចំនួន ៩៧ នាក់ ក្នុងមួយនាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ក្នុងក្រុងក្រចេះទាំងមូល ចំនួន ៥៦៧ នាក់ ក្នុងមួយនាក់ៗ ថវិកា ៣ ម៉ឺនរៀល។ ជូនសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តក្រចេះ ថវិកា ២ លានរៀល។ ជូនសាលាបឋមសិក្សាអនុវត្ត សង្កាត់ក្រចេះ ថវិកា ៥០ ម៉ឺនរៀល។ ជូនសាលាបឋមសិក្សា ហ៊ុន សែន ត្រពាំងព្រីង សង្កាត់ក្រចេះ ថវិកា ៥០ ម៉ឺនរៀល។ ជូនវិទ្យាល័យព្រះមហាក្សត្រីយានី ព្រះកុសុមៈ សង្កាត់ក្រចេះ ថវិកា ១ លានរៀល។ ជូនវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ សង្កាត់ក្រចេះ ថវិកា ១ លានរៀល។ ជូនសាលាក្រុងក្រចេះ ថវិកា ១ លានរៀល។ ជូនក្រុមតន្រ្តីសម័យ ថវិកា ១ លានរៀល។
ហើយក្រៅពីនោះ គឺនាំមកសម្រាប់វិទ្យាល័យនេះ មានកុំព្យូទ័រ ១០ គ្រឿង ម៉ាស៊ីនព្រីន ៥ គ្រឿង និងម៉ាស៊ីន ថតចម្លង ១ គ្រឿងបន្ថែមទៀត។ ប៉ុន្តែឥឡូវនេះ ចង់ងាកទៅពិភាក្សាជាមួយនឹង ឧត្តមសេនីយ៍ គង់ អ៊ាង បន្តិច កាលហ្នឹងដូចជាយើងពិភាក្សាថា នឹងធ្វើទីចាត់ការមួយខ្នង តែអត់មានដី? ឯណានាយកសាលា? ទីចាត់ការដាក់នៅណា? ខ្វះកន្លែង ឬព្រោះយើងអត់មានដី។ ឥឡូវត្រូវដកយក ២ បន្ទប់ធ្វើទីចាត់ការ ខាងបឋមមួយ និងខាងវិទ្យាល័យមួយ អញ្ចឹងអត់មានស្អីលំបាកទេ ព្រោះអគារនេះដល់ទៅ ៥៨ បន្ទប់ ច្រើនណាស់ អញ្ចឹងយើងដកប៉ុណ្ណឹងបាន ហើយបន្ថែមកុំព្យូទ័រស្អីៗ យកថែម ១ ឬ ២ បន្ទប់ទៀត ក៏មិនអីទេ គ្មានអីខ្វះផង ពេញចិត្តតែម្តង។ ថ្ងៃនោះ យើងដើរជាមួយគ្នា រត់វាស់ជើងទេណា មិនដឹងធ្វើម៉េច ដល់តែចុះមកជជែកគ្នាអញ្ចឹង បានត្រូវស្តង់ដារ មិនអញ្ចឹង មិនអញ្ចឹង? ឥឡូវបានអានេះក៏វាស្អាត ស្រួលហើយ។ ចុះប្រាក់ខែប៉ុន្មានហើយលោកគ្រូ? ១ លាន ១៦ ម៉ឺនរៀល អាហ្នឹងកំពុងតែមានហើយ ចុះខែ ៤ ឡើងដល់ប៉ុន្មាន? ឡើង ១០ ម៉ឺនទៀត។ នាយកឡើង ២២ ម៉ឺន។ បឋមឡើងដល់ប៉ុន្មាន? អត់ដឹង។ នៅសល់តែ ៤ ថ្ងៃទៀត ចាប់ផ្តើមឡើងប្រាក់ខែហើយ។ ពេលដែលឡើងប្រាក់ខែនោះ នឹងបើកមុនចូលឆ្នាំ បន្ថែមទៅដោយប្រាក់សម្រាប់ចូលឆ្នាំម្នាក់ ៥ ម៉ឺនរៀល ហើយបានគ្រប់គ្នា តាំងពីយុទ្ធជនពិការ ដែលនៅក្នុងក្រប ខណ្ឌ តាំងពីមេភូមិ អនុភូមិ សមាជិកភូមិ បានគ្រប់ៗគ្នាៗទាំងអស់ ប៉ុន្តែ មើលទៅវាតិចមែន ៥ ម៉ឺននោះ តែរាជរដ្ឋាភិបាលត្រូវការ ៧ លានដុល្លារ សម្រាប់ការចែកជូន មិនមែនរឿងលេងសើចឯណា។ អារឿង លុយគេសន្យា គឺវាស្រួល។ ឥឡូវអត់មានតម្រូវការធ្វើស្អីទេ ទុកទីធ្លាខ្លះទៅ ព្រោះយើងមិនចាំបាច់ធ្វើ ទីចាត់ការទេ ព្រោះអស់ដី។ អញ្ចឹង វាទៅជាហប់វិញ។ អស់ហើយ ចប់ត្រឹមហ្នឹងហើយ ព្រះតេជព្រះគុណ។ ហើយថ្ងៃក្រោយ ខ្ញុំត្រូវមកទៀត ត្រូវមកក្រចេះហ្នឹងច្រើន នៅសាលាថ្មគ្រែផង នៅសាកលវិទ្យាល័យផង នៅមន្ទីរពេទ្យផង ហើយចង់មកលេងផង។ អនុស្សាវរីយ៍ខេត្តក្រចេះ ថ្ងៃនេះប្រពន្ធ ខ្ញុំព្រះករុណាខ្ញុំ កំពុង មើលនៅភ្នំពេញឯណោះ ថ្ងៃហ្នឹងអត់បានបបួលគាត់មក។ អត់ហ៊ានទៅណាឆ្ងាយទេ ទៅតែម្នាក់ឯង ដោយសារម្តាយចាស់ ៩៣ ឆ្នាំហើយ អញ្ចឹងទេ បានជាត្រូវនៅថែទាំ មិនត្រូវទៅណាឆ្ងាយ មានស្ថានភាព លំបាកបន្តិច។
ជាមួយនឹងការអបអរសាទរ ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ និងប្រគល់អគារសិក្សាថ្មី ដែលមាន ៣ អគារ ស្មើនឹង ៤៨ បន្ទប់ បូកជាមួយនឹងសមិទ្ធផលដទៃទៀត ដែលមាននៅទីនេះ ការប្រគល់ជូនសមិទ្ធផលនេះ ជូនប្រជាពលរដ្ឋ ជាមួយនឹងការចូលឆ្នាំថ្មីនៅពេលខាងមុខនេះ អនុញ្ញាតឲ្យ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ជូន ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ជាពិសេសក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សូមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕