FN ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានចុះអនុស្សរណៈជាមួយប្រតិភូខេត្តសានស៊ីរបស់ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-សានស៊ី ក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ហ៊ូ ហេភីង អភិបាលខេត្តសានស៊ីប្រទេសចិន និងលោក ហ្សុង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រតិភូពាណិជ្ជករនៃខេត្តសានស៊ីជាង ២០០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា និងចិន ព្រមទាំងការជួយគាំទ្ររបស់ប្រទេសចិន ចំពោះការរៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥ ក៏ដូចជាការអភិវឌ្ឍវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងស៊ីអាន នៃខេត្តសានស៊ី សម្រាប់ទាក់ទាញគម្រោងវិនិយោគពីប្រទេសចិន និងជំរុញកំណើនសេដ្ឋកិច្ច។
លោក ហ៊ូ ហេភីង បានគូសបញ្ជាក់ពីវឌ្ឍនភាពល្អនៃពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងខេត្តសានស៊ី ដែលមានទំហំទឹកប្រាក់ ១,២៩ពាន់លានដុល្លារអាមេរិក ព្រមទាំងការចូលរួមរបស់សហគ្រាសចិន នៅក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ទូរគមនាគមន៍ វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត ក៏បានចង្អុរបង្ហាញពីសក្តានុពល និងលទ្ធភាពសហការលើវិស័យឧស្សាហកម្ម រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មទីមួយ និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ គិតត្រឹមខែមិថុនា ឆ្នាំ២០១៦ ទំហំទឹកប្រាក់វិនិយោគដោយផ្ទាល់ពីប្រទេសចិននៅកម្ពុជា មានចំនួន ១,២០០លានដុល្លារអាមេរិក រីឯទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានចំនួន ២,៣៤០លានដុល្លារអាមេរិក ពោលគឺបានកើនឡើង១០.២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំមុន៕