FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីមក្រសួងសុខាភិបាល បានថ្លែងថា ក្នុងឆ្នាំ២០១៧នេះ ក្រសួងបានបន្ដដាក់ចេញ នូវវិធានការចំនួន៣ ដើម្បីឆ្លើយតបទៅនឹងបញ្ហសុខភាព ជូនប្រជាពលរដ្ឋកម្ពុជា ដែលតែងតែប្រឈមនៅពេលបច្ចុប្បន្នេះ ។
លោករដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសបើកសន្និបាតសុខាភិបាល លើកទី៣៨ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដែលមានការអញ្ជើញចូលរួម ពីបណ្តាក្រសួងពាក់ព័ន្ធជាតិ និងអន្តជាតិផងដែរ។
រដ្ឋមន្ដ្រីថ្លែងបន្ដថា «វិធានការ ដែលក្រសួងដាក់ចេញ ដើម្បីបម្រើសេវាសុខភាព ជូនដល់ប្រជាពលរដ្ឋ មានចំនួន៣ចំណុច គឺទី១-ការបន្ដប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង, ទី២-ការចាក់ជូននូវថ្នាំបង្ការ ដល់មាតា និងទារក ក្នុងការលើកកម្ពស់សុខភាពរបស់ពួកគាត់ និងទី៣-ការពង្រឹងវិជ្ជាជីវៈរបស់យើង ការបណ្ដុះបណ្ដាបន្ថែម ចំពោះមន្ដ្រី និងបុគ្គលិកយើង ឲ្យកាន់តែមានសុខភាពខ្ពស់ ជាមួយនឹងឧបករណ៍ប្រើប្រាស់ ឲ្យកាន់តែទំនើប សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ខេត្ដ និងថ្នាក់ស្រុក ហើយក្រៅពីនឹង យើងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចដើម្បីគ្របដណ្ដប់សេវាសុខាភិបាល របស់យើង ឲ្យបានកាន់តែទូលំទូលាយ ដល់ប្រជាជនគ្រប់ទីកន្លែង គ្រប់ពេលវេលា ពិសេសក្នុងតំបន់ដាច់ស្រយាល ប្រជាជនដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងជនពិការ គឺព្យាបាលដោយឥតគិតថ្លៃផងដែរ»។
រដ្ឋមន្ដ្រីបន្ដថា «លើសពីនោះ យើងត្រូវពង្រឹងមូលនិធិសមធម៌ ដើម្បីគ្របដណ្ដប់សេវាសុខភាព ទៅដល់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ រួមជាមួយនឹងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់យើងបន្ថែមទៀត ក្នុងការបំពេញនូវចំនុចខ្វះខាតកន្លងមក ដោយមិនប្រកាន់ឋានៈ និងមុខងារ ហើយយើងនឹងពង្រីកមន្ទីរពេទ្យបន្ថែមក្នុងឆ្នាំ២០១៧នេះ នៅតាមជនបទ ដូចជា នៅក្នុងខេត្ដបៃលិន និងឧត្ដរមានជ័យសម្រាប់រាជធានីភ្នំពេញវិញ គឺយើងសាងសង់អគារបន្ថែម នៅមន្ទីរពេទ្យកុមារជាតិ និងកំពុងសាងសង់អគារព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត»។
ឮទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេល២ថ្ងៃ នៃសន្និបាតនេះ ថ្ងៃទី១៥-១៦ ខែមីនា លោកសង្ឃឹមថា មន្ដ្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល ខិតខំ ពិនិត្យ ពិចារណា ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បីដកស្រង់យកបទពិសោធន៍ល្អៗ ហើយត្រូវពិនិត្យផងដែរ នូវបញ្ហាប្រឈម ដែលត្រូវជម្នះ ដោះស្រាយដោយមិនអល់ឯក ឬរងចាំ ដើម្បីយកទៅអនុវត្ដបន្ដ នៅតាមមូលដា្ឋនរបស់ខ្លួន ឲ្យបានជោគជ័យ និងមានប្រសិទ្ធិភាពបន្ថែមទៀត ពិសេស អង្គសន្និបាត ទាំងមូលនឹងបានត្រង់ត្រាប់ស្ដាប់ និងទទួលយកនូវអនុសាសន៍ ដ៏មានសារៈសំខាន់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចក្រឡាហោម នឹងអញ្ជើញបិទសន្និបាតនាថ្ងៃស្អែកនេះ៕