PhnomPenhReporter ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹក នាំមន្រ្តីគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប បានជិះឧទ្ធម្ភាគចក្រ ចុះត្រួតពិនិត្យ បទល្មើសនៅលើផ្ទៃបឹងទន្លេសាប នៅក្នុងខេត្ដជាប់បឹងទន្លេសាប គឺ ខេត្ដកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប កាលពីថ្ងៃទី ០២ មីនា ឆ្នាំ ២០១៧ ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្រ្កាប បទល្មើសនេសាទនៅបឹងទន្លេសាប បានបញ្ជាក់ឲ្យដឹងថា ៖ បន្ទាប់ពីការបើកប្រតិបត្តិការបង្រ្កាបរយៈពេលពីរខែកន្លងទៅ នៅតំបន់មួយចំនួនមានបទល្មើសនេសាទទៀតនោះទេ តែតំបន់មួយចំនួនទៀត ក៏នៅមានចំនួនច្រើននៅឡើយ។
តំបន់ដែលនៅមានបទល្មើសនេសាទសាច់អួនច្រើននោះ រួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង និង សៀមរាប។
ដើម្បីដោះស្រាយបញ្ហាបទល្មើសនេសាទលើផ្ទៃបឹង ទន្លេសាប ដែលត្រូវបានគេចាទទុកជាបទល្មើសមានភាពស្មុគស្មាញ និងបង្កការឈឺ ក្បាលខ្លាំងជាងគេ ។
លោក វេង សាខុន បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង នឹងដឹកនាំមន្រ្តីពាក់ព័ន្ធទាំងអស់ ប្រជុំពិភាក្សារិះរកវិធាន ការបន្ថែមទៀតនៅថ្ងៃទី០៣ ខែមីនា ស្អែកនេះ។
សម្តេចក្រឡាហោម ស ខេង ធ្លាប់បានព្រមានចាត់វិធានការក្តៅបោសសំអាតឲ្យអស់នូវបទល្មើសនេសាទលើផ្ទៃបឹង ទន្លេសាប ព្រមទាំង បានព្រមានដកហូតតំណែងអភិបាល ខេត្ត និងមន្រ្តី នៅជុំវិញបឹងទន្លេសាបរូបណា ដែលពាក់ព័ន្ធបទល្មើសនេះ ថែមទៀតផង។
លោកបានរំលឹកថា ៖ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបនេះ កាលពីខែធ្នូ ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប មានលោក វេង សាខុន ជាប្រធាន។ ក្រោយ គណៈកម្មការនេះចេញជារូបរៀង ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានធ្វើឡើងយ៉ាងក្តៅគគុក ផងដែរ។ រយៈពេលពីរខែដើមឆ្នាំ ២០១៧ នេះ គឺមករា និងកុម្ភៈ គណៈកម្មការនេះ បានបង្រ្កាបបទល្មើសនេសាទបាន ៦៧៤ ករណី បញ្ជូនសំណុំរឿងទៅតុលាការ ១៨ ករណី។ ជនសង្ស័យ ៥១ នាក់ បញ្ជូនទៅតុលាការ និង ៣៧ នាក់ ត្រូវបានដាក់ពន្ធនាគារ និង រឹបអូសបំផ្លាញវត្ថុតាងចោលចំនួន ៦៥៦ ករណី៕