– ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
– ឯកឧត្តម ឆឹង វៃសាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តជើជាំង សាធារណរដ្ឋប្រជាមានិតចិន
– លោក តុង វិនពាវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG
– អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងជាប្រធានសមាគមឧកញ៉ាកម្ពុជា
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី!
[ចាប់ផ្តើមអធិប្បាយ]
ផ្តល់ទិដ្ឋាការរយៈពេលវែង ៣ ឆ្នាំ សម្រាប់អ្នកវិនិយោគដែលកាន់លិខិតឆ្លងដែនធម្មតា
មុននឹងចាប់ផ្តើមនូវខ្លឹមសារ ខ្ញុំគួរតែនិយាយបន្តិចលើបញ្ហាពីរបី។ បញ្ហាទី ១ ប្រហែលជាដំណឹងរីករាយសម្រាប់វិនិយោគិនទាំងអស់របស់ចិន ហើយក៏ពាក់ព័ន្ធជាមួយនឹងអ្នកវិនិយោគិនរបស់កូរ៉េផងដែរ។ កន្លងទៅ កម្ពុជាបានផ្តល់នូវភាពអនុគ្រោះសម្រាប់ទិដ្ឋាការរយៈពេលវែង ដោយចេញចូលច្រើនដងសម្រាប់អ្នកទេសចរចិន និងកូរ៉េរួចស្រេចទៅហើយ។ ថ្ងៃនេះ តាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានសម្រេចផ្តល់ជូនសម្រាប់អ្នកវិនិយោគ ដែលមកពីចិន និងកូរ៉េ នូវទិដ្ឋាការចេញចូលច្រើនដង និងរយៈពេលវែង សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា។ សួរថា រយៈពេលវែងហ្នឹង គឺប៉ុន្មាន? ខ្ញុំបានពិភាក្សាជាមួយនឹងសម្តេចក្រឡាហោម ស ខេង ថា សុំជូន ៣ ឆ្នាំ តែម្តង។ ចាប់ពីពេលនេះតទៅ អ្នកវិនិយោគទាំងឡាយរបស់ចិន ដែលកាន់លិខិតឆ្លងដែនធម្មតា គឺមិនចាំបាច់ត្រូវការសុំវីសា (ទិដ្ឋាការ) ទៀតទេ ហើយក៏មិនចាំបាច់បង់ថ្លៃទៀតដែរ ក្នុងរយៈពេល ៣ ឆ្នាំ ចេញចូលប៉ុន្មានដងក៏បានដែរ ប៉ុន្តែ ស្ថិតនៅក្នុងរបៀបបែបបទថា ត្រូវបោះត្រាចេញចូលតែប៉ុណ្ណោះ មិនថាប្រទេសណាប្រទេសណាទេ។ អញ្ចឹង យើងសម្រេចយករយៈពេល ៣ ឆ្នាំ គឺជារយៈពេលមួយវែងបង្គួរ បង់ថ្លៃតែម្តង ប្រើពេល ៣ ឆ្នាំ។
អនាគតទីក្រុងរណបដ៏ល្អមួយ
បញ្ហាទី ២ សូមជម្រាបថា នៅជុំវិញនេះ មានតារាងកូនគោល ១៨ ឡូ អញ្ចឹងទេ មិនថា ខ្មែរ មិនថា មិត្តចិនទេ ថ្ងៃនេះ បើជ្រុលមកដល់នេះហើយ អ្នកដែលចេះវាយកូនគោល គួរតែវាយកូនគោលទៅ រាប់ទាំងខ្ញុំផងដែរ គិតថាប្រហែលជាមិនទៅផ្ទះទេ។ កន្លែងនេះដូចជាបុប្ផាលាក់ខ្លួនមួយអញ្ចឹង គេមិនទាន់ដឹងថាមានសណ្ឋាគារផ្កាយ ៥ នៅទីនេះ ហើយនិងតារាងកូនគោល។ ប៉ុន្តែ កន្លែងនេះនឹងក្លាយទៅជាអនាគតនៃទីក្រុងមួយ ហើយពេលនេះ មិត្តចិនក៏កំពុងតែជួយសាងសង់នូវពហុកីឡាដ្ឋានមួយ ដើម្បីឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ ២០២៣ បូកជាមួយល្ងាចនេះ នឹងមានការចុះហត្ថលេខារវាងលោក តុង វិពាវ ជាមួយ លោកឧកញ៉ា លី យ៉ុងផាត់ ពាក់ព័ន្ធការកសាងទីក្រុងរណបមួយនេះ។ ក្បែរនេះ ក៏មានស្ថានីយ៍ទូរទស្សន៍នៅជាប់នៅនេះ ហើយក៏មានវិមាននៃនយោបាយឈ្នះឈ្នះមួយ ដែលយើងកសាងជានិមិត្តរូប នៅតំបន់នេះផងដែរ។ ទីនេះ ជាអនាគតនៃទីក្រុងដ៏ល្អមួយនាពេលខាងមុខ។ អញ្ចឹងទេ នេះជាចំណុចដែលខ្ញុំចង់ជម្រាបជូន មុននឹងចូលដល់ខ្លឹមសារ ហើយក៏សង្ឃឹមថាអ្នកណាចង់វាយកូនគោល ឱកាសហ្នឹងហើយ រួចហើយគេរៀបចំឲ្យបាយមួយពេល វាយហើយបាយៗ ហើយចុះវាយទៀតក៏វាមិនអីដែរ។
[ចប់អធិប្បាយ]
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាអនេកដោយ មានកិត្តិយសចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ក្រោមប្រធានបទ កម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាព “ខ្សែក្រវាត់មួយ ផ្លូវមួយ” ដែលប្រព្រឹត្តទៅនាពេលនេះ។ ក្នុងឱកាសដ៏សែនមនោរម្យនាថ្ងៃនេះ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឆឹង វៃសាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្ត ជើជាំង សាធារណរដ្ឋប្រជាមានិតចិន និងលោក តុង វិនពាវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ី អឹម អាយ ជី (CMIG) ដែលបានដឹកនាំគណៈប្រតិភូធុរជនចិន ដែលជាថ្នាក់ដឹកនាំ និងជាតំណាងក្រុមហ៊ុនដ៏លេចធ្លោ និងល្បីល្បាញមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងវេទិកានេះ។
ភ្ញៀវកិត្តិយសទាំងអស់ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាជាលើកទីមួយ ប្រហែលជាមានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញសភាពការបច្ចុប្បន្ននៅកម្ពុជា។ កាលពីឆ្នាំ ១៩៧៩ នៅពេលដែលខ្ញុំបានមកដល់ទីក្រុងភ្នំពេញ ខ្លួនខ្ញុំផ្ទាល់បើទោះបីជាក្នុងសុបិនរបស់ខ្ញុំ ក៏ខ្ញុំសុបិនមិនឃើញថា ភ្នំពេញនឹងមានការអភិវឌ្ឍគ្រប់វិស័យ គ្រប់ទីកន្លែង មានអគារខ្ពស់ៗ ផ្លូវស្ពានខ្វាត់ខ្វែង និងភ្លើងព្រោងព្រាតគ្រប់ទីកន្លែងដូចបច្ចុប្បន្ននេះទេ។ ការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់នេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយដែលមិនអាចកាត់ផ្ដាច់ចេញបានពីការជួយឧបត្ថម្ភគាំទ្រ របស់បណ្ដាប្រទេ សជាមិត្ត ជាពិសេសមិត្តចិនតាមរយៈការផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ទាំងហិរញ្ញប្បទានឥតសំណង និងទាំងឥណទានសម្បទានយ៉ាងសន្ធឹកសន្ធាប់។ ដោយសារជំនួយឧបត្ថម្ភគាំទ្រទាំងអស់នេះ ខ្ញុំអាច និយាយបានថា មិត្តចិនជាអ្នកដែលបានជួយកសាងផ្លូវវែងជាងគេនៅកម្ពុជា ដែលមានប្រវែងសរុប ប្រមាណ ១.៥០០ គីឡូម៉ែត្រ និងស្ពានដែលបានសាងសង់រួចចំនួន ៧ ដែលមានប្រវែងសរុបប្រមាណ ៣.១០៤ ម៉ែត្រ។ ជាមួយគ្នានេះដែរ ក្នុងរយៈពេល ១៤ ឆ្នាំ កន្លងទៅនេះ ការផ្គត់ផ្គង់ថាមពលអគ្គិសនីមានការកើនឡើង ១១ ដងពី ១៨០ មេហ្កាវ៉ាត់ នៅឆ្នាំ ២០០២ ដល់ ១.៩៨៦ មេហ្កាវ៉ាត់ នៅឆ្នាំ ២០១៥។ កំណើនការផ្គត់ផ្គង់ថាមពលអគ្គិសនីទាំងអស់នេះអាចសម្រេចទៅបានដោយសារមានការចូលរួមជាគំហុកផងដែរ ពីសំណាក់អ្នកវិនិយោគចិនក្នុងគម្រោងវិនិយោគវារីអគ្គិសនីតាមរូបភាព “សាងសង់ អាជីវកម្ម និងផ្ទេរ (BOT)” ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំឭកផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនមានចំណងទាក់ទងល្អជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ។ មិត្តភាពជាប្រពៃណីកម្ពុជា-ចិននេះត្រូវបានបង្កើតរួមគ្នា និងថែរក្សាយ៉ាងខ្ជាប់ខ្ជួនដោយថ្នាក់ដឹកនាំចិនជំនាន់មុន រួមមានឯកឧត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តមនាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀត រួមជាមួយព្រះករុណាព្រះវររាជបិតាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្ត្រនិយម ។ ផ្អែកលើទំនាក់ទំនងមិត្តភាពជាប្រពៃណីនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់កម្រិតកំពូលមួយគឺ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ចាប់ពីចុងឆ្នាំ ២០១០។ ឈរលើមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរមានការរីកចម្រើន គួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចកាន់តែញឹកញាប់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ និងកំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។
ជាក់ស្តែង ចាប់តាំងពីឯកឧត្តម Xi Jinping បានចូលកាន់តំណែងជាប្រធានាធិបតីមក ខ្ញុំបានជួបជាមួយឯកឧត្តមប្រធានាធិបតីចំនួន ០៦ លើក ដោយលើកទី ១ នៅឆ្នាំ ២០១៣ នៅទីក្រុងប៉េកាំង លើកទី ២ និងទី ៣ នៅឆ្នាំ ២០១៤ នៅទីក្រុងសៀងហៃ និងប៉េកាំង លើកទី ៤ និងទី ៥ នៅឆ្នាំ ២០១៥ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងទីក្រុងប៉េកាំង និងលើកទី ៦ កាលពីថ្ងៃទី ១៣ និងទី ១៤ ខែ តុលា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ ភាគីនៃប្រទេសទាំងពីរបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារចំនួន ៣១ ដោយរាប់បញ្ចូលទាំងអនុស្សារណៈយោគយល់គ្នាស្តីពីការរៀបចំចំណុចនៃផែនការកិច្ចសហប្រតិបតិ្តការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបតិ្តការផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ប្រព្រឹត្តកម្ម មិនជាប់ពន្ធចំនួន ៩៧% នៃមុខទំនិញសរុប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប និងខែ្សបណ្តាញអគ្គិសនីជាតិ និងការជំរុញគម្រោងកិច្ចសហប្រតិបតិ្តការវិនិយោគឧស្សាហកម្មគន្លឹះ ដើម្បីរួមគ្នាជំរុញការអនុវត្ត គម្រោងពាក់ព័ន្ធផ្អែកលើគោលការណ៍នៃ “ការចូលរួមរបស់ក្រុមហ៊ុន និងការតម្រង់ទិសរបស់ទីផ្សារដោយអនុលោមតាមប្រតិបតិ្តការធុរកិច្ច និងផ្អែកតាមវិធានអន្តរជាតិ”។
ក្នុងបរិការណ៍នេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបតិ្តការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាទំនាក់ទំនងក្នុងនាមជាមិត្តដែលជួយគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រទេស និងប្រជាជនយើងទាំងពីរ។
ជាគោលដៅចំពោះមុខ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញនូវផែនការបង្កើនទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ឱ្យសម្រេចបានជាទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ។ ជាក់ស្តែងពាណិជ្ជកម្មសរុបរវាងកម្ពុជានិងចិនក្នុងឆ្នាំ ២០១៥ សម្រេចបានចំនួន ៤,៣ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង ១៥,១៩% ប្រៀបធៀបនឹងឆ្នាំ ២០១៤ ដែលសម្រេចបានចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅប្រទេសចិនក្នុងឆ្នាំ ២០១៥ មានចំនួន ៤០៥ លានដុល្លារអាមេរិកនៅពេលដែលការនាំចូលរបស់កម្ពុជាពីប្រទេសចិន មានចំនួន ៣,៩ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង ១៩,៧០% ប្រៀបធៀបនឹងឆ្នាំ ២០១៤ ដែលមានចំនួន ៣,៣ ពាន់លានដុល្លារអាមេរិក។
ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីបរទេស ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ប្រទេសចិនគឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងបរិមាណសរុប ៤,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគរបស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួនប្រមាណ ៥៦០ លានដុល្លារអាមេរិក។ ដោយឡែក ត្រឹមខែ តុលា ឆ្នាំ ២០១៦ នេះ គម្រោងវិនិយោគចិន ដែលបានកត់ត្រានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ៨៤ គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ៧១៦ លានដុល្លារអាមេរិក ស្មើ ២៤,៦៩% នៃទុនវិនិយោគសរុប។
រីឯវិស័យសំណង់ គិតពីឆ្នាំ ២០០០ រហូតដល់ត្រឹមខែសីហា ឆ្នាំ ២០១៦ ការបោះទុនវិនិយោគរបស់វិស័យឯកជនបរទេសមានចំនួន ២៨៤ គម្រោង មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ១២,៥ លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤,៣ ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមអ្នកវិនិយោគបរទេសមកពីប្រទេសចំនួន ១៨។
ដោយឡែកក្នុងវិស័យធនាគារ ប្រព័ន្ធធនាគារនៅកម្ពុជាបានអភិវឌ្ឍជាបន្តបន្ទាប់ទៅតាមការវិវត្តន៍នៃទីផ្សារ។ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០១៥ កម្ពុជាមានធនាគារពាណិជ្ជចំនួន ៣៦ ធនាគារឯកទេសចំនួន ១១ និងការិយាល័យតំណាងធនាគារបរទេសចំនួន ៨។ ក្នុងនោះធនាគារពាណិជ្ជរបស់ចិនមានចំនួន ២ ធនាគារឯកទេសរបស់ចិនមានចំនួន ១ ដែលមានដើមទុនសរុបប្រមាណ ២២៣ លានដុល្លារអាមេរិក។
ចំពោះវិស័យទេសចរណ៍ កម្ពុជាបាននិងកំពុងបោះជំហានរីកចម្រើនខ្លាំងជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជាង ១២% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងឆ្នាំ ២០១៥ កម្ពុជាទទួលបានទេសចរចំនួនប្រមាណ ៤,៨ លាននាក់ នាំចំណូលប្រមាណ ៣ ពាន់លានដុល្លារអាមេរិក និងផ្ដល់ឱកាសការងារប្រមាណ ៦២ ម៉ឺននាក់។ ក្នុងនោះ ទេសចរចិនមកកម្ពុជាមានចំនួនប្រមាណ ៧០ ម៉ឺននាក់ ដោយកើនឡើង ២៤% ធៀបនឹងឆ្នាំ ២០១៤ និងឈរក្នុងលំដាប់ទី ២។ សម្រាប់ឆ្នាំ ២០១៦ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ ក្នុងនោះទេសចរចិនអាចមានចំនួនប្រមាណ ៨០ ម៉ឺននាក់ គឺកើនឡើង ១៤,២៩% ធៀបនឹងឆ្នាំ ២០១៥។ ជាមួយគ្នានេះដែរ រហូតមកដល់ពេលបច្ចុប្បន្ន ជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជាមានចំនួន ៩៣ ជើង ក្នុងមួយសប្តាហ៍ ក្នុងនោះមកភ្នំពេញ (៥១ ជើង) សៀមរាប (៣០ ជើង) និងក្រុងព្រះសីហនុ (១២ ជើង)។
[ចាប់ផ្តើមអធិប្បាយ]
ជើងហោះហើរត្រង់ពីប្រទេសក្រៅតំបន់អាស៊ាន ៩៣ ជើង/សប្តាហ៍
អញ្ចឹងចាត់ទុកថា ចំនួននៃការហោះហើរច្រើនបំផុត ពីប្រទេសក្រៅតំបន់អាស៊ាន មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺរហូតទៅដល់ ៩៣ ជើង ក្នុង ១ សប្តាហ៍។
[ចប់អធិប្បាយ]
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី !
កម្ពុជានាពេលបច្ចុប្បន្នមានឧត្តមភាពប្រៀបធៀប និងសក្ដានុពលសំខាន់ៗដូចតទៅ៖ ទី ១. កម្ពុជាមានភាពអំណោយផលនៃដី អាកាសធាតុ ធនធានធម្មជាតិ កេរដំណែលប្រវត្តិសាស្ត្រ ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ កោះ ទន្លេ បឹងបួ និងព្រៃព្រឹក្សា ដែលសក្ដានុពលទាំងអស់នេះកំពុងតែរង់ចាំការវិនិយោគ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ទី ២. ភាពអំណោយផលនៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឱ្យកម្ពុជាស្ថិតនៅលើគន្លង នៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងអត្រាកំណើនជាមធ្យម ៧,៧% ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងទៅ។ ហើយនៅក្នុងឆ្នាំ ២០១៦ នេះ អត្រាកំណើននឹងសម្រេចបានក្នុងរង្វង់ ៧% ខណៈដែលអតិផរណាស្ថិតនៅក្រោមភាព ដែលអាចគ្រប់គ្រងបានក្នុងអត្រាមិនលើសពី ៣%។ ទី ៣. ភាពបើកចំហសេដ្ឋកិច្ចដោយមិនរើសអើងរវាងអ្នកវិនិយោគកម្ពុជា ឬអ្នកវិនិយោគបរទេស។ កម្ពុជាបានបើកចំហគ្រប់វិស័យ រួមទាំងវិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍ ដែលជាទូទៅប្រទេសជាច្រើននៅក្នុងពិភពលោកមិនអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសធ្វើការវិនិយោគ ១០០% ដោយគ្មានការចូលរួមពីសំណាក់អ្នកវិនិយោគជាតិនៅលើវិស័យទាំងនោះឡើយ។ ទី ៤. ភាពសម្បូរបែប និងវ័យក្មេងនៃកម្លាំងពលកម្ម ដោយកម្ពុជាមានកម្លាំងពលកម្មប្រមាណ ២/៣ នៃចំនួនប្រជាជនសរុប ហើយប្រជាជនដែលមានអាយុត្រឹម ៣៥ ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប។ កម្លាំងពលកម្មនេះត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងនៅក្នុងអំឡុងពេល ២-៣ ទសវត្សរ៍ ទៅមុខទៀត។ ទី ៥. កម្ពុជាមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ី ដែលជាតំបន់មានជវភាពជាងគេនៅលើពិភពលោក ហើយកម្ពុជាក៏ស្ថិតនៅតំបន់អាស៊ានដែលតំបន់នេះបាន និងកំពុងក្លាយជារោងចក្រនៅអាស៊ីផងដែរ និង ទី ៦. ទំនិញផលិតនៅកម្ពុជាបានទទួលនូវប្រព្រឹត្តិកម្មអនុគ្រោះ ក្រោមរបប “អ្វីគ្រប់យ៉ាង លើកលែងតែអាវុធ” គឺពន្ធសូន្យ ដោយគ្មានកំណត់បរិមាណពីសហភាពអឺរ៉ុប និងការបង់ពន្ធនាំចូលតាមអត្រាទាបចូលទីផ្សារធំៗដទៃទៀត។ ក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន ទំនិញផលិតនៅកម្ពុជានឹងអាចនាំចូលគ្រប់ទីផ្សារប្រទេសសមាជិកអាស៊ាន ដោយពុំជាប់ពន្ធនាំចូល។
[ចាប់ផ្តើមអធិប្បាយ]
មិនមែនតែប្រជាជនកម្ពុជា និងអាស៊ានទេ ដែលនឹងប្រើប្រាស់ទំនិញដែលផលិតនៅកម្ពុជា
ហើយថ្ងៃនេះ ឯកឧត្តម ណាតាវុធ អគ្គរដ្ឋទូត នៃព្រះរាជាណាចក្រថៃ ក៏បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងការចែករំលែកបទពិសោធន៍គ្នាផងដែរ។ អរគុណនូវការចូលរួមរបស់ឯកឧត្តម ទំនិញយើងដៃគូនៅក្នុងអាស៊ានជាមួយគ្នា នៅពេលទំនិញដែលផលិតនៅកម្ពុជា សូមអស់លោកកុំគិតថា មានតែប្រជាជនកម្ពុជាត្រឹមតែ ១៥ លាននាក់ប្រើប្រាស់ទំនិញទាំងនោះ ប៉ុន្តែ ក៏មានប្រជាជនក្នុងអាស៊ាន ៦០០ លាននាក់ ហើយក៏មានប្រជាជនក្រៅពីតំបន់អាស៊ាន ដូចជាសហភាពអឺរ៉ុបអម្បាញ់មិញ អ្វីៗទាំងអស់(ពន្ធសូន្យ)លើកលែងតែអាវុធ។ នេះជាចំណុចទាក់ទាញនៃការវិនិយោគរបស់កម្ពុជា។
[ចប់អធិប្បាយ]
លើសពីនេះទៅទៀត កម្ពុជាបានឆ្លងកាត់ពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលកត្តានេះឆ្លុះបញ្ចាំងឱ្យឃើញពីវឌ្ឍនភាពមួយចំនួន ដូចជាកំណើននៃសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែកំណើនសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននៅពឹងផ្អែកនៅឡើយលើវិស័យប្រពៃណី ដូចជាវិស័យ កាត់ដេរ ទេសចរណ៍ សំណង់ និងកសិកម្ម។ ប្រការនេះចង្អុលបង្ហាញពីភាពចាំបាច់ និងភាពបន្ទាន់ក្នុងការធ្វើពិពិធកម្មទៅកាន់វិស័យថ្មីៗផ្សេងទៀត។ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក សភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក និងសម្រេចគោលដៅនៃការធ្វើពិពិធកម្ម និងលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ កាលពីខែ មីនា ឆ្នាំ ២០១៥ កន្លងទៅ ដែលគោលនយោបាយនេះមិនត្រឹមតែផ្ដល់នូវយុទ្ធសាស្ត្រកំណើនថ្មី ដែលជាចក្ខុវិស័យ និងផែនការចង្អុលទិសសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស ដែលជាផ្នែកមួយដ៏សំខាន់ និងជាឧបករណ៍គន្លឹះសម្រាប់សម្រេចបានតាមគោលដៅនៃយុទ្ធសាស្ត្រកំណើនថ្មីរបស់យើងទៀតផង។
[ចាប់ផ្តើមអធិប្បាយ]
ធាតុចូលសម្រាប់ការយល់អំពីការវិនិយោគនៅកម្ពុជា និងគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥
បន្ទាប់ពីនេះទៅ ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ហើយក៏ជាអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ហើយជាអ្នកចរចាដ៏សំខាន់របស់កម្ពុជា ដើម្បីកម្ពុជាចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក នឹងធ្វើបទបង្ហាញឧទ្ទេសនាមជូនអ្នកទាំងអស់គ្នានៅទីនេះ ហើយគាត់ក៏ជាអតីតអនុប្រធានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ ដែលអាចផ្តល់ជូននូវធាតុចូលដ៏សំខាន់ សម្រាប់ការយល់អំពីការវិនិយោគនៅកម្ពុជាផង និងដោយឡែកទៅលើ បញ្ហាគោលនយោបាយឧស្សាហកម្ម ២០១៥ និង ២០២៥ ផងដែរ។ សង្ឃឹមថា ឯកឧត្តម ចម ប្រសិទ្ធ នឹងមិនប្រញាប់ប្រញាល់ទៅលើការវាយកូនគោលនោះទេ។ សូមឧទ្ទេសនាមឲ្យបានល្អ។ គាត់គឺជាអ្នកវាយកូនគោលដ៏ល្អម្នាក់ ច្បាស់ជាបន្ទាប់ពីឧទ្ទេសនាមហ្នឹងរួចហើយ គាត់ទៅវាយកូនគោលហើយ។
[ចប់អធិប្បាយ]
គោលនយោបាយខាងលើនេះ ត្រូវបានដាក់ចេញស្របពេល នឹងការអនុវត្តនូវគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន គឺ “ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ ២១” ដែលគោលនយោបាយនៃប្រទេសទាំងពីរនេះមានលក្ខណៈបំពេញគ្នាក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ឧស្សាហកម្ម និងហិរញ្ញវត្ថុជាដើម សម្រាប់កិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះជំរុញការអភិវឌ្ឍរួម ដើម្បីមិត្តភាព សន្តិភាព និងវិបុលភាពរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
ក្នុងបរិការណ៍នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរជាអនេកចំពោះដៃគូទាំងពីរ គឺក្រុមហ៊ុន អិល វ៉ាយ ភី គ្រូប (LYP Group) និងក្រុមហ៊ុន ស៊ី អឹម អាយ ជី (CMIG) ដែលមានគំនិតផ្ដួចផ្ដើមរៀបចំវេទិកានេះ ចំពេលវេលា ហើយប្រធានបទនៃវេទិកាថ្ងៃនេះ “កម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ” គឺពោរពេញដោយអត្ថន័យស្របពេលនឹងការអនុវត្តនូវគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” បានទទួលការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីវិស័យឯកជន និងវិស័យសាធារណៈ ទាំងនៅក្នុងប្រទេសចិន និងក្នុងតំបន់។ ក្នុងន័យនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ហើយមានបំណងក្លាយជាប្រទេសគំរូនៃភាពជោគជ័យ នៃការអនុវត្តគំនិតផ្ដួចផ្ដើមនេះ ដែលបន្តចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀតផងដែរ។
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី !
ជារួម កម្ពុជាជាប្រទេសប្រកបដោយកាលានុវត្តភាព និងសក្ដានុពលលើគ្រប់វិស័យ និងមានបរិស្ថានធុរកិច្ចប្រកបដោយភាពអនុគ្រោះ សម្រាប់ជំរុញឱ្យវិស័យឯកជន អាចចូលរួមដាក់ទុនវិនិយោគបង្កើតមុខជំនួញ និងធុរកិច្ចផ្សេងៗបានយ៉ាងល្អប្រសើរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមយកឱកាសនេះបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនៅតែមានជំហរបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្តចំពោះបណ្តាគម្រោងវិនិយោគមកកម្ពុជា ហើយរាជរដ្ឋាភិបាលនឹងបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ក្នុងគោលដៅបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ការបើកទូលាយការអភិវឌ្ឍវិស័យឧស្សាហកម្មព្រមទាំង ការបង្កើតបាននូវបរិយាកាសវិនិយោគ ឱ្យកាន់តែល្អប្រសើរមានលក្ខណៈទុកចិត្តបានសម្រាប់អ្នកវិនិយោគ និងធុរជន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យអង្គវេទិកាប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយផ្លែផ្កា និងសូមជូនពរចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន និងសូមប្រកាសបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ក្រោមប្រធានបទ “កម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាព “ខ្សែក្រវាត់ មួយផ្លូវមួយ” ចាប់ពីពេលនេះតទៅ៕