សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភា តំបន់ឤស៊ី
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ ប្រធាន សមាជិក សមាជិកាគណៈប្រតិភូសភាតំបន់ឤស៊ី
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើក មហាសន្និបាតលើកទី ៩ នៃសភាតំបន់ឤស៊ី ដែលប្រពឹត្តទៅនៅលើទឹកដីខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី ២ ដែលព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនៃសភាតំបន់ឤស៊ីនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសំដែងនូវការ ស្វាគមន៏ចំពោះសមាជិកសភា នៃបណ្តាប្រទេសជាសមាជិកសភាតំបន់ឤស៊ី ប្រទេសសង្កេតការណ៍ អង្គការដៃគូ និងគណៈប្រតិភូទាំងអស់ ដែលចូលរួមក្នុងព្រឹត្តិការណ៍មហាសន្និបាតជាប្រវត្តិសាស្ត្រនេះ។
ឆ្នាំនេះ មហាសន្និបាតបានលើកយកប្រធានបទស្តីពី «ការជំរុញសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅតំបន់ឤស៊ី» ដែលជាប្រធានបទដ៏សំខាន់មួយសម្រាប់បំផុសស្មារតីយើងឱ្យចេះ រួមគ្នាស្វែងរកសន្តិភាព ស្រឡាញ់សន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសភាពការណ៍វិវត្តរបស់តំបន់ និងពិភពលោក ដែលកំពុងតែញាំញីដោយរងើកភ្លើងនៃជម្លោះ និងសង្គ្រាម ព្រមទាំងការរីករាលដាលនៃអំពើភេរវកម្ម ដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិទាំងមូល។ តាមរយៈប្រធានបទនេះ អនុញ្ញាតឱ្យខ្ញុំបង្ហាញដល់អង្គសន្និបាតអំពីមូលហេតុសំខាន់ ដែលនាំឱ្យកម្ពុជាស្រឡាញ់សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមដោយក្នុងនោះ ខ្ញុំសូមគូសរំលេចឡើងវិញខ្លះៗ អំពីបទពិសោធន៍ជាក់ស្តែងដែលកម្ពុជាបានជួបប្រទះកន្លងមក។
ជារួម កម្ពុជាបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមជាបន្តបន្ទាប់ ដោយរាប់ចាប់ពីក្រោយសង្គ្រាមលោកលើកទី ២ មកដែលបានបង្កនូវការឈឺចាប់ ភាពខ្លោចផ្សាមិនឤចថ្លាថ្លែងបានចំពោះប្រជាជនកម្ពុជាទាំងមូល ហើយនៅបន្សល់ស្លាកស្នាមមិនទាន់រលត់ អស់នៅឡើយមកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងនោះកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមាន៖ ការតស៊ូប្រឆាំងរបបឤណានិគមនិយមដើម្បីឯករាជ្យជាតិ សង្គ្រាមដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរ និងពួកបរទេសឈ្លាន ពានពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ជាពិសេសការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលទទួលបាននូវមហាជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩។ នៅលើមូលដ្ឋាន មហាជ័យជម្នះនេះ កម្ពុជាបានបិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ក្នុងរយៈពេល ៣៧ ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា មករាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំប្រទេស ជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា បាននាំឱ្យប្រជាជាតិចេញផុតពីស្រមោលនៃអតីតកាលដ៏ឈឺចាប់ ហើយការភ័យខ្លាច សោកនាដកម្ម ការបែកបាក់ជាតិ និងការបាត់បង់ ដែលប្រជាជនកម្ពុជាធ្លាប់បានជួបប្រទះកាលពីអតីតកាលត្រូវបានបញ្ចប់។ បច្ចុប្បន្ននេះ យើងកំពុងរស់នៅលើមាតុភូមិរបស់យើង ដែលមានសុខសន្តិភាពពេញលេញ មានខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី ដែលត្រូវបានការពារយ៉ាងគត់មត់ មានការគោរពចំពោះសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋគ្រប់ៗរូប មានការបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយសង្គមជាតិទាំងមូលកំពុងមានវឌ្ឍនភាពលើគ្រប់វិស័យ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់នៅលើមាគ៌ាសុខសន្តិភាព ព្រមជាមួយនោះកិត្តិយស កិត្យានុភាពជាតិ ក៏ត្រូវបានលើកកម្ពស់ឡើងវិញនៅលើឆាកអន្តរជាតិ។
ក្នុងន័យនេះ អតីតកាលកម្ពុជាបានភ្លក់រសជាតិនៃសង្គ្រាម ដែលមានតែការវិនាសញ្រត់ប្រាស់ ការបាត់បង់ជីវិត និងទ្រព្យសម្បត្តិ ការដើរបញ្ច្រាស់គ្នានឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលជាសោកនាដកម្មរបស់ជាតិ។ ដូច្នេះច្បាស់ណាស់ថា ប្រជាជនកម្ពុជាមិនចង់ជួប មិនចង់ឃើញសង្គ្រាមទៀតទេ យើងកំពុងរួមគ្នា ពង្រឹងសុខសន្តិភាព ហើយខ្ញុំក៏ជឿជាក់ថា ប្រជាជាតិផ្សេងទៀតក៏មិនចង់ជួប មិនចង់ឃើញសង្គ្រាមដូចគ្នាដែលប្រការនេះយើងត្រូវរួមគ្នាពង្រឹងសុខសន្តិភាពនៅក្នុងតំបន់ ក៏ដូចនៅក្នុងពិភពលោកទាំងមូល។
ការបញ្ចប់ដោយជោគជ័យ និងដោយសន្តិវិធីនូវសង្គ្រាម និងការបែកបាក់ជាតិ គឺពិតជាសម្រេចបានមកដោយលំបាកបំផុត។ ក៏ប៉ុន្តែការធានានូវចិរភាពនៃសុខសន្តិភាព និងការពង្រឹងវប្បធម៌សន្តិភាពដែលសម្រេចបានមកនេះ គឺជាភារកិច្ចដែលរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត។ ជាមួយនេះកិច្ចការរក្សាសុខសន្តិភាពនេះ រិតតែសំខាន់ខ្លាំងឡើង ខណៈដែលពិភពលោកយើងកំពុងតែជួបប្រទះនឹងបញ្ហាធំៗជាច្រើន ដូចជាបញ្ហាភេរវកម្ម ជំងឺឆ្លង បញ្ហាសន្តិសុខស្បៀង និងថាមពល ការប្រែប្រួលឤកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ដែលសុទ្ធតែឤចបង្កជាបច្ច័យឤក្រក់ដល់ស្ថិរភាព និងសុខសន្តិភាពសម្រាប់ប្រជាជាតិទាំងឡាយ ទាំងក្នុងកម្រិតសកល និងកម្រិតតំបន់។
ក្នុងស្មារតីនេះ ខ្ញុំយល់ថាការធានាឱ្យបាននូវសុខសន្តិភាព ទាំងក្នុងកម្រិតតំបន់ និងនៅពិភពលោក ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនោះ ចាំបាច់ត្រូវមានទំនាក់ទំនងជិតស្និទ្ធ រវាងស្ថាប័នសភាជាមួយនឹងស្ថាប័ននីតិប្រតិបត្តិ រួមទាំងវត្តមាននៃភាពជាដៃគូដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាល នៃបណ្តាប្រទេសនីមួយៗ វិស័យឯកជនដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលទាំងអស់ ដែលពាក់ព័ន្ធ។ ភាពជាដៃគូរួមបញ្ចូលគ្នាទាំងអស់នេះ ត្រូវបង្កើតឡើងក្នុងស្មារតីមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ភាគីនីមួយៗ ហើយត្រូវផ្អែកលើគោលការណ៍ផ្តល់តម្លៃ ទស្សនវិស្ស័យ និងទិសដៅ រួមគ្នា ដែលអនុញ្ញាតឱ្យភាគីទាំងអស់ឤចសិក្សាស្វែងយល់ពីគ្នា ទៅវិញទៅមកឱ្យបានច្បាស់លាស់ រួមសាមគ្គី និងសហប្រតិបត្តិការគ្នា ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលកើតមានក្នុងតំបន់ និងពិភពលោកប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ដែលនឹងធានារក្សាឱ្យបាននូវសុខដុមនីយកម្មសម្រាប់ប្រជាជាតិយើងទាំងអស់គ្នា។
(ចាប់ផ្ដើមការអធិប្បាយ)
ដល់ពេលដែលត្រូវវាយតម្លៃពីបដិវត្តន៍ពណ៌មជ្ឈឹមបូព៌ា
អម្បាញ់មិញ ឯកឧត្តម ប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានលើកឡើងនូវបញ្ហាមួយចំនួនទាក់ទងជាមួយនឹងបញ្ហាដែលលេចឡើងនៅរយៈពេលកន្លងទៅ។ ខ្ញុំចង់យកឱកាសនេះ ដើម្បីនិយាយទៅកាន់លោកអ្នកថា តើដល់ពេលដែលយើងត្រូវវាយតម្លៃពីបដិវត្តន៍ពណ៌ហើយ ឬនៅ? មកដល់ពេលនេះ អ្នកដែលបានផ្ដួចផ្ដើមធ្វើគំនិតពណ៌ ហើយអ្នកដែលធ្លាប់អបអរសាទរនូវបដិវត្តន៍ ពួកគេពួនសម្ងំនៅទីណា? ទីកន្លែងដែលកើតឡើងនូវតំបន់សង្រ្គាមផ្ដួលរំលំតាមកម្លាំងយោធា និងផ្ដួលរំលំតាមរយៈរបស់ដែលហៅថា បដិវត្តន៍ពណ៌ កំពុងតែរង់នូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរនោះ ក្រោមហេតុផលនៃលទ្ធិប្រជាធិបតេយ្យនៃសិទ្ធិមនុស្ស។
ការផ្ដួលរំលំរបប សាដាំ ហ៊ូសេន តើបានផ្ដល់ផលប្រយោជន៍អ្វីខ្លះទៅ សម្រាប់ប្រជាជនអ៊ីរ៉ាក់? ការផ្ដួលរំលំ បេន អាលី នៅទុយនេស៊ី, ការផ្ដួលរំលំ ហ្គាដាហ្វី នៅលីប៊ី, ការផ្ដួលរំលំ ហូស្នី មូបារ៉ាក់ នៅអេហ្ស៊ីប, ការប្រឆាំងនឹងរបបដែលដឹកនាំដោយប្រធានាធិបតី អាសាដ ក៏ដូចជាសង្រ្គាមដែលកំពុងផ្ទុះឡើងនៅយ៉េមែន តើទាំងអស់នេះ អ្នកណាត្រូវទទួលខុសត្រូវ? តើដើម្បីប្ដូរមនុស្សម្នា្កក់ និងប្ដូរបុគ្គលម្នាក់ ឬក៏រដ្ឋាភិបាលមួយ នាំទៅដល់ការស្លាប់មនុស្សរាប់ម៉ឺន រាប់សែន រាប់លាននាក់បែបនេះ ឬទេ? ឥឡូវតើល្មមដល់ពេលដែលយើងត្រូវវាយតម្លៃនូវសភាពការណ៍នេះហើយ ឬនៅ? តើបដិវត្តន៍ វាជាការគួរអោយជាទីស្រឡាញ់ ឬក៏ជាទីគួរអោយស្អប់ខ្ពើម? ហើយតើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គួរកាត់ទោសពួកមេក្លោង ដែលធ្វើអោយប្រជាជនអ៊ីរ៉ាក់ និងប្រជាជននៃបណ្ដាប្រទេសនៃមជ្ឈឹមបូព៌ាយកទៅកាត់ទោស ឬត្រូវពាក់មេដាយជាពានណូប៊ែលអោយពួកអ្នកទាំងនេះ?
ខ្ញុំគិតថា ក្រៅពីការស្លាប់មួយថ្ងៃៗ យ៉ាងច្រើននៅលើទឹកដីអ៊ីរ៉ាក់ ទឹកដីស៊ីរី លីប៊ី និងយ៉េមែនបច្ចុប្បន្ននេះ តើមានមនុស្សប៉ុន្មានដែលកំពុងឆ្លងមហាសាគរ Mediterranean ដើម្បីភៀសខ្លួនទៅកាន់អឺរ៉ុប។ ឥឡូវអឺរ៉ុបកំពុងធ្វើការតឹងតែងជាមួយជនជាតិទាំងនេះទៅទៀត។ តើអឺរ៉ុបគួរត្រូវមានការទទួលខុសត្រូវ ឬយ៉ាងណា? តើអ្នកដែលបានភៀសខ្លួនចេញពីមជ្ឈឹមបូព៌ា ទៅកាន់អឺរ៉ុប នៅពេលដែលអឺរ៉ុបមិនទាន់ផ្ដល់នូវសិទ្ធិជ្រកកោនអោយពួកគេ មានការទទួលខុសត្រូវយ៉ាងណា? តើពួកគេមានមាតុភូមិ? នេះគឺជាចំណុចដែលយើងត្រូវគួរពិភាក្សា ដើម្បីទប់ស្ដាត់នូវទង្វើរបស់ជនទាំងឡាយណា ឬប្រទេសណាក៏ដោយ ដែលបង្កើតឡើងនូវស្ថានភាពទទឹងទិស ស្អប់ខ្ពើមមនុស្សម្នាក់ ឬរដ្ឋាភិបាលមួយ ដែលបាននាំមកនូវការជំនួសដោយការស្លាប់មនុស្សរាប់ម៉ឺន រាប់សែន រាប់លាននាក់។
ដូចជាកម្ពុជាខ្លួនឯងផ្ទាល់តែម្ដង (ដោយសារតែគេ)ស្អប់សម្ដេចព្រះ នរោត្តម សីហនុ បែរជាបង្កើតរដ្ឋប្រហារទំលាក់សម្ដេចព្រះ នរោត្តម សីហនុ បង្កើតឡើងនូវសង្រ្គាមវិនាសកម្ម ស្លាប់មនុស្ស។ ក្នុងដំណាក់កាលឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ត្រូវស្លាប់មនុស្សរាប់សិបម៉ឺននាក់។ ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ អស់ជាង ៣ លាននាក់។ បន្ដសង្រ្គាមពីឆ្នាំ ១៩៧៩ មកបញ្ចប់នៅឆ្នាំ ១៩៩៨។ យើងខ្ញុំស្គាល់រសជាតិនៃសង្រ្គាម យើងត្រូវការទ្វារសន្ដិភាព តែយើងខ្ញុំមិនមែនជ្រុលជាតិនិយម ចង្អៀតចង្អល់គិតគូរខ្លួនឯងនោះទេ។
បញ្ហាយើងជួបជុំថ្ងៃនេះ ក្នុងគ្រួសារនៃសភាតំបន់អាស៊ី យើងគួរមានការទទួលខុសត្រូវក្នុងការលើកបញ្ហាឡើង តើពួកគេបានធ្វើអ្វីខ្លះនៅពេលនេះ? ម៉ោងនេះ ខ្ញុំគិតថា តំបន់មួយចំនួននៅក្នុងប្រទេសអ៊ីរ៉ាក់ ជាពិសេសក្រុងមូស៊ូល និងតំបន់មួយចំនួននៅក្នុងប្រទេសស៊ីរី កំពុងរងការវ៉ៃប្រហារគ្នាយ៉ាងធ្ងន់ធ្ងរ។ ជាមួយនឹងជនភៀសខ្លួនមួយចំនួន ដែលកំពុងតែរត់ភៀសខ្លួនចេញពីលីប៊ី ចេញពីស៊ីរី ចេញពីយ៉េមែន និងចេញពីតំបន់ខ្លះទៀតទៅកាន់អឺរ៉ុប ក្នុងពេលដែលអឺរ៉ុបកំពុងបិទទ្វារ។ ខ្ញុំអំពាវនាវចំពោះប្រទេសអឺរ៉ុប ទទួលយកជនភៀសខ្លួនទាំងនោះអោយមានការស្នាក់នៅសមរម្យ មានការងារធ្វើ ព្រោះនេះជាការទទួលខុសត្រូវរបស់អស់លោកអ្នក ដែលគាំទ្រនយោបាយសហរដ្ឋអាមេរិក លើបញ្ហាបដិវត្តន៍ពណ៌។
គួរត្រូវតែមានសន្និសីទអន្តរជាតិមួយស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្ម
ខ្ញុំគិតថា វាដល់ពេលវេលាដែលយើងត្រូវនិយាយ ហើយខ្ញុំគិតថា យើងគួរតែនិយាយផងដែរថា មូលហេតុអ្វីបានជាភេរវកម្មមិនថយចុះ តាំងពីចលនាតាលីបង់តូចតាចនៅអាហ្វហ្គានីស្ថាន ក្លាយជាក្រុមអាល់កៃដា។ ឥឡូវនេះ ក្លាយទៅជារដ្ឋឥស្លាមទៅហើយ ជា ISIS ឬ IS។ ដូច្នេះ តើភេរវកម្ម វាកើតមកពីអ្វី? យើងគួរតែនិយាយរឿងនេះផងដែរ។ នៅក្នុងពេលប្រជុំអាស៊ាន និងអាមេរិក កាលពីខែកុម្ភៈកន្លងទៅនៅសហរដ្ឋអាមេរិក ខ្ញុំបានលើកនូវក្នុងក្របខណ្ឌនៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រធានាធិបតីអាមេរិកថា យើងគួរត្រូវតែមានសន្និសីទអន្តរជាតិមួយស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្ម ក៏ប៉ុន្តែ សំណួររបស់ខ្ញុំនេះ មិនត្រូវបានអ្នកណាឆ្លើយនោះទេ។ ខ្ញុំត្រូវនិយាយនៅទីនេះ អំពាវនាវអោយមានសន្និសីទអន្តរជាតិស្ដីពីបញ្ហាប្រយុទ្ធប្រឆាំងភេរវកម្ម។ ន័យនេះ ក៏សំដៅផងដែរថា មូលហេតុអ្វីទៅបានជាវាកើតមាននូវអំពើភេរវកម្ម តើមកពីអ្វី? ហេតុអីបានជាប្រទេសមួយចំនួនក្លាយទៅជាគោលដៅ នៃការវាយប្រហារភេរវកម្ម? ហើយគេស្អប់ជនជាតិទាំងនោះ រហូតទៅស្អប់ដល់សម្ព័ន្ធមិត្តអ្នកទាំងនោះទៀតផង។ ខ្ញុំយល់ថា វាដល់ពេលវេលា ដើម្បីការពារសន្ដិភាពបានវាទាល់តែកុំអោយមានអ្នកបំផ្លាញសន្តិភាព។ ដើម្បីរក្សាសន្ដិភាពបាន គឺទាល់តែទប់ស្កាត់កុំអោយមានអ្នកបង្កសង្រ្គាម។ វាជាហេតុផលសមរម្យ កុំបន្ទោសប្រទេសដែលមានសង្រ្គាម ត្រូវបន្ទោសអ្នកលូកដៃបង្កើតសង្រ្គាម និងគាំទ្រសង្រ្គាម។
គ្មានសន្ដិភាព គ្មានការអភិវឌ្ឍ
ខ្ញុំនិយាយនេះ ហាក់ដូចទៅហួសពីចំណុចដែលទាក់ទងជាមួយនឹងអ្វីដែលជាប្រធានបទ ប៉ុន្តែខ្ញុំគិតថា ប្រធានបទនិយាយពីការថែទាំរក្សាសន្ដិភាពនេះ វាគ្រប់គ្រាន់ល្មម ដើម្បីខ្ញុំនិយាយលើបញ្ហានេះផងដែរ ហើយប្រធានបទទាក់ទងនឹងសេដ្ឋកិច្ច ទាក់ទងនឹងការអភិវឌ្ឍ ចំណងទាក់ទងរវាងសន្ដិភាព និងការអភិវឌ្ឍ គឺជាចំណងទាក់ទងវិចារវិទ្យា។ គ្មានសន្ដិភាព ពិតជាមិនអាចអភិវឌ្ឍបានទេ ហើយបើគ្មានការអភិវឌ្ឍក៏មិនអាចរក្សាទុកនូវសន្ដិភាពបានដែរ។ ដូច្នេះប្រធានបទនៃការកាត់បន្ថយភាពក្រីក្រ ក៏ជាមូលហេតុដ៏សំខាន់មួយនៅក្នុងមូលហេតុដែលយើងត្រូវទប់ស្កាត់នូវសង្រ្គាម នាំមកនូវការរក្សាសន្ដិភាព។
យើងមិនអាចទុកអោយជនជាតិណាមួយនៅឯកោនោះទេ។ នៅពេលនេះ ក៏នៅមានជាតិសាសន៍មួយចំនួន រាប់ទាំងជាតិសាសន៍ដែលចេញពីមជ្ឈឹមបូព៌ា ទៅអឺរ៉ុប ស្នាក់នៅមិនទាន់ស្របច្បាប់។ ខ្ញុំបានឮសូរនៅប៉ុន្មានថ្ងៃនេះថា ទួរគីមានបំណងបើកព្រំដែន ដើម្បីអោយជនភៀសខ្លួនចូលទៅកាន់អឺរ៉ុប។ ប្រសិនបើយ៉ាងដូចនោះមែន ខ្ញុំគិតថា វាជាការល្អ ព្រោះវាជាការទទួលខុសត្រូវរបស់ពួកអឺរ៉ុបដែលគាំទ្រនយោបាយអាមេរិក នៅក្នុងការធ្វើបដិវត្តន៍ពណ៌នៅមជ្ឈឹមបូព៌ា។ គួរតែផ្ដល់កន្លែងជ្រកកោនអោយពួកគេ ត្រូវផ្ដល់ការងារអោយពួកគេ ទើបវាជាការសមរម្យ មិនអាចយកគេទៅស្លាប់ក្នុងសមុទ្រ Mediterranean ឬក៏នៅក្នុងជំរុំដូចជារូងកណ្ដុរនោះទេ។
និយាយការពិត ដើម្បីសន្តិភាព សហប្រតិបត្តិការ អភិវឌ្ឍប្រកបដោយនិរន្តភាព
សូមអភ័យចំពោះការនិយាយ ដែលខ្ញុំបានលើកឡើងដោយត្រង់ៗ ហើយមានការបន្តផ្ទាល់ច្រើនប៉ុស្ដិ៍ទូរទស្សន៍របស់កម្ពុជា សង្ឃឹមថា មិត្តភក្ដិជនបរទេសទាំងឡាយដែលមានខ្លួនពាក់ព័ន្ធជាមួយនឹងសង្រ្គាមនៅមជ្ឈឹមបូព៌ាបច្ចុប្បន្ន និងអតីតកាលដ៏ឈឺចាប់របស់កម្ពុជា វៀតណាម និងឡាវនៅទីនេះ ក៏មិនគួរនឹងមានការខ្មាសអៀន នឹងចេញមុខមកទទួលខុសត្រូវលើបញ្ហាទាំងឡាយនោះទេ។ គ្មានភ្លើង វាក៏គ្មានផ្សែងដែរ នេះគឺជារឿងពិត។ សព្វថ្ងៃ យើងអង្គុយបក់ផ្សែងទេ តែយើងមិនទាន់បានពន្លត់ភ្លើង។ អ្នកដែលបង្កសង្រ្គាម គឺសុទ្ធតែជាប្រទេសដែលមានលទ្ធភាពបង្កសង្រ្គាម មិនមែនអ្នកទន់ខ្សោយទេ។ យើងគ្រាន់តែបានស្ដីបន្ទោសទៅលើអ្វីដែលវាជាបញ្ហាបានកើតតែប៉ុណ្ណោះ ប៉ុន្តែមូលហេតុដើមដែលនាំអោយវាកើត? ដូចជាកម្ពុជា មូលហេតុអ្វី(ធ្វើអោយ)មានសង្រ្គាម? អ្នកណាអ្នកធ្វើ? គឺមិនទាន់បាននិយាយដល់គ្រប់គ្រាន់ទេ ហើយទាំងមិនហ៊ាននិយាយទៀតផង។ មានអ្នកខ្លះអត់ហ៊ាននិយាយទេ ដោយសារត្រូវពឹងពាក់គេ តែដើម្បីយុត្តិធម៌ ទោះបីអ្នកណាក៏ដោយ ត្រូវតែហ៊ាននិយាយ ដើម្បីពិភពលោកមួយមានសន្ដិភាព មានបង្រួបបង្រួម និងមានកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
កង្វល់បញ្ហានុយក្លេអ៊ែនៅកូរ៉េខាងជើង, មូលបទឃោសនាបោះឆ្នោតនៅសហរដ្ឋអាមរិក គួរសិក្សា
ខ្ញុំនៅទីនេះ ក៏មានកង្វល់យ៉ាងជ្រាលជ្រៅចំពោះបញ្ហានុយក្លេអ៊ែនៅកូរ៉េខាងជើង។ យើងបានទទួលព័ត៌មានតែពិត ឬមិនពិត(យើងមិនដឹងទេ តែ)ក៏វាមិនច្បាស់នៅត្រង់ថា ប្រធានាធិបតី អ្នកដឹកនាំនៅកូរ៉េខាងជើងថា នឹងបាញ់មីស៊ីល ដើម្បីអបអរសាទរនៅពេលដែលផ្ទេរតំណែង ពេលដែលលោក ដូណាល់ ត្រាំម៍ ឡើងកាន់តំណែង។ ប្រសិនបើមានយ៉ាងដូច្នោះមែន បញ្ហាបាញ់មីស៊ីល វាហាក់ដូចជាការកម្សាន្តមួយ ដុតកាំជ្រួចដើម្បីការសប្បាយ សម្រាប់ពិធីបុណ្យនីមួយៗ។ ដែលនេះ គឺជាការបាញ់មីស៊ីល អបអរសាទរការឡើងកាន់តំណែងថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។
ហើយខ្ញុំក៏គួរតែរំលឹកថា ប្រធានបទឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំនេះ ក៏អាចជាមូលហេតុទាញយកមកធ្វើការសិក្សា ព្រោះនៅពេលនោះ គេយកមកហែកហួរគ្នាពេញទឹកពេញដីអស់ហើយ មូលហេតុសង្រ្គាម ISIS កើតមកពីអ្នកណា? នោះក៏អាចជាផ្នែកមួយដែលយើងទាញយកមកថា នេះជាចំណុចរបស់អ្នកនេះនិយាយ។
គោលនយោបាយប្រធានាធិបតីអាមេរិកថ្មី នឹងស្រុះស្រួលរវាងរុស្ស៊ី ជាមួយនឹងសហរដ្ឋអាមេរិក
ខ្ញុំមិនលូនលាន់ទៅលើកិច្ចការរបស់អាមេរិកនោះទេ អ្នកណាឈ្នះ គឺអ្នកហ្នឹងធ្វើជាប្រធានាធិបតី។ គឺជារឿងធម្មតា។ ពិតមែនហើយ នៅកម្ពុជា ៩៩% ហើយ គឺគេថា ដូណាល់ ត្រាំម៍ ចាញ់។ មានតែ ហ៊ុន សែន មួយទេ ដែលនិយាយថា ដូណាល់ ត្រាំម៍ ឈ្នះ គឺឈ្នះមែន។ ក៏ប៉ុន្តែបញ្ហាអ្នកណាឈ្នះ អ្នកណាចាញ់ គឺជារឿងរបស់ប្រជាជនអាមេរិកតែប៉ុណ្ណោះ។ យើងត្រូវទាក់ទងទាំងអស់។ ខ្ញុំមិនបានបរិហារ វាយប្រហារទៅលើ Hillary Clinton ដូចមនុស្សមួយចំនួននោះទេ ប៉ុន្តែខ្ញុំយល់ថា នោះហើយជាពេលវេលាដ៏ល្អមួយ ដែលធ្វើការស្រុះស្រួលរវាងរុស្ស៊ី ជាមួយនឹងសហរដ្ឋអាមេរិក ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការតានតឹងយ៉ាងខ្លាំង ហើយក៏មានការព្រួយបារម្ភនៅក្នុងតំបន់របស់យើងផងដែរ។
ខ្ញុំមិនបានគាំទ្រថា អ្នកនេះត្រូវឈ្នះ អ្នកនោះត្រូវឈ្នះទេ ក៏ប៉ុន្តែផ្ដើមចេញពីមូលហេតុនៃការវិភាគសភាពការណ៍ស្ដីអំពីទំនាក់ទំនងរវាងប្រទេសធំ ហើយដែលប៉ុន្មានឆ្នាំកន្លងផុតទៅ មហាអំណាចនុយក្លេអ៊ែទាំងពីរ គឺរុស្ស៊ី និងសហរដ្ឋអាមេរិក មានការតានតឹងខ្លាំងណាស់។ ប៉ុន្តែនយោបាយរបស់ ដូណាល់ ត្រាំម៍ តាមអ្វីដែលគាត់សន្យានៅក្នុងពេលបោះឆ្នោត សង្ឃឹមថា ប្រទេសមហាអំណាចនុយក្លេអ៊ែទាំងពីរនេះ នឹងមានការកែសម្រួលទំនាក់ទំនងជាមួយគ្នា។ ហើយខ្ញុំយល់ថា សំឡេងរបស់ខ្ញុំនេះ មិនបង្កើតអោយមានការថ្នាំងថ្នាក់ពីប្រធានាធិបតីដែលជិតចប់អាណត្តិ Barack Obama ឬក៏លោកជំទាវ Hillary Clinton ដែលជាបេក្ខជនចាញ់ឆ្នោតនោះទេ។
(បញ្ចប់ការអធិប្បាយ)
ជាក់ស្តែង ឈរលើមូលដ្ឋាននៃទស្សនាទាននៃភាពជាដៃគូនេះ កម្ពុជាត្រូវបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុង ក្របខណ្ឌតំបន់ និងពិភពលោកក្នុងភាពម្ចាស់ការ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាតែងបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឱ្យឈានឡើង ហើយទទួលបានលទ្ធផលគួរឱ្យកត់ សម្គាល់ ពោលគឺក្នុងអំឡុង ២ ទសវត្សរ៍ចុងក្រោយនេះកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសទាំង ៨ លើពិភពលោកដែលសម្រេចបាន នូវកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងអត្រាខ្ពស់ ដែលមិនធ្លាប់មានពីមុនមកនៅតាមបណ្តាប្រទេសដែលទើបចាកផុតពីសង្គ្រាមស៊ីវិល។ ថ្មីៗនេះកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិកសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសូចនាករសង្គម ហើយក៏ជាប្រទេសមួយ ដែលបានសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់អង្គការសហប្រជាជាតិមុនកាលកំណត់ឆ្នាំ ២០១៥ ព្រមទាំងបានចេញផុតពីក្រុមប្រទេសអភិវឌ្ឍតិចតួចបំផុត ទៅជាប្រទេសកំពុងអភិវឌ្ឍ ដែលមានចំណូលមធ្យមកម្រិតទាបហើយកម្ពុជាសង្ឃឹមថា នឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០។
ដោយឡែក កម្ពុជាក៏មានមោទនភាពដោយតែងតែមានឱកាស និងលទ្ធភាពក្នុងការបញ្ជូនកងទ័ពមួកខៀវចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយគិតចាប់តាំងពីឆ្នាំ ២០០៦ មកកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចូលរួមក្នុងប្រទេសប្រមាណ ៨ រួមមានប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី ឤហ្វ្រិកកណ្តាល កោះស៊ីព្រ ក្នុងនាមជាប្រទេសឯករាជ្យមានអធិបតេយ្យពេញលេញ និងជាសមាជិកអង្គការសហប្រជាជាតិ ដែលខុសប្លែកកាលពីអំឡុងឆ្នាំ ១៩៩១ ដល់ ១៩៩៣ ដោយពេលនោះអង្គការសហប្រជាជាតិ បានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍មកជួយស្វែងរកសន្តិភាពជូនកម្ពុជា។
ដូចក្នុងខ្លឹមសារបានលើកឡើងមកនេះ យើងឤចនិយាយបានថា ការប្រារព្ធមហាសន្និបាតលើកទី ៩ នៃសភាតំបន់ឤស៊ីនាពេលនេះ គឺជាឱកាសមួយដ៏សំខាន់សម្រាប់ក្រើនរំលឹកអំពីភាពចាំបាច់ ដែលមិនខ្វះបាននោះ គឺការពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងកិច្ចសហប្រតិបត្តិការគ្នាជាធ្លុងមួយរវាងបណ្តាប្រជាជាតិនៅក្នុងតំបន់របស់យើងនេះ ដើម្បីធានាថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព ទាំងក្នុងកម្រិតជាតិកម្រិតតំបន់ និងកម្រិតពិភពលោក។ ទន្ទឹមនេះ យើងត្រូវរួមគ្នាលើកកម្ពស់វប្បធម៌អហិង្សា និងវប្បធម៌សន្ទនា ការអត់ធ្មត់ និងការយោគយល់គ្នាជាភាតរៈ ការនិយមកណ្តាល និងការដោះស្រាយទំនាស់ និងបញ្ហាវិវាទផ្សេងៗ ដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិទាំងនៅក្នុងសង្គមជាតិនីមួយៗ និងរវាងប្រជាជាតិយើងនីមួយៗ។
ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ហើយសូមជូនពរឱ្យអ្នកទាំងអស់គ្នាស្នាក់នៅ ប្រកបដោយសេចក្តីរីករាយ មានផាសុខភាព នឹងពាំនាំត្រឡប់ទៅប្រទេសវិញនូវអនុស្សាវរីយ៍ល្អៗ ពីទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា៕