ខ្ញុំព្រះកុរណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អ្នកនាង កញ្ញា!
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមនៅក្នុងការផ្តល់សញ្ញាបត្រ សម្រាប់និស្សិត ៦២៥១ នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស អំពីសំណាក់និស្សិតជាជ័យលាភី និងថ្នាក់ដឹកនំាទំាងអស់ ដែលថ្ងៃនេះជាថ្ងៃសម្រាកទេ បើនិយាយពីយោងតាមប្រតិទិន នៃការឈប់សម្រាកការភ្ជុំបិណ្ឌ ប៉ុន្តែពេលវេលារបស់ខ្ញុំព្រះករុណាខ្ញុំនោះ គឺពិតជាចង្អៀតពេកទៅហើយ ដូច្នេះអត់មានជម្រើសអ្វី ក្រៅតែពីការស្នើសុំថា កំណត់យកថ្ងៃហ្នឹង បើមិនយកទេ មានតែបញ្ជូនយកអ្នកផ្សេងមក។ ជាកុសលល្អដែរ សាកលវិទ្យាធិការ ចាន់ សុខុម ក៏ដូចជាសាស្ត្រាចារ្យ គណៈគ្រប់គ្រង និងនិស្សិតរបស់យើងយល់ព្រមទទួលនូវកម្មវិធីដ៏មមាញឹករបស់ខ្ញុំព្រះករុណាខ្ញុំនេះ។
ដំណើរវិវត្តន៍របស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានកិត្តិយសដោយសារតែច្រើនលើកហើយ ដែលខ្ញុំព្រះកុរណាខ្ញុំ បានចូលរួមនៅក្នុងការប្រគល់សញ្ញាបត្រសម្រាប់និស្សិតនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជានេះ។ ជាមួយនឹងមោទនភាពនេះ ជាមួយនឹងកិត្តិយសនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏មានមោទនភាពជាមួយនឹងការវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានពង្រីកខ្លួនតំាងពីតូចមកកាន់ធំ នេះជាដំណើរវិវត្តន៍មួយនៅក្នុងវិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាជាដំណើរស្របគ្នា ជាមួយនឹងដំណើរឈានឡើង នៃសាកលវិទ្យាល័យឯកទេសរបស់កម្ពុជា ដែលមកដល់ពេលនេះ មានចំនួន ៩ អាគារ ស្មើនឹង ៣៥៦ បន្ទប់ ដែលគ្របដណ្តប់ទៅនឹងខេត្តមួយចំនួន ជាមួយគ្នានេះក៏បានចូលរួមបណ្តុះបណ្តាលជាមួយនិស្សិត ដែលមានចំនួនរហូតទៅដល់ ២៦០០០ នាក់ជាង ដែលបានចេញធ្វើការរួចមកហើយ ដែលមានអត្រារហូតដល់ទៅ ៩៦,៣៩% ជាមួយនឹងនិស្សិតដែលកំពុងសិក្សានៅចំនួន ១០៤៣០ នាក់ថែមទៀត។
ការទទួលសញ្ញាបត្រថ្ងៃនេះ គឺពិតជារួមចំណែកច្រើនក្នុងការអភិវឌ្ឍគ្រប់វិស័យ
អរគុណជាមួយនឹងការយកចិត្តទុកដាក់ជាមួយនឹងវិធានការណ៍ដ៏ម៉ត់ចត់ នៅក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រង ក៏ដូចជាបង្កើនគុណភាពនៃការអប់រំសម្រាប់ឧត្តមសិក្សាមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះជ័យលាភីទំាងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយសង្ឃឹមថា ធនធានមនុស្សដែលយើងខិតខំរួមគ្នាបណ្តុះបណ្តាលឡើង និងទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺពិតជានឹងរួមចំណែក ដើម្បីធ្វើអោយកម្ពុជាមានវឌ្ឍនភាពកាន់តែច្រើន ទៅលើការអភិឌ្ឍគ្រប់វិស័យ ក្នុងនោះ ខិតខំធ្វើយ៉ាងណាសម្រេចនៅកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នំា អត្រាភាពក្រីក្រទំលាក់អោយជាង ១% ក្នុងមួយឆ្នំា ក្នុងបរិបទនៃអតិផរណាទាប។ សង្ឃឹមថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ នឹងមិនបោះបង់ចោលនៅការបន្តការស្រាវជ្រាវ ការសិក្សានោះទេ បើថាទោះបីថ្ងៃនេះ យើងមានបរិញ្ញាបត្ររង មានបរិញ្ញាបត្រផង មានបរិញ្ញាបត្រជាន់ខ្ពស់ផង និងមានថ្នាក់បណ្ឌិតផង។ ខ្ញុំព្រះកុរណាខ្ញុំ តែងតែលើក ជាហូរហែមកហើយ អំពីការព្យាយាមបន្តការស្រាវជ្រាវ ការស្វែងយល់ និងបន្តការរៀនសូត្រតាមលទ្ធភាពដែលអាចធ្វើទៅបាន ឬក៏ត្រូវតែធ្វើតែម្តង ព្រោះថាសភាពការណ៍វិវត្តពីមួយថ្ងៃទៅមួយថ្ងៃវិវត្តលឿនណាស់ ទាមទារអោយយើងតាមដានអោយបានម៉ត់ចត់ បើតាមដានមិនបានម៉ត់ចត់ទេ សភាពការណ៍វានឹងដើរចោលយើង ធ្វើអោយយើងនឹងក្លាយទៅជាមនុស្សដែលអភិរក្សនិយម ហើយដែលអាចក្លាយទៅជាគ្រោះថ្នាក់សម្រាប់ខ្លួនយើងផ្ទាល់តែម្តង។
ដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន
ខ្ញុំព្រះករុណាខ្ញុំ មានការសង្ឃឹមយ៉ាងមុតមំា ទៅលើកការរួមចំណែកទំាងអស់របស់សង្គមទំាងមូល របស់ប្រជាជាតិរបស់យើង ដើម្បីជម្រុញការអភិវឌ្ឍធនធានមនុស្ស ដែលយើងបានប្រឹងប្រែងក្នុងរយៈពេល ៣៧ ឆ្នំា កន្លងផុតទៅ។ ចុះទៅតាមមូលដ្ឋានមួយចំនួន បាននិយាយទៅកាន់គ្រូៗ ដែលបៀវត្សមកដល់ពេលនេះ ទំាងអត្ថប្រយោជន៍ ទំាងស្អី គឺភាគច្រើនបានលើស ១ លានទៅហើយ ហើយឆ្នំាក្រោយបានលើស ១ លាន។ ដែលថាប្រាក់ខែគោលនៅឆ្នំាក្រោយនេះ គឺគេហៅថា ប្រាក់ខែអប្បបរមាសម្រាប់គ្រូបង្រៀននៅឆ្នំាក្រោយនេះ នឹងឡើងទៅដល់ជាង ៩០០ ០០០ រៀល ដោយមិនទាន់បូកអត្ថប្រយោជន៍ផ្សេងទៀត។ ឆ្នំានេះ ប្រាក់ខែគ្រូបង្រៀនមានត្រឹម ៨០៥ ០០០ រៀល នៅខែមករា គ្រោងនឹងឡើង ៨៥៣ ៥០០ រៀល ដល់ទៅខែមេសា នឹងឡើងទៅដល់ ៩៥៣ ៥០០ រៀល។ នៅជនបទ នឹងមានការរៀបចំអោយមានប្រាក់តំបន់ ដែលមានពី ៨ ម៉ឺន ដល់ ១០ ម៉ឺន និងដល់ ១២ ម៉ឺន។ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននិយាយទៅកាន់លោកគ្រូអ្នកគ្រូទំាងនោះថា ក្មួយៗ ឬប្អូនៗដែលចេញបង្រៀននេះ គឺកុំភ្លេច នៅពេលដែលគ្រូយើងបង្រៀនយើងនោះ ពេលហ្នឹងបង្រៀនដូរអង្ករ ក្រោយមកបង្រៀនដូរទំនិញ ៩ មុខ … អង្កាល់ហ្នឹង (យើង)ផ្គត់ផ្គង់គ្រូបង្រៀន និងមន្រ្តីរាជការ តាមរយៈទំនិញ ៩ មុខនេះ ធ្វើឲ្យគ្រូយើងរស់បាន។
កំណែទម្រង់វិស័យអប់រំ បម្រើការអភិវឌ្ឍរយៈពេលវែង
ប៉ុន្តែ ឥឡូវនេះក៏សុំប្រគេន និងជម្រាបដែរថា ស្ថានការសេដ្ឋកិច្ចវាមិនល្អទេ ហើយវាក៏មានផលប៉ះពាល់មកលើយើងដែរ។ សូម្បីតែទីផ្សារស្រូវ និងទីផ្សារកសិផលវាក៏មានផលប៉ះពាល់មកដល់យើង។ ប៉ុន្តែ អត្រាកំណើនរបស់យើង ៧ ភាគរយ គឺមិនលំបាករកទេ ជាពិសេសឆ្នាំនេះ យើងអាចឈានទៅសម្រេច ៧ ភាគរយ។ មិនលំបាក។ យ៉ាងណាក៏ដោយ យើងត្រូវតែប្រឹងទាំងអស់គ្នា ហើយសង្ឃឹមថា ធនធានមនុស្ស ដែលយើងបានខិតខំបណ្តុះបណ្តាល តាំងពីគ្រាដំបូង តាំងពីលំបាក (ដែលពេលនោះ)នៅសល់គ្រូបង្រៀនតិចតួច ចាប់ផ្តើមធ្វើវិក្រឹត្យការគ្រូបង្រៀនថ្នាក់ទី ៦ ទៅបង្រៀនថ្នាក់ទី ៤។ ឥឡូវ យើងត្រូវរៀបចំស្តង់ដាមួយផ្សេងហើយ។ គរុកោសល្យនៅតាមខេត្ត គឺមិនបន្ត ៩ បូក ២ ទៀតទេ គឺយើងមាន ១២ បូក ២ ហើយនៅពេលខាងមុខនឹងមាន ១២ បូក ៤ ឯណោះ ដើម្បីក្លាយទៅជាគ្រូបង្រៀនបាន។
គ្រូមួយចំនួនធ្លាប់ទទួលសញ្ញាបត្រពីខ្ញុំព្រះករុណាខ្ញុំចំនួន ២ ដង មួយគឺទទួលនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯមួយទៀត គឺទទួលសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ ដែលហៅថាបរិញ្ញាបូកមួយ។ ចំណុចនេះ យើងត្រូវមើលឃើញថា ប្រៀបធៀបពីកាំជណ្តើរទី ១ ទៅកាំជណ្តើរដទៃទៀតដែលឡើងកាន់តែខ្ពស់ទៅៗ យើងបានខិតខំរួមគ្នាធ្វើឲ្យមានវឌ្ឍនភាពនេះឡើង។ ជាមួយគ្នានេះ កំណែទម្រង់នៅក្នុងវិស័យអប់រំ កាន់តែស៊ីជម្រៅ កាន់តែបង្កើនឲ្យមនុស្សយកចិត្តទុកដាក់ទៅលើការសិក្សា។ វិធានការណ៍ជាច្រើន ដែលក្រសួងយុវជន អប់រំ និង កីឡា បានប្រកាន់យក គឺជាជំហានដែលនាំឆ្ពោះទៅរកវិស័យអប់រំមួយកាន់តែប្រសើរ កាន់តែមានគុណភាព ហើយគឺវានឹងបម្រើទៅឲ្យផលប្រយោជន៍ នៃការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។ ការដាំដើមឈើ យើងអាចដាំបាន ក្នុងរង្វង់ ៥, ៦ ឬ ៧, ៨ ឆ្នាំ យើងទទួលនូវផ្លែផ្កា ក៏ប៉ុន្តែ ការដាំមនុស្សបើប្រើពេលសម្រាប់បរិញ្ញា គឺត្រូវប្រើពេល ១៦ ឆ្នាំ ទើបមានបរិញ្ញាថ្ងៃនេះ។ បរិញ្ញាបត្ររងត្រូវប្រើ ១៤ ឆ្នាំ បរិញ្ញាជាន់ខ្ពស់ត្រូវប្រើដល់ ១៨ ឆ្នាំ ថ្នាក់បណ្ឌិតត្រូវប្រើទៅដល់ ២០ ឆ្នាំ ទើបអាចយកមកធ្វើការងារបាន តែមិនប្រាកដទេណា បណ្ឌិតខ្លះ ក៏មិនប្រាកដថាធ្វើការកើតទេ។ មានសញ្ញាបត្របណ្ឌិត ប៉ុន្តែ មានចំណុចខុសគ្នាត្រង់ណេះ ត្រង់ថាបណ្ឌិតខ្លះ ចំណេះដឹងរបស់គាត់ពេញខ្លួន ប៉ុន្តែបើឲ្យគាត់ទៅពន្យល់គេ ពន្យល់មិនកើត ប៉ុន្តែ បើឲ្យគាត់សរសេរឲ្យយើងវិញ អាហ្នឹងគាត់ពូកែ។ មនុស្សវាមិនដូចគ្នាទេ។
អបអរសាទរអ្នកទទួលជ័យលាភី និងវឌ្ឍនភាពលើវិស័យអប់រំ
យ៉ាងណាក៏ដោយ (យើង)មានគោលដៅរួមគ្នា គឺការកសាងប្រទេសរបស់យើង។ នេះជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងសាជាថ្មីម្តងទៀត អបអរសាទរជាមួយនឹងជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រថ្ងៃនេះ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ហើយក៏សូមចូលរួមអបអរសាទរជាមួយនឹងមាតា បិតា និងអាណាព្យាបាល សិស្សានុសិស្សទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយនឹងកូនចៅ ប្តី បងប្រុសបងស្រី ឪពុកម្តាយ ដើម្បីមកទទួលនូវការសិក្សានៅទីនេះ ហើយក្លាយទៅជាបញ្ញាវ័ន្តសម្រាប់ប្រទេសជាតិរបស់យើង អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីថ្លែងជូន។ ទន្ទឹមនឹងការអបអរសាទរនូវវឌ្ឍនភាពលើវិស័យអប់រំ និងសាកលវិទ្យាល័យឯកទេសកម្ពុជា ក៏ដូចជាជ័យលាភីដែលទទួលសញ្ញាបត្រ ថ្ងៃនេះ ហើយអរគុណជាមួយនឹងអាហារូបករណ៍ ដែលសាកលវិទ្យាល័យបានផ្តល់ឲ្យខ្ញុំព្រះករុណាខ្ញុំ និងមាននិស្សិតមួយចំនួនរៀនដោយអាហារូបករណ៍របស់ខ្ញុំព្រះករុណាខ្ញុំ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំយកឱកាសនេះថ្លែងជូនទៅលើបញ្ហាមួយចំនួនបន្ទាប់ពីភ្ជុំបិណ្ឌ។
ពិតហើយដំបូងព្រះករុណាខ្ញុំ សូមនិយាយទៅកាន់ខេត្តទាំងឡាយ ដែលខ្ញុំព្រះករុណាខ្ញុំ មិនទាន់ទៅដល់ ២៥ ខេត្ត និងរាជធានី គឺបានធ្វើដំណើររទៅកាន់ ២០ ខេត្ត រួចទៅហើយ។ នៅសល់ខេត្តមួយចំនួនទៀត ដែលនឹងត្រូវចុះនៅពេលខាងមុខ។ ប៉ុន្តែ សុំមេត្តាយោគយល់ ដោយសារតែរយៈពេលជាប់ៗគ្នាខាងមុខនេះ នឹងមានភ្ញៀវមកប្រទេសរបស់យើង ហើយខ្ញុំព្រះករុណាខ្ញុំ ក៏ត្រូវចេញទៅប្រជុំនៅក្រៅប្រទេសផងដែរ ដូច្នេះ រង់ចាំបន្តិចក៏មិនទាន់អីដែរ។ សម្រាប់អ្នកភ្នំពេញ គឺអត់ចាំបាច់ចុះទេ ហៅមកនិយាយគ្នា មកជជែកគ្នានៅនឹងកោះពេជ្រហ្នឹងតែម្តង។ ឯកឧត្តម ប៉ា សុជាតិវង្ស ចាំជ្រើសរើសពេលវេលាមួយ។ ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង ក៏មិននៅឆ្ងាយពីនេះដែរ។ ខ្ញុំនឹងទៅកាន់ប៉ៃលិន និងបន្ទាយមានជ័យឯណោះទៅវិញមួយសាទៀត។ នៅជំពាក់ខេត្តកោះកុងមួយទៀត …។
នយោបាយឈ្នះ-ឈ្នះនាំមកនូវសន្តិភាព
ម្យ៉ាងដែរ បានធ្វើដំណើរ ព្រះតេជព្រះគុណហើយ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរចេះតែស្រមៃក្នុងចិត្តថា ឱ!ប្រទេសរបស់ខ្ញុំអើយ បើសិនកុំបញ្ចប់សង្គ្រាម តើយ៉ាងម៉េចទៅ? ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរសរុបនៃផ្លូវ ធ្វើដំណើរ ២ លើកចុងក្រោយ។ លើកមួយនោះ គឺជាង ១ ០០០ គីឡូម៉ែត្រ លើកចុងក្រោយ ៥២០ គីឡូម៉ែត្រនៃការធ្វើដំណើរ ប៉ុន្តែនៅប៉ុន្មានលើកមុនទៀត។ អញ្ចឹងសរុបទៅ មានកន្លែងខ្លះយើងធ្វើដំណើរលើផ្លូវហ្នឹងដដែលទេ ក៏ប៉ុន្តែចម្ងាយផ្លូវវាឆ្ងាយ។ ប្រមាណជា ២/៣ នៃការធ្វើដំណើររបស់ខ្ញុំព្រះករុណាខ្ញុំ គឺនៅលើអតីតផ្លូវសមរភូមិ នេះតែម្តង ដូចជាការធ្វើដំណើរពីខេត្តព្រះវិហារ ត្រឡប់វិលមកដល់ឧត្តរមានជ័យ កន្លែងហ្នឹងសុទ្ធតែកន្លែងវ៉ៃគ្នា។ ធ្វើដំណើរឡើងទៅពីរតនគីរី មណ្ឌលគីរី ចុះមកស្ទឹងត្រែង ហើយមានមួយចំនួនអាចរង់ចាំនៅខាងឆ្លូង ខាងក្រចេះ ក៏ប៉ុន្តែបកតាមផ្លូវជាតិលេខ ៩ ឡើងដល់ទៅព្រះវិហារវិញ ទៅដល់ស្រុកឆែប ស្រុករវៀង។ ខ្ញុំព្រះករុណាខ្ញុំ ចេះតែគិតក្នុងចិត្តថា បើសិនជាកុំអនុវត្តនយោបាយឈ្នះ-ឈ្នះ តើតំបន់ទាំងនេះទៅជាតំបន់ស្អីពិតប្រាកដ ព្រោះតំបន់ស្រុករវៀង និងស្រុកឆែបនេះ អតីតកងពលទី ៥ របស់អតីតរដ្ឋកម្ពុជាឈរជើងតាមផ្លូវ ៦២ ក្នុងចន្លោះរវាងព្រះវិហារ និងកំពង់ធំ។ ពេលដែលអ៊ុនតាក់ ចូលមក ខ្មែរក្រ ហមកាប់ឈើដាក់ពេញផ្លូវ អត់ឲ្យអ៊ុនតាក់ចូលទេ។
ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរអត់ទៅតាមផ្លូវ ៦២ ទេ បកចុះមករវៀង តាមផ្លូវមួយខ្សែផ្សេងទៀត មិនទៅផ្លូវ ៦២។ សំលឹងមើលទៅលើផ្នែកមួយនៃតំបន់ការពារ បឹងពេរ ហើយក៏ជាផ្នែកមួយនៃព្រៃឡង់ ចេះតែស្រមៃថា បើសិនជាមិនមែននយោបាយឈ្នះ-ឈ្នះទេ មិនពន្លត់សង្គ្រាមទេ តើតំបន់ទាំងនេះទៅជាអ្វី? ម្យ៉ាងទៀតក៏មានការរីករាយដែរ ដែលធ្វើដំណើរឆ្លងកាត់តំបន់នោះតាមផ្លូវកៅស៊ូខ្លះ កន្លែងខ្លះក៏មិនទាន់ចាក់កៅស៊ូនៅឡើយទេ ឃើញថា ស្លឹកទ្រាំងនៅសល់ច្រើនណាស់ ដែលក្នុងប៉ុន្មានឆ្នាំមុន ស្លឹកទ្រាំង និងស្លឹកត្នោតកាប់ខ្ទេច។ កាលពីប៉ុន្មានឆ្នាំមុននោះ តំបន់របស់យើង ទាំងកំពង់ស្ពឺ ទាំងកំពង់ឆ្នាំង ទាំងតាកែវ ទាំងស្អីហ្នឹង ខាងក្រោមហ្នឹង ស្លឹកត្នោតដុះមិនទាន់ទេ កាប់ខ្ទេច ស្លឹកទ្រាំងកាប់ខ្ទេច តែឥឡូវក្នុងពេលដែលជិះឡានតាមតំបន់មួយចំនួន ស្លឹកទ្រាំងនៅ ស្លឹកត្នោតនៅ។ បញ្ហាវានៅត្រង់នេះ ប្រជាពលរដ្ឋគាត់លែងត្រូវការស្លឹកត្នោត និងស្លឹកទ្រាំងដើម្បីប្រក់ផ្ទះទៀតហើយ។ គាត់មានក្បឿង គាត់មានស៊ីម៉ង់ គាត់មានស័ង្កសី ដើម្បីប្រក់ផ្ទះ។ ចំណុចនេះ អាចពន្យល់បានថាហេតុអីបានស្លឹកទ្រាំងនៅសល់ច្រើនម្ល៉េះ? អញ្ចឹង ប្រជាពលរដ្ឋយើងទទួលបានផលប្រយោជន៍នៃសន្តិភាព ដែលយើងទាំងអស់គ្នាប្រឹងប្រែង។
មិនមែនតែទីក្រុងទេ ជនបទក៏មានការរីកចម្រើនខ្លាំងលើវិស័យអប់រំដែរ/អំពាវនាវទី ១ ទៅចុះឈ្មោះបោះឆ្នោត
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយខ្លាំងណាស់ នៅពេលដែលឃើញថា ទាំងគ្រូ ទាំងសិស្ស ទាំងមាតាបិតា នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ជួបសំណូមពរធំជាងគេរបស់ពួកគាត់ មិនមែនសុំលុយទៅបង្ហើយផ្ទះបាយទេ គឺសុំសាលារៀនតែម្តង។ ដូច្នេះហើយបានជាយើងឃើញថា មិនមែនគ្រាន់តែទីក្រុងទេ ជនបទកំពុងរីកចម្រើនខ្លាំង ហើយដែលខ្ញុំព្រះករុណាខ្ញុំ គិតថា គួរឲ្យមោទនភាពបំផុត មានវិទ្យាល័យ ២ ដែលខ្ញុំព្រះករុណាខ្ញុំ ចូលផ្ទាល់ ទី ១ វិទ្យាល័យមួយនៅរតនគីរី ស្រុកកូនមុំ សិស្សប្រឡងបាក់ឌុក ទោះបីមិនជាប់និទ្ទេស A ក៏ដោយ ប៉ុន្តែសិស្សជាប់ ១០០% ឆ្នាំទៅជាប់ ៩៨% ឆ្នាំនេះជាប់ ១០០% ទៅប្រឡង ២២ នាក់ ជាប់ ២២ នាក់។ នេះជារឿងមួយដែលគួរឲ្យសប្បាយចិត្ត ដល់ចុះមកដល់ស្រុករវៀង វិទ្យាល័យនៅស្រុករវៀង សិស្សជាប់ដល់ទៅ ៧៨% ប៉ុន្តែបើនិយាយនៅទូទាំងប្រទេស សិស្សជាប់បាក់ឌុបមណ្ឌលគិរីច្រើន ជាងគេទាំងអស់ ៨០,៨០% នៃចំនួនអ្នកជាប់បាក់ឌុប។ ប៉ុន្តែសាលានៅក្បែរទីក្រុងភ្នំពេញ នៅខេត្តកណ្តាល មានសាលាខ្លះបាន ៤៤% ទេ។ អញ្ចឹងត្រូវប្រយ័ត្នមែនទែន ប្រយ័ត្នក្មេងនៅជនបទអត់សូវលេងហ្គេម អត់មានអីនឹងគេ គិតតែពីប្រឹងរៀន ដូច្នេះទៅជាអ្នកខ្លាំងមួយដែរ។ ឥឡូវខ្ញុំព្រះករុណាខ្ញុំ បន្ទាប់ពីការភ្ជុំហើយ នៅតែបន្តអំពាវនាវ ទី ១ សូមប្រជាពលរដ្ឋរបស់យើងដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិងកំពុងអំពាវនាវជម្រុញការចុះឈ្មោះបោះឆ្នោត ដែលរហូតមកដល់ពេលនេះ គឺមានប្រមាណស្ទើរតែជិត ៤ លាន នាក់ ទៅហើយ។ សូមបន្តអំពាវនាវឲ្យប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត។ នេះជាការអំពាវនាវទី ១។
អំពាវនាវទី ២ សូមជួយទិញអង្ករកសិកររបស់យើង
ការអំពាវនាវទី ២ របស់ខ្ញុំព្រះករុណាខ្ញុំ គឺដំណោះស្រាយលើបញ្ហាស្រូវខុសរដូវ គឺវាបាត់ទីផ្សារស្រូវនៅក្នុងស្រុករបស់យើងនៅ ៣ ខេត្ត រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិសាត់ ដែលសូមឲ្យប្រជាពលរដ្ឋរបស់យើងបន្តជួយទិញស្រូវពីកសិករ ដែលគាត់បានធ្វើការច្រូតកាត់រយៈពេលកន្លងទៅនេះ ហើយខ្វះទីផ្សារ។ មិនដឹងយ៉ាងម៉េច នាំគ្នាធ្វើៗ ដល់ធ្វើទៅវាបានផលច្រើនឆ្នាំនេះ ព្រោះដីវាឆ្អិន ដីវាក្តៅណាស់ឆ្នាំនេះ ដល់ភ្លៀងធ្លាក់មក មានអីនាំគ្នាធ្វើ(ស្រូវ)សែនក្រអូបហ្នឹងទាំងអស់គ្នា។ ដល់សែនក្រអូបៗ លើសតម្រូវការហ្នឹងទៀត ហើយនាំចេញក៏មិនរួច នាំទៅណា? បើថៃគាត់សល់ដែរហ្នឹង សល់ច្រើនណាស់ ត្រូវបញ្ចេញ។ ការនាំចេញរបស់វៀតណាមធ្លាក់ចុះ ២៣% យើងធ្លាក់ចុះប៉ុន្មានភាគរយដែរ។ ប្រទេសនានា គេមានលទ្ធភាពផ្គត់ផ្គង់ខ្លួនគេគ្រប់គ្រាន់ដែរ ដូចជាជប៉ុនមិនខ្វះអង្ករទេ ពិតមែនតែជាប្រទេសឧស្សាហកម្ម តិចថាជប៉ុនខ្វះអង្ករ។ ជប៉ុននាំម្ហូបអាហារចេញទៅវិញទេ។ ទីចុងបំផុត កុំមើលស្រាលថា ជប៉ុននាំតែគ្រឿងអេឡិចត្រូនិច ឡាន ម៉ូតូ កុំព្យូទ័រ ឬក៏ម៉ាស៊ីនថត មិនមែនអញ្ចឹងទេ។ ជប៉ុននាំម្ហូបមកយើងស៊ីរាល់ថ្ងៃនេះ តែមិនស្រួលល្ងាចហ្នឹង ទៅដាក់ហើយ ត្រីឆៅ ជប៉ុននាំម្ហូបអាហារចេញ នាំមកស៊ីដល់ស្រុកយើង។ ប្រទេសជាច្រើនសុទ្ធតែប្រទេសនាំម្ហូបអាហារចេញ សូម្បីតែបារាំងនាំចេញ ហ្រ្វូម៉ាស់ (Fromage) ហ្វ័រហ្ក្រារ (foie gras) ប៊ឺរ (Beurre) ត្រីខ ស្រាក្រហម ស្រាស … សុទ្ធតែប្រភេទស្បៀង តែគេធ្វើផលិតហើយ គេនាំចេញ។ សូម្បីតែនំស្អីៗហ្នឹង ក៏ជប៉ុននាំចេញ។ ឥឡូវហ្នឹង ខ្ញុំព្រះករុណាខ្ញុំទៅជាញ៉ាមការ៉េមជប៉ុន ឲ្យតែម៉ោង ១១ យប់ ដាក់ ២ ដើម ដាក់ក្នុងទូរទឹកកក។ ពីដើម ឃើញចៅហូប សុំចៅសាក។ ឥឡូវយប់ៗ ដាក់ ២ ដើម រួចហើយ បានសំរាក បើមិនបានដាក់ដូចមិនកើត។
នយោបាយផលិតស្រូវ និងនាំចេញអង្ករ សម្រេចបានតែមួយ
អញ្ចឹង សូមបន្តប្រជាពលរដ្ឋជួយដល់ប្រជាពលរដ្ឋ តាមរយៈការជួយប្រមូលទិញស្រូវរបស់ពួកគាត់។ រោងម៉ាស៊ីនកិនស្រូវក៏ចេះតែទិញទៅ តាមរយៈការបង្ហូរទុនរបស់រដ្ឋ។ ប៉ុន្តែ រោងម៉ាស៊ីនកិនស្រូវខ្លះមិនត្រូវការទុនរបស់រដ្ឋទេ ក៏ត្រូវការទិញក្នុងតម្លៃដែលមិនតិចជាង ៨០០ រៀល បានសេចក្តីថា ពី ៨៤០ រៀល ឡើងទៅ តែសម្រាប់តែអ្នកដែលដឹកមកដល់រោងម៉ាស៊ីនកិនស្រូវ ទើបបាន ៨៤០ រៀល ហាលស្ងួត។ ឥឡូវឃើញគាត់ហាលហើយ ទូរទស្សន៍បញ្ចាំង។ សុំបន្តជួយដល់កសិកររបស់យើង។ ក្នុងពេលដែលវិបត្តិវាលំបាក គឺពីដើមជាប្រទេសដែលនាំចូលស្រូវអង្ករពីខាងក្រៅ តាមរយៈជំនួយបរទេសមកផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែ នៅពេលដែលយើងដាក់ចេញនូវនយោបាយផលិតស្រូវ និងការនាំចេញអង្ករឲ្យបាន ១ លានតោន នៅឆ្នាំ ២០១៥ គោលដៅដែលយើងដាក់ចេញទាំង ២ នេះ គឺសម្រេចបានតែមួយទេ។ នោះគឺយើងធ្វើឲ្យមានអតិរេកស្រូវ ឆ្នាំ ២០១៥ កន្លងទៅ ២០១៦ នេះ ៤ លាន ៨ សែន តោន ដែលមុននោះ យើងមានសល់ដល់ទៅ ៥ លានតោនផង តែដោយសារយើងមានបញ្ហាធាតុអាកាសប្រែប្រួល គឺស្រូវរបស់យើងមានការធ្លាក់ចុះ។
តែយ៉ាងណាក៏ដោយ យើងមានអតិរេកស្រូវដល់ទៅ ៤ លាន ៨ សែន តោន ឯការនាំចេញ យើងមិនសម្រេចគោលដៅនោះទេ។ យើងត្រូវការខិតខំថែមទៀត ជាមួយនឹងការធ្វើឡសម្ងួត ការធ្វើឃ្លាំង និងប្រាក់បង្វិលសម្រាប់ការទិញ ព្រោះមិនមែនចេះតែស្រូវអីក៏ចេះតែនាំចេញបាននោះទេ។ ឥឡូវមានការប្រកួតប្រជែង ហើយអណ្តាតរបស់មនុស្ស គឺពិបាកណាស់។ ទៅមជ្ឈិមបូព៌ា អង្កររបស់យើងពិបាកនឹងជ្រៀតចូលមជ្ឈិមបូព៌ា ដោយសារតែអង្កររបស់ឥណ្ឌា គឺជាអង្ករដែលត្រូវទៅនឹងទម្លាប់នៃការទទួលទានរបស់អ្នកនៅមជ្ឈិមបូព៌ា។ អង្ករល្អរបស់យើង បែរជាត្រូវមាត់របស់ពួកអឺរ៉ុបទៅវិញ។ ប្រទេសប៉ូឡូញ គឺជាប្រទេសទីមួយដែលទិញអង្កររបស់កម្ពុជាច្រើនជាងគេ ប្រទេសបារាំងជាប្រទេសទីពីរ ដែលយើងនាំអង្ករល្អរបស់យើងចេញទៅអឺរ៉ុប (ហើយ)ទៅជាអឺរ៉ុបទទួលទានអង្ករកម្ពុជា។
សូមថែទាំ និងរក្សាទឹក/មិនមានជំនន់ទឹកទន្លេទេ មានតែជំនន់ទឹកភ្លៀង
ចំណុចទី ៣ ដែលខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវនៅត្រង់ថា សូមប្រជាពលរដ្ឋរបស់យើងមេត្តាថែទាំទឹក។ សូមជូនជាព័ត៌មានទៅលើបញ្ហាពាក់ព័ន្ធជាមួយនឹងរឿងទឹក។ យើងអាចនិយាយបានថា រឿងគ្រោះទឹកជំនន់នឹងមិនមានទេ បើសិនជាមាន គឺមានត្រឹមតែជំនន់ទឹកភ្លៀងនៅតំបន់ខ្លះតែប៉ុណ្ណោះ។ ជំនន់មេគង្គ អាចថា ចប់ហើយ។ ការព្យាករណ៍កាលពីដើមរដូវថា ទឹកនៅទីក្រុងភ្នំពេញបាន ៩,៣០ ម៉ែត្រ ប៉ុន្តែគិតកម្ពស់ទឹកដែលវាឡើងដល់កម្រិតអតិបរមារបស់វានៅថ្ងៃទី ២២ ខែកញ្ញា ទឹកបានតែ ៨,១៣ ម៉ែត្រតែប៉ុណ្ណោះ។ ដូច្នេះ ស្ថានភាពនេះ តម្រូវអោយក្រសួងធនធានទឹក និងឧតុនិយម បានអន្តរាគមន៍ពីរអាទិត្យរួចមកហើយ ធ្វើការបូមទឹកមួយចំនួន ដើម្បីបំពេញអាងនៅតាមដងទន្លេមេគង្គ ដងទន្លេបាសាក់ និងដងទន្លេសាបរបស់យើងនេះ។ ដើម្បីតម្រូវការធ្វើស្រែប្រាំង ធ្វើស្រែប្រដេញទឹករបស់ប្រជាពលរដ្ឋរបស់យើង យើងត្រូវមានអន្តរាគមន៍មួយចំនួន ប៉ុន្តែអន្តរាគមន៍នោះ គឺមិនគ្រប់គ្រាន់ទេ។ ប្រជាជនខ្លួនឯងទប់ទឹក ដើម្បីនឹងប្រើប្រាស់សម្រាប់ការបង្កបង្កើនផល មិនថាស្រែវស្សា មិនថាស្រែប្រដេញទឹក ឬស្រែប្រាំងនោះទេ។ នេះជាការអំពាវនាវ ដើម្បីប្រជាពលរដ្ឋរបស់យើងចូលរួមទទួលយកផលនៅក្នុងឆ្នាំនេះ ….។
ថ្ងៃមួយនោះ ពេលដែលឡើងទៅដល់មណ្ឌលគិរី នៅឯស្ទឹងត្រែង (ទឹក)ឡើងដល់ ៩,៥៦ ម៉ែត្រទៅហើយ ក្នុងពេលដែលស្ទឹងត្រែងបានប្រកាសអោយមានការប្រុងប្រយ័ត្ន ១០,២០ ម៉ែត្រ។ សង្ឃឹមថា នឹងធ្វើដំណើរមួយយប់ទៀត ទៅដល់រតនគិរី ហើយចេញទៅស្ទឹងត្រែង នឹងបានឃើញទឹក ១០ ម៉ែត្រជាង ស្រាប់តែទៅដល់រតនគិរី ខាងខេត្តក៏រាយការណ៍មក ខាងក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ ក៏រាយមកប្រាប់ថា ទឹកស្រកទៅហើយ។ អញ្ចឹងវាអត់បាន(មើលទឹក) ពេលយើងទៅដល់ទឹកនៅសល់តែ ៩,៣០ ម៉ែត្រតែប៉ុណ្ណឹង។ អញ្ចឹងទេ សូមអោយយកទឹកទុកដាក់ថែទាំទឹក។ ឥឡូវហ្នឹងជារដូវក្មេងកាប់ភ្លឺស្រែដាក់ទ្រូយកត្រី ហើយទីចុងបំផុត គឺស្រូវនៅក្នុងស្រែទៅជាស្កក។
ឆ្នាំនេះ អុំទូក នៅទឹកកំពស់ ៥,៩០ ម៉ែត្រ
មួយទៀត តាមការព្យាករណ៍ទុកអោយហើយ ឆ្នាំនេះ ពេលអុំទូក កម្ពស់ទឹកនៅ ៥,៩០ ម៉ែត្រ ដូចគ្នានឹងឆ្នាំ ២០០៣។ គិតជាមធ្យម ពេលដែលយើងអុំទូក គឺទឹក(មានកម្ពស់) ៦,៩៥ ម៉ែត្រ។ ប៉ុន្តែឆ្នាំទៅនេះ ដែលយើងអុំមិនបានទឹក(មានកម្ពស់)តែ ៣,៤១ ម៉ែត្រទេ។ អញ្ចឹងទេ យ៉ាងណាក៏ដោយ ឆ្នាំនេះ គឺយើងនៅមានទឹកអុំទូក។ សូមអោយគ្រប់ទីកន្លែងដែលមានបំណងមកអុំទូកង គឺសូមអញ្ជើញមក ចូលរួមអុំទូកសប្បាយនៅឆ្នាំនេះ។ បើទោះបីថា (ទឹក)វាធ្លាក់លើសពីហ្នឹងទៅទៀត លេងទូកត្នោតអុំតែម្ដង។ ប៉ុន្តែសូមជូនដំណឹងទុកជាមុនថា ថ្ងៃចេញវស្សានេះ នឹងអុំទូកនៅតាខ្មៅ ថ្ងៃទី ១៦ ដូចចំថ្ងៃអាទិត្យ ខ្ញុំទៅដែរ។ ព្រោះយើងខានអុំទូកប៉ុន្មានឆ្នាំហើយ។ ប៉ុន្តែ ឆ្នាំនេះ យ៉ាងណាក៏ពិបាកដែរ។ ពិបាកត្រង់អី? បើយោងទៅលើកម្ពស់ទឹកបែបនេះ រឿងដែលពិបាកជាងគេ គឺរឿងយកទូកមកភ្នំពេញ យកមកតាមណា?
នេះជាបញ្ហាដែលប្រជាពលរដ្ឋរបស់យើងគិតគូរទុកអោយហើយ ហើយជាពិសេសអ្នក sponsors ទូកនោះ និងគណៈកម្មាធិការអាចារ្យវត្ត ដែលទទួលខុសត្រូវទូក ត្រូវគិតយកទូកមករបៀបម៉េច? តាមធម្មតា កាលណាទឹក ថាអ្នកកំពង់ធំចុះ ពេលដែលទឹកនៅខ្ពស់ គាត់ទំលាក់ទូកមក គាត់ទាញទូករបស់គាត់ពីវត្តចុះទៅកន្លែងទឹកវាអត់ឆ្ងាយប៉ុន្មានទេ។ អញ្ចឹងទូកគាត់មិនសូវជាខូចទេ។ ប៉ុន្តែនេះគឺធ្វើដំណើរឆ្ងាយពេក ទម្រាំទំលាក់ទៅដល់ទន្លេសាប ហើយចេញតាមទន្លេសាបចូលមក ដើម្បីមកទីក្រុងភ្នំពេញ។ កន្លែងខ្លះដាក់ឡាន ទូកវាបោល វាខូចទូក។ ធ្លាប់តែលឿននៅភូមិ មកដល់ណេះចាញ់គេ។ ប៉ុន្តែយ៉ាងណាក៏ដោយ អុំទូកវាជារឿងប្រពៃណីរបស់យើង ដែលសុំថា ឆ្នាំនេះ យើងនឹងបន្តអុំទូក។
មិននិយាយរឿងនយោបាយទេ ព្រោះប្រេតទើបទៅផុត
ខ្ញុំព្រះករុណាខ្ញុំ គិតថា មិនបន្តទេ ត្រឹមប៉ុណ្ណឹងបានហើយ ហើយក៏អត់មានររឿងនយោបាយអីដែរ ព្រោះប្រេតទើបទៅផុត។ ឆ្នាំនេះ ប្រេតមកជុំតែម្ដង ប្រេតតាមផ្លូវលេខ ១ ប្រេតតាមផ្លូវលេខ ២ ប្រេតតាមផ្លូវលេខ ៣ ប្រេតតាមផ្លូវលេខ ៤ ប្រេតតាមផ្លូវលេខ ៥ ប្រេតតាមផ្លូវលេខ ៦ ចូលមកភ្នំពេញទាំងអស់ ព្រោះមករកកូនចៅមួយចំនួន វាមកប្រព្រឹត្តអំពើផ្ដេសផ្ដាសនៅភ្នំពេញនេះ ហើយវាមិនព្រមទៅធ្វើបុណ្យ ដល់មិនព្រមទៅធ្វើបុណ្យ ប្រេតមកតាមផ្លូវជាតិ មកទាំងអស់ ប៉ុន្តែឥឡូវ ប្រេតត្រឡប់ទៅវិញ …។
ពាំនាំអំណោយ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់និស្សិតជ័យលាភីទទួលសញ្ញាបត្រចំនួន ៦.២៥១ អង្គ/នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ៣ ម៉ឺនរៀល។ ជូនសាស្រ្តាចារ្យ និងបុគ្គលិកចំនួន ១.១៨១ នាក់ ក្នុងម្នាក់ៗថវិកា ៤ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ថវិកាចំនួន ៣ លានរៀល។
ហើយចុងបញ្ចប់ ជាមួយនឹងការអបអរសាទរនៃវឌ្ឍនភាពរបស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ក៏ដូចជាអបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕