សម្ដេចតេជោចុះសួរសុខទុក្ខកម្មករ កម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍, កំពង់ឆ្នាំង, ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦
សុខទុក្ខប្រជាពលរដ្ឋ គឺជាការព្រួយបារម្ភដ៏ធំបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ នៅខេត្តកំពង់ឆ្នាំង ពេលបានទទួលដំណឹងថា កូនក្មួយកម្មករ/ការនី ចំនួន ១៤ នាក់ បានរងគ្រោះថ្នាក់ចរាចរណ៍ ដែលមាន ១ នាក់បានស្លាប់បាត់បង់ជីវិត សម្តេចតេជោ បានរូតរះស្ទុះស្ទារប្រញាប់ប្រញាល់ ចុះជួបសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករ ហើយត្រូវតែពិនិត្យរថយន្តរបស់ខ្លួនអោយបានទៀងទាត់ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ កើតឡើងដោយសារការធ្វេសប្រហែស។ យើងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
“ចេញប័ណ្ណអោយអាជីវករក្នុងផ្សារសាមគ្គីក្រគរអាចលក់ដូរតកូនតចៅ,” សំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ពោធិសាត់, ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦
រសៀលថ្ងៃទី ៩ ខែសីហា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តពោធិសាត់។ សម្ដេចតេជោ បានសម្រេចអោយអាជ្ញាធរខេត្តរៀបចំចេញប័ណ្ណបញ្ជាក់អោយអាជីវករកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីក្រគរ ដោយអោយពួកគាត់អាចលក់ដូរតកូនតចៅ តែគ្មានសិទ្ធិលក់អោយទៅអ្នកដ៍ទៃបានទេ ព្រោះជាទ្រព្យសម្បត្តិរដ្ឋ។ ខេត្តពោធិសាត់នេះ គឺជាខេត្តដែលមានវារីអគ្គិសនីចំនួន ០៤ សម្រាប់ផ្គត់ផ្គង់ទៅតំបន់ផ្សេងៗ នៅក្នុងកម្ពុជា។ មន្ត្រីដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងអគ្គិសនី និងការបញ្ចុះតម្លៃអគ្គិសនី ពិសេសអ្នកប្រើប្រាស់ភ្លើងតិចជាង ៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ គឺបញ្ចុះមកនៅត្រឹម ៦១០ រៀលក្នុង ១ គីឡូវ៉ាត់(ម៉ោង) ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៧ តទៅ ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែប្រសើរឡើង។
សម្តេចតេជោ បានរំលឹកដល់មន្ត្រីទាំងអស់យកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើស ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងាររបស់ពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាសាធារណៈ រួមទាំងសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។ មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវដាក់ខ្លួនអោយទាប និងខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមសហការប្រមូលពន្ធដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់លើការការពារធនធានព្រៃឈើ និងយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋ។ ត្រូវរក្សាទំនាក់ទំនងមិត្តភាពល្អជាមួយប្រទេសថៃ ហើយត្រូវយកចិត្តទុកដាក់មើលកម្មករ/ការិនីអោយបានដិតដល់ …៕
“ផ្តល់អាគារសិក្សាថ្មី សម្រួលការចាំបាច់ បន្តការសិក្សា នៅតាមបណ្តាខេត្ត,” ជួបសិស្សានុសិស្សវិទ្យាល័យតាមដងផ្លូវ ពីកំពង់ឆ្នាំង ទៅពោធិសាត់, ថ្ងៃទី ៩ សីហា ឆ្នាំ ២០១៦
ក្នុងពេលធ្វើដំណើរចាកចេញពីខេត្តកំពង់ឆ្នាំង ឆ្ពោះមកកាន់ខេត្តពោធិសាត់ នៅតាមដងផ្លូវ សម្តេចតេជោ ហ៊ុន សែន បានចុះជួបក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យមួយចំនួន ដើម្បីស្វែងយល់ពីការសិក្សារៀនសូត្ររបស់ក្មួយៗ និងស្តាប់នូវមតិយោបល់ និងស្វែងយល់អំពីបញ្ហាចាំបាច់មួយចំនួន ដែលប្រឈមនឹងការសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស។ ក្នុងនោះសម្តេចតេជោ និងសប្បុរសជនបានផ្តល់នូវអាគារសិក្សាដល់សាលាចំនួន ៣ ដូចជាៈ
១- វិទ្យាល័យ ហ៊ុន សែន រលាប្អៀ ក្នុងស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ចំនួន ១ ខ្នង កំពស់ ២ ជាន់ (១២ បន្ទប់) បន្ថែមលើអាគារចាស់ដែលមានស្រាប់។
២- វិទ្យាល័យ បរិបូណ៌ខាងត្បូង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលបានអាគារសិក្សា ១ ខ្នង កំពស់ ២ ជាន់ (១២ បន្ទប់) រួមទាំងធ្វើបណ្ណាល័យ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ របងសាលា បង្គន់អនាម័យ និងតារាងបាល់ទាត់ រួមទាំងជីកស្រះទឹកធំមួយ។
៣- វិទ្យាល័យបរិបូរណ៌ ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងដូចគ្នា ទទួលបានអាគារសិក្សាចំនួន ២ ខ្នង ដោយ ១ ខ្នង មាន ២ ជាន់ ស្មើនឹង ១២ បន្ទប់ រួមទាំងទីចាត់ការ ១ មានបីបន្ទប់។ សម្តេចតេជោបានអោយជីកស្រះ ១ ហិកតាកន្លះ ដ៏ធំមួយសម្រាប់សាលារៀនប្រើប្រាស់ និងសហគមន៍នៅក្បែរសាលាបានប្រើប្រាស់ផងដែរ។
ការផ្តល់អាគារសិក្សាថ្មីៗ ទាំងនេះ នឹងជួយសម្រួលសេចក្តីត្រូវការចាំបាច់នៃសាលារៀន និងបានជួយដល់ក្មួយៗ សិស្សានុសិស្ស បន្តការសិក្សារៀនសូត្រ នៅតាមបណ្តាខេត្តអោយកាន់ងាយស្រួលបំផុត …៕
“រដ្ឋអនុញ្ញាតិអោយបងប្អូនអាជីវករលក់ដូរនៅផ្សារលើ ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៤០,” សំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, កំពង់ឆ្នាំង, ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦
ព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៦ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កម្លាំងមានសមត្ថកិច្ច ក្នុងខេត្តកំពង់ឆ្នាំង ដោយបានណែនាំ ដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងខេត្ត ជាពិសេស សំណូមពរពីអាជីវករលក់ដូរនៅផ្សារលើកំពង់ឆ្នាំង ដែលបានស្នើតាម Facebook សម្តេចតេជោ។ សម្តេចតេជោ សម្រេចថា ពេលក្រុមហ៊ុនឯកជនបញ្ចប់កិច្ចសន្យាវិនិយោគនៅឆ្នាំ ២០២៥ រួចហើយ រដ្ឋនឹងផ្តល់អោយបងប្អូនអាជីវករលក់ដូរនៅផ្សារលើ ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៤០។
សម្តេចតេជោ រំលឹកមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងាររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ ការផ្តល់នូវសេវាសាធារណៈ រួមទាំងសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ធិភាព។ មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការ ដើម្បីប្រមូលពន្ធ ជំរុញការប្រមូលពន្ធអោយមានប្រសិទ្ធិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ …៕
មុនចាប់ផ្តើមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ខេត្តកំពង់ឆ្នាំង សម្ដេចតេជោ ហ៊ុន សែន បានបើកវេទិកាសាធារណៈ ដោះស្រាយសំណូមពរប្រជាពលរដ្ឋអាជីវករនៅផ្សារលើកំពង់ឆ្នាំង ដែលបានស្នើសុំតាម Facebook សម្តេចតេជោផ្ទាល់ និងបានជួបដោយផ្ទាល់នៅក្នុងផ្សារ។ ក្រោយពីបានពិភាក្សាជាមួយអភិបាលខេត្តកំពង់ឆ្នាំងរួចហើយ សម្តេចតេជោបានយកការសម្រេចថា ក្រោយក្រុមហ៊ុនឯកជនបញ្ចប់កិច្ចសន្យាវិនិយោគនៅឆ្នាំ ២០២៥ រួចហើយ រដ្ឋនឹងផ្តល់អោយបងប្អូនអាជីវករលក់ដូរនៅផ្សាលើទីរួមខេត្តកំពង់ឆ្នាំងរហូតដល់ ឆ្នាំ ២០៤០ …៕
“អាគារសិក្សាមួយខ្នង ២ ជាន់ ១២ បន្ទប់ ជូនសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ឆ្នាំង,” ជួបសិស្សានុសិស្ស និងគរុសិស្ស នៃវិទ្យាល័យ ព្រះបាទសុរាម្រិត, កំពង់ឆ្នាំង, ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៦
ព្រឹកថ្ងៃទី ០៩ សីហា ២០១៦ មុនការជួបសំណេះសំណាលជាមួយបងប្អូនអាជីវករនៅផ្សារលើ ខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបក្មួយៗ សិស្សានុសិស្ស និងគរុសិស្ស នៃវិទ្យាល័យ ព្រះបាទសុរាម្រិត និងសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ឆ្នាំង។ ចំនួនសិស្សនៅទីនេះកើនកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវអោយមានសេចក្តីត្រូវការអាគារសិក្សាកាន់តែច្រើនផងដែរ។ សម្តេចតេជោ ដោយមានការចូលរួមពីសប្បុរសជនមួយចំនួន បានធ្វើអំណោយអាគារសិក្សាថ្មីមួយខ្នងចំនួន ២ ជាន់ ១២ បន្ទប់ ដល់សាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ឆ្នាំ ព្រមទាំងផ្តល់ដំណើរកម្សាន្តនៅ ខេត្តសៀមរាបផង។ ចំពោះក្មួយៗ វិទ្យាល័យព្រះបាទសុរាម្រិតវិញ គឺសម្តេចតេជោ បានផ្តល់អាគារសិក្សា ១ ខ្នង ៣ ជាន់ ស្មើ ១៨ បន្ទប់បន្ថែមទៀត។ សម្តេចតេជោ សូមក្មួយៗ គរុសិស្ស និងក្មួយៗ សិស្សានុសិស្សខិតខំយកចិត្តទុកដាក់ព្យាយាមសិក្សាដើម្បីអនាគតល្អរបស់ខ្លួន និងប្រពលរដ្ឋល្អរបស់ប្រទេសជាតិ …៕