ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមជាមួយឯកឧត្តម, លោកជំទាវ, លោក, លោកស្រី នៅក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី ៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាការពិត ក្នុងរយៈពេល ១០ ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិ បាលបានកសាង និងសម្រេចបានជាសារវន្ត នូវមូលដ្ឋាននៃ «ភាពជឿទុកចិត្តនៃថវិកា» និងបានបង្កើន «គណ នេយ្យភាពហិរញ្ញវត្ថុ» ក្នុងការរៀបចំការអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃលើការអនុវត្តថវិកា។ សមិទ្ធិផលទាំង នេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់បោះជំហានឆ្ពោះទៅកាន់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលរួមមាន គោលបំណងគោលនយោបាយ, កម្មវិធី និងផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន និង អង្គភាពសាធារណៈនីមួយៗ។ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនេះ គឺជាជំហានកែទម្រង់មួយថ្មី ទៀត ដែលនឹងត្រូវបានដាក់ឱ្យអនុវត្ត និងពង្រឹងបន្ថែម នៅក្នុងដំណាក់កាលទី៣ «ការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយ» ចាប់ពីឆ្នាំ ២០១៦ នេះ ដល់ឆ្នាំ ២០២០។
ថវិកា គឺជាឧបករណ៍នៃគោលនយោបាយ ។ មានន័យថា បើមានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ តែ គ្មានថវិកាសម្រាប់អនុវត្តនោះទេ គឺយើងមិនឤចសម្រេចបាននូវបំណងប្រាថ្នាដែលយើងរំពឹងចង់បាននោះ ឡើយ, ហើយផ្ទុយទៅវិញ បើគ្មានគោលនយោបាយច្បាស់លាស់ទេ នោះថវិកាច្បាស់ជានឹងត្រូវបានប្រើប្រាស់ ខ្ជះខ្ជាយឥតប្រយោជន៍ជាមិនខាន។ ក្នុងស្មារតីនេះ ខ្ញុំចង់គូសបញ្ជាក់ថា ថ្វីត្បិតនៅក្នុងកម្រិតម៉ាក្រូ យើងមាន គោលនយោបាយ, យុទ្ធសាស្ត្រ និងផែនការសកម្មភាពរួមច្បាស់លាស់ ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុង «យុទ្ធ សាស្ត្រចតុកោណ» របស់រាជរដ្ឋាភិបាល និងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ, ប៉ុន្តែយើងក៏ត្រូវទទួល ស្គាល់ដែរថា នៅក្នុងកម្រិតវិស័យ និងកម្រិតក្រសួង-ស្ថាប័ន, យើងនៅមានសេចក្តីត្រូវការកែលម្អ និងពង្រឹង ថែមទៀត នូវការកំណត់គោលនយោបាយ, យុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់យើង ដើម្បីធានាសង្គតិ ភាព ទៅនឹងគោលនយោបាយ, យុទ្ធសាស្ត្រ និងផែនការសកម្មភាពរួមរបស់រាជរដ្ឋាភិបាលផង ក៏ដូចជាដើម្បី ធានាភាពត្រឹមត្រូវ, ច្បាស់លាស់ និងភាពឤចវាស់វែងលទ្ធផល ឬសមិទ្ធកម្មបានផង។ ហេតុនេះ ការជំរុញ បង្កើនគុណភាពនៃការរៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌថវិការយៈពេលមធ្យម ដែលរួមមានក្រប ខ័ណ្ឌចំណូលរយៈពេលមធ្យម, ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម, និងក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុ សាធារណៈរយៈពេលមធ្យម ព្រមជាមួយនឹងការពង្រឹងគុណភាព និងប្រសិទ្ធិភាពនៃការរៀបចំ និងការអនុវត្ត ផែនការយុទ្ធសាស្ត្រថវិការបស់គ្រប់ក្រសួង-ស្ថាប័ន គឺជាការងារសំខាន់ដ៏ចាំបាច់ និងបន្ទាន់មួយ នៅក្នុងការ អនុវត្តដំណាក់កាលទី ៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់យើង ដើម្បីធានាបាននូវ ភាពប្រទាក់ក្រឡាគ្នា និងការឆ្លើយឆ្លងដោយស៊ីចង្វាក់ជាមួយគ្នា រវាងក្របខ័ណ្ឌគោលនយោបាយកម្រិតម៉ាក្រូ, គោលនយោបាយកម្រិតវិស័យ និងគោលនយោបាយ ព្រមទាំងយុទ្ធសាស្ត្រ និងសកម្មភាពអនុវត្តប្រចាំឆ្នាំ របស់ក្រសួង-ស្ថាប័ននានានៃរាជរដ្ឋាភិបាល។
តាមទស្សនាទានដែលខ្ញុំបានគូសបញ្ជាក់ខាងលើ, «ស្នូល» នៃដំណាក់កាលទី ៣ នៃការកែទម្រង់ហិរញ្ញវត្ថុ សាធារណៈ គឺជាកិច្ចដំណើរការផ្លាស់ប្តូរជាបណ្តើរៗ ពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬប្រព័ន្ធគ្រប់គ្រង ថវិកា ផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬប្រព័ន្ធគ្រប់គ្រងថវិកាផ្អែក លើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ។ ប្រការនេះ ទាមទារឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ បំពេញការងារ ប្រទាក់ក្រឡាគ្នា ប្រកបដោយស្មារតីនៃភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ តាមអភិក្រមត្រីមុខគឺ៖ បុរេស កម្ម សកម្ម និងអន្តរសកម្ម ដោយផ្តោតទៅតាមមុខងារ និងភារកិច្ចរៀងៗខ្លួន ក្នុងនេះរួមមាន៖
ទី ១ មុខងារជា «និម្មាបនករនៃប្រព័ន្ធថវិកាថ្មី» ពោលគឺ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល, មានភារកិច្ចរៀបចំយុទ្ធសាស្ត្រ និងក្រប ខ័ណ្ឌគតិយុត្ត ឱ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ រាប់បញ្ចូលទាំងកម្មវិធីជួយបណ្តុះបណ្តាលសមត្ថភាព ដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សម្រាប់ធានាការដាក់ឱ្យអនុវត្តប្រព័ន្ធថវិកាថ្មី គឺ «ថវិកាកម្មវិធី» ប្រកបដោយ ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព។ ក្នុងមុខងារនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដើរតួនាទីជាអ្នកនាំមុខ ព្រមទាំងត្រូវរៀបចំ និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធតាមដាន និងត្រួតពិនិត្យវាយតម្លៃលើប្រសិទ្ធិភាព និងស័ក្តិសិទ្ធិ ភាពនៃកិច្ចដំណើរការអនុវត្តផងដែរ។
ទី ២ មុខងារជា «ប្រតិបត្តិករនៃប្រព័ន្ធថវិកាថ្មី» ពោលគឺ ក្រសួង-ស្ថាប័នទាំងអស់ ដែលចូលរួមអនុវត្តការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងត្រូវរៀបចំប្រែក្លាយក្របខ័ណ្ឌយុទ្ធសាស្ត្រ និងក្របខ័ណ្ឌគតិ យុត្តសម្រាប់ការអនុវត្តប្រព័ន្ធថវិកាថ្មី គឺ «ថវិកាកម្មវិធី» ខាងលើនេះ ឱ្យទៅជាផែនការយុទ្ធសាស្ត្រ និងបទដ្ឋាន គតិយុត្តផ្ទៃក្នុង ដោយត្រូវកែតម្រូវ, កែសម្រប និងកែសម្រួល ឱ្យមានសង្គតិភាព, សមានគតិភាព និងសុខដុម ភាព ជាមួយនឹងវិសេសភាពនៃរចនាសម្ព័ន្ធគោលនយោបាយ និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់សាមីក្រសួង-ស្ថាប័ននីមួយៗ ទៅតាមជំហានគ្របដណ្តប់នៃថវិកាកម្មវិធី ដែលត្រូវបានកំណត់ដាក់ឱ្យអនុវត្តចំពោះក្រសួង-ស្ថាប័ននានា ជាបន្តបន្ទាប់រហូតដល់គ្រប់អស់ក្រសួង-ស្ថាប័ន។ បន្ថែមលើគោលការណ៍ធំៗខាងលើនេះ ក្នុង ស្មារតីធានាប្រសិទ្ធិភាពនៃការអនុវត្តដំណាក់កាលទី ៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នេះ ខ្ញុំសូមណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់លើវិធានការជាក់ស្តែង ជាគន្លឹះមួយចំនួនទៀត ដូចខាងក្រោម ៖
[ចាប់ផ្តើម សេចក្តីអធិប្បាយ]
ខាងមុខនេះ ត្រូវមានសន្ទានុក្រមនៃពាក្យពេជន៍ថ្មីៗមួយចំនួនផងដែរ ដើម្បីធានាថា យើងធ្វើទៅវាយ៉ាងម៉េច។ សន្ទានុក្រម ជាការចាំបាច់ ព្រោះឥឡូវពាក្យថ្មីៗកើតឡើងច្រើន ដើម្បីតម្រូវទៅតាមស្ថានការណ៍នៃដំណើរការរបស់យើង។
[ចប់ សេចក្តីអធិប្បាយ]
ទី ១ គ្រប់ក្រសួង-ស្ថាប័ន ត្រូវបន្តខិតខំកសាង និងលើកកម្ពស់ «ភាពជាអ្នកដឹកនាំ» និងត្រូវបង្កើនឆន្ទៈ និង ស្ថាបនា «ភាពជាម្ចាស់» លើការងារកែទម្រង់ ដែលជាទេសធម៌គន្លឹះនៃការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ចាប់តាំងពីកម្រិតរដ្ឋមន្ត្រី-ប្រធានស្ថាប័ន, កម្រិតថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រហូតដល់កម្រិតគ្រប់គ្រង និង កម្រិតបច្ចេកទេសជំនាញ។
ទី ២ គ្រប់ក្រសួង-ស្ថាប័ន ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត លើការពង្រឹងសមត្ថភាពធនធានមនុស្ស ដែលជាកត្តាកំណត់ជោគជ័យនៃការងារកែទម្រង់។ ក្នុងស្មារតីនេះ ខ្ញុំសូមគាំទ្រ និងជំរុញលើកទឹកចិត្តដល់ការ ផ្តួចផ្តើម និងនវានុវត្តន៍ទាំងឡាយ ដែលធ្វើឡើងក្នុងគោលបំណង ៖
- ពង្រឹងគណនេយ្យភាព របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ តាមរយៈការរៀបចំ និងការអនុវត្តយន្តការត្រួត ពិនិត្យ, តាមដាន និងវាយតម្លៃលើការបំពេញមុខងារ និងភារកិច្ចរបស់មន្ត្រីរាជការ ក្នុងគោលដៅបង្កើនប្រសិទ្ធិ ភាព និងស័ក្តិសិទ្ធិភាព នៃការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា
- ផ្តល់ឱកាសដល់បេក្ខជនដែលមានសមត្ថភាព ពិសេសស្ត្រី និងជនពិការ ដើម្បីក្លាយជាមន្ត្រីរាជការ ដោយ អនុវត្តគោលការណ៍សមភាព និងតម្លាភាព ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់មន្ត្រីរាជការ ដែលមានគុណ បំណាច់ ដោយអនុវត្តគោលការណ៍គុណាធិបតេយ្យ អនុលោមតាមប្រព័ន្ធ និងយន្តការវាយតម្លៃជាក់លាក់ និង យុត្តិធម៌
- អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការដែលពុំទាន់មានសមត្ថភាពជំនាញគ្រប់គ្រាន់ ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ព្រមទាំងផ្តល់មុខងារ និងភារកិច្ចដល់មន្ត្រីរាជការដែលមានសមត្ថភាព ឱ្យបានសមស្របជា អតិបរមា តាមជំនាញវិជ្ជាជីវៈ, ការបណ្តុះបណ្តាល និងសក្តានុពលភាព។
[ចាប់ផ្តើម សេចក្តីអធិប្បាយ]
កត្តាធនធានមនុស្ស/ចាស់ពិតឲ្យតែចរិកការងារថ្មី
ចំណុចនេះ ដូចឯកឧត្តម អូន ព័ន្ធមុនីរត្ន័ បានលើកឡើង មានគោលនយោបាយត្រូវហើយ មានថវិកាហើយ ប៉ុន្តែបើគ្មានធនធានមនុស្ស ឬក៏គ្មានមនុស្សមានសមត្ថភាពទេ វាប្រាកដណាស់ថា នឹងមិនអាចធ្វើទៅបានទេ។ ដូច្នេះ កត្តាធនធានមនុស្សនៅតែដើរតួនាទីសំខាន់។ បញ្ហានេះ ខ្ញុំក៏ចង់ជូនសារទៅអ្នកធ្វើអត្ថាធិប្បាយខ្លះ នៅពេលដែលយើងធ្វើការរើរុះគណៈរដ្ឋមន្ត្រី មានអ្នកធ្វើអត្ថាធិប្បាយថា មុខដដែលៗ។ ខ្ញុំគ្រាន់តែ(សូម)ផ្តាំទៅអ្នក(វិញថា) អ្នកនិយាយហ្នឹង ក៏មុខដដែលៗ ដែរ។ យកមុខគ្នាទៅទុកនៅឯណា បើមុខនៅហ្នឹង ហើយលោកឯងអ្នកនិយាយហ្នឹង បក្សប្រឆាំង មេបក្សប្រឆាំងហ្នឹងមុខដដែលហ្នឹង អ្នកធ្វើអត្ថាធិប្បាយក៏មុខដដែល និយាយដដែលតែប៉ុណ្ណឹង(ដែរនឹង) ឲ្យគេយកមុខទៅណា …។
កត្តាធនធានមនុស្ស នៅតែជាកត្តាសំខាន់។ ខ្ញុំសូមផ្តាំអស់លោកអ្នក បើទោះបីមុខចាស់ក៏ដោយ ប៉ុន្តែចរិកការងារឲ្យវាថ្មី។ អាហ្នឹងហើយការផ្លាស់ប្តូរនោះ។ វាមិនចាំបាច់មុខថ្មី បានគេហៅថាការផ្លាស់ប្តូរទេ។ មុខចាស់ក៏ ប៉ុន្តែធ្វើសកម្មភាពផ្លាស់ប្តូរ អាហ្នឹងគឺវាផ្លាស់ប្តូរនៅកន្លែងហ្នឹង។ មុខថ្មី មិនទាន់(ច្បាស់)ថា ផ្លាស់ប្តូរទេ។ ផ្លាស់ប្តូរតែមនុស្ស ក៏ប៉ុន្តែវាទៅរឿងមួយផ្សេង។ មុខចាស់ ដែលវាផ្លាស់ប្តូរទើបវាខ្លាំង។ ព្រោះវាពូកែ។ ឥឡូវហិរញ្ញវត្ថុរបស់យើង កែសម្រួលប៉ុន្មានលើកហើយ? នេះជាលើកទី ៣ ហើយកំណើនសេដ្ឋកិច្ច ៧,៧% ក្នុងមួយឆ្នាំ គិតជាមធ្យម ហើយ ១០ ឆ្នាំចុងក្រោយ ៨,៨% បើសិនមនុស្សមិនកែប្រែទេ សួរតែតើមានកំណើនសេដ្ឋកិច្ច ឬអត់?
(ដែលយើងរក្សាបាន)កំណើនថវិកា ការជឿទុកចិត្តខាងថវិកា និងគណនេយ្យភាព បើមនុស្សមិនផ្លាស់ប្តូរទេ សួរថា យើងបានដល់ថ្ងៃនេះ ឬអត់? សូមបញ្ជាក់ ជួនកាលចាស់មែន ប៉ុន្តែ គំនិតថ្មី អាយុ ៨០ ក៏ដោយ ក៏ប៉ុន្តែបើសិនជាមានគំនិតថ្មី វាក៏ជាយុវជនដែរ។ ផ្លាស់ប្តូរ វាមិនចាំបាច់(ថាទាល់តែ)ផ្លាស់មនុស្សទេ។ និយាយអញ្ចឹងថាខ្ញុំមិនចង់ផ្លាស់។ ឲ្យខ្ញុំទៅណា ប្រជាជនបោះឆ្នោតឲ្យខ្ញុំ។ ខ្ញុំនៅតែធ្វើតែអញ្ចឹង ធ្វើរហូតទាល់តែខ្ញុំខ្ជិលធ្វើ។ និយាយឲ្យត្រង់ៗ អ្នកឯងធ្វើបក្សប្រឆាំងមួយជីវិតហើយ នៅតែប្រឆាំង តាំងពីសតវត្សរ៍ ២០ រហូតដល់ដើមសតវត្សរ៍ទី ២១ នៅតែមិនឈ្នះ ហើយដើរស្រែកថាឈ្នះតែរហូត។ ជូនសារបន្តិចទៅចុះ ព្រោះរឿងនេះ លើការជាក់ស្តែង កំណើនពីមួយឆ្នាំទៅមួយឆ្នាំ កើនមកពីមនុស្សថ្មី ឬក៏មកពីមនុស្សចាស់? រឿងសំខាន់នៅលើគំនិតថ្មីហ្នឹងតើ។
លោក (Donald) Trump មិនទាន់ឈ្នះឆ្នោតផង បើលោក Trump ឈ្នះឆ្នោតនៅអាមេរិក មិនដឹងថា សភាព ការណ៍យ៉ាងម៉េចទេ? ឥឡូវ ក្នុងគណបក្សសាធារណរដ្ឋ (បេក្ខជននានា)ចេញទប់ស្កាត់កុំឲ្យលោក Trump ឈ្នះឆ្នោត។ សភាពការណ៍នៅអាមេរិកក៏ផ្សេងដែរ។ ឃោសនាបោះឆ្នោតលើកនេះ ការបិទផ្លូវក៏មាន ការនិយាយអាក្រក់ក៏មាន។ (នោះជាការ)ផ្លាស់ប្តូរថ្មីរបស់គេ។ រឿងនៅកន្លែងនេះ សង្កត់ធ្ងន់លើធនធានមនុស្ស ហើយធនធានមនុស្សនេះ ផ្តើមចេញពីអស់លោកជាប្រធានស្ថាប័ននឹងឯង ដែលជាអណាប័កដើមខ្សែ។ បើសិនជាអស់លោកមិនកែសម្រួល ស្ថាប័នណាមួយមិនកែសម្រួលទេ ក៏អត់បានដែរ។ អ្នកខាងក្រោម ឬអ្នកអនុវត្ត ឬយន្តការអនុវត្ត គឺត្រូវធ្វើឲ្យខ្លាំងមែនទែន។
[ចប់ សេចក្តីអធិប្បាយ]
ទី ៣ គ្រប់ក្រសួង-ស្ថាប័ន ត្រូវបន្តលើកកម្ពស់ស្មារតីនៃការពិភាក្សា, ការសម្របសម្រួល និងកិច្ចសហការ, ទាំង នៅក្នុងក្របខ័ណ្ឌផ្ទៃក្នុងក្រសួង-ស្ថាប័ននីមួយៗ, ទាំងនៅក្នុងក្របខ័ណ្ឌអន្តរក្រសួង-ស្ថាប័ន និងទាំងនៅក្នុង ក្របខ័ណ្ឌអន្តរកម្មវិធីកែទម្រង់, ពិសេសយន្តការសម្របសម្រួលរវាង កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ, កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីជាតិកំណែ ទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវបានបង្កើតឡើងកន្លងមក សំដៅធានាឱ្យបាននូវសង្គតិភាព, ភាពប្រទាក់ ក្រឡាគ្នា និងសុខដុមភាព នៃដំណើរការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល និងដើម្បីបង្កើនកាលានុវត្ត ភាពនៃការសម្រេចជោគជ័យលើការងារ កែទម្រង់ជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍស្ថាប័នជាតិ និងការ បង្កើនគុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ទី ៤ គ្រប់ក្រសួង-ស្ថាប័ន ត្រូវខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាព នូវសារាចរលេខ ០៩ សរ ចុះថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៥ ស្តីពីវិធាន និងនីតិវិធី នៃការរៀបចំ, ការអនុវត្ត, ការត្រួតពិនិត្យ, តាមដាន និងការវាយតម្លៃ លើ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានា សង្គតិភាព និងសមានគតិភាពនៃការរៀបចំ, ប្រសិទ្ធិភាពនៃការអនុវត្ត ព្រមទាំងសុក្រឹតភាព និងភាពទាន់ ពេលនៃការត្រួតពិនិត្យ, តាមដាន និងវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការរៀប ចំប្រព័ន្ធ និងយន្តការត្រួតពិនិត្យ, តាមដាន និងវាយតម្លៃសមិទ្ធកម្មនៃការងារកែទម្រង់របស់ក្រសួង-ស្ថាប័ន ដោយភ្ជាប់មកជាមួយនូវវិធានការលើកទឹកចិត្ត និងវិធានការរឹតត្បិត គឺជាការឆ្លុះបង្ហាញកាន់តែច្បាស់ អំពី ស្មារតីនៃភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ នៅចំពោះមុខប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ របស់ក្រសួង-ស្ថាប័នទាំងអស់ នៅចំពោះមុខរាជរដ្ឋាភិបាល ព្រមទាំងការទទួលខុសត្រូវរបស់ប្រធានស្ថាប័ន នីមួយៗ នៅចំពោះមុខប្រមុខនៃរាជរដ្ឋាភិបាលផងដែរ។
ខ្ញុំធ្លាប់រំឮកជារឿយៗថា ទង្វើ និងសមិទ្ធិផលរបស់យើងក្នុងរយៈកាលកន្លងទៅ បានបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលពិតជាមានឆន្ទៈយ៉ាងមោះមុតឥតរាថយ, ប្រកបដោយភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់, ក្នុងការអនុវត្តការកែទម្រង់លើគ្រប់វិស័យ និងកាន់តែស៊ីជម្រៅ។ យ៉ាងណាក៏ដោយ ខ្ញុំនៅតែចង់គូសបញ្ជាក់ ម្តងហើយម្តងទៀតថា ការកែទម្រង់របស់យើង កើតចេញមកពីការយល់ឃើញ ដ៏ត្រឹមត្រូវរបស់យើងដោយខ្លួន ឯង, គឺមិនមែនជាការធ្វើតាមការបង្គាប់បញ្ជារបស់អ្នកណានោះទេ។ មានន័យថា យើងបានដាក់ចេញ និង ជំរុញអនុវត្តកិច្ចការកែទម្រង់ទាំងអស់របស់យើង, ដោយឈរលើហេតុផល និងវិចារណភាពច្បាស់លាស់ ព្រម ទាំងប្រកបដោយភាពជាម្ចាស់ និងវីរៈភាព, ហ៊ានធ្វើហ៊ានទទួលខុសត្រូវ, ហើយធ្វើជាជំហ៊ានៗ និងជា ដំណាក់កាលៗ, ទៅតាមលទ្ធភាព និងសមត្ថភាពជាក់ស្តែងរបស់យើង។ ដូច្នេះ ដរាបណាយើងនៅតែយល់ ឃើញថា «ការកែទម្រង់ គឺជាការងារស្លាប់រស់របស់កម្ពុជា» ដរាបនោះយើងពិតជាគ្មានថ្ងៃស្កប់ស្កល់នឹងកិច្ចការ នេះទេ។ ផ្ទុយទៅវិញ យើងនឹងបន្តចាត់ទុកថាការកែទម្រង់ គឺជាការងារប្រចាំថ្ងៃរបស់យើង ដែលយើងត្រូវបន្ត កែលម្អ, ពង្រឹង, ធ្វើឱ្យកាន់តែស៊ីជម្រៅ, បង្កើន និងពង្រីកសមត្ថភាព និងលទ្ធភាពរបស់យើង សំដៅប្រើប្រាស់ ឱ្យបានកាន់តែប្រសើរបំផុត នូវសក្តានុពល និងកាលានុវត្តភាពទាំងឡាយដែលយើងមាន ក្នុងគោលដៅតាម ឱ្យទាន់សភាពការណ៍ និងដំណើរវិវត្តន៍នៃសង្គម, សេដ្ឋកិច្ច, និងនយោបាយ ទាំងនៅក្នុងក្របខ័ណ្ឌប្រទេស, ក្របខ័ណ្ឌតំបន់ ក៏ដូចជាក្របខ័ណ្ឌពិភពលោក។
មុននឹងបញ្ចប់, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមសម្តែងនូវការវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណជូន ចំពោះឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងនាមជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមជាប្រធានគណៈកម្មា ធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងឯកឧត្តម, លោកជំទាវ, ជារដ្ឋមន្ត្រីនៃ ក្រសួង និងប្រធានស្ថាប័ន ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងប្តូរ ផ្តាច់ ក្នុងការដឹកនាំ និងសហការអនុវត្ត «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ប្រកបដោយ ឆន្ទៈមោះមុតក្លៀវក្លា និងស្មារតីនៃភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានជោគជ័យគួរជា ទីមោទនៈ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ, ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស, តាមរយៈកិច្ចសម្របសម្រួល និងកិច្ចសហការ ជាប្រចាំជាមួយក្រសួង-ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាល ក្នុងអភិក្រមគ្របដណ្តប់ទូទាំងវិស័យ និងក្នុងការ គោរពភាពជាម្ចាស់របស់កម្ពុជា ក្នុងការរៀបចំ និងអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏ មានសារៈសំខាន់នេះ។
ដោយក្តីជឿជាក់យ៉ាងមុតមាំលើការចូលរួមប្រកបដោយឆន្ទៈមុតស្រួចឥតងាករេ ព្រមជាមួយនឹងសម្បជញ្ញៈ នៃ ភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ ចំពោះការងារកែទម្រង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុង គ្រប់ក្រសួង-ស្ថាប័នជាតិទាំងអស់, ខ្ញុំរំពឹងទុកជាមុនថា ដំណាក់កាលទី ៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រាកដជានឹងដំណើរការទៅមុខ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយសម្រេចបានជោគជ័យពេញលេញ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទាំង អស់ ឱ្យបានប្រកបដោយសុខភាពល្អបរិបូណ៌, កម្លាំងពលំមាំមួន និងសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ច។
ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវដំណាក់កាលទី ៣ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» នៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់ពីពេលនេះតទៅ៕