ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ក្នុងការចែកសញ្ញាបត្រជូននិស្សិតជាជ័យលាភី នៃសាកលវិទ្យាល័យ ន័រតុន ចំនួន ៤,០៧៣ នាក់។ ការជួបជុំរបស់យើងនេះ ធ្វើឡើងនៅមុនពេលផ្តាច់ឆ្នាំចាស់(ផ្លាស់ចូល)ឆ្នាំថ្មី បានសេចក្តីថា ដាច់ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ចូលឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។ មិនដល់មួយខែទៀតទេ សម្លេងស្គរដីរាំវង់នឹងមកដល់សម្រាប់ប្រទេសរបស់យើង។ និស្សិតរបស់យើងថ្ងៃនេះ ក៏បានទទួលនូវសញ្ញាបត្រនៅមុនពេលដាច់ឆ្នាំ ហើយខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា អ្វីដែលយើងធ្វើថ្ងៃនេះ ជាតិរបស់យើងបានទទួលបន្ថែមនូវធនធានមនុស្សចំនួន ៤,០៧៣ នាក់ តាមរយៈនៃការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន សាកលវិទ្យាល័យ ន័រតុន របស់យើងនៅទីនេះ។
សាកលវិទ្យាធិការ ចាន់ សុខឃាង បានធ្វើរបាយការណ៍អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ន័រតុន ហើយដែល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាព នៃសាកលវិទ្យាល័យមួយនេះ។ ជារឿយៗ ខ្ញុំព្រះករុណាខ្ញុំ តែងបានរំលឹកអំពីការចងចាំមួយចំនួន ពាក់ព័ន្ធទៅនឹងសាកលវិទ្យាល័យមួយនេះ អាចចាត់ទុកថាជាសាកលវិទ្យាល័យមុនគេ ដែលខ្ញុំនៅចាំថា នៅពេលចែកសញ្ញាបត្រ និងពេលសម្ពោធនៅទីតាំងចាស់ លោកសាកលវិទ្យាធិការនៅកម្លោះនៅឡើយទេ។ គិតពីឆ្នាំ ១៩៩៧ មកដល់ពេលនេះ គឺរយៈពេល ១៩ ឆ្នាំហើយ។ បន្តិចម្តងៗ សាកលវិទ្យាល័យនេះ បានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សរហូតទៅដល់ ១៨,០០០ នាក់ជាង ហើយកំពុងតែបណ្តុះបណ្តាលមនុស្សជាង ១ ម៉ឺននាក់ បន្ថែមទៀត ដែលកំពុងបន្តការសិក្សា។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានស្តាប់ ហើយឃើញនៅក្នុងរបាយការណ៍អម្បាញ់មិញនេះ ពាក់ព័ន្ធនឹងអត្រាការងារធ្វើ ដែលសរុបរហូតទៅដល់ ៩៧,៧៥% ហើយកម្រិតបរិញ្ញាបត្រ ចំនួន ៩៥,៥% និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ១០០% នេះជាឱកាសការងារ ដែលយើងខិតខំធ្វើយ៉ាងម៉េចឲ្យប្រទេសមានសន្តិភាព មានការអភិវឌ្ឍ ទើបការបណ្តុះបណ្តាលធនធានមនុស្សចេញមកយើងមានឱកាសរកការងារធ្វើ។
នយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យកម្ពុជាឯកភាពជាតិ ឯកភាពទឹកដី
ជាមួយនឹងវឌ្ឍនភាព ដែលសាកលវិទ្យាល័យនេះដណ្តើមបាន សាកលវិទ្យាល័យក៏បានកសាងទីតាំងមួយ ដែល ខ្ញុំព្រះករុណាខ្ញុំ ឆ្នាំទៅបានទៅធ្វើបាឋកថា ស្តីពីនយោបាយ ឈ្នះ-ឈ្នះ។ គឺជាសាកលវិទ្យាល័យតែមួយគត់ ដែល ខ្ញុំព្រះករុណាខ្ញុំ បានធ្វើបាឋកថា។ មានសាកលវិទ្យាល័យមួយចំនួនទៀតបានអញ្ជើញហែរៗទៅហើយ ក៏ប៉ុន្តែ រកពេលមិនបាន។ … អត់អីទេ ម្ចាស់នយោបាយឈ្នះ-ឈ្នះ អត់ទាន់ទៅណាទេ។ ខ្ញុំព្រះករុណាខ្ញុំ មិនដណ្តើមពីអ្នកណាទេ ប៉ុន្តែក៏មិនអនុញ្ញាតឲ្យអ្នកណាដណ្តើមកម្មសិទ្ធិបញ្ញា និងស្នាដៃរបស់ខ្ញុំព្រះករុណាខ្ញុំដែរ។ នយោបាយឈ្នះ-ឈ្នះនេះ ជារបស់ខ្ញុំសុទ្ធសាធ ដាក់ចេញ ហើយដឹកនាំអនុវត្តផ្ទាល់ ធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវការឯកភាពជាតិ ឯកភាពទឹកដីរហូតមកដល់ពេលនេះ។
មុននេះ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាច្រើន ក្លាយទៅជាប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ សភាតែមួយ រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។ អ្វីដែលបានកើតឡើង មិនថាតែក្នុងវិស័យអប់រំទេ (តែគឺ)គ្រប់ផ្នែក … ផ្តើមចេញពីបញ្ហាសន្តិ ភាពទាំងអស់។ ឥឡូវហ្នឹងគ្មានអ្នកណាទៅដាក់ទុននៅអ៊ីរ៉ាក់ ទៅធ្វើទេសចរណ៍នៅអ៊ីរ៉ាក់ទេ? ហើយក៏អត់ មានអ្នកទៅធ្វើទេសចរណ៍នៅលីប៊ីដែរ? អត់មានអ្នកណាទៅធ្វើទេសចរណ៍នៅយេមែន ឬស៊ីរីទេ? ដូចគ្នាដែរ អត់មានអ្នកណាមកធ្វើទេសចរណ៍កាលក្នុងចន្លោះឆ្នាំ ១៩៧៩-១៩៧៥ ហើយឆ្នាំ ១៩៧៥-១៩៧៩ ទេ? ហើយទេសចរតិចតួចណាស់ សូន្យទេសចរនៅក្នុងពេលដែលកម្ពុជាមានសង្គ្រាមនោះ។
យុវជន និងប្រជាជនជំនាន់មុន ក្លាយទៅជាចំណាប់ខ្មាំង នៃសង្គ្រាម ដែលគ្មានផ្លូវទី៣ សម្រាប់ជ្រើសរើស
ថ្ងៃស្អែកនេះ ជាខួបលើកទី ៤៦ ឆ្នាំ នៃថ្ងៃធ្វើរដ្ឋប្រហារទម្លាប់ សម្តេចព្រះ នរោត្តម សីហនុ ដែលនោះហើយជាការចាប់ផ្តើមនៃសង្គ្រាមវិនាសកម្មសម្រាប់កម្ពុជា ធ្វើឲ្យយុវជន និងប្រជាជនរបស់យើងក្លាយទៅជាចំណាប់ខ្មាំងនៃសង្គ្រាម ដោយគ្មានផ្លូវទី ៣ សម្រាប់ជ្រើសរើសទេ។ នៅក្នុងតំបន់ លន់ នល់ កាន់កាប់ ត្រូវតែធ្វើទាហាន ឬក៏ធ្វើអ្វីដែលបម្រើអ្វីដល់របប លន់ នល់។ នៅក្នុងតំបន់រណសិរ្ស ដែលដឹកនាំដោយ សម្តេចព្រះនរោត្តម សីហនុ ក៏ត្រូវធ្វើទាហាន ឬត្រូវបម្រើការងារនៅក្នុងកន្លែងនោះ មិនអាចមានផ្លូវទី ៣ ថា ទៅនៅកន្លែងនេះអព្យាក្រឹត្យបានទេ។ ដូច្នេះ យុវជនជំនាន់នោះបាត់បង់ឱកាស មិនដូចយុវជនសម័យនេះទេ។ យុវជនសម័យនេះ គឺជាយុវជនមានឱកាសច្រើនណាស់ មានសិទ្ធិជ្រើសរើសធ្វើនេះធ្វើនោះ សូម្បីតែក្នុងការសិក្សានេះ មានសិទ្ធិដើររើសសាកលវិទ្យាល័យនេះ សាកលវិទ្យាល័យនោះ មិនមែនមានតែសាកលវិទ្យាល័យតែមួយ ឬក៏មានសាកលវិទ្យាល័យតែរបស់រដ្ឋទេ មានវិស័យឯកជន ដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យវិស័យឯកជន ចូលរួមវិនិយោគក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ គ្រាន់តែសាកលវិទ្យាល័យឯកជន មានរាប់សិបសាកលវិទ្យាល័យ ដូច្នេះ យុវជននៅពេលនេះមានឱកាសច្រើនពេលហើយ សម្រាប់ការជ្រើសរើស។ តើចូលសាកលវិទ្យាល័យមួយណា? ហើយក្នុងសាកលវិទ្យាល័យមួយៗនោះទៀត មានសិទ្ធិជ្រើសរើសចាប់យកវិជ្ជាមួយណា បើប្រៀបធៀបជាមួយនឹងយុវជនសម័យខ្ញុំ ពួកខ្ញុំនេះ គឺមិនមានឱកាសបែបនេះទេ។
អញ្ចឹង បានជាសុំអំពាវនាវចំពោះយុវជនទាំងឡាយ សុំប្រើប្រាស់ឱកាសដែលមាននេះ ឲ្យបានល្អបំផុត កុំធ្វេសប្រហែស ហើយនេះហើយ (ជា)កេរ្តិ៍អាករដែលឪពុកម្តាយផ្តល់ឲ្យ គឺជាកេរ្តិ៍អាករធំបំផុត គឺចំណេះវិជ្ជានេះឯង។ គ្មានកេរ្តិ៍អាករណាដែលល្អជាងកេរ្តិ៍អាករផ្តល់សម្រាប់ចំណេះវិជ្ជានោះទេ។ ទ្រព្យសម្បត្តិដែលឪពុកម្តាយចែកឲ្យ លុយកាក់ឪពុកម្តាយចែកឲ្យ អាចចាយអស់ អាចភ្លើងឆេះ អាចចោរលួច ក៏ប៉ុន្តែ កេរ្តិ៍អាករជាចំណេះវិជ្ជា ដែលមាតាបិតាបានប្រឹងប្រែងផ្តល់ឱកាស សម្រាប់កូនចៅមករៀនសូត្រ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ផ្តល់ចំណេះដឹងទៅ ដល់និស្សិត ដល់សិស្ស ចោរលួចមិនបានទេ ភ្លើងក៏មិនឆេះ គេថា “កណ្តៀរមិនកោរ កណ្តុរមិនកាត់”។ សង្ឃឹមថា យុវជនមួយចំនួន ដែលប្រព្រឹត្តនូវអំពើមិនគប្បីនោះ នឹងដើរទៅរកផ្លូវត្រូវ។
ថ្ងៃនេះ យើងមានធនធានមនុស្ស ចំនួន ៤,០៧៣ នាក់ នៅនឹងមុខ នៅទីនេះ រាប់ទាំងព្រះសង្ឃផងដែរ ហើយប្រហែលជា ព្រះតេជព្រះគុណ ជាប់បរិញ្ញាហើយ ប្រហែលជាអាចសុំសឹកហើយមើលទៅ។ អានេះជា សិទ្ធិទេ។ នៅប្រទេសរបស់យើង គឺបួសក៏បាន មិនបួសក៏បាន។ មិនតម្រូវថា ត្រូវតែបួសនោះទេ។ មិនតម្រូវថាបួសហើយ ត្រូវតែនៅមួយជីវិតនោះទេ។ នៅកន្លែងខ្លះពិបាករើសចៅអធិការមែន។ ហែរកឋិនចូលម្តង បានលុយរួចហើយបាត់ចៅអធិការមួយទៅ។ តែងតាំងចៅអធិការទៀត ធ្វើបុណ្យផ្កាចុះ បុណ្យផ្កាឡើង បាត់ចៅអធិការហ្នឹងមួយទៀតទៅ។ វត្តមួយនៅកំពត ខ្ញុំព្រះករុណាខ្ញុំ មិននិយាយទេ ខ្ញុំហែរកឋិនពីព្រឹក ល្ងាចយកលុយទៅបាត់ទៅ។ តែរឿងបែបនេះវាមានតិចតួចណាស់ មិនដល់មួយភាគពាន់ទេ …។
សភាពការណ៍តំបន់ ជម្រុញឲ្យយើងខិតខំពង្រឹងផ្នែកធនធានមនុស្ស
… សភាពការណ៍ពិភពលោក និងតំបន់ ពិសេស ក្នុងតំបន់ ដែលតម្រូវឲ្យមានការជម្រុញខ្លាំងនូវការអភិវឌ្ឍ ធនធានមនុស្ស ដើម្បីអាចដើរទន្ទឹមជាមួយគេ បើមិនបានដើរមុខគេទេ ក៏កុំឲ្យនៅក្រោយគេ …។ បើនិយាយពីអាស៊ាន មានអាស៊ានចាស់ និងអាស៊ានថ្មី អាស៊ានអ្នកមាន និងអាស៊ានអ្នកក្រ អាស៊ានប្រទេសធំ និងអាស៊ានប្រទេសតូច។ ក៏ប៉ុន្តែ នៅទីនេះ យើងអត់និយាយយ៉ាងដូច្នោះទេ។ គោលការណ៍ស្មើភាព និងស្មើសិទ្ធិ ត្រូវតែបានប្រើប្រាស់នៅក្នុងការអភិវឌ្ឍពង្រឹងនិម្មាបនកម្មតំបន់របស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់ឲ្យខ្ញុំព្រះករុណាខ្ញុំ នូវអាហារូបករណ៍ ចំនួន ៣៧៥ កន្លែង ហើយថ្ងៃនេះ ក៏មានមួយចំនួនមកទទួលសញ្ញាបត្រផងដែរ។ សាកលវិទ្យាល័យបានផ្តល់ឲ្យខ្ញុំព្រះករុណាខ្ញុំ ហើយខ្ញុំព្រះករុណាខ្ញុំ ក៏បានផ្តល់ចំពោះនិស្សិតដែលមានការខ្វះខាត។
នាយករដ្ឋមន្រ្តីមានឆន្ទានុសិទ្ធិស្នើរុះរើសមាសភាពគណៈរដ្ឋមន្រ្តី
… សូមយកឱកាសនេះនិយាយបន្តិច ដោយសារតែរឿងរ៉ាវវាបែកចេញ ទាក់ទិនជាមួយនឹងការកែសម្រួលគណៈរដ្ឋមន្រ្តី។ រឿងនេះ គឺជារឿង ដែលសូម្បីតែបណ្តាឧបនាយករដ្ឋមន្រ្តី ដែលមកអង្គុយទីនេះ ក៏អត់ដឹង ថានរណាធ្វើអីទេ។ ឆ្មាតែធ្លាប់ត្រូវទឹកក្តៅហើយ ឃើញតែទឹកត្រជាក់ក៏វាខ្លាចដែរ ខ្ញុំនិយាយតាមត្រង់ទៅចុះ។ ២០០៨ ខំធ្វើឯកសារយកទៅឆ្លង ដូចថា ផ្តល់ជាមតិពិភាក្សា។ បែកចេញមួយសាទៅ។ ២០១៣ អង្វរករថា ឯកសារសូមជូនចុះ តែអង្វរករថា កុំទៅណាទៀត ស្រាប់តែបង្ហោះចេញតាមហ្វេសប៊ុកបាត់។ បើអញ្ចឹងទេ អត់ខ្ចីពិភាក្សា ព្រោះឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តី គឺនាយករដ្ឋមន្រ្តីមានសិទ្ធិលើកសំណើផ្លាស់ប្តូរ ឬបញ្ចប់ភារកិច្ចរបស់សមាជិករដ្ឋាភិបាល។ អញ្ចឹង ធ្វើតែប៉ុន្មានម៉ោង ដល់សភា ហើយចាំឲ្យបែកពីសភាមកវិញ។ គម្រោងនៅថ្ងៃ ៤ ខែ មេសា ខាងមុខនេះ នឹងមានការបោះឆ្នោតផ្លាស់ប្តូរនូវសមាសភាពរាជរដ្ឋាភិបាលមួយចំនួន សំដៅឲ្យការធ្វើការងារ កាន់តែមានប្រសិទ្ធិភាពឡើង។ នៅទីនេះ មិនមានរដ្ឋមន្រ្តីណាមួយដែលអាក្រក់នោះទេ គ្រាន់តែមានរដ្ឋមន្រ្តីខ្លះហាក់ដូចជាបានតែងតាំងទៅកាន់មុខដំណែងហ្នឹង ដូចជារាងស្ទក់បន្តិច។ បើអញ្ចឹង យើងកែសម្រួលនៅកន្លែងហ្នឹង។ ប៉ុន្តែ ក៏មានរដ្ឋមន្រ្តីខ្លះដឹងគោលបំណងរបស់នាយករដ្ឋមន្រ្តីធ្វើការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី បានដាក់ពាក្យសុំលាលែងតែម្តង ហើយខ្លះក៏សុំលាលែងទៅបំពេញមុខងារផ្សេង ដូចជាក្រុមប្រឹក្សាធម្មនុញ្ញជាដើម។
ក្រសួង ៨ នឹងត្រូវផ្លាស់ប្តូររដ្ឋមន្រ្តី, ដូរអភិបាលខេត្ត ៤
… ខ្ញុំសូមយកឱកាសនេះ ដើម្បីនិយាយទៅកាន់រដ្ឋមន្រ្តី បើសិនជាបានដឹងថាខ្លួននឹងដូរពីក្រសួងនេះទៅក្រសួងនោះ ឬចាកចេញ និយាយរួមអ្នកដែលនឹងទទួលការផ្លាស់ប្តូរ សូមបន្តការងាររហូតដល់មានព្រះរាជក្រឹត្យស្តីពីការតែងតាំង ហើយរង់ចាំផ្ទេរភារកិច្ចជូនរដ្ឋមន្រ្តីថ្មី។ អត់មានថា ជូនទៅដល់សភាហើយរួចទេណា។ កាលណាសភាមិនទាន់បោះឆ្នោតទេ (មានន័យថា មិនទាន់ចប់ភារកិច្ចទេ) ហើយត្រូវនៅរង់ចាំព្រះរាជក្រឹត្យតែងតាំង ទើបអាចនឹងចប់ភារកិច្ចទៅបាន។ តែចប់ភារកិច្ច មិនមែនដើរចេញទេ ប្រគល់ឲ្យរដ្ឋមន្រ្តីថ្មី។ ពេលហ្នឹងខ្ញុំនឹងចាត់តាំងថា ឧបនាយករដ្ឋមន្រ្តីមួយណាត្រូវដូរការងារនៅក្រសួងណា។ វាប៉ះពាល់ប្រហែលជា ៨ ក្រសួងប៉ុណ្ណឹង និយាយឲ្យអញ្ចឹងទៅចុះ។
នេះជាការពង្រឹងនូវប្រសិទ្ធិភាពការងារ មិនមែនរដ្ឋមន្រ្តីអស់នោះ គឺជាមនុស្សដែលត្រូវកម្ចាត់ចោលទេ ប៉ុន្តែ ទាមទារឲ្យមានការរៀបចំពង្រឹងថែមនូវប្រសិទ្ធិភាព។ បើគិតពីពេលដែលបង្កើតរាជរដ្ឋាភិបាល រហូតមក ដល់ពេលដែលត្រូវបោះឆ្នោតនៅពេលខាងមុខនេះ គឺ ២ ឆ្នាំ កន្លះគត់ បានសេចក្តីថា ធ្វើបានពាក់កណ្តាល អាណត្តិ យើងត្រូវពង្រឹងបន្ថែមនូវប្រសិទ្ធិភាពការងារ។ នេះគឺជាអ្វីដែលខ្ញុំចង់និយាយ ហើយមិនដឹងថា ប៉ះរដ្ឋមន្រ្តីណាខ្លះទេ? នៅឲ្យស្ងៀម ស្តាប់មេស៊ីសង ព្រោះខ្ញុំអត់លេងសើចទេ។ ម្សិលមិញគ្មាននរណា បានដឹងទេ។ វាយហើយ យកត្រាអីមកចុះលេខនៅផ្ទះ រួចហើយជូនដល់សភា។ ទុកឲ្យបែកពីសភាមកវិញ។ ត្រង់រឿងរបស់ខ្ញុំ គឺខ្ញុំធ្វើចប់ ព្រោះវាជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ហើយក៏សូមផ្តាំទៅចៅហ្វាយខេត្តដែរ ចៅហ្វាយខេត្តដែលត្រូវចូលនិវត្តន៍នៅពេលខាងមុខ អាចនឹងបញ្ចប់ការងារមុន។
មានខេត្ត ៤ ដែលត្រូវបញ្ចប់ការងារមុន ព្រោះបើមិនអញ្ចឹងទេ វាអត់ពេល ព្រោះការសុំឲ្យសភាបោះឆ្នោតម្តងៗ មិនមែនជាការងាយស្រួលទេ។ អញ្ចឹង បានជាខេត្តដែលនឹងត្រូវចាកចេញមុនការកំណត់ មានខេត្តកំពង់ស្ពឺ កំពត បន្ទាយមានជ័យ និងស្វាយរៀង ដែលអភិបាលខេត្តត្រូវមកបញ្ចប់ការងារមុនសភាបោះឆ្នោត។ កំពុងរៀបចំអភិបាលខេត្តថ្មី ជាកញ្ចប់ដែលត្រូវពិនិត្យមើលមនុស្សមុននឹងដាក់។ បានសេចក្តីថា អ្នកខ្លះធ្វើរដ្ឋមន្រ្តីបាន តែមិនប្រាកដថាធ្វើចៅហ្វាយខេត្តបានទេ។ ត្រូវស្គាល់បញ្ហា។ ចៅហ្វាយខេត្តដឹកនាំលើគ្រប់វិស័យ លើកលែងតែការងារតូចមួយទេ ដែលចៅហ្វាយខេត្តមិនធ្វើ។ ប៉ុន្តែ បើនិយាយពីចរិតការងារ បើធ្វើចៅហ្វាយខេត្ត ឬស្រុកបាន ធ្វើនាយករដ្ឋមន្រ្តីបានហើយ។ ប៉ុន្តែ ធ្វើរដ្ឋមន្រ្តីបាន មិនប្រាកដថា ធ្វើចៅហ្វាយខេត្តបានទេ។ អញ្ចឹង បានជាត្រូវជ្រើសរើសនូវចៅហ្វាយខេត្តមួយចំនួន ដើម្បីបញ្ចូលមកជាសមា ជិករាជរដ្ឋាភិបាល ក្នុងក្របខណ្ឌជារដ្ឋលេខាធិការ។
អ្នកដើរតាម សម្តេចក្រុមព្រះ និងឯកឧត្តម ញឹក ប៊ុនឆៃ ត្រូវបានរក្សាតំណែងក្នុងរាជរដ្ឋាភិបាលដដែល
មានរឿងមួយទៀត ខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយនៅពេលនេះដែរ។ រឿងគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីជាការបញ្ជូនសារទៅកាន់ភាគីជម្លោះនៅក្នុងគណបក្សហ៊្វុនស៊ីនប៉ិចឲ្យហើយ។ ការពិត ខ្ញុំព្រះករុណាខ្ញុំ មិនគួរនិយាយទេ ប៉ុន្តែ វាទាក់ទងនឹងរាជរដ្ឋាភិបាល។ ដោយសារតែមានសមាជិក/ជិកាហ្វ៊ុនស៊ីនប៉ិចមួយចំនួនជារដ្ឋលេខាធិការ និងជាទីប្រឹក្សារាជរដ្ឋាភិបាល ដល់អញ្ចឹង មួយចំនួនទៅតាម ឯកឧត្តម ញឹក ប៊ុនឆៃ មួយចំនួនទៅតាម សម្តេចក្រុមព្រះ។ សួរថាធ្វើម៉េច? សម្តេចក្រុមព្រះ បានធ្វើលិខិតមួយជូនដំណឹង មិនមែនលោកស្នើដកអីទេ ប៉ុន្តែគ្រាន់តែជូនដំណឹងក្នុងឋានៈជាដៃគូ។ ឥឡូវ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលនេះ បញ្ជាក់ជំហរថា បើទោះបីជាបុគ្គលនោះទៅតាម សម្តេចក្រុមព្រះ ឬទៅតាម ញឹក ប៊ុនឆៃ គឺនៅរក្សាមុខដំណែងដដែល។ សូម សម្តេចក្រុមព្រះ មេត្តាយោគយល់។ ទូលបង្គំមិនអាចទៅតាមព្រះអង្គ ហើយធ្វើឲ្យឃ្នើសចិត្តចំពោះអ្នកបំពេញការងារជាមួយនឹងរាជរដ្ឋាភិបាលបានទេ។ នោះជាជម្លោះរបស់ព្រះអង្គជាមួយកូនចៅរបស់ព្រះអង្គ ហើយទៅបង្កើតបក្សផ្សេង។ សូមតែប៉ុណ្ណេះទេ បើចូលបក្សប្រឆាំងដេញចោល ២៤ ម៉ោង។ ចូលបក្សប្រឆាំង ឬក៏បក្សនយោបាយផ្សេងក្រៅពី ហ្វ៊ុនស៊ីនប៉ិច និងគណបក្សរួបរួមជាតិរបស់ ញឹក ប៊ុនឆៃ ដេញចោល។ ចរិកការងារនយោបាយវាអញ្ចឹង។ ប៉ុន្តែ បើទៅតាម ញឹក ប៊ុនឆៃ ក៏រក្សាទុក ទៅតាម សម្តេចក្រុមព្រះ ក៏រក្សាទុក។ សុំយោគយល់។ តិចថាឥឡូវបងប្អូនទាំងនោះ គ្នាអត់យល់ជា ថ្នាក់ទីប្រឹក្សារាជរដ្ឋាភិបាល ជាថ្នាក់អនុរដ្ឋាលេខាធិការតាមក្រសួងកំពុងតែព្រួយថា អញទៅតាមណាឥឡូវ? ប៉ុន្តែ អ្នកមានសិទ្ធិរើសផ្លូវតែ ២ ទេ ឬមួយតាម ហ្វ៊ុនស៊ីនប៉ិច របស់ សម្តេចក្រុមព្រះ ឬ មួយតាមរួបរួមជាតិរបស់ ញឹក ប៊ុនឆៃ។
ឥឡូវហ្នឹង អត់មានពេលទៅប្រមូលកម្លាំងអីទេ។ ឃើញតែទាស់គ្នា។ តាំងពីគេទាស់គ្នាមក ថ្ងៃណាក៏ឃើញតែពីសារព័ត៌មានចេញផ្សាយអំពីក្រុមនេះអញ្ចេះ ក្រុមនោះអញ្ចុះ។ ខ្ញុំនិយាយឲ្យត្រង់ ការរួបរួមកាលពី ខែ មករា ឆ្នាំ ២០១៥ ដើមឆ្នាំ ២០១៥ ខ្ញុំអត់បានដេកមួយយប់ ហើយបានយាង សម្តេចក្រុមព្រះ អញ្ជើញ ឯកឧត្តម ញឹក ប៊ុនឆៃ យាង សម្តេច អរុណ រស្មី ឯកឧត្តម កែវ ពុទ្ធិរស្មី ហើយប៉ុន្មាននាក់ទៀតទៅផ្ទះខ្ញុំនៅវិមានឯករាជ្យហ្នឹង។ ពីមុនទៅវិមានសន្តិភាពបង្រួបបង្រួមគ្នាម្តងហើយ។ បែកគ្នាទៅវិញ។ អាចុង ក្រោយខ្ញុំអត់បានដេកមួយយប់ រកវិធីសម្រួលខាងណេះបន្តិច ខាងណោះបន្តិច ចុងបញ្ចប់មកជុំគ្នានៅផ្ទះខ្ញុំ។ ខំអបអរសាទរត្រូវគ្នាហើយ គ្រាន់និយាយថាឥឡូវ សម្តេចក្រុមព្រះ យាងធ្វើ្ធប្រធាន ហ្វ៊ុនស៊ីនប៉ិច វិញទៅ បែកគ្នាដល់ណាទៀត។ សូម្បីតែ ព្រះករុណាបិតា កាលព្រះអង្គនៅមានព្រះជន្ម ឬព្រះអង្គសព្វថ្ងៃ ក៏ព្រះអង្គមានការលំបាកដែរ នៅពេលដែលនិយាយថាកូនចៅវារួបរួម អាកូនខ្លួនឯងវាទាស់គ្នា។ ឥឡូវទៅនិយាយ ឲ្យអ្នកណាស្តាប់? … ជូនសារសម្រាប់សមាជិក/ជិកា ហ្វ៊ុនស៊ីនប៉ិច ដែលជាទីប្រឹក្សាក្នុងរាជរដ្ឋាភិបាល ធ្វើការក្នុងក្របខណ្ឌរាជរដ្ឋាភិបាល សូមកុំចេញទៅបក្សប្រឆាំង ឬបក្សផ្សេងក្រៅពីបក្ស សម្តេចក្រុមព្រះ និងបក្ស ញឹក ប៊ុនឆៃ តែប៉ុណ្ណឹងទេ។ ចង់ទៅណាទៅៗ ក្នុងចំណោមហ្នឹង ហើយបើជ្រើសរើសមកគណបក្សប្រជាជនៗ ទទួល។ អត់បញ្ហាទេ … ឲ្យសារថ្ងៃនេះមួយឲ្យហើយទៅ ព្រោះសរុបទៅជាង ១០០ នាក់នោះ ដែលកំពុងធ្វើការងារខាងរាជរដ្ឋាភិបាល ហើយសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ក្នុងមុខងារនយោបាយ។ មានអ្នកខ្លះធុញ ដល់ឃើញមេទាស់គ្នាពេក មកគណបក្សប្រជាជន។ អាហ្នឹងក៏ស្រួលម្យ៉ាងដែរ។
យុទ្ធសាស្ត្រ (បីមិន មួយរាយការណ៍)
… ឥឡូវនេះមានរឿងខ្លះ ខ្ញុំគ្រាន់តែរំលឹកទេ។ យុទ្ធសាស្រ្ត ( ៣ មិន ១ រាយការណ៍) អនុវត្តបានតែក្នុងទសវត្សរ៍ ៨០ ប្រឆាំងនឹងខ្មែរក្រហមតែប៉ុណ្ណោះ។ តែ(៣មិន)លើបញ្ហាអាស្រូវផ្លូវភេទ មិនអាចលាក់បាំងកើតទេ។ គ្រាន់តែផ្តាំ ហើយសូមឲ្យអ្នកដទៃទៀតកុំច្រឡើសបើស តែប៉ុណ្ណឹងទេ។ បោកគេបោកឯង សម័យនេះវាហួសហើយ។ សូម្បីតែព្រលានយន្តហោះបាងកក ព្រលានយន្តហោះភ្នំពេញ គេថតមនុស្សទុកតើ។ ចេញចូលគេថតទុក។ សណ្ឋាគារមួយគេមានប្រដាប់ថត។ (៣ មិន ១ រាយការណ៍) ជាយុទ្ធសាស្ត្រការពារភូមិ-ឃុំ កាលពីសម័យរដ្ឋកម្ពុជា ប្រឆាំងនឹងការចូលវ៉ៃឆ្មក់របស់ពួកខ្មែរក្រហមទេ។ មិនអាចប្រើ(យុទ្ធសាស្ត្រ)នេះនៅក្នុងសតវត្សរ៍ទី ២១ ទេ។ សូម្បីតែខ្ញុំកំពុងនិយាយនេះ ក្នុងអគារនេះ ច្បាស់ជាមានថតទុក។ ខ្ញុំគ្រាន់តែផ្តាំទេ។ អ្នកចេញមកជេរ ក៏ជេរអាក្រក់អាក្រីដែរ។ ចាប់បង្ខំឲ្យគេត្រូវតបត។ ជួនកាលរឿងរ៉ាវខ្លះ រឿងវាតូចទេ ប៉ុន្តែវាធំ។ មើលឃើញ វាសាមញ្ញ ប៉ុន្តែមានអ្នករុញឲ្យខ្លោច រោចឲ្យឆៅ។ … អ្នកទាំងឡាយអត់ដឹងថាខ្ញុំនិយាយពីអីទេ ទាល់តែអ្នកមានខ្លួន ទើបដឹងថាខ្ញុំនិយាយពីអី។ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង ប៉ុន្តែ អ្នកដទៃទៀតវាឈ្លោះ វាឆ្លង វាឆ្លើយ … សូមផ្តាំទៅអញ្ចេះ។ ទៅឆ្លើយថាទេ ខ្ញុំអត់ដែលមាន passport ខាង passport គេថា អ្នកឯងធ្វើតើ! ថាខ្ញុំអត់ដែលទៅក្រៅប្រទេស បាងកកអ៊ែរវេមានសំបុត្រយន្តហោះជិះ នៅព្រលានយន្តហោះពោធិ៍ចិនតុងមានថតរូបទុក នៅព្រលានយន្តហោះបាងកកមានទុក នៅសណ្ឋាគារ បាងកកមានទុក។ អ្នកនេះថា មិនឈ្លោះ មិនឆ្លើយ មិនឆ្លង ប៉ុន្តែអ្នកដទៃទៀត វាចូលចិត្តឈ្លោះ ចូលចិត្តឆ្លើយឆ្លង។ ដល់ជេរ ត្រូវចាប់បង្ខំឲ្យរឿងដែលគេមិនចាប់អារម្មណ៍ ទៅជាចាប់អារម្មណ៍ ហើយប៉ះទង្គិចមកដល់ថាជារឿងនយោបាយ។
បើថា រឿងនយោបាយធ្វើតែម្តង បានជ្រុលគេថាហើយធ្វើបណ្តោយ។ បើកាលណារដ្ឋាភិបាលលូកដៃ គឺពិបាក ហើយទប់ម៉េចរួច។ នេះគ្រាន់តែជាបណ្តឹងរបស់វិស័យផ្នែកឯកជន និងឯកជន លើការបរិហាកេរ្តិ៍ និងបោកបញ្ឆោត ប៉ុន្តែ តែរាលដាលដល់សភា ដល់រាជរដ្ឋាភិបាល គឺរដ្ឋាភិបាលចាប់បង្ខំចិត្តត្រូវធ្វើ ត្រូវធ្ងន់ហើយ។ … ខ្ញុំប្រាប់ជាការផ្ញើសារជូនមុនចូលឆ្នាំចុះ … ឥឡូវ ឆេះជិតដល់ជើងរដ្ឋាភិបាលហើយ។ តែឆេះដល់ជើងរដ្ឋាភិបាលៗ ត្រូវរើហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ តុលាការគេបានបញ្ជាមកនគរបាលធ្វើការហើយ អ្នកឯងចង់ឆ្លើយម៉េចរឿងរបស់អ្នកឯង ប៉ុន្តែភស្តុតាងផ្សេងអ្នកឯងថាអត់មាន passport ឥឡូវមាន passport ព្រោះអ្នកឯងទៅធ្វើ, អ្នកឯងថាមិនដែលចេញក្រៅប្រទេស ប៉ុន្តែអ្នកឯងជិះបាងកកអ៊ែរវេម៉ោងប៉ុណ្ណេះ ថ្ងៃប៉ុណ្ណេះ ដេកនៅសណ្ឋាគារនេះ។ កាន់តែរើ កាន់តែងាប់។ ខ្ញុំគ្រាន់តែសូមឲ្យអ្នកគាំទ្រផ្កាប់មុខមួយចំនួន កុំហួសហេតុពេក ដែលហ៊ានធ្វើសកម្មភាព ក្រៅពីប្រមាថចំពោះបុគ្គលដែលគេប្តឹងណានោះ មកប៉ះពាល់មកដល់គណបក្សប្រជាជន ប៉ះពាល់ដល់រដ្ឋាភិបាល។ បើសិនថាគង់ប៉ះហើយ គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ត្រូវបង្ខំចិត្តធ្វើ ដើម្បីការពារកិត្តិយសរបស់ខ្លួនដែរ។ បើទោះបីជាមិនរើ ក៏គង់តែតុលាការគេបានបញ្ជានគរបាលធ្វើសកម្មភាពហើយ …។
លេងហ្វេសប៊ុកជាផ្នែកមួយ នៃ E-government
… ចុងក្រោយ ខ្ញុំហួសចិត្តដែរ។ អស្ចារ្យបំផុត ត្រង់ថា ហ្វេសប៊ុករបស់ខ្ញុំ ទៅទិញ like ពីឥណ្ឌា វាទៅជាអញ្ចេះ។ ខ្ញុំប៉ាន់ប្រមាណទុកបានមុនហើយ បានជាខ្ញុំនិយាយ ពីព្រោះអាល្បឿនពេលដែលខ្ញុំកាន់ page ហ្នឹង គឺល្បឿនវាឡើងលឿន។ ដល់ឡើងលឿន ខ្ញុំថាសូមរៀមច្បងដែលតាំងខ្លួនជាបិតា Facebook ដែលមុននេះធ្លាប់ចោទប្រកាន់គណៈកម្មាការរៀបចំការបោះឆ្នោត ចោទប្រកាន់ថា ខ្ញុំប្រើលុយ ប្រើសារ៉ុង ប្រើប៊ីចេងទៅគម្រាមកំហែងឲ្យគេ Like ហើយ សូមកុំទៅបន្ទោសក្រុមហ៊ុន Facebook។ ខ្ញុំអត់ដឹងថាអ្នកណា Like ពីត្រង់ណាៗ … ពួកភ្នំពេញប៉ុស្តិ៍ បើសិនជាពេលហ្នឹងអ្នកឯងសរសេរពីរឿង post Like អ្នកឯងយកមកពិនិត្យ ពេលដែលខ្ញុំ post ម្តងៗ អាចំនួន like ហ្នឹង គឺខ្លាំងណាស់ ហើយដែលខ្លាំងជាងគេអារូបថតមួយសន្លឹកនៅមន្ទីរពេទ្យសិង្ហបុរី។ អាហ្នឹង ១៨ ម៉ឺន like ពេលដែលខ្ញុំចេញទៅក្រៅប្រទេសគឺ like ខ្លាំងណាស់។ ខ្ញុំទៅដឹងអី? អ្នកណា like មកពីត្រង់ណាអីត្រង់ណា។ … បើខ្ញុំទៅទិញឥណ្ឌាបានខ្លាំងមែនទែនតែម្តង។ ប៉ុន្តែ គួរតែត្រូវខ្ញុំសប្បាយចិត្តទៅវិញទេ សប្បាយចិត្តត្រង់ថា ខ្ញុំ ហ៊ុន សែន ត្រូវប្រជាជនឥណ្ឌា និងប្រជាជននៅក្រៅប្រទេសទទួលស្គាល់ថាជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា …។
… វាទៅជាខ្ញុំដើរទិញ like … កាលពីមុនស្អីក៏ Facebookៗ ដល់ខ្ញុំលេង Facebook ដោះស្រាយបញ្ហា ទៅជាការប្រើអាហ្នឹងជាផ្នែកមួយនៃ E-government ចាប់ផ្តើមរករឿងខ្ញុំ។ បង្ហោះស្អីសុទ្ធតែ page លោក ហ៊ុន សែន បង្កើតគណនីក្លែងក្លាយស្អីៗ ក្លែងក្លាយមិនក្លែងក្លាយ បង្កើតតាំងពីជំនាន់ណាជំនាន់ណី ខ្ញុំកំពុងតែរកមុខង្នកបង្កើតរបស់ខ្ញុំក្លែងក្លាយនេះ។ … ដែលខ្ញុំមិនប្រើហ្វេសប៊ុក មិនធ្វើហ្វេសប៊ុកកន្លងទៅ គ្រាន់តែ account ខ្ញុំ (មាន)ជាង ៤០។ តើខ្ញុំគួរយកមួយណាក្នុងចំនោមជាង ៤០។ វាច្រើនពេក។ … ខ្ញុំបញ្ជាក់អម្បាញ់មិញថា post like and total page like វាខុសគ្នា … ខ្ញុំចេះលេងដែរ ហើយលេងនេះមិនមែនលេងប្រកួតប្រជែងរឿងប្រជាប្រិយភាពទេ។ ខ្ញុំលេងដោះស្រាយការងារ។ អញ្ចឹងបានខ្ញុំនិយាយ ៨០ ដុល្លារ ចាប់គ្នាដាក់ឃុំ។ រឿងមួយទៅ។ តំណាងប្រជាពលរដ្ឋហៅគ្នាមកសួរ ចាប់គ្នាទៀត។ បាតុកម្មដល់ភ្នំពេញ។ ដល់តែបើកឃើញ ដោយកូនពីរនាក់នៅជាមួយ (ក៏អោយកូន)ចេញភ្លាមទៅកំពង់ស្ពឺ បើដោះ(ស្រាយ)មិនចប់ទេកុំមក(វិញ)។ ម្សិលមិញ ទាហាន ៥ នាក់ ចេញមកថា ឥឡូវការពារជាតិ ដល់ត្រឡប់មកវិញគេឲ្យរើផ្ទះ។ អញ្ចឹង បានជាម្សិលមិញ ត្រូវធ្វើការផ្អាកការអនុវត្ត (ដែល)ខាងក្រសួងយុត្តិធម៌ឲ្យផ្អាកការអនុវត្ត(រុះរើផ្ទះ) ហើយសើរើសំណុំរឿងហ្នឹងឡើងវិញ។ នេះមិនមែនរឿងលេងសើច រឿងធម្មតាទេ។ ទាហានទៅការពារជាតិ ត្រឡប់មកវិញ ការពារផ្ទះខ្លួនមិនបាន។ សូម្បីតែរដ្ឋមន្រ្តី ទៀ បាញ់ ក៏ត្រូវតែឈឺឆ្អាលមុនគេដែរ ព្រោះ យើងជារដ្ឋមន្រ្តី ការពារកូនចៅខ្លួនឯងមិនបាន អាហ្នឹងមិនបានទេ។ ខ្ញុំត្រូវចាប់ទូរស័ព្ទសួរ ប៊ុន សេង ប្រធានយុវភូមិភាគទី ៥ ថារឿងហ្នឹងវាយ៉ាងម៉េច? ថារឿងហ្នឹង ដីហ្នឹង ប៉ោ វណ្ណៈ ចែកឲ្យតាំងពីឆ្នាំ ១៩៩៣។ ខ្ញុំបានទូរស័ព្ទទៅជួបអភិបាលខេត្ត លោក គោ ស៊ុំសារឿន កុំអាលអនុវត្ត ទុក(ដើម្បី)សើរើ សំណុំរឿងនេះឡើងវិញ។
អភិបាលស្រុកត្រូវតែចេះប្រើ Whatsapp ឬ Telegram
ឥឡូវនេះ អត់មានបោកប្រាស់ខ្ញុំបានទេ។ អ្នកធ្វើរបាយការណ៍ទាំងថ្នាក់ណាក៏ដោយ បានមកដល់ខ្ញុំ (ខ្ញុំ)ក្រឡេកឃើញ (ខ្ញុំ)ឲ្យដោះស្រាយ។ ខ្ញុំប្រើក្នុងគោលដៅប្រមូលព័ត៌មានដោះស្រាយការងារ ហើយឥឡូវតាមរយៈ Page របស់ខ្ញុំនេះ ត្រូវបានក្រសួងនានា គេចូលមកមើល។ ដល់ចូលមកមើល គេយកទៅដោះស្រាយ។ កាលណាខ្ញុំ post ភ្លាម (ដែល) post ពីអក្សរ «ក» គាត់និយាយពីអក្សរ «ង» រឿងអយុត្តិធម៌ រឿងល្អរឿងអាក្រក់មកតាមហ្នឹង។ មួយទៀតបញ្ចូលមកក្នុងប្រអប់សំបុត្ររបស់យើងនេះ យើងត្រូវផ្ទេរឲ្យក្រសួង ដោះស្រាយ។ អញ្ចឹង ដំណើរការនេះវាកាន់តែលឿន។ ឥឡូវ ខ្ញុំដាក់លក្ខខណ្ឌ៖ ចៅហ្វាយស្រុក ឬក៏អនុប្រធានស្រុកអីឡើង បើមិនចេះវាយ message ឬមិនចេះប្រើ Whatsapp ប្រើ Telegram ប្រើស្អីៗទេ ត្រូវពិនិត្យ, មនុស្សហ្នឹងធ្វើការជាមួយគេមិនបាន។ ខ្ញុំចងជាក្រុមចៅហ្វាយខេត្ត ទាំង Telegram ទាំង Whatsapp បើកាលណាខ្ញុំត្រូវការផ្ដល់ព័ត៌មានអីមួយ ខ្ញុំរុញជាក្រុមនៅហ្នឹង។ បើចង់ផ្ដល់ដោយឡែក ខ្ញុំឲ្យដោយឡែក។ ល្បឿនការងារលឿនជាងពេលមុន (ដែល)ចាំហៅមួយម្ដងៗ ឥឡូវអត់ហៅមួយម្ដង (ដោយ)បញ្ជូនសារគ្រឹបចេញតែម្តង(បាន) ២៥ ខេត្តបណ្ដោយ។ ហើយថ្នាក់ដឹកនាំសំខាន់ៗប៉ុន្មាននាក់ (បញ្ជូនសារ)ចេញមួយប្រឹបទៅ ទទួលបានទាំងអស់គ្នា លើកលែងតែអ្នកខ្ចិលមើល …៕