សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អង្គពិធីទាំមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក «សន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលបានប្រារព្ធឡើងនាពេលនេះ។ គិតមកដល់ពេលនេះ គឺមានរយៈពេល ១០ ឆ្នាំគត់ បន្ទាប់ពីសន្និសីទជាតិស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០០៦ ដែលយើងបានប្រកាសថា ឆ្នាំ ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយពេលនេះ យើងបានមកជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបាន ព្រមទាំងត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមចំពោះមុខថ្មីៗទៀត ក្នុងបុព្វហេតុបន្តជំរុញការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរីកចម្រើន។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះធនាគារជាតិនៃកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំសន្និសីទនេះឡើង ក្នុងគោលបំណងជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ អំពីវឌ្ឍនភាពក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ក៏ដូចជាការបន្តពង្រឹងនូវជំនឿទុកចិត្តរបស់សាធារណជនទូទៅមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ ខ្ញុំក៏សូមកោតសរសើរចំពោះធនាគារជាតិនៃកម្ពុជា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស, ទាំងទំហំមូលធន និងវិសាលភាពគ្របដណ្តប់។
ជាក់ស្តែង វិស័យធនាគារនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរប្រាក់សន្សំរបស់សាធារណ-ជន និងប្រភពទុនផ្សេងៗទៀតនៅក្នុងទីផ្សារអន្តរជាតិ មកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងឥណទានដល់ការវិនិយោគនានា ពិសេសដល់វិស័យផលិតកម្មនៃសហគ្រាសធុនតូច និងមធ្យម ដែលជាការជួយបង្កើនសមត្ថភាពផលិតកម្ម, ការធ្វើទំនើបកម្មផលិតកម្ម, ការធ្វើពិពិធកម្មផលិតកម្ម និងការលើកកម្ពស់ស្តង់ដារផលិតផលកម្ពុជា ដែលជាការរួមចំណែកបង្កើននូវប្រសិទ្ធភាពសេដ្ឋកិច្ច។ តួនាទីអន្តរការិយកម្មនេះនឹងកាន់តែមានប្រសិទ្ធភាពសេដ្ឋកិច្ចបន្ថែមទៀត ប្រសិនបើប្រជាជនទូទាំងប្រទេសបានចូលរួមប្រើប្រាស់សេវានេះកាន់តែច្រើន ដូចដែលអង្គការសហប្រជាជាតិបានទទួលស្គាល់ថា «លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុក្នុងតម្លៃសមរម្យដោយប្រជាជនដែលមានចំណូលទាប និងនៅតំបន់ជនបទ គឺមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍសេដ្ឋកិច្ចឱ្យប្រកបដោយចីរភាព»។
កន្លងមក វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានចូលរួមចំណែកយ៉ាងខ្លាំង ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន, ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ពួកគាត់ ខណៈដែលសេវាហិរញ្ញវត្ថុបានរីករាលដាលយ៉ាងខ្លាំងនៅតាមទីជនបទ, ទុនបន្ថែមបានទៅដល់ដៃប្រជាជនដែលមានចំណូលទាប ដែលមានតម្រូវការទុនដើម្បីវិនិយោគ។ បច្ចុប្បន្ននេះ ប្រជាជនពេញវ័យដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការមានប្រមាណ ៥១% នៃប្រជាជនពេញវ័យសរុប។ តួលេខនេះ បានបន្តកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេល ១០ ឆ្នាំមុន ។
ជាលទ្ធផល វិស័យនេះបានរួមចំណែកយ៉ាងខ្លាំងដល់ការកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រជាជន, គម្លាតរវាងអ្នកមាន និងអ្នកក្រ និងរវាងទីក្រុង និងជនបទ។ ក្នុងនោះ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយជាង ១% ក្នុងមួយឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យអត្រានេះបានធ្លាក់ចុះយ៉ាងលឿនពីជាង ៥៣% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៦% នៅឆ្នាំ ២០១៣ ហើយផលិតផលក្នុងស្រុកសរុបគិតជាមធ្យមសម្រាប់មនុស្សម្នាក់បានកើនពី ៧៦០ ដុល្លារ នៅឆ្នាំ ២០០៨ ដល់ប្រមាណ ១.២២៥ ដុល្លារឤមេរិកក្នុងឆ្នាំ ២០១៥ ដែលធ្វើឱ្យកម្ពុជាកំពុងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
ក្នុងអំឡុងពេលនៃពិធីបើកសន្និសីទជាតិស្តីពីមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពី ឆ្នាំ ២០០៦ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីពង្រឹងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឱ្យមានប្រសិទ្ធភាព និងសុខភាពល្អ សំដៅរួមចំណែកអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ខ្ញុំសង្កេតឃើញថា វិស័យមីក្រូហិរញ្ញវត្ថុបានរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងទំហំ និងវិសាលភាព។ ពិតណាស់ថា ការរីកចម្រើននេះក៏មិនឤចសម្រេចបានដែរ ប្រសិនបើមិនមានបរិយាកាសអំណោយផលពីកត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើឱ្យកាន់តែប្រសើរក្នុងការគ្រប់គ្រង និងអនុវត្តនូវគោលនយោបាយសារពើពន្ធរបស់រាជរដ្ឋាភិបាល។
ជាមួយនេះ ធនាគារជាតិនៃកម្ពុជាតែងបានបន្តកែសម្រួលបទបញ្ជាប្រុងប្រយ័ត្ន សម្រាប់ត្រួតពិនិត្យ ឱ្យស្របតាមការអភិវឌ្ឍនៃទីផ្សារ និងបទដ្ឋានអន្តរជាតិ និងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព។ ប្រការទាំងនេះ បាននាំឱ្យវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តរីកចម្រើនគួរឱ្យកត់សម្គាល់ និងត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិអំពីភាពរឹងមាំ, ទាំងលើផ្នែកក្របខ័ណ្ឌបទប្បញ្ញត្តិ, ភាពច្នៃប្រឌិត និងភាពទន់ភ្លន់នៃប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាតែងបានចូលរួមក្នុងកម្មវិធីចែករំលែកបទពិសោធន៍ស្តីពីការរៀបចំបទប្បញ្ញត្តិ និងការត្រួតពិនិត្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកត្តាជោគជ័យនានា ដែលទទួលបានកន្លងមកដល់ឤជ្ញាធរត្រួតពិនិត្យមួយចំនួន ដូចជាធនាគារកណ្តាលនីហ្សេរីយ៉ា, ធនាគារកណ្តាលឡាវ, ធនាគារកណ្តាលវៀតណាម, ឤជ្ញាធរត្រួតពិនិត្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមីយ៉ាន់ម៉ា៘ នេះជាមោទនភាពមួយរបស់កម្ពុជាយើង ដោយឈរលើកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់យើង។
ទន្ទឹមនេះ ខ្ញុំសូមជំរុញលើកទឹកចិត្តឱ្យបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗសមស្របជាមួយតម្រូវការរបស់ប្រជាជនក្រីក្រ ក្រៅពីសេវាឥណទាន ក្នុងនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ផ្តល់នូវសេវាផ្សេងៗទៀតដូចជា សេវាប្រាក់សន្សំ, សេវាផ្ទេរប្រាក់, សេវាម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិ, សេវាធានារ៉ាប់រងខ្នាតតូច និងសេវាធនាគារចល័តជាដើម។ សេវាទាំងអស់នេះ ត្រូវបានផ្តល់ឱ្យអតិថិជនក្នុងគោលបំណងជួយសម្រួល និងលើកកម្ពស់ស្ថានភាពហិរញ្ញវត្ថុគ្រួសារ ក៏ដូចជាឤជីវកម្មឱ្យកាន់តែប្រសើរឡើង ហើយត្រូវបន្តពង្រីកបណ្តាញប្រតិបត្តិការឱ្យគ្របដណ្តប់រហូតដល់ថ្នាក់មូលដ្ឋាននៅទូទាំង ២៥ រាជធានីខេត្ត។
ដោយឡែក ពាក់ព័ន្ធនឹងការចុះបញ្ជីអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពធនាគារដោយពុំទាន់មានច្បាប់អនុញ្ញាតនាពេលកន្លងមក មានអង្គការមិនមែនរដ្ឋាភិបាល, សមាគម និងឈ្មួញឱ្យខ្ចីចងការប្រាក់ក្រៅប្រព័ន្ធ បានចាត់ទុកខ្លួនឯងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ ដោយយកអត្រាការប្រាក់កម្ចីខ្ពស់, ប្រើវិធីសាស្ត្រគណនាសងប្រាក់កម្ចីមានលក្ខណៈកេងបន្លំ និងកេងប្រវ័ញ្ច, នីតិវិធីនៃការខ្ចីប្រាក់មានភាពធូររលុង និងឆាប់រហ័ស ដែលកត្តាទាំងនេះ បានជំរុញឱ្យប្រជាជនទទួលបានប្រាក់កម្ចីពីប្រភពទាំងនោះ ភាគច្រើនត្រូវជាប់បន្ទុកបំណុលវ័ន្តក និងគ្មានលទ្ធភាពសងបំណុលវិញ។ ជាលទ្ធផលទ្រព្យបញ្ចាំដែលរួមមាន ដីធ្លី, ផ្ទះសម្បែង, ដីស្រែ ត្រូវបានអង្គការ, សមាគម ឬឈ្មួញទាំងនោះ រឹបអូស។ លើសពីនេះ ក៏មានគណបក្សនយោបាយ និងបុគ្គលមួយចំនួន បាននិងកំពុងកេងយកផលចំណេញផ្នែកនយោបាយ ដោយឃោសនាឱ្យប្រជាជនយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាគ្រឹះស្ថានរបស់រដ្ឋ ដូច្នេះប្រាក់ដែលខ្ចីជារបស់រដ្ឋ ហើយជំរុញឱ្យប្រជាជនខ្ចីប្រាក់មិនចាំបាច់សងប្រាក់កម្ចីនោះត្រឡប់វិញទេ ហើយថែមទាំងបានសន្យាថា បើពួកគេឈ្នះឆ្នោតនៅឤណត្តិក្រោយនោះ ពួកគេនឹងលុបចោលប្រាក់កម្ចីទាំងនោះ។ នេះជាការបំភ្លៃការពិត, ជាសកម្មភាពកេងប្រវ័ញ្ច និងបោកប្រាស់ ហើយត្រូវបានបំភ្លឺ ព្រមទាំងថ្កោលទោសចំពោះអង្គការ, សមាគម និងឈ្មួញឱ្យខ្ចីចងការប្រាក់ទាំងនោះ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៥។
[ចាប់ផ្តើម សេចក្តីអធិប្បាយ]
មីក្រូហិរញ្ញវត្ថុ ឬអង្គការក្រៅរដ្ឋាភិបាលមិនស្របច្បាប់ យកប្រាក់កម្ចីធ្វើជានុយ
ចំណុចនេះ ខ្ញុំគួរតែបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋរបស់យើង។ កន្លងទៅនេះ មានការធ្វើសកម្មភាពឯងៗ របស់អង្គការមួយចំនួន ដែលមុននេះ ជាអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែប្រែក្លាយខ្លួនទៅជាមីក្រូហិរញ្ញវត្ថុ។ អ្នកទាំងនោះ ហាក់ដូចជាមានចេតនាតែម្ដង។ ឧទាហរណ៍៖ ធម្មតា គោលការណ៍សម្រាប់ការឲ្យខ្ចី យើងតែងតែដឹងថា (គេ)មានសមត្ថភាពសង ឬអត់? នេះជាបញ្ហាសំខាន់។ ហើយយកទៅបម្រើគោលដៅការផលិត ឬយ៉ាងណា? សូម្បីតែប្រទេសក្រៅឲ្យយើងខ្ចី ក៏(គេ)ត្រូវដឹងថា ហើយខ្ចីយកទៅធ្វើអី? ដើម្បីគេដឹងថា យើងមានសមត្ថភាពសង ឬអត់? ប៉ុន្តែនេះអត់ទេ ហាក់ដូចជាមានចេតនា ដើម្បីរឹបអូសយកផ្ទះសម្បែង និងដីធ្លីតែម្ដង តាមរយៈភាពធូររលុងក្នុងការឲ្យខ្ចី។ ជួនកាល ខ្ចីយកទៅទិញម៉ូតូជិះ។ មានលទ្ធភាពសងពីណា? ដល់ពេលកំណត់ គឺចាប់ផ្ដើមរឹបអូសយកផ្ទះសម្បែង ដីធ្លីតែម្ដង។ សូម្បីថ្ងៃមុន មានមួយករណី យកលុយទៅសងហើយ គ្រាន់តែសងយឺត កិកកុករកវិធីបិទផ្ទះមិនឲ្យម្ចាស់ផ្ទះចូល រួចហើយដាក់(ផ្ទះ)លក់ឡៃឡុង។ ឃើញតាមកញ្ចក់ទូរទស្សន៍មួយ។ បើមិនមានអ្នកទៅធ្វើអន្តរាគមន៍សង្រ្គោះទេ គ្រួសារហ្នឹងនឹងបាត់បង់ផ្ទះ និងដីធ្លីតែម្ដង។
អញ្ចឹង អង្គការក្រៅរដ្ឋាភិបាល និងអ្នកធ្វើសកម្មភាពខុសច្បាប់មួយចំនួន មិនគួរត្រូវបានលើកលែងទេ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ ត្រូវមើលរឿងហ្នឹងឲ្យច្បាស់។ នេះជាការបំផ្លាញពលរដ្ឋតាមរយៈយកប្រាក់កម្ចីធ្វើជានុយ ដើម្បីទាញយកនូវផលប្រយោជន៍។ គោលដៅធំជាងគេ គឺធ្វើម៉េចឲ្យគ្រួសារហ្នឹងជំពាក់គ្មានលទ្ធភាពសង ដើម្បីមានលទ្ធភាពទៅរឹបអូសផ្ទះសម្បែងតែម្ដង។ ហ្នឹងជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់។ ខ្ញុំមើលយូរៗទៅ (សកម្មភាព)នេះ មានចេតនារឹបអូសផ្ទះ រឹបអូសដីធ្លីតែម្ដង ព្រោះ(លក្ខខណ្ឌ)ឲ្យខ្ចីហ្នឹងធូរពេក …។
អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មិនត្រូវឃុតឃិតជាមួយមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋ
… ខ្ញុំសូមផ្ដាំទៅអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ហើយអស់លោកមេប៉ូលីស មេប៉ុស្តិ៍អី បើអត់មាន(ការបញ្ជាក់)ស្អីច្បាស់លាស់ទេ កុំរពឹសដៃខាងគាំទ្រពួកម្ចាស់មីក្រូហិរញ្ញវត្ថុទៅរឹបអូសផ្ទះគេ ដីធ្លីគេ។ (រឿង)ហ្នឹងត្រូវឆ្លងកាត់នូវដំណាក់កាលនៃបញ្ហាតុលាការឯណោះ។ សូម្បីថ្ងៃមុន គ្នាមានលុយចុងក្រោយយកទៅសងហើយ កិកកុកបិទមិនឲ្យចូលផ្ទះ។ អាហ្នឹងជាចេតនា។ (ពួកគេ)ជំពាក់ ៧២ ម៉ឺនរៀល ចង់យកផ្ទះគេទៅឡៃឡុងតែម្ដង។ ធនាគារហ្នឹងមកពីណា? មិនសារ៉េវាបន្ដិច។ អស់លោកចៅហ្វាយក្រុង ចៅហ្វាយខ័ណ្ឌ អស់លោកមេប៉ូលីស មេអីហ្នឹង ទៅគាំទ្រដែរអញ្ចឹង? សូមធ្វើឲ្យច្បាស់លាស់ឡើងវិញ។ បើថាការខ្ចីហ្នឹង ដើម្បីបង្កើតជាមុខរបរ ចាំអោយខ្ចី។ បើខ្ចីយកទៅលេងល្បែង ក៏ឲ្យខ្ចីដែរ ងាប់ហើយ។
ប្រជាពលរដ្ឋត្រូវពិចារណាពីមីក្រូហិរញ្ញវត្ថុ/អង្គការក្រៅរដ្ឋាភិបាល ឱ្យអត្រាការប្រាក់ខ្ពស់ ដើម្បីបោកប្រាស់
រឿងមួយទៀត រឿងបោកលុយ។ ដូចនៅខេត្តបាត់ដំបង ដែលខ្ញុំប្រាប់ឲ្យចេញសេចក្ដីថ្លែងការណ៍បន្ទាន់។ មានមីក្រូហិរញ្ញវត្ថុណាមួយនោះ ឲ្យប្រជាជនយកលុយមកដាក់(ផ្ញើ) ហើយដោយមានអាត្រាការប្រាក់ក្នុងមួយខែ ១២% ចាំទេ? ក្នុងមួយខែ ការប្រាក់ ១២% បើគិតទៅ ក្នុងមួយឆ្នាំ ១៤៤%។ ប្រជាពលរដ្ឋរបស់យើងហ្នឹងទៀត ដោយសារតែចង់បានការប្រាក់ខ្ពស់ គាត់ចេះតែយកលុយ(ដាក់ផ្ញើ)ឲ្យគេទៅ។ សូមប្រជាពលរដ្ឋមេត្តាពិចារណា តើធនាគារណា (ឬមីក្រូហិរញ្ញវត្ថុណា) នៅលើពិភពលោកនេះ ហ៊ានឲ្យអត្រាការប្រាក់ក្នុងមួយឆ្នាំជាង ១០០%? ជាវិធីបោកតាមរយៈតាំងខ្លួនជា(ធនាគារ ឬមីក្រូហិរញ្ញវត្ថុ)ទទួលបញ្ញើ ហើយបញ្ចេញការប្រាក់ឲ្យខ្ពស់។ ប្រជាពលរដ្ឋរបស់យើងមានប្រាក់បន្តិចបន្តួច រហូតដល់អ្នកខ្លះ ដែលខ្ញុំស៊ើបដឹង យកទៅដាក់(ផ្ញើ)ឲ្យគេមួយខែបាន ១២% អញ្ចឹងគាត់ទៅលួចខ្ចីគេនៅណេះ(ប្រភពណាមួយ) មួយខែ(ការប្រាក់) ៧% ដើម្បីគាត់យក ៧% នេះ ទៅដាក់(ផ្ញើ)ឲ្យ(ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលបានការប្រាក់) ១២% ដើម្បីគាត់ចំណេញ ៥%។ សុំអង្វរកប្រជាពលរដ្ឋប្រយ័ត្នប្រយែងរឿងលុយកាក់។ មួយទៀត សូមប្រជាពលរដ្ឋមេត្តាយល់ឲ្យច្បាស់ រដូវឃោសនាបោះឆ្នោតពេលណាក៏ដោយ ហើយឃោសនាពីឥឡូវទៅហើយថា (ពីការសន្យាថា) បើឈ្នះឆ្នោត នឹងលុបចោលទាំងអស់នូវបំណុល។
រាជរដ្ឋាភិបាល មានធនាគារជាតិតែមួយគត់ និងមានថវិកាមួយចំនួន ត្រៀមគ្រោះហានិភ័យ
ខ្ញុំសូមជំរាបជូនថា រដ្ឋមានតែធនាគារជាតិមួយប៉ុណ្ណោះ ហើយធនាគារជាតិនេះ មិនធ្វើសកម្មភាពឲ្យខ្ចីចងការនោះទេ។ កន្លងទៅ ធនាគារជាតិធ្លាប់ឲ្យខ្ចី ប៉ុន្តែមិនមែនឲ្យប្រជាជនខ្ចីនោះទេ ឲ្យរដ្ឋខ្ចី។ នៅចាំទេ? មានពេលមួយនោះ យើងខ្ចីយកមកបើកប្រាក់ខែ (ដែល)ឯកឧត្តម គាត ឈន់ អ្នកទៅខ្ចីកាលហ្នឹង។ ទម្រាំតែសងធនាគារជាតិរួច។ ឥឡូវធនាគារជាតិល្មមចេញការប្រាក់ឲ្យរាជរដ្ឋាភិបាលខ្លះទៅអី? កាលពីមុន យើងខ្ចីគាត់ គាត់ទារការប្រាក់ពីយើង។ ដល់ឥឡូវសាច់ប្រាក់បម្រុងរបស់យើង យកទៅដាក់ក្នុងធនាគារ ហើយធនាគារមិនយកទៅឲ្យគេ(ខ្ចី)។ រាល់ថ្ងៃ រាជរដ្ឋាភិបាលមានថវិកាមួយចំនួនបម្រុងទុក ស្រោចស្រង់សេដ្ឋកិច្ច ក៏យកទៅដាក់នៅធនាគារ។ តើធនាគារមានយកទៅប្រើអត់? បើប្រើសូមឲ្យការប្រាក់គ្នា។ ចរចាឡើងវិញ។ បើថាហ៊ានយកទៅប្រើ ត្រូវឲ្យការប្រាក់ យ៉ាងហោចណាស់តិចតួច ជានិមិត្តរូបថា រដ្ឋឲ្យធនាគារខ្ចី(គេខ្ចីយកទៅវិនិយោគ បើបានប្រាក់ចំណេញ គេចែកឲ្យខ្លះដែរ)។ កាលពីមុន សងការប្រាក់ធនាគារមិនមែនជារឿងស្រួលឯណា។ ឥឡូវដល់រដ្ឋមានលុយដល់ទៅទុកផ្ញើនៅធនាគារ ដើម្បីត្រៀមហានិភ័យ ព្រោះមិនដឹងថា ឆ្នាំហ្នឹង វាកើតឡើងនូវគ្រោះមហន្តរាយធម្មជាតិឬអត់? ចាយលុយ កុំចាយឲ្យអស់ពីដៃ ត្រូវមានក្តាប់ក្នុងដៃ។
សូមបក្សនយោបាយឈប់បោកថា នឹងលុបបំណុលប្រជាពលរដ្ឋចោល
សូមផ្តាំទៅបក្សនយោបាយនានា សូមកុំធ្វើអំពើថោកទាប ដើរបោកប្រជាពលរដ្ឋថា បើសិនជាឈ្នះឆ្នោត នឹងលុបចោលនូវបំណុល។ ខ្ញុំថា សកម្មភាពបែបនេះ ថតឲ្យជាប់ ចាប់ខ្លួនតែម្តង។ នេះជាការបំពានលើបទប្បញ្ញត្តិហិរញ្ញវត្ថុ។ ចាប់ខ្លួននៅនឹងកន្លែងតែម្តង។ តំណាងរាស្រ្តក៏ត្រូវចាប់ដែរ ព្រោះនេះចាប់លើបទល្មើសជាក់ស្តែង។ និយាយអញ្ចឹងថា គំរាមគេទៀតហើយ។ ប៉ុន្តែ នេះជាបទល្មើសជាក់ស្តែង ដែលអ្នកឯងទៅប្រព្រឹត្ត។ ដើម្បីតែចំណេញនយោបាយ បោកប្រាស់ប្រជាពលរដ្ឋ។ សួរថាគ្រោះថ្នាក់ប៉ុណ្ណា? អញ្ចឹង រុញឲ្យប្រជាជនចេះតែខ្ចីតទៅទៀត? ប៉ុន្មានអាទិត្យមុនហ្នឹង មានអ្នកទៅឃោសនាថា បើសិនជាគេឈ្នះឆ្នោត គឺមិនបាច់សងលុយ។ អាហ្នឹងស្អី? នេះជាបទល្មើសទៅលើបទប្បញ្ញត្តិហិរញ្ញវត្ថុ។ យើងត្រូវស៊ីសងគ្នាហើយសុំខាងអ្នកច្បាប់សិក្សាអំពីបញ្ហាហ្នឹង ដើម្បីចៀសវាងនូវការធ្វើនយោបាយប្រជាភិថុតតទៅទៀត។ រឿងនេះមិនមែនជារឿងលេងសើចទេ។ បើសិនជាបក្សនយោបាយមួយមានសមាជិក សមាជិកា និងមេដឹកនាំបក្សទៅសន្យាបែបនេះ ប្រជាពលរដ្ឋរបស់យើងនឹងគិតតែពីរឿងខ្ចី បូករួមទាំងអ្នកដែលចូលចិត្តចង់ឲ្យខ្ចី ដើម្បីបង្កើតនូវស្ថានភាពងាយរឹបអូសផ្ទះសម្បែង ទ្រព្យសម្បត្តិ …។
បញ្ជាក់ឡើងវិញលើ បីចំណុច
កន្លែងហ្នឹង ខ្ញុំសូមបញ្ជាក់លើ ៣ ចំណុច៖
ទី ១ ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុមិនស្របច្បាប់ ដែលហាក់ដូចជាមានគោលដៅចង់រឹបអូស ហើយអនុវត្តវិធីឲ្យខ្ចី ដោយមិនគិតគូរអំពីលទ្ធភាពសង និងឲ្យខ្ចីដោយគ្មានគោលដៅជម្រុញការបង្កើតមុខរបរ និងជម្រុញផលិតកម្មរកប្រាក់ចំណូល។
ទី ២ គឺចំពោះអ្នកដែលតាំងខ្លួនធ្វើជាមីក្រូហិរញ្ញវត្ថុ ឬតាំងខ្លួនជាអ្នកអាជីវកម្មប្រាក់ដោយគ្មានច្បាប់ទម្លាប់ ហើយឲ្យការប្រាក់ខ្ពស់ ដែលមានចរិតជាការបោកប្រាស់។
ទី ៣ បក្សនយោបាយណា ឬអ្នកតំណាងរាស្រ្ត ឬក៏មេដឹកនាំបក្សណា ដែលទៅបោកប្រជាពលរដ្ឋថា ពេលឈ្នះឆ្នោត គេនឹងលុបចោលបំណុលទាំងអស់ ព្រោះបំណុលជាបំណុលរបស់រដ្ឋ ខ្ញុំសូមស្នើឲ្យចាប់ខ្លួននៅនឹងកន្លែង ព្រោះវាជាការបោកប្រាស់ ខុសនឹងបទប្បញ្ញត្តិផ្នែកហិរញ្ញវត្ថុ។ (មិនមែនជាបំណុល)ខាងរដ្ឋឯណា អ្នកឯងទៅបោកប្រជាជនស្រស់ៗ ដូច្នេះអំពើបោកប្រាស់ គឺជារឿងត្រូវចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែង ជាការសមរម្យហើយ។ បើមិនពង្រឹងក្នុងបញ្ហាហ្នឹងទេ ប្រជាពលរដ្ឋរបស់យើងនឹងនៅតែរងគ្រោះ ដោយសារតែបក្សនយោបាយថែមទៀត។ ជម្រុញឲ្យខ្ចីៗ រួចហើយថា ចាំដល់ពេលខ្ញុំឈ្នះមិនបាច់សង។ ពីមុន ពេលរៀបចំឃោសនាបោះឆ្នោត ទើបគេចាប់ផ្តើម តែឥឡូវ គេចាប់ផ្តើមពីម៉ោងនេះទៅហើយ។ យើងក៏ត្រូវធ្វើសកម្មភាពពីម៉ោងហ្នឹងដែរ។
សុំអ្នកការទូត(កុំមកលើក)ថា ចុះម៉េចក៏ចាប់ទាំងតំណាងរាស្រ្ត? បើតំណាងរាស្រ្តខូច គឺចាប់ហើយ ចាប់ក្នុងបទល្មើសជាក់ស្តែង។ កុំយកអភ័យឯកសិទ្ធិមកពាំង។ អភ័យឯកសិទ្ធិគេឲ្យអ្នកឯងនិយាយត្រង់ មិនមែនឲ្យអ្នកឯងភូត បោកប្រាស់ឯណា។ ថ្ងៃនេះ ប៉ូលីសមកច្រើនណាស់។ កុំពូកែទៅគាំទ្ររឹបអូសផ្ទះ/ដី។ ករណីតុលាការរឿងមួយ តែបើករណីគ្រាន់តែម្ចាស់ហិរញ្ញវត្ថុស្នើឲ្យទៅជួយ កុំរពឹសដៃពេកលោកប៉ូលីស។ ប៉ុន្តែ បើលឺ(គេឃោសនា)ថា បងប្អូនអើយ ពេលណាខ្ញុំឈ្នះ មិនចាំបាច់សងប្រាក់ទេ, ចាប់ភ្លាមតែម្តងទៅ កុំឲ្យខូចពេក។ ធ្វើនយោបាយឲ្យវាមានសុច្ចរិតភាព។
[ចប់ សេចក្តីអធិប្បាយ]
ព្រមជាមួយនេះ ធនាគារជាតិនៃកម្ពុជាកំពុងពិនិត្យលើគុណវុឌ្ឍិ, ភាពត្រឹមត្រូវច្បាស់លាស់ ព្រមទាំងចុះត្រួតពិនិត្យដល់ទីកន្លែងជាមុន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចផ្តល់ ឬមិនផ្តល់ឤជ្ញាប័ណ្ណ ឬចុះបញ្ជីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ចំពោះមុខនេះយើងឃើញថា ធនាគារជាតិនៃកម្ពុជាបានរួមចំណែកបង្កើនចំណេះដឹង លើការប្រើប្រាស់សេវាហិរញ្ញវត្ថុដល់ថ្នាក់មូលដ្ឋាន ដែលធ្វើឱ្យប្រជាជនមានការយល់ដឹងកាន់តែច្រើនក្នុងការស្វែងរកប្រភពហិរញ្ញប្បទានពីធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិសេសធ្វើឱ្យពួកគេយល់ច្បាស់ថា មីក្រូហិរញ្ញវត្ថុពុំមែនជាសកម្មភាពសប្បុរសធម៌នោះទេ។
ជាលទ្ធផល គួរឱ្យកត់សម្គាល់មួយទៀត គឺអត្រាការប្រាក់ឥណទានប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាននិន្នាការថយចុះជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក ដោយបានថយចុះពី ៣៦% ក្នុងឆ្នាំ ២០០៦ មក ៣២% ក្នុងឆ្នាំ ២០០៩ បានថយចុះដល់ ២៧,៥% ក្នុងឆ្នាំ ២០១២ និងរហូតដល់ ២៣,៧% ក្នុងឆ្នាំ ២០១៥ ហើយរំពឹងថានឹងថយចុះបន្តបន្ទាប់ទៀត។ ការថយចុះនេះ គឺបណ្តាលមកពីការអនុវត្តយន្តការទីផ្សារ ដែលលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងដោយតម្លាភាព សំដៅពង្រឹងគុណភាពនៃសេវា និងផលិតផលហិរញ្ញវត្ថុ ។
សរុបមក ខ្ញុំកត់សម្គាល់ឃើញថា មានកត្តាសំខាន់ចំនួន ៤ ដែលជាកត្តាពន្លឿនកំណើនវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងនោះមាន៖ (១)· គោលនយោបាយគាំពារ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។ (២)· ក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យដោយប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា។ (៣)· ភាពរស់រវើក និងការច្នៃប្រឌិតរបស់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ។ និង (៤)· តម្រូវការ និងការគាំទ្ររបស់អតិថិជន ដោយយល់ឃើញពីសារៈសំខាន់ នៃវិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។
ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ ទន្ទឹមគ្នានឹងការជំរុញអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និយាយជារួម និងវិស័យមីក្រូហិរញ្ញវត្ថុ និយាយដោយឡែក ដើម្បីចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយ និងការបង្កនូវបរិស្ថានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសការបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយស្មើភាព។ ជាក់ស្តែង កម្ពុជាបានអនុម័តជាបន្តបន្ទាប់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ក្នុងនោះ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១១-២០២០» បានផ្តោតសំខាន់លើការអភិវឌ្ឍ និងការបង្កើតក្របខ័ណ្ឌច្បាប់ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការកេណ្ឌប្រមូល និងបែងចែកធនធាន ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុសំដៅទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ដោយឡែក សម្រាប់អង្គសន្និសីទថ្ងៃនេះ យើងមិនត្រឹមតែលើកឡើងពីភាពជឿនលឿននៃវិស័យមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកយកបញ្ហាប្រឈម, តួនាទី និងការធ្វើអន្តរការិយកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងតួនាទីរបស់រាជរដ្ឋាភិបាល ពិសេសឤជ្ញាធរពាក់ព័ន្ធនានាក្នុងការគាំទ្រប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ ដើម្បីរិះរកដំណោះស្រាយ សំដៅធ្វើឱ្យប្រតិបត្តិការមីក្រូហិរញ្ញវត្ថុប្រព្រឹត្តទៅដោយរលូន, មានប្រសិទ្ធភាព, មានសុវត្ថិភាព និងបន្តរួមចំណែកលើក កម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកឡើងនូវមតិមួយចំនួនដែលជាអនុសាសន៍បន្ថែមទៀត សម្រាប់ជាជំនួយស្មារតីក្នុងការរួមចំណែកអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាឱ្យមានវិសាលភាពកាន់តែទូលាយ, កាន់តែមានពិពិធភាព, មានតួនាទីកាន់តែស៊ីជម្រៅ ហើយរឹងមាំ និងមានប្រសិទ្ធភាព ដើម្បីបន្តទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដែលក្នុងនោះមាន៖
ទី១· ធនាគារជាតិនៃកម្ពុជាក្នុងនាមជាឤជ្ញាធរបញ្ញត្តិកម្ម និងត្រួតពិនិត្យចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបន្តដាក់ចេញនូវក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យ ដោយធ្វើការថ្លឹងថ្លែងប្រកបដោយសមភាព, បំពេញបន្ថែម និងធ្វើសុខដុមនីយកម្មក្របខណ្ឌគតិយុត្ត ព្រមទាំងការពង្រឹងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សឱ្យប្រកបដោយវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
ទី២· ធនាគារជាតិនៃកម្ពុជាត្រូវបន្តតាមដាន និងចាត់វិធានការលើអ្នកឱ្យខ្ចីចងការក្រៅប្រព័ន្ធ ឱ្យបានម៉ឺងម៉ាត់។ ក្នុងនោះដែរ ត្រូវបន្តខិតខំជំរុញសេវាមីក្រូហិរញ្ញវត្ថុតាមថ្លៃ និងលក្ខខណ្ឌកាន់តែមានលក្ខណៈអនុគ្រោះសម្រាប់ប្រជាជនក្រីក្រ ក៏ដូចជាសហគមន៍កសិកម្ម សំដៅលើកស្ទួយសេដ្ឋកិច្ចជនបទ ទន្ទឹមនឹងការបន្តពង្រីកការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម, គាំទ្រដល់ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥» ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។
ទី៣· ធនាគារជាតិនៃកម្ពុជា ត្រូវរៀបចំនូវគោលនយោបាយ ឬយុទ្ធសាស្ត្រលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និង កិច្ចគាំពារអតិថិជន សំដៅធ្វើយ៉ាងណាបង្កភាពងាយស្រួល និងលើកទឹកចិត្តប្រជាជន ឱ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុក្នុងប្រព័ន្ធ និងធានាថា ផលប្រយោជន៍របស់ពួកគាត់ត្រូវបានការពារប្រកបដោយតម្លាភាព។
ទី៤· ធនាគារជាតិនៃកម្ពុជាត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំយុវជន និងកីឡា ក្នុងការរៀបចំដាក់បញ្ចូលនូវចំណេះដឹងហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ តាំងពីថ្នាក់បឋមសិក្សា ឬមធ្យមសិក្សា។
ទី៥· ធនាគារជាតិនៃកម្ពុជាត្រូវបន្តរៀបចំកម្មវិធីសិក្ខាសាលា និងវេទិកាថ្នាក់តំបន់ និងថ្នាក់ជាតិ ដើម្បីផ្សព្វ- ផ្សាយជូនសាធារណជនឱ្យជ្រួតជ្រាបបន្ថែមទៀត អំពីប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងហានិភ័យផ្សេងៗ ដែលឤចកើតឡើងពីការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមចំណែកធ្វើឱ្យវិស័យនេះ មានការអភិវឌ្ឍគួរជាទីមោទនៈ និងសូមជូនពរដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាទាំងអស់ និងដៃគូពាក់ព័ន្ធទាំងអស់នៃវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាឱ្យទទួលបាននូវវឌ្ឍនភាព និងជោគជ័យថ្មីៗទៀតក្នុងពេលខាងមុខ។
ដើម្បីជាការបូកសរុប ខ្ញុំសូមដកស្រង់ពីច្បាប់អរិយសត្ថាសម្រាប់ជាគតិ ដែលចាស់ទុំបរមបូរាណលោកបានអប់រំកូនខ្មែររាប់សតវត្សរ៍មកហើយថា៖
វាយលេខទាត់ក្បាច់ សឹងផ្សំសម្រេច ឱ្យបានដឹងដាន
ដឹងដើមដឹងចុង ដឹងបង់ដឹងបាន ដឹងគិតប្រមាណ
កត់ត្រាបញ្ជី។
ឱ្យបានប្រយោជន៍ ប្រយ័ត្នអសោចិ៍ ជាអ្នករកស៊ី
សម្រាប់លោកិយ ប្រក្រតីជាទី សម្គាល់បញ្ជី
ស្មៀនត្រាសៀវភៅ ។
គន់គិតប្រយ័ត្ន អស់ទ្រព្យសម្បត្តិ ឱ្យស្ទាត់ដោយនូវ
វាយលេខទាត់ក្បាច់ ឱ្យស្រេចឃើញផ្លូវ សឹមថយចេញទៅ
តាមផ្លូវលោកិយ ។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើក «សន្និសីទជាតិស្តីពីការអភិវឌ្ឍនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅពេលនេះ ខ្ញុំសូមជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមក្នុងសន្និសីទនេះ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការឤយុ វណ្ណៈសុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរគុណ៕