ក្មួយៗ យុវជន យុវនារីជាទីស្រឡាញ់!
តាំងពីពេលមុន មកទល់ពេលបច្ចុប្បន្ន មនុស្សមួយចំនួនធំនិយមជក់បារី។ ដោយឡែក សម្រាប់ប្រទេសកម្ពុជាយើង ក្រោយពីប្រទេសបានធ្លាក់ក្នុងសង្រ្គាមនៅឆ្នាំ ១៩៧០ យុវជននៅទូទាំងប្រទេសបានក្លាយទៅជាចំណាប់ខ្មាំងនៃសង្រ្គាមដែលគ្មានផ្លូវទី ៣ សម្រាប់ជ្រើសរើស ព្រោះប្រទេសបានបែងចែកជាតំបន់កាន់កាប់ពីរ ម្ខាងត្រួតត្រាដោយរដ្ឋាភិបាលចេញពីរដ្ឋប្រហារដោយសេនាប្រមុខ លន់ នល់ និងម្ខាងទៀតគ្រប់គ្រងនៅតំបន់រំដោះ ដែលដឹកនាំដោយ សម្តេចព្រះនរោត្តម សីហនុ។ គ្មានផ្លូវជ្រើសរើសម្រាប់អោយយុវជនយើងនៅចន្លោះកណ្តាលនោះទេ។ ការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះនរោត្តម សីហនុ គឺខ្ញុំបានក្លាយខ្លួនទៅជាយុទ្ធជនម្នាក់នៃកងទ័ពតាំងពីថ្ងៃទី ៤ ខែ មេសា ១៩៧០ បន្ទាប់ពីរដ្ឋប្រហាររបស់ លន់ នល់ នៅថ្ងៃទី ១៨ មីនា ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ក្រោយពីចូលកងទ័ព ខ្ញុំបានក្លាយទៅជាអ្នកជក់បារី ដោយចាប់ផ្តើមពីការរៀនជក់ អាស្រ័យដោយការជក់នៅពេលនោះ គឺដើម្បីកាត់បន្ថយភាពតានតឹងក្នុងការងារ កាត់បន្ថយមូស និងសត្វល្អិតខាំ។ ប៉ុន្តែក្រោយមកការជក់នេះ គឺចាប់ក្លាយទៅជាឆ្ងាញ់ហើយញៀន និងបន្តមកទៀត ខ្ញុំបានជក់ដើម្បីការគិត។ ខ្ញុំនៅចាំបានថាយុទ្ធជននៅអង្គភាពខ្ញុំស្ទើរតែ ១០០% ដែលចេះជក់បារី។ ការញៀនបារីរបស់ខ្ញុំនេះ ទោះបីស្ថិតក្នុងស្ថានភាពលំបាកក្នុងការរកថ្នាំជក់ គឺខ្ញុំស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗ មកជក់ជំនួសបារី។
នៅក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ រហូតមកទល់ ខែ មីនា ២០១៤ ខ្ញុំបានព្យាយាមឈប់ជក់បារីចំនួន ១២លើក។ ចំពោះរឿងរ៉ាវដែលខ្ញុំចងចាំ និងគួរអោយខ្មាសអៀនខ្លួនឯង គឺនៅពេលអាពាហ៍ពិពាហ៍កូនស្រី ខ្ញុំបាននិយាយទៅកាន់អ្នកចូលរួមក្នុងពិធីទាំងភ្ញៀវជាតិ និងអន្តរជាតិថា ប្រសិនបើខ្ញុំមានចៅ ខ្ញុំនឹងឈប់ជក់បារី។ ខ្ញុំនិយាយជាភាសាខ្មែរផង និងភាសាអង់គ្លេសផង ធ្វើអោយភ្ញៀវចូលរួម ទះដៃអបអរសាទរយ៉ាងខ្លាំង។ ប៉ុន្តែជាការគួរអោយសោកស្តាយ ដែលខ្ញុំមិនអាចធ្វើបាន។ ថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០០០ ចៅស្រីរបស់ខ្ញុំបានចាប់កំណើត។ ការសន្យារបស់ខ្ញុំ មិនអាចអនុវត្តទៅបាន។ រហូតមកដល់ខែ មីនា ឆ្នាំ ២០១៤ ទើបខ្ញុំប្តេជ្ញាបញ្ឈប់ការជក់បារី ដែលការប្តេជ្ញានេះមិនត្រឹមតែបំពេញនូវការសន្យាទេ ប៉ុន្តែគឺដើម្បីសុខភាពផ្ទាល់របស់ខ្ញុំ របស់ភរិយាខ្ញុំ របស់កូនៗ និងចៅរបស់ខ្ញុំ ហើយដើម្បីអោយស្របទៅនឹងចរន្តនៃចលនារបស់ពិភពលោក ក៏ដូចជានៅកម្ពុជា ដែលទាមទារអោយកាត់បន្ថយ និងឈប់ជក់បារី ដើម្បីធ្វើអោយកម្ពុជាគ្មានផ្សែងបារី។
ខ្ញុំមិនអាចណែនាំ ទៅកាន់ប្រជាពលរដ្ឋអោយឈប់ជក់បារីបានទេ ប្រសិនបើខ្ញុំនៅតែបន្តជក់។ ព្រោះថាបោសសំអាតផ្ទះខ្លួនឯងមិនស្អាតផង តើទៅបោសសំអាតផ្ទះគេយ៉ាងណា? ប្រិយមិត្តដែលលេងហ្វេសប៊ុកបានចូលបានដាក់សំណួរថា (តើវិធីឈប់ជក់បារីធ្វើយ៉ាងម៉េច?) ខ្ញុំបានឆ្លើយតបទៅគាត់វិញថា គឺការតាំងចិត្តឈប់ជក់ ព្រោះបទពិសោធន៍របស់ខ្ញុំ គឺខ្ញុំដាក់បារីនៅគ្រប់ទីកន្លែងធ្វើការ ទាំងក្នុងហោប៉ៅអាវ ក្នុងឡាន ទាំងបារីមែនទែន បារីសិប្បនិម្មិត(Electric Cigarette) ទាំងថ្នាំបៀម និងស្ករបៀម (gums)។ ប៉ុន្តែខ្ញុំមិនពាល់វាតែម្តង។ គិតពីខែ មីនា ឆ្នាំ ២០១៤ មកទល់បបច្ចុប្បន្ននេះ មានរយៈពេល ២២ ខែហើយដែលខ្ញុំបានផ្តាច់បារីចោលបានទាំងស្រុង។ រយៈពេល ២២ ខែនេះ ខ្ញុំលែងគេចចេញពីចៅៗ ព្រោះខ្លាចចៅទទួលផលប៉ះពាល់ដោយផ្សែងបារី ដែលពីមុនខ្ញុំតែងតែរត់ចេញ ឬពន្លត់បារីចោលភ្លាមពេលចៅៗ មកលេងម្តងៗ ឬពេលដែលខ្ញុំទៅមើលចៅ។ ភរិយាខ្ញុំក៏លែងត្អូញត្អែរអំពីការធុំក្លិនបារីនៅក្នុងផ្ទះ និងក្នុងបន្ទប់។
ថ្ងៃទី ២៨ មករា ២០១៦ នេះ ចៅស្រីរបស់ខ្ញុំគ្រប់អាយុ ១៦ ឆ្នាំ។ កាដូធំជាងគេសម្រាប់នាង គឺខ្ញុំបានបំពេញតាមការសន្យាដែលថាពេលមានចៅគឺខ្ញុំឈប់ជក់បារី ។ ដោយយោងទៅលើបទពិសាធន៍ជាយុវជនជំនាន់មុន ខ្ញុំសូមអំពាវនាវចំពោះប្រជាជន ដែលបាន និងកំពុងជក់បារី សូមមេត្តាឈប់ជក់បារី ។ ចំពោះយុវជន យុវនារីដែលមិនទាន់ចេះជក់បារី សូមកុំរៀនជក់បារី វាមិនមែនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសុខភាពផ្ទាល់របស់យើងម្នាក់ៗ របស់ក្រុមគ្រួសារយើង របស់មិត្តភ័ក្តដែលរួមប្រាស្រ័យការងារជាមួយយើង របស់សហគមន៍យើង និងដល់បរិស្ថានដែលជាផ្នែកមួយនៃសុខភាពសាធារណៈ៕