ឯកឧត្តម មៀន រ៉ាហ្សារ៉ាបាទី (MIAN Raza Rabbani) ប្រធានសភាតំបន់អាស៊ី
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម នីចាត់ ហូសេនៀន (NEJAD Hasseiniam) អគ្គលេខាធិការសភាតំបន់អាស៊ី
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈប្រតិភូមកពីសភាតំបន់អាស៊ី, ប្រទេសសង្កេតការណ៍ និង អង្គការសង្កេតការណ៍
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា!
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមពិធីបើកមហាសន្និបាត លើកទី ៨ នៃសភាតំបន់អាស៊ី ដែលត្រូវបានរៀបចំយ៉ាងឱឡារិក នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅបំផុត ជូនចំពោះសមាជិក សមាជិកាសភា នៃបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី ប្រទេសសង្កេតការណ៍ និងគណៈប្រតិភូទាំងអស់ ដែលបានចូលរួមក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ។ កម្ពុជាពិតជាមានមោទនភាពដ៏ខ្ពង់ខ្ពស់ ដែលទទួលបាននូវមហាកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនៃសភាតំបន់អាស៊ី។
មហាសន្និបាតលើកទី ៨ នៃសភាតំបន់អាស៊ី ក្រោមប្រធានបទ «ការជម្រុញសន្តិភាព ការផ្សះផ្សារ និងការ សន្ទនានៅតំបន់អាស៊ី» នេះពិតជាមានសារសំខាន់មិនត្រឹមតែសម្រាប់ការបំផុសនូវស្មារតីរបស់យើងឲ្យរួមគ្នា ឆ្លើយតបទាន់ពេលវេលា ទៅនឹងសភាពការណ៍វិវត្តន៍របស់តំបន់ និងពិភពលោក ដែលកំពុងតែញាំញី ដោយ រងើកភ្លើងនៃជម្លោះ និងសង្គ្រាម ព្រមទាំងការរីករាលដាលនៃអំពើភេរវកម្ម ដ៏គ្រោះថ្នាក់បំផុត សម្រាប់មនុស្ស ជាតិទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការរូបចំណែកលើកកម្ពស់ការយល់ដឹងឲ្យបានកាន់តែទូលំទូ លាយ អំពីអត្ថន័យ និងតម្លៃនៃសន្តិភាព និងភាពចាំបាច់ក្នុងការរួមចំណែករបស់យើងម្នាក់ៗ ដល់កិច្ចប្រឹង ប្រែងជាអន្តរជាតិ សំដៅទប់ស្កាត់ កាត់បន្ថយ និងបញ្ឈប់ រាល់ជម្លោះប្រដាប់អាវុធ និងសង្គ្រាម នៅគ្រប់ទី កន្លែងទូទាំងពិភពលោកផងដែរ។
នៅក្រោមប្រធានបទនេះ អនុញ្ញាតឲ្យខ្ញុំគូសរំលេចឡើងវិញខ្លះៗ អំពីបទពីសោធន៍ជាក់ស្តែងដែលកម្ពុជាបានជួបប្រទះ ក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ដែលបង្កការឈឺចាប់ ខ្លោចផ្សារ មិនអាចថ្លាថ្លែងបាន ចំពោះប្រជាជនកម្ពុជាទាំងមូល ហើយនៅបន្សល់ស្លាកស្នាមមិនទាន់រលប់អស់នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ។ ដូចអស់លោកអ្នកបានជ្រាបស្រាប់ នាដើមសហសវត្សរ៍ដែលបានកន្លងផុតទៅនេះ កម្ពុជាបានឈានដល់កំពូលនៃភាពរុងរឿងដ៏ល្បីល្បាញ ត្រចះត្រចង់។ យើងធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប នាសម័យនោះ ក្នុងផ្នែក និម្មាបនកម្មកសិកម្ម នគរោបនីយកម្ម និងការសាងសង់ជួសជុលផ្សេងៗ ក៏ប៉ុន្តែ សង្គ្រាមស៊ីវិលផ្សេងៗ និងកលយុគ ដែលបណ្តាលមកពីការបែកបាក់ផ្ទៃក្នុង តាំងពីសតវត្សរ៍ទី ១៤ មក ព្រមទាំងជម្លោះមនោគមវិជ្ជានៃមហាអំណាចខាងក្រៅ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ នៃសតវត្សរ៍ទី ២០ បានរុញច្រានកម្ពុជាឲ្យធ្លាក់ចូលទៅក្នុងរណ្តៅ នៃភាពអន្ធការ។ នៅដើមទសវត្សឆ្នាំ ៧០ កម្ពុជាទទួលរងនូវការបែកបាក់កាន់តែខ្លាំង ដោយសាររដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ដឹកនាំដោយសេនាប្រមុខ លន់ នល់ ទម្លាក់របបសម្តេចព្រះនរោត្តម សីហនុ ដែលធ្វើឲ្យកម្ពុជាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមដ៏ជ្រៅ។ គ្រាប់បែករាប់លានតោន បានទម្លាក់លើទឹកដីកម្ពុជា ប្រជាជនរាប់លាននាក់ត្រូវបានស្លាប់បាត់បង់ជីវិត ធ្លាក់ខ្លួនពិការ វិនាសព្រាត់ប្រាសគ្រួសារ និងបាត់បង់ទ្រព្យសម្បត្តិ។ ឈានដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ ៧០ កម្ពុជាកាន់តែទទួលរងនូវវិនាសកម្មបន្ថែមទៀត នៅក្រោមរបបវាលពិឃាដរបស់ពួកខ្មែរក្រហម ដែលបានបិទសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន និងបានប្រល័យជីវិតជនកម្ពុជាស្លូតត្រង់ អស់ប្រមាណ ៣ លាននាក់។
នៅថ្ងៃទី ៧ ខែ មករា ១៩៧៩ ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចផុតពីក្រញ៉ាំបិសាច នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសារកម្លាំងមហាសាមគ្គី នៃកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា។ ជាបន្តបន្ទាប់ កម្ពុជាបានខិតខំកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ឲ្យរីកចម្រើន និងលូត លាស់ជាលំដាប់ ក្នុងសភាពការណ៍ មានសន្តិភាពផង និងមានសង្គ្រាមផង។ ដោយយល់ច្បាស់ពីបំណង ប្រាថ្នាចង់បានសុខសន្តិភាពរបស់ប្រជាជន យើងបានចាប់ផ្តើមធ្វើការចរចា ស្វែងរកដំណោះស្រាយនយោ បាយ រហូតដល់សម្រេចបាននូវកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ ១៩៩១។ ស្របតាមកិច្ចព្រមព្រៀងនេះ សហគមន៍ អន្តរជាតិបានរៀបចំឲ្យមានការបោះឆ្នោតជាសកលមួយ សម្រាប់កម្ពុជា នៅក្នុងឆ្នាំ ១៩៩៣ ដែលប្រសូត្រ ចេញជារដ្ឋាភិបាលចម្រុះមួយ ដោយបន្សល់ទុកភាគីមួយឲ្យនៅខាងក្រៅនៃចរន្តសង្គមជាតិ ហើយបន្តសង្រ្គាម ប្រឆាំងនឹងរាជរដ្ឋាភិបាល។ រហូតដល់ឆ្នាំ ១៩៩៨ តាមរយៈនៃនយោបាយឈ្នះ-ឈ្នះ ទើបកម្ពុជាអាចសម្រេច បាននូវការបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិដោយខ្លួនឯង ដោយគ្មានការបង្គាប់បញ្ជា ឬបញ្ចុះបញ្ចូលពី ខាងក្រៅ។ លើមូលដ្ឋាននេះ សង្រ្គាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ត្រូវបានបញ្ចប់ ហើយប្រទេសជាតិ ក៏ទទួលបានមកវិញ យ៉ាងពេញលេញ នូវសន្តិភាព ការឯកភាពជាតិ និងបូរណភាពទឹកដី ដោយសារការខិតខំប្រឹងប្រែងយ៉ាងស្វិត ស្វាញ ដើម្បីការបង្រួបបង្រួមជាតិ និងការជានាជាតិ តាមរយៈការសម្រុះសម្រួល និងការធ្វើសម្បទានឲ្យគ្នា ទៅវិញទៅមក។
នេះគឺជាសច្ចៈភាព នៃដំណើរការរស់ឡើងវិញរបស់សង្គមជាតិកម្ពុជា ដែលធ្វើឲ្យប្រជាជនយើងយល់យ៉ាងច្បាស់អំពីគុណតម្លៃ នៃសុខសន្តិភាព ហើយតែងប្រាថ្នាមិនឲ្យបាត់បង់ទៅវិញជាដាច់ខាត។ ផលនៃសន្តិភាពនេះ ក៏បានរួមចំណែកយ៉ាងខ្លាំងក្លា ដល់កិច្ចដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សផងដែរ។ បទពិសោធន៍ទាំងអស់នេះ បានធ្វើឲ្យប្រជាជាតិកម្ពុជាមានសុឆន្ទៈមោះមុត ជ្រោងខ្ពស់ទង់ នៃការផ្សះផ្សារជាតិ ការការពារសន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម ការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជន សង្គមជាតិ និងមាតុភូមិ។
ច្បាស់ណាស់ថា ការបញ្ចប់ដោយជោគជ័យ ដោយសន្តិវិធី នូវសង្គ្រាម និងការបែកបាក់ជាតិ គឺពិតជាសម្រេចបានមកដោយលំបាកបំផុត ក៏ប៉ុន្តែ ការធានានូវចីរភាព នូវសុខសន្តិភាព និងការពង្រឹងថែមទៀត នូវវប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត។ ក្នុងគោលដៅនេះ យើងត្រូវតែធ្វើការយ៉ាងស្វាហាប់ និងត្រូវខិតខំប្រឹងប្រែងទ្វេឡើងថែមទៀត ដើម្បីថែបំប៉នជាប្រចាំនូវរាល់កត្តាសំខាន់ៗទាំងឡាយ ដែលជាឫសគល់នៃសន្តិភាព។ ដែលក្នុងនោះ រួមមានជាអាទិ៍ ការលើកកម្ពស់ វប្បធម៌នៃភាពអហឹង្សា ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ការលើកតម្កើនលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ព្រមទាំងការគោរពយ៉ាងម៉ើងម៉ាត់ ហ្មត់ចត់ឥតងាករេនូវនីតិរដ្ឋ ហើយជាពិសេសបំផុត គឺការខិតខំបន្ថយភាពក្រីក្រនៅក្នុងប្រទេស និងការកែលម្អជីវភាពរបស់ប្រជាជន។ គ្មានការខិតខំ និងគ្មាន លទ្ធផលជាក់ស្ដែងនៅក្នុងការអនុវត្តកិច្ចការទាំងអស់នេះ យើងប្រាកដជាមិនអាចសង្ឃឹមនឹងរក្សាបានចីរភាព នៃសុខសន្ដិភាព ដែលសម្រេចបានដោយលំបាកលំបិនបំផុតនោះទេ។
នៅក្នុងតំបន់មួយចំនួននៃពិភពលោកយើងនាពេលបច្ចុប្បន្ននេះ សន្ដិភាពកំពុងត្រូវបានគំរាមដោយជម្លោះ សង្រ្គាម និងអំពើភេរវកម្ម ដែលធ្វើឲ្យបាត់បង់ជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិអស់ច្រើនសន្ធឹកសន្ធាប់។ ហេតុការណ៍ដែលបានកើតឡើងថ្មីៗនៅទីក្រុងប៉ារីស ក៏ដូចជាការវាយប្រហារទំលាក់យន្ដហោះ(ដឹក) អ្នក ដំណើររបស់រុស្ស៊ី ដោយពួកភេរវករនៅប្រទេសអេហ្ស៊ីប ព្រមទាំងការសម្លាប់រង្គាលនៅរដ្ឋកាលីហ្វរនៀ នៃសហ រដ្ឋអាមេរិកប៉ុន្មានថ្ងៃមុននេះ បានបញ្ជាក់ជាថ្មីថា អំពើភេរវកម្ម និងចលនាជ្រុលនិយម នៅតែបន្តគម្រាម កំហែងយ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខ និងស្ថេរភាពនៅក្នុងពិភពលោក។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា ចលនាជ្រុលនិយម និងលទ្ធិជ្រុលនិយមនេះ កំពុងតែសាយភាយមកដល់តំបន់ផ្សេងៗ រួមជាមួយនឹងតំបន់ អាស៊ីរបស់យើងផងដែរ។
[ចាប់ផ្តើម ប្រសាសន៍ក្រៅសុន្ទរកថា]
អម្បាញ់មិញ ឯកឧត្តមប្រធានសភាអាស៊ី និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ដង់ ឯកឧត្តម មាន ណាសារ៉ាប៉ានី បានលើកឡើងទាក់ទងនឹងស្ដង់ដាពីរ។ ខ្ញុំពិតជាយល់ស្របជាមួយនឹងអត្ថាធិប្បាយរបស់ឯកឧត្តម។ ចំណុចនេះ យើងត្រូវឃើញថា នៅពេលដែលជនជាតិប៉ាគីស្ដង់ ឬជនជាតិដទៃទៀត ជាពិសេសនៅមជ្ឈិមបូព៌ា ស្លាប់មួយថ្ងៃៗ ច្រើនណាស់ ក៏ប៉ុន្តែការទុក្ខសោកវេទនានេះ មិនសូវបានទទួលនូវការចាប់អារម្មណ៍នោះទេ។ មួយផ្នែកទៀត តើដល់ដំណាក់កាលត្រូវបញ្ចប់មោទនភាពស្ដីពី «បដិវត្តពណ៌» ហើយឬនៅ? នេះជាចំណុចដែលគួរសិក្សាផងដែរ។ ភេរវកម្មកើតមកពីអ្វី? ក៏គួរត្រូវបានសិក្សាស្រាវជ្រាវក្នុងបរិបទនៃពិភពលោកក្នុងសម័យថ្មីនេះ។ សូម្បីតែ ការប្រយុទ្ធប្រឆាំងភេរវកម្មក៏មានស្ដង់ដាពីរផងដែរ។ នៅពេលដែលគេវ៉ៃប្រទេសខ្លះ ប្រទេសមួយចំនួននោះចាត់ទុកអ្នកដែលវ៉ៃប្រហារនោះ គឺជាភេរវករ ប៉ុន្តែនៅពេលដែលមានភេរវកម្មនៅប្រទេសមួយផ្សេងទៀត ប្រទេសដទៃចាត់ទុកថានោះជាការទាមទារសិទ្ធិ។ ចំណុចនេះ តើក្នុងឋានៈដែលយើង ជារដ្ឋអធិបតេយ្យនៅក្នុងក្របខណ្ឌតំបន់អាស៊ីត្រូវធ្វើការពិនិត្យពិច្ច័យឬទេ?
ការធ្វើបដិវត្តពណ៌នៅមជ្ឈិមបូព៌ា ពីទុយនេស៊ី ដល់អេហ្សីប ដល់លីប៊ី ដល់យេម៉ែន ឥឡូវនៅស៊ីរ៉ីកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក ទន្ទឹមនឹងមានការសម្លាប់ជារៀងរាល់ថ្ងៃ ពីសំណាក់ពួកអ៊ីស្រាអែល ទៅលើប្រជាជនប៉ាលេស្ទីននៅតំបន់ហ្គាហ្សា។ តើទាំងអស់នេះ វាជាបញ្ហាអ្វីទៅ? តើពិភពលោកគួរ មានស្តង់ដារតែមួយ ឬក៏គួរមានស្តង់ដារពីរ ឫក៏មានស្តង់ដារបី។ ខ្ញុំសុំឯកភាពជាមួយនឹងឯកឧត្តមប្រធាន។ ដោយសារឯកឧត្តម ប្រធានជាប់ទទួលភារកិច្ចក្នុងការប្រជុំពិសេសនៅល្ងាចនេះ បន្តិចទៀតយើងនឹងជួបគ្នា យើងមានទស្សនៈស្របគ្នាទៅលើចំណុចនេះ។ ខ្ញុំនៅចាំបានថា កាលពីឆ្នាំកន្លងទៅ ក្នុងការប្រជុំអាស៊ាន អាមេរិកនៅឯណៃពិដោនៃសហភាពមីយ៉ាន់ម៉ា ខ្ញុំបាននិយាយត្រង់ៗ ទៅកាន់ អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បន្ទាប់មកខ្ញុំបានចោទជាសំណួរចំពោះប្រធានាធិបតីអាមេរិកអូបាម៉ា។ ខ្ញុំបាននិយាយតាមហេតុផលថា ដៃម្ខាងវ៉ៃ អាសាដ និងដៃម្ខាងវ៉ៃ អាយស៊ីស វាគ្រាន់តែជាគណិតវិទ្យាមួយបូកមួយស្មើនឹងសូន្យតែប៉ុណ្ណោះ។
ចំពោះ ប្រធានាធិបតីអាមេរិក អូបាម៉ា ខ្ញុំនិយាយបើកផ្លូវថា ខ្ញុំគាំទ្រការវ៉ៃប្រហារពួកអាយស៊ីស ក៏ប៉ុន្តែ នៅពេលដែលរបប អាសាដ ក៏វាយពួកអាយស៊ីស កម្លាំងដែលដឹកនាំដោយអាមេរិកក៏វាយពួកអាយស៊ីសនោះ បើពិនិត្យជាធម្មជាតិ វាគឺជាសម្ព័ន្ធភាព។ ប៉ុន្តែ នៅពេលណាមួយដែលធ្វើឲ្យរបប អាសាដ ទន់ខ្សោយ គឺវាជាការបង្កើនកម្លាំងឲ្យពួក អាយស៊ីស តែប៉ុណ្ណោះ។ តើល្មមដល់ពេលពិនិត្យឡើងវិញនូវនយោបាយចំពោះរបប អាសាដឬទេ? ចំណុចនេះ មានប្រទេសជាច្រើនដែលមិនស្របជាមួយគ្នា។ សូម្បីតែប្រតិបត្តិការបច្ចុប្បន្នដែល កំពុងវាយនៅប្រទេសស៊ីរ៉ី ក៏មានបញ្ហារួចស្រេចទៅហើយ។ ចំណុចទាំងអស់នេះ នៅពេល ដែលពួកភេវកម្មធ្វើសកម្មភាពឯកភាព បើទោះបីជាជ្រកក្រោមផ្លាក អាយស៊ីស ឬ អាល់កៃដា ឬតាលីបង់ ឬក្រុមនេះ ក្រុមនោះ ប៉ុន្តែ គោលដៅរបស់វាតែមួយគត់ គឺបំផ្លាញជីវិតមនុស្សដោយគ្មានរើសមុខ។ ខ្ញុំអាចនិយាយបានថា វាលើសពី Double Standard ទៅជា Triple Standard ឯណោះ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងភារវកម្ម។
ខ្ញុំសង្ឃឹមថា ស្ថាប័ននីតិបញ្ញត្តិ នឹងអាចជួយរួមចំណែក ដើម្បីឲ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗ ពិនិត្យឡើងវិញនូវនយោបាយប្រឆាំងភេរវកម្ម។ បច្ចុប្បន្ននេះ សកម្មភាពដាច់ដោយឡែកៗ នៃរដ្ឋនីមួយៗ នឹងការមិនចុះសម្រុងគ្នាខ្លះ បានក្លាយជាឧបសគ្គ។ នៅក្នុងពេលប្រជុំរវាងអាស៊ាន និងសហរដ្ឋអាមេរិក ខ្ញុំក៏បាននិយាយសារជាថ្មីម្តងទៀត ប្រាប់ទៅប្រធានាធិបតីអាមេរិក អូបាម៉ា ថាខ្ញុំទៅមិនឆ្ងាយនូវប្រធានបទដែលបានលើកឡើង កាលពីឆ្នាំ ២០១៤ នៅឯប្រទេសមីយ៉ាន់ម៉ានោះទេ។ តើគួរទុកមួយអន្លើនូវជម្លោះខ្លះ ដើម្បីរួមកម្លាំងគ្នា ប្រយុទ្ធប្រឆាំងជាមួយនឹងភេរវកម្មទេ? សូម្បីតែដំណាក់កាលចុងក្រោយនេះ មានការចោទគ្នាថាអ្នកខ្លះទិញ ប្រេងពីពួកអាយស៊ីសទៀតផង។ នេះជាបញ្ហាធំណាស់សម្រាប់ពិភពលោកដែលគំរាមកំហែងទៅដោយភេរវកម្ម។ មុននេះ ក្នុងតំបន់របស់យើង ភេរវកម្មកើតច្រើននៅប៉ាគីស្ថាន ឥណ្ឌា។ ប៉ុន្តែ ឥឡូវភេរវកម្មនេះ បានវាយប្រហារទៅអឺរ៉ុប បានវាយប្រហារទៅសហរដ្ឋអាមេរិក ហើយក៏បានវាយប្រហារទៅតំបន់ផ្សេងៗ ទៀត ដោយគ្មានរើសអើង គ្មានរើសមុខទេ។
ម្សិលម៉ិញ តំណាងអង្គការសហប្រជាជាតិ បានចូលទៅជួបខ្ញុំ។ ខ្ញុំបាននិយាយថា បើទោះបីជា គេនិយាយថាប្រទេសកម្ពុជាមិនមានពួក ISIS ចូលមកដល់ ក៏ប៉ុន្តែ កម្ពុជាក៏មិនត្រូវភ្លេចខ្លួនទេ។ គេអាចវាយនៅប្រទេសដទៃនៅក្នុងតំបន់យើង ក៏ប៉ុន្តែគេអាចយកកម្ពុជាធ្វើជាតំបន់សុវត្ថិភាពវិញ ក៏អាចថាបាន។ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន។ សូមអភ័យទោស ដែលខ្ញុំលើករឿងនេះមកនិយាយ ប៉ុន្តែ ឯកឧត្តមប្រធាន បានលើករឿងនេះមកនិយាយ ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់។ រឿងនេះ វាស្ថិតនៅក្នុងបរិបទនៃប្រធានបទ ដែលយើងលើកយកមកពិភាក្សានោះឯង។
[ចប់ ប្រសាសន៍ក្រៅសុន្ទរកថា]
បន្ថែមពីលើនេះ ពិភពលោកយើងក៏កំពុងតែបន្តជួបប្រទះ នឹងបញ្ហាធំៗផ្សេងៗជាច្រើនទៀត រួមមានដូចជា ភាពផុយស្រួយ នៃការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍន៍ ដែលគួបផ្សំនិងការអូសបន្លាយនៃ វិបត្តិបំណុលនៃតំបន់អឺរ៉ុប។ ការថមថយនៃកំណើនសេដ្ឋកិច្ចនៃ ប្រទេសដែលកំពុងតែស្ទុះងើបឡើង ជាពិ សេស ប្រទេសចិនវិបត្តិនយោបាយ និងសង្គម ដែលកំពង់បន្តកើត មាននិងមជ្ឈិមបូព៌ា និងអាហ្រ្វិចខាងជើង បញ្ហាសន្តិសុខស្បៀង និងថាមពល ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងឧក្រិដ្ឋកម្មឆ្លង ដែនជាដើម។-ល-។ ដែលសុទ្ធតែអាចបង្កជាបច្ច័យអាក្រក់ដល់ស្ថិរភាព និងសុខសន្តិភាព សម្រាប់ប្រជាជាតិ ទាំងឡាយទាំងក្នុងកម្រិតសកល និងកម្រិតតំបន់។
ប្រការទាំងអស់នេះ បានបញ្ជាក់អំពីតម្រូវការនៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងជា អន្តរជាតិនៅក្នុងគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខនានា ក្នុងគោលដៅធានាចីរភាពនៃ ការអភិវឌ្ឍ ស្ថេរភាពសន្តិសុខ និងសន្តិភាព ព្រមទាំងភាពសុខដុមរមនា នៅក្នុងសង្គម។ ច្បាស់ណាស់ថា កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់យើង នៅក្នុងដំណើរការនេះ មិនអាចនឹងផ្តល់លទ្ធផលល្អប្រសើរតាម ការរំពឹងទុកនោះឡើយ ប្រសិនបើគ្មានការចូលរួម និងការគាំទ្រ យ៉ាងសកម្មពីសំណាក់ប្រជាជន របស់យើងទាំងអស់គ្នា គ្រប់ស្រទប់ជាន់ថ្នាក់ ជាពិសេស គឺយុវជន និងវិស័យឯកជន។ ដូច្នេះ ការជំរុញលើក កម្ពស់ការចូលរួមនេះ គឺជាអាទិភាពខ្ពស់បំផុតមួយរបស់ប្រជាជាតិយើងទាំងអស់គ្នា ក្នុងរយៈពេលវែងតទៅ មុខទៀត។
ខ្ញុំគិតថា នៅក្នុងកិច្ចដំណើរការនៃការប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ រវាងបណ្តា ប្រទេស និងប្រជាជាតិ នៅក្នុងការលើកម្ពស់ ការចូលរួមនេះ អង្គការនីតិបញ្ញត្តិ នៅក្នុងប្រទេសនីមួយៗ ពិសេស គឺស្ថាប័នសភា ពិតជាមានតួនាទីដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងនាមជាអង្គការនីតិបញ្ញត្តិ របស់ជាតិនីមួយៗ សភាមានតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំក្របខណ្ឌច្បាប់ និងការផ្តល់សច្ចាប័ន ទៅលើលិខិតូបករណ៍នានា ដែលជួយដល់ការគាំទ្រ និងការតម្រង់ទិសខាងគោលនយោបាយ ដែលស្ថាប័ន នីតិប្រតិបត្តិពោលគឺរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដើម្បីជំរុញកម្មវិធីនយោបាយអភិវឌ្ឍន៍ប្រទេស និងគោល នយោបាយការបរទេសរបស់ជាតិ។ ម្យ៉ាងទៀតយើងទាំងអស់គ្នា យល់ដឹងយ៉ាងច្បាស់ថា សភាមាន តួនាទីជាស្ថាប័នដ៏សំខាន់ សម្រាប់តភ្ជាប់ស្ថាប័ននីតិប្រតិបត្តិទៅនឹងប្រជាជន។ ដូច្នេះ ទំនាក់ទំនងជិតសិទ្ធិ រវាងរដ្ឋាភិបាលជាមួយនឹងស្ថាប័នសភា នឹងផ្តល់ឱកាសឲ្យស្ថាប័ននីតិប្រតិបត្តិ អាចស្វែងយល់បាន យ៉ាងត្រឹមត្រូវ អំពីបំណងប្រាថ្នា និងសេចក្តីត្រូវការរបស់ប្រជាជន ហើយនឹងអាចចាត់វិធានការសមស្រប ដើម្បីបំពេញតាមបំណងប្រាថ្នា ព្រមទាំងឆ្លើយទៅនឹងសេចក្តីត្រូវការទាំងអស់នោះ។ ជាងនេះទៅទៀត ក្រៅពីការផ្តល់នូវការគាំទ្រចាំបាច់របស់កិច្ចការសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងនាមជាស្ថាប័ននីតិបញ្ញត្តិ សភាក៏ មានតួនាទីក្នុងការពាំនាំ យកទៅជម្រាបជូនដល់ប្រជាជនវិញ អំពីអ្វីដែលរដ្ឋាភិបាលបានធ្វើ សម្រាប់ជា ផលប្រយោជន៍ដល់ប្រទេសប្រជាជាតិរបស់យើងនីមួយៗ ដើម្បីបណ្តុះ និងពង្រឹងនូវស្មារតីនៃការចូលរួម ដែលមានសារៈសំខាន់ជាខ្លាំង សម្រាប់ការលើកកម្ពស់សាមគ្គីភាព ឯកភាពជាតិ និងភាពសុខដុមរមនា នៅក្នុងសង្គម ព្រមទាំងសម្រាប់ ការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដែលទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះ បាន នៃការធានាសុខសន្តិភាព និងការលើកស្ទួយការអភិវឌ្ឍ។
ក្នុងន័យនេះ ការប្រារព្ធមហាសន្និបាតលើកទី ៨ នៃសភាតំបន់អាស៊ី ក្រោមប្រធានបទ ការជម្រុញសន្តិ ភាព ការផ្សះផ្សា និងការសន្ទនា នៅតំបន់អាស៊ីនាពេលនេះ គឺជាឱកាសមួយដ៏សំខាន់ សម្រាប់ក្រើនរំលឹក អំពីភាពចាំបាច់ខ្វះពុំបាន នៃការពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងកិច្ចសហប្រតិបត្តិការ ពួតដៃគ្នាជា ធ្លុងមួយ រវាងបណ្តាប្រជាជាតិ ដើម្បីធានាថែរក្សាឲ្យបានគង់វង្ស នូវសុខសន្តិភាព ទាំងក្នុងកម្រិតជាតិ កម្រិតតំបន់ និងកម្រិតពិភពលោក តាមរយៈការលើកកម្ពស់វប្បធម៌អហឹង្សា និងវប្បធម៌សន្ទនា ការអត់ ធ្មត់ និងការយោគយល់គ្នាជាភារតៈ ការនិយមកណ្តាល និងការដោះស្រាយជំនាស់ និងបញ្ហាវិវាទផ្សេងៗ ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់ជាតិ និងអន្តរជាតិ ទាំងនៅក្នុងសង្គមជាតិ របស់ យើងនីមួយៗ និងរវាងប្រជាជាតិយើងនីមួយៗ។
នៅក្នុងស្មារតីនេះ ខ្ញុំសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ជាប្រតិភូមកពីសភាតំបន់អាស៊ី នឹងចូលរួម ពិភាក្សាយ៉ាងសកម្មលើប្រធានបទនៃអង្គមហាសន្និបាតលើកទី ៨ របស់យើងនៅពេលនេះ ដោយធ្វើការ ចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធក្នុងការកសាងសន្តិភាព និងការថែរក្សាសន្តិភាព ដើម្បីជា ឧត្តមប្រយោជន៍ដល់ប្រជាជនយើងទាំងអស់គ្នា។ លើសពីនេះ ខ្ញុំសូមលើកទឹកចិត្តដល់អង្គមហាសន្និបាត ឲ្យធ្វើការពិភាក្សាលើប្រធានបទនេះ ក្នុងន័យទូលំទូលាយ ដោយមិនត្រឹមតែផ្តោតទៅលើការពង្រឹង និងការ ថែរក្សាសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការខិតខំស្វែងរក ស្វែងយល់អំពីដំណើរការ នៃការដោះស្រាយ ជម្លោះ និងការទប់ស្កាត់ជម្លោះ ក្នុងប្រទេសនានា នៅក្នុងតំបន់ថែមទៀតផង។
ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ហើយសូមជូនពរឲ្យអ្នកទាំងអស់គ្នា ទទួលបាននូវការស្នាក់នៅ ប្រកបដោយសេចក្តីរីករាយ និងមានផាសុកភាព។
សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់!