ឯកឧត្តម ណាជីព រ៉ាហ្សាក់ (Najib Razak) ប្រធានអង្គប្រជុំ
ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃប្រទេសបូកបី
ព្រះចៅស៊ុលតង់ ឯកឧត្តម ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន
ឯកឧត្តម លោកជំទាវ លោក លោកស្រី
ជាកិច្ចចាប់ផ្តើម ខ្ញុំវាយតម្លៃខ្ពស់ចំពោះការពិគ្រោះយោបល់របស់យើង ដែលពិតជាមានសារៈសំខាន់សម្រាប់ គូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់យើង និងទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការ ពិសេសក្នុងក្របខណ្ឌ នៃការបង្កើតសហគមន៍អាស៊ាន ដែលទើបត្រូវបានប្រកាសជាផ្លូវការ។ ជាមួយគ្នានេះ ខ្ញុំសូមស្វាគមន៍យ៉ាង កក់ក្តៅចំពោះលទ្ធផលជាវិជ្ជមាន នៃកិច្ចប្រជុំកំពូលត្រីភាគីរវាងសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន ដើម្បីពង្រឹងសហប្រតិបត្តិការ និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី ដែលនឹង រួមចំណែកដល់ការពង្រឹងសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសបូកបីផងដែរ។
សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានបូកបី ខ្ញុំសូមថ្លែងនូវមោទនភាព និងអំណរសាទរយ៉ាងជ្រាលជ្រៅចំពោះ វឌ្ឍនភាព និងភាពប្រសើរឡើងជាលំដាប់លើគ្រប់វិស័យ ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមក។ សម្រាប់ទិសដៅ ទៅមុខ ខ្ញុំសូមអនុញ្ញាតចូលរួមមតិដូចខាងក្រោម៖
ទី ១៖ ការបង្កើតបានសហគមន៍អាស៊ានក្នុងឆ្នាំ ២០១៥ នេះ គឺជាការបោះជំហានធំមួយ ក្នុងការសម្រេច គោលដៅរយៈពេលវែង នៃការកសាងសហគមន៍អាស៊ីបូព៌ា ដ៏រស់រវើកពេលអនាគត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី។ ដើម្បីភាពរឹងមាំ និងរស់រវើក យើងគួរតែបង្កើននូវវិស័យអាទិភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី។ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវសំណើរបស់ប្រទេសចិន ក្នុងការ បន្ថែមនូវវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដែលក្នុងនោះ មានវិស័យសន្តិសុខហិរញ្ញ វត្ថុ និងសន្តិសុខស្បៀង, ការតភ្ជាប់, សមត្ថភាពផលិតកម្ម, កិច្ចសហប្រតិបត្តិការលំហសមុទ្រ, ការកាត់បន្ថយភាពក្រីក្រ, ថាមពល និងការផ្តល់ជំនួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយ។
ទី ២៖ ខ្ញុំក៏សូមកោតសរសើរខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៅក្នុងសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសអាស៊ានបូកបី ដែលបានរួមចំណែកយ៉ាងធំធេង ដល់ការពង្រឹងមូលដ្ឋាន សេដ្ឋកិច្ចតំបន់ ឲ្យកាន់តែរឹងមាំ។ ដើម្បីបន្តរក្សាចលនការនេះ កម្ពុជាស្នើឲ្យមជ្ឈមណ្ឌលអាស៊ាន-ចិន, មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បន្តជម្រុញ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម ការវិនិ យោគ និងទេសចរណ៍រវាងប្រទេសអាស៊ានបូកបី និងធ្វើការជាមួយគ្នាឲ្យបានកាន់តែជិតស្និទ្ធិ ដើម្បីជួយគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យម។
ទី ៣៖ សហគមន៍អាស៊ាន ដែលនឹងត្រូវចាប់ផ្តើមដំណើរឆ្នាំក្រោយនេះ នឹងត្រូវការបន្តផ្តល់សារៈសំខាន់ លើ ការតភ្ជាប់រវាងប្រទេសជាសមាជិក ក៏ដូចជាជាមួយនឹងប្រទេសជាដៃគូ។ ក្នុងន័យនេះ ការកៀរគរហិរញ្ញប្បទាន ដើម្បីជម្រុញអនុវត្តការតភ្ជាប់នៅតែជាកត្តាដ៏សំខាន់។ កម្ពុជាសូមសំដែងការគាំទ្រដ៏មោះមុតចំពោះគំនិតផ្តួច ផ្តើមរបស់ចិន ក្នុងការបង្កើតធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ដូចជាជប៉ុនក្នុងការអនុវត្តភាពជាដៃគូ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ព្រមទាំងការគាំទ្ររបស់កូរ៉េទៅលើគម្រោងតភ្ជាប់ មួយចំនួន ដើម្បី ឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងតំបន់។ យ៉ាង ណាក៏ដោយ ខ្ញុំសូមលើកទឹកចិត្តឲ្យប្រទេសបូកបី បន្តចូលរួមកាន់តែសកម្មឡើងទៀត ដើម្បីធ្វើឲ្យផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ២០២៥ ទទួលបានជោគជ័យ។
ទី ៤៖ ក្នុងទិសដៅថែរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាដើម្បីជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជ កម្មសេរីក្នុងតំបន់ កម្ពុជាសូមគាំទ្រសំណើរបស់ប្រទេសចិន ក្នុងការដាក់ចេញនូវសេចក្តីប្រកាស ស្តីពីការលើក កម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងស្ថិរភាពហិរញ្ញវត្ថុ និងបង្កើតសមាគមសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ី ដែលសមស្របនឹងនិន្នាការបច្ចុប្បន្ន និងចក្ខុវិស័យវែងឆ្ងាយរបស់អាស៊ាន, អាស៊ានបូកបី និងអាស៊ីបូព៌ា។
ទី ៥៖ ក្នុងទិសដៅកសាងសហគមន៍អាស៊ីបូព៌ាដ៏រស់រវើកនាពេលអនាគត កម្ពុជាស្នើឲ្យលេខាធិការដ្ឋានអា ស៊ាន ពិនិត្យឡើងវិញនូវអនុសាសន៍ដ៏មានតម្លៃរបស់ក្រុមបណ្តាញគំនិតអាស៊ីបូព៌ា និងវេទិកាអាស៊ីបូព៌ា ដើម្បី ជម្រុញកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឲ្យកាន់តែស៊ីជម្រៅថែមទៀត និងគាំទ្រដល់ការបង្កើតសហគមន៍ អាស៊ីបូព៌ា នាពេលអនាគត។
ជាចុងបញ្ចប់ កម្ពុជាក៏ស្នើឲ្យប្រទេសបូកបី បន្តផ្តល់ជំនួយបច្ចេកទេស ព្រមទាំងជម្រុញលើកទឹកចិត្ត ឲ្យមាន ការវិនិយោគកាន់តែច្រើនមកតំបន់អាស៊ាន ជាពិសេសមកប្រទេសសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍ តិច។
សូមអរគុណ!