សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
Dato’ Raja Aznil Raja Hisham អនុប្រធានសកលវិទ្យាល័យ លីមកុកវីង និងជាតំណាងសកលវិទ្យាល័យ សហការី ព្រមទាំងសាស្ត្រាចារ្យនៃសកលវិទ្យាល័យ
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានសេចក្តីរីករាយ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសកល វិទ្យាល័យ លីមកុកវីង នៃ ប្រទេសម៉ាឡេស៊ីបានសម្រេចផ្តល់ដល់រូបខ្ញុំនូវ សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំឆ្នើម» ដោយ បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដល់សកម្មភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនជាទីស្រឡាញ់បំផុតរបស់ខ្ញុំ។ ក្នុងនាមខ្លួនខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ពិតជារីករាយទទួលយកសញ្ញាបត្របណ្ឌិតកិត្តិយស ដែលផ្តល់ដោយសកលវិទ្យាល័យ លីមកុកវីង នាពេលនេះ។
ឆ្លៀតក្នុងឱកាសដ៏ឱឡារិកនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប៉ាឌូកា លីមកុកវីង ប្រធានសកលវិទ្យាល័យ ពិសេស ដាតូ រ៉ាចា ឤហ្សនីល រ៉ាចា ហីស្សាម អនុប្រធានសាកលវិទ្យាល័យ ដែលជាតំណាងសកលវិទ្យាល័យ លីមកុកវីង ហើយមានវត្តមាននាពេលនេះ, ព្រមទាំងសហការី ដែលបានចំណាយពេលវេលាយូរ ដើម្បីតាមដាន និងសិក្សាស្រាវជ្រាវនូវសកម្មភាពជាច្រើនដែលខ្ញុំបានបំពេញ និង សមិទ្ធផលនានានៅគ្រប់វិស័យទាំងអស់ ដែលសម្រេចបាន ក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់ខ្ញុំ ដែលកន្លងមកត្រូវបានវាយតម្លៃខ្ពស់ជាបន្តបន្ទាប់ ទាំងក្នុងកម្រិតជាតិ-អន្តរជាតិ។ ជាក់ស្តែងនៅថ្ងៃនេះ សកលវិទ្យាល័យ លីមកុកវីង ដែលមានទីតាំងប្រតិបត្តិការទាំងនៅទ្វីបឤស៊ី ក្នុងនោះក៏មាន ទីតាំងនៅរាជធានីភ្នំពេញ, នៅទ្វីបអឺរ៉ុប និងទ្វីបឤហ្វ្រិក ក៏បានទទួលស្គាល់ និងបានវាយតម្លៃខ្ពស់ចំពោះរូបខ្ញុំ។
កិត្តិយសដែលពោរពេញដោយមោទនភាពនេះ បានឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍នៅលើមាគ៌ាដ៏ត្រឹមត្រូវ និង ប្រាកដនិយម នៃទស្សនវិស័យនយោបាយកម្ពុជា ក្នុងភាពជាអ្នកដឹកនាំ ដែលបានទម្លុះភាពឯកោ, ភាពទល់ច្រក និងបានដោះស្រាយវិបត្តិជាច្រើន នៅក្នុងអតីតកាលប្រកបដោយភាពស័ក្តិសិទ្ធិ ព្រមទាំងបានរៀបចំខ្លួនយ៉ាងសមស្របទៅនឹងស្ថានការណ៍ បច្ចុប្បន្ន និងបានបន្តរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍជាតិប្រកបដោយចក្ខុវិស័យមុតស្រួចសម្រាប់អនាគតរបស់កម្ពុជា។
កិត្តិយសនេះ ក៏បានរំលេចកាន់តែប្រត្យក្សថែមទៀត នូវកាតព្វកិច្ចចម្បងៗ នៅចំពោះមុខ ដែលខ្ញុំចាំបាច់ត្រូវធ្វើ ដោយមិនឤចបន្ធូរដៃ ឬសម្រាក ឬធ្វេសប្រហែស ក្នុងមួយវិនាទីណាបានឡើយ ពិសេសក្នុងស្ថានភាពដែលកម្ពុជាកំពុងខិតជិតនៅក្នុងកិច្ចការធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចឤស៊ាន នៅចុងឆ្នាំនេះ និងក្នុងពេលដែលពិភពលោក ទាំងមូលកំពុងតែខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមមុខនានា រួមទាំងការថយចុះនៃកំណើនសេដ្ឋកិច្ចជាដើម។ ប្រការនេះ ពិតជាទាមទារនូវសមត្ថភាព, ទេពកោសល្យ, ទស្សនៈប្រកបដោយគតិបណ្ឌិត, ភាពប្រាកដនិយមនៃមេដឹកនាំ សម្រាប់ជាគំរូដ៏ប្រពៃក្នុងការបណ្តុះនូវស្មារតី និងសុឆន្ទៈខ្ពស់ក្នុងកិច្ចអភិវឌ្ឍជាតិមាតុភូមិ ឱ្យមានភាពចម្រុងចម្រើនប្រកបដោយចីរភាព, រក្សាបាននូវសុខសន្តិភាព និង សុភមង្គលជូនប្រជាជន និងសង្គមជាតិ។
ជាការពិត សញ្ញាបត្រនេះ ជាសក្ខីភាពមួយដែលមិនត្រឹមតែបញ្ជាក់នូវការទទួលស្គាល់របស់សកលវិទ្យាល័យ ចំញេះការខិតខំរបស់ខ្លួនខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែ ជាការបង្ហាញផងដែរនូវការយកចិត្តទុកដាក់ និងចាប់ឤរម្មណ៍ខ្ពស់ អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងកិច្ចខិតខំថែរក្សាសុខសន្តិភាព, សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា ដែលនឹងរួមចំណែកផងដែរធ្វើឱ្យតំបន់ឤស៊ីឤគ្នេយ៍ទាំងមូល មានស្ថិរភាព និងវឌ្ឍនភាព ទាំងខាងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ សញ្ញាបត្រនេះ ក៏បានលើកទឹកចិត្តបន្ថែមដល់រូបខ្ញុំ ក្នុងការបន្តនូវបុព្វហេតុបម្រើប្រជាជន, បម្រើជាតិមាតុភូមិ, បន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ការលើកតម្កើងមរតកវប្បធម៌, ការថែរក្សានូវប្រពៃណី, អរិយធម៌ជាតិឱ្យបានគង់វង្ស, រឹងមាំ និងការអភិវឌ្ឍវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រឱ្យស្របទៅនឹងនិន្នាការ នៃចរន្តសកលភាវូបនីយកម្ម។
កិត្តិយសដែលខ្ញុំទទួលបាននាថ្ងៃនេះ គឺជាកិត្តិយសរបស់យើងទាំងអស់គ្នា ពីញ្រេះកិច្ចប្រឹងប្រែង និងពលិកម្ម ទាំងអស់របស់ខ្ញុំ គឺនៅក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនជាទីស្រឡាញ់របស់ខ្ញុំ។ ចំពោះមុខនេះ ខ្ញុំក៏សូមចែករំលែកកិត្តិយសដ៏ឧត្តុង្គឧត្តមនេះដល់ ក្រុមគ្រួសារ ឧត្តមភរិយា កូន និងចៅៗ ជាទីស្រឡាញ់របស់ខ្ញុំ ដែលតែងតែផ្តល់កម្លាំងចិត្តដល់ខ្ញុំ, ស្ថិតនៅជាប់ជាមួយខ្ញុំ និងគាំទ្រខ្ញុំគ្រប់កាលៈទេសៈទាំងអស់ ទាំងក្នុងជីវិតរស់នៅសាមញ្ញ, ទាំងក្នុងជីវិត ការងារបម្រីជាតិមាតុភូមិ។ ក្នុងពេលលំបាក ខ្ញុំមានឧត្តមភរិយា ព្រមទាំងកូនៗ និង ចៅៗ ជាទីស្រឡាញ់នៅក្បែរខ្ញុំ ជានិច្ចកាល។
ព្រមជាមួយនេះ ខ្ញុំក៏រីករាយសូមចែករំលែកកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ ចំពោះមិត្តភក្តិ, សហសេវិក ជាសមាជិក សមាជិកាក្នុងអង្គនីតិប្រតិបត្តិ និងអង្គនីតិបញ្ញត្តិ មន្ត្រីរាជការ, យុទ្ធជន, យុទ្ធនារី, កងកម្លាំងប្រដាប់ឤវុធ, ទីប្រឹក្សា, ជំនួយការទាំងអស់ ដែលតែងស្មោះត្រង់, សកម្មការងារ និងមានស្វាមីភក្តិដ៏ជ្រាលជ្រៅចំពោះរូបខ្ញុំ ក្នុងការបម្រើជាតិ និងប្រជាជនជាទីស្រឡាញ់ ដោយខិតខំអនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និង តម្កល់ផលប្រយោជន៍រួមជាធំ ក្នុងបុព្វហេតុនៃការការពារ និងអភិវឌ្ឍជាតិមាតុភូមិរបស់យើង។ ពិតណាស់ថា កិត្តិយសដែលសកលវិទ្យាល័យ លីមកុកវីង នៃប្រទេសម៉ាឡេស៊ីប្រគល់ឱ្យខ្ញុំនាពេលនេះ គឺជាកិត្តិយសរបស់កម្ពុជាទាំងមូល។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធិពរជូនចំពោះឯកឧត្តម ប៉ាឌូកា លីមកុកវីង ប្រធានសកលវិទ្យាល័យ, ដាតូ រ៉ាចា ឤហ្សនីល រ៉ាចា ហីស្សាម អនុប្រធានសកលវិទ្យាល័យ, សហការី និងសាស្ត្រាចារ្យនៃសកលវិទ្យាល័យ លីមកុកវីង នៃប្រទេសម៉ាឡេស៊ី ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន៕