- សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល
- ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកឧត្តមអគ្គរដ្ឋទូត និងតំណាងដៃគូអភិវឌ្ឍន៍
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងស្ថាប័នជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សក្រៃលែងដោយបានមកចូលរួមជាអធិបតីក្នុង«ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដែលជាទិវាប្រវត្តិសាស្ត្រមួយទៀត នៅក្នុងដំណើរការនៃការកែទម្រង់អភិបាលកិច្ចនៅកម្ពុជា។
ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា បាន និងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរនៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម។ ផ្លែផ្កាជាសមិទ្ធផលទទួលបាននាបច្ចុប្បន្ន ដុះចេញពីឫសគល់ដែលជាមូលដ្ឋានគ្រឹះពីអតីតកាល នោះគឺការបញ្ចប់ជាស្ថាពរនូវសង្គ្រាម និងការធានាបាននូវសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស។ សន្ដិភាព គឺជាបុរេលក្ខខណ្ឌជាសកល និងជាបរិយាកាសចម្បងមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិក្នុងគ្រប់ផ្នែក គ្រប់វិស័យ រួមបញ្ចូលទាំងការផ្ដល់ឱកាសដល់ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ច្បាស់ណាស់ថា កន្លងមកយើងមិនបានរង់ចាំទាល់តែ ទទួលបានសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ទើបចាប់ផ្ដើមកិច្ចការកែទម្រង់នោះទេ។ ផ្ទុយទៅវិញ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ យើងបានចាប់ផ្ដើមធ្វើការកែទម្រង់លើគោលនយោបាយរបស់យើងជាបន្តបន្ទាប់ ដោយផ្ដោតលើអាទិភាពបន្ទាន់ទាំងឡាយស្របតាមបរិការណ៍ និងកាលៈទេសៈនៃសម័យកាលនីមួយៗ ចាប់តាំងពីក្រោយការ ដួលរលំនៃរបបប្រល័យពូជសាសន៍មកម្ល៉េះ។ យ៉ាងណាមិញ សុខសន្ដិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិពេញផ្ទៃប្រទេស ដែលយើងសម្រេចបានមកដោយលំបាកបំផុត បានផ្ដល់ឱកាសឱ្យយើងអាចកែលម្អ និងស្ថាបនាបន្ថែមទៀត លើប្រព័ន្ធអភិបាលកិច្ចរបស់យើង តាមរយៈការរៀបចំការងារកែទម្រង់ជាប្រព័ន្ធ និងក្នុងលក្ខណៈជាកម្មវិធីរយៈពេលវែង ដែលមានការកំណត់ចក្ខុវិស័យវែងឆ្ងាយ មានការបែងចែកជាដំណាក់កាលប្រកបដោយភាពជាក់ស្ដែងនិយម ជាមួយនឹងគោលដៅជាក់លាក់ ព្រមទាំងមានរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តច្បាស់លាស់។ យុទ្ធសាស្ត្រនេះបានបង្ហាញអំពីសេចក្ដីក្លាហាន មហិច្ឆតា និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាលើការកែទម្រង់ដោយតម្រូវទៅតាមបរិបទកម្ពុជា និងឆ្លើយតបបានតាមសេចក្ដីត្រូវការរបស់កម្ពុជា ប្រកបដោយមោទនភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
{ចាប់ផ្ដើមសេចក្ដីអធិប្បាយ}
(១) សារបាននៃការធ្វើកំណែទម្រង់ក្រោយរបប ប៉ុល ពត
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ពិតមែនថាសុន្ទរកថានៅវែងឆ្ងាយ ក៏ប៉ុន្ដែខ្ញុំមិនគួររំលងទៅលើបញ្ហារំលឹកឡើងវិញនូវចំណុចខ្លះ ដែលគួរតែត្រូវបានចែករំលែកនៅក្នុងឱកាសនេះ ដែលមានទាំងមន្ដ្រីរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងតាមដានការផ្សាយចេញពីទីនេះ។
ខ្ញុំសូមអរគុណលោកជំទាវអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ដែលតំណាងឲ្យដៃគូបានលើកពីការវាយតម្លៃខ្ពស់សម្រាប់យើង ប៉ុន្ដែដូចដែលខ្ញុំបានបញ្ជាក់ថា យើងមិនរង់ចាំទាល់តែមានសន្ដិភាពពេញលេញ ទើបយើងធ្វើការកែទម្រង់នោះទេ។ ខ្ញុំអាចនិយាយបានថា ការរស់រានរបស់យើងខ្ញុំមកដល់ពេលនេះ គឺបានកើតចេញពីការកែទម្រង់នោះឯង។ ខ្ញុំអាចនិយាយបានថា ក្នុងជីវិតរបស់ខ្ញុំនេះ គឺជីវិតប្រឈមជាមួយគ្រោះថ្នាក់គ្រប់ពេល មិនមែនគ្រាន់តែជាបញ្ហា ដែលយកក្បាលខ្ញុំទៅដោះដូរជាមួយនឹងការរស់រាន់មានជីវិត ចេញពីរបបខ្មែរក្រហមឡើយ។ ហើយក៏មិនមែនការយកក្បាលរបស់ខ្ញុំទៅដោះដូរជាមួយសន្ដិភាព ដែលអ៊ុនតាក់មិនអាចសម្រេចបាននោះដែរ។ ប៉ុន្ដែ ក្បាលរបស់ខ្ញុំគឺបានដោះដូរជាមួយនឹងកំណែទម្រង់ដែលត្រូវធ្វើនៅពេលដែលខ្ញុំចាប់ផ្ដើមជាផ្លូវការជានាយករដ្ឋមន្ដ្រី។ ពេលនោះជីវិតរបស់ខ្ញុំពិតជាគ្រោះថ្នាក់ និងផុយស្រួយ នៅត្រង់ថា នៅពេលចូលគ្រប់គ្រងតំណែងជានាយករដ្ឋមន្ដ្រី ខ្ញុំដាក់ចេញនូវកញ្ចប់កែទំរង់ពីរ ដើរទន្ទឹមជាមួយគ្នា។ ទី១ កំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជាតាមរយៈនៃការចរចា។ ចំណុចនេះក៏ជាចំណុចគ្រោះថ្នាក់នៃជីវិតរបស់ខ្ញុំ។ ទី២ គឺកំណែទម្រង់ខាងសេដ្ឋកិច្ចនោះឯង។
(២) កំណែទម្រង់នយោបាយចាប់ផ្ដើមពីការចរចាសន្តិភាព
ដំបូង ខ្ញុំចង់និយាយអំពីកំណែទម្រង់ខាងនយោបាយកម្ពុជាដឹងតែពីវាយគ្នាទេ ក៏ប៉ុន្ដែ គេមិនបានដឹងថាតើដំណោះស្រាយនយោបាយរបៀបណា? ខ្ញុំអរគុណចំពោះបារាំង ដែលបានផ្ដល់ទីកន្លែងឲ្យខ្ញុំបានធ្វើការចរចាជាមួយសម្ដេច ព្រះនរោត្ដម សីហនុ នាពេលនោះតាមរយៈជំនួបលើកទី១ និងទី២ ដែលខ្ញុំបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុននេះនៅ Fère-en-Tardenois និង Saint-Germain-en-Laye គឺបានបង្កើតនូវឱកាសនៃការសន្ទនាខាងនយោបាយ រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងប្រតិបត្ដិការសម្រាប់ការដោះស្រាយបញ្ហាកម្ពុជាតាមផ្លូវនយោបាយ។
(៣) កំណែទម្រង់សេដ្ឋកិច្ច គឺច្បាប់ផ្ដើមពីកំណែទម្រង់ដីធ្លី
កំណែទម្រង់សេដ្ឋកិច្ច គឺចាប់ផ្ដើមពីកំណែទម្រង់ដីធ្លី វាមិនមែនជាបញ្ហាងាយស្រួលទេ។ សូមបញ្ជាក់ថានៅក្នុងរបប ប៉ុល ពល ដីធ្លីទាំងអស់ត្រូវបានរឹបអូសទៅជាសម្បត្ដិរដ្ឋ។ ក្រោយរបបប្រល័យពូជសាសន៍ដួលរលំ យើងខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីអនុវត្ដនូវកិច្ចការទាំងឡាយ ដើម្បីសង្គ្រោះជីវិតប្រជាជនសិន។ ពេលនោះ ២០ គ្រួសារមានគោមួយនឹម។ តើយើងខ្ញុំត្រូវធ្វើរបៀបម៉េចដើម្បីរស់? អ្នកទាំងអស់គ្នាបានឃើញភ្នំពេញសព្វថ្ងៃនេះ គឺស្ទះទៅដោយឡាន ក៏ប៉ុន្ដែ ទីក្រុងភ្នំពេញកាលពី ៤៤ ឆ្នាំមុន នៅទីនេះគឺគ្មានមនុស្សនៅទេ។ អញ្ចឹងអ្វីដែលជាកិច្ចការរបស់យើង គឺត្រូវធ្វើឯកជនភាវូបនីយកម្ម ជម្រុញការងារនេះ។ តើមនុស្សប៉ុន្មាននាក់ទៅ ដែលយល់ពីបញ្ហាសេដ្ឋកិច្ច? បើនៅទីនោះ មនុស្សមួយចំនួនដែលធ្លាប់ទៅរៀននៅភាគខាងជើងវៀតណាម ក្រោយសន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ ពួកគាត់ត្រឡប់មកវិញដោយនាំមកនូវគំនិតទាក់ទិនធ្វើសហករណ៍ ធ្វើរួម និងចែកផល។
(៤) កំលាំងសង្កត់ ៣ មកលើជីវិតផ្ដើមជានាយករដ្ឋមន្រ្តី
អញ្ចឹងទេ ខ្ញុំអាចនិយាយបានថាមានកំលាំងសង្កត់បីមកលើជីវិតរបស់ខ្ញុំនៅពេលនោះ។ ទី១ តើជាអ្វី ដែលធ្វើឲ្យខ្ញុំលំបាក? គឺផ្ទៃក្នុងខ្លួនឯងមិនយល់ថា អ្វីទៅជាកំណែទម្រង់នយោបាយ? អ្វីទៅជាការចរចា? អ្វីទៅជាសេដ្ឋកិច្ចឯកជន? បើនៅក្នុងមនុស្សរបស់យើង គឺនិយាយតែពីរឿងច្បាំង ហ្នឹងជាផ្នែកនយោបាយ។ ឯនិយាយពីសេដ្ឋកិច្ច ពួកគេស្អប់នូវសេដ្ឋកិច្ចឯកជន។ ចំណុចនេះជាចំណុចដែលខ្ញុំត្រូវប្រឹងធ្វើពីមូលដ្ឋានដើម្បីដោះស្រាយបញ្ហា។ ផ្នែកកសិកម្ម ដែលថ្ងៃនេះឯកឧត្តម ប៉ុល សារឿន ដែលពីមុននេះគាត់ជាអភិបាលខេត្តតាកែវ គាត់គឺជាអ្នកដឹកនាំកែទម្រង់ដីធ្លី គាត់តែងភូតថ្នាក់លើជានិច្ចថា គាត់បានធ្វើជាក្រុមសាមគ្គីបង្កបង្កើនផល ប៉ុន្ដែការពិតគាត់បានចែកដីឲ្យប្រជាជន។ ខ្ញុំឧស្សាហ៍ទៅខេត្តតាកែវដើម្បីសិក្សាអំពីរបៀបនៃការដោះស្រាយដីធ្លីជូនប្រជាជន ព្រោះពេលនោះដីជាដីរបស់រដ្ឋទាំងអស់អត់មានចែកឲ្យនរណាទេ។ អញ្ចឹងប្រជាជនគ្មានការនឹងនរចិត្តទេ។ អញ្ចឹងខ្ញុំត្រូវយករឿងពីមូលដ្ឋានមក ដើម្បីជំរុញថា្នក់លើដោះស្រាយវិញ។ ឯរឿងនយោបាយ ខ្ញុំសូមជម្រាប ខ្ញុំត្រូវដូររដ្ឋមន្ដ្រីការពារជាតិ និងដូររដ្ឋមន្ដ្រីការបរទេស ព្រោះរដ្ឋមន្ដ្រីការពារជាតិ និងរដ្ឋមន្ដ្រីបរទេស ប្រឆាំងនឹងការចរចា តើនាយករដ្ឋមន្ដ្រីត្រូវធ្វើយ៉ាងម៉េច? ដូច្នេះ ខ្ញុំសុខចិត្តត្រឡប់ទៅធ្វើរដ្ឋមន្រ្តីការបរទេសវិញ ទន្ទឹមនឹងការដូរយកសម្ដេចពិជ័យសេនា ទៀ បាញ់ ពីក្រសួងសាធារណការ មកក្រសួងការពារជាតិវិញ ដើម្បីបម្រើឲ្យការចរចា។ ដូច្នេះផ្ទៃក្នុងមិនយល់គឺជាគ្រោះថ្នាក់ធំណាស់រឿងនេះ មិនមែនជារឿងតូចតាចទេ នេះជាកំលាំងសង្កត់ទី ១ សម្រាប់ជីវិត នយោបាយរបស់ខ្ញុំ។
ឯចំណុចទី២ គឺកងទ័ពវៀតណាមនៅកម្ពុជាពេលនោះ មិនតិចជាង ១០ ម៉ឺននាក់ទេ នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើកំណែទម្រង់។ ក្នុងពេលដែលវៀតណាមអត់ទាន់ធ្វើកំណែទម្រង់អ្វីទាំងអស់ នៅក្នុងប្រទេសវៀតណាមគឺធ្វើសហករណ៍ ចែកចាយផល។ ប៉ុន្ដែ ជាភ័ព្វសំណាងរបស់ខ្ញុំ នៅត្រង់ថា វៀតណាមមកកម្ពុជាត្រឹមតែជួយផ្ដួលរំលំរបប ប៉ុល ពត និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបប ប៉ុល ពត ប៉ុន្ដែ វៀតណាមបានផ្ដល់លទ្ធភាពឲ្យយើងខ្ញុំ ដើម្បីសម្រេចនូវកិច្ចការទាក់ទងនឹងនយោបាយ សេដ្ឋកិច្ច-សង្គម។ ដូច្នេះ បានជាក្នុងមួយពេលដែលខ្ញុំប្រជុំជាមួយនឹងដៃគូអភិវឌ្ឍន៍ ខ្ញុំបាននិយាយប្រាប់ថា អស់លោកកាលមុននេះ អស់លោកតែងនិយាយថា ខ្ញុំជាអាយ៉ងវៀតណាម ក៏ប៉ុន្តែ ខ្ញុំមានសិទ្ធិសម្រេចច្រើនជាងអ្វីដែលខ្ញុំសម្រេចនៅពេលនេះ នៅត្រង់ថា នៅពេលនេះ បើខ្ញុំមិនធ្វើតាមអស់លោក អស់លោកនឹងកាត់ជំនួយរបស់ខ្ញុំ។ ប៉ុន្តែកាលពីពេលនោះវៀតណាមនៅជួយយើងខ្ញុំ ប៉ុន្តែ វៀតណាមផ្តល់សិទ្ធិឲ្យយើងខ្ញុំសម្រេចកិច្ចការរបស់ខ្លួន ទាំងនយោបាយ ទាំងសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេលវៀតណាមនៅធ្វើសហករណ៍ កម្ពុជាគឺចាប់ផ្តើមអនុវត្តនូវការធ្វើឯកជនរួចស្រេចទៅហើយ។ ដូច្នេះបានជាវៀតណាមចូលអង្គការពាណិជ្ជកម្មពិភពលោកក្រោយកម្ពុជា។
ឥឡូវចំណុចទី ៣ គឺជាអ្វី? ចំណុចទី ៣ គឺពេលនោះ យើងខ្ញុំទទួលទណ្ឌកម្មពីប្រទេសនានា មានតែសូវៀត និងក្រុមប្រទេសសង្គមនិយមនៅអឺរ៉ុបខាងកើតដែលហៅថា Comecon តែប៉ុណ្ណោះ ដែលផ្តល់ជំនួយឲ្យយើងខ្ញុំ ជាមួយសាធារណរដ្ឋឥណ្ឌា និងចំណែកណាមួយ ដែលបានផ្តល់ជំនួយដល់កម្ពុជា។ អញ្ចឹងពេលនោះមិនទាន់មាន Perestroika និង Glasnost របស់ Gorbachev នៅមូស្គូ ឬអតីតសហភាពសូវៀតនោះទេ។ អញ្ចឹងទេ វាជាការងាយណាស់ នៅពេលដែលសូវៀតគ្រាន់តែនិយាយថា បើទុក ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តី សូវៀតនឹងកាត់ជំនួយ ប៉ុន្តែ សូវៀតមិនបានធ្វើនូវកិច្ចការងារនេះទេ។ ដូច្នេះហើយបានជាបើកឱកាសឲ្យខ្ញុំធ្វើការកែទម្រង់ ទាំងខាងនយោបាយ និងខាងសេដ្ឋកិច្ចរហូតមកដល់ពេលនេះ។
(៥) កម្ពុជាចាប់ផ្ដើមកែទម្រង់តាំងពីពេលនៅជាប់ទណ្ឌកម្មមកម្ល៉េះ
អញ្ចឹងទេ ចំណុចដែលយើងកែទម្រង់ទាក់ទងនឹងការគ្រប់គ្រងសាធារណៈ វាមិនលំបាកជាងការកែទម្រង់ដែលខ្ញុំត្រូវលះបង់ក្បាលរបស់ខ្ញុំ ដើម្បីកំណែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជាទេ រាប់ទាំងកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ដែលគ្មានអ្វីត្រូវព្រួយបារម្ភ និងគ្រោះថ្នាក់នោះទេ ព្រោះអារឿងគ្រោះថ្នាក់នៃកំណែទម្រង់ដែលខ្ញុំបាននិយាយអម្បាញ់មិញ កម្លាំងសង្កត់ ៣ យ៉ាង គឺសង្កត់មកលើក្បាលរបស់ខ្ញុំតែម្តង។ ក៏ប៉ុន្តែ ទីចុងបំផុត ខ្ញុំបាននាំប្រទេសពីស្ថានភាពដ៏យ៉ាប់យ៉ឺននៃសេដ្ឋកិច្ចផែនការ ឆ្លងកាត់ការកែទម្រង់អន្តរកាល រវាងផែនការនិងទីផ្សារ មកកាន់សេដ្ឋកិច្ចទីផ្សារ ដែលមកដល់ពេលនេះ យើងមានប្រព័ន្ធហិរញ្ញវត្ថុ ដែលចូលដល់ដំណាក់កាលទី៤ ដែលឥឡូវនេះ យើងនៅបន្តអនុវត្តនូវថវិកាផ្សារភ្ជាប់គោលនយោបាយដែលចាប់ពីថ្ងៃនេះទៅ យើងនឹងមានការផ្លាស់ប្តូរទៅកាន់ដំណាក់កាលទី៤។ អញ្ចឹង ខ្ញុំគួរតែយកឱកាសនេះបញ្ជាក់ថា មិនមែនជាបញ្ហាលេងសើចនោះទេ ហើយក៏មិនមែនគ្រាន់តែជាការឃោសនាខាងនយោបាយលើក្រដាស និងដេញថ្លៃក្នុងរយៈពេលនៃការបោះឆ្នោតនោះដែរ។ ប៉ុន្តែ យើងបានឆ្លងកាត់នៃការធ្វើរឿងនេះតាំងពីចាប់ផ្តើម តាំងពីការលំបាកបំផុត យើងអត់រង់ចាំដល់ទៅមានជំនួយសហភាពអឺរ៉ុប យើងអត់រង់ចាំដល់មានធនាគារពិភពលោក ឬ IMF ឬធនាគារអភិវឌ្ឍន៍អាស៊ីទេ។ យើងកែតម្រង់តាំងពីយើងនៅជាប់ទណ្ឌកម្មពីបណ្តាប្រទេសនានាមួយចំនួន ដែលគាំទ្ររដ្ឋប្រហារយោធា និងគាំទ្ររបបប្រល័យពូជសាសន៍នៅឯអង្គការសហប្រជាជាតិ។ ខ្ញុំគ្រាន់តែជាការរំលឹកដើម្បីឲ្យមន្រ្តីរបស់យើងយល់អំពីបញ្ហានេះ បូកបន្ថែមនូវការបង្ហាញនូវការដែលអ្នកទាំងឡាយមិនអាចដឹងអំពីប្រវត្តិរបស់កម្ពុជា។
{បញ្ចប់សេចក្ដីអធិប្បាយ}
ផ្អែកលើសាវតារ និងទស្សនៈវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់ នូវកម្មវិធីកែទម្រង់ក្នុងលក្ខណៈជាប្រព័ន្ធ ឬការកែទម្រង់រចនាសម្ព័ន្ធរយៈពេលវែង លើវិស័យសំខាន់ៗ សំដៅលើកកម្ពស់គុណភាពនៃប្រព័ន្ធអភិបាលកិច្ចដែលរួមមានចំនួន៤ គឺ៖ កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ជាមួយនឹងរចនាសម្ព័ន្ធដឹកនាំ យន្តការអនុវត្ត និងផែនការសកម្មភាពលម្អិតច្បាស់លាស់ កម្មវិធីកែទម្រង់នីមួយៗទទួលបាននូវការសាទរ និងការគាំទ្រយ៉ាងសកម្មពីសំណាក់ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធនានា រួមបញ្ចូលនូវការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុជាបន្តបន្ទាប់ ក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការ និងការគោរពភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា។
- សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ឥឡូវនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយរបស់ខ្លួនបន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេលជិត ២០ ឆ្នាំ។ ខ្ញុំចាំបានថា ខ្ញុំផ្ទាល់បានធ្វើជាអធិបតីក្នុងពិធីប្រកាសដាក់ចេញនូវដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់នេះ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០០៤។ ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តកម្មវិធីកែទម្រង់ដ៏មានសារៈសំខាន់បំផុតមួយនេះ ឆ្លងកាត់ដំណាក់កាលធំៗចំនួន ៣ រួមមាន៖
- ដំណាក់កាលទី ១ ត្រូវបានអនុវត្ត ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនភាពជឿទុកចិត្តនៃថវិកា
- ដំណាក់កាលទី ២ ត្រូវបានអនុវត្តពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងឮ
- ដំណាក់កាលទី ៣ ត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល- នយោបាយ។
- ដំណាក់កាលទី ៤ ដែលយើងកំពុងប្រកាសដាក់ឱ្យ ចាប់ផ្តើមអនុវត្តនាពេលនេះ ត្រូវបានគ្រោងចាប់អនុវត្តពីឆ្នាំ ២០២៣ នេះរហូតដល់ឆ្នាំ ២០២៧ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម។
ជារួមការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាការពិត ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬថវិកាជាតិ។ នៅឆ្នាំ ២០០៣ មុនការចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់នេះ ចំណូល ថវិកាជាតិសរុប មានប្រមាណតែ ១ ៨២១ ប៊ីលាន រៀលប៉ុណ្ណោះ រីឯចំណាយថវិកាជាតិមានប្រមាណ ២ ៩៩៤ ប៊ីលានរៀល។ រយៈពេល ២០ ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២ ៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល។ សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០។
សមិទ្ធកម្មដ៏ប្រសើរនេះ ក៏បានផ្ដល់លទ្ធភាពកាន់តែខ្ពស់ ជូនរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន ៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណ គឺ៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ។ រឹតតែសំខាន់ជាងនេះ សមិទ្ធផលទាំងអស់នេះ គឺជាកត្តារួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែលមានការធ្លាក់ចុះជាលំដាប់។
លើសពីនេះ សុខភាពដ៏ល្អប្រសើរនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ក៏បានធ្វើឱ្យរាជរដ្ឋាភិបាលមានថវិកាសន្សំគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជាយថាហេតុទាំងឡាយនាគ្រាកន្លងទៅជាអាទិ៍៖ ការឆ្លើយតបនឹងស្ថានភាពមិនអំណោយផល បង្កឡើងដោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោកក៏ដូចជាការឆ្លើយតបនឹងគ្រោះមហន្តរាយ និង គ្រោះធម្មជាតិផ្សេងៗដែលមិនអាចស្មានទុកជាមុនបាន។ ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ខាងផ្នែកហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវវិបត្តិសុខុមាលភាពសង្គម និងសេដ្ឋកិច្ច ដែលបណ្ដាលមកពីការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ រហូតកម្ពុជា ត្រូវបានទទួលស្គាល់នៅក្នុងកម្រិតសកលលោកថា ជាប្រទេស គ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ និងជាប្រទេសស្ទុះងើបឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងរហ័ស។
រឹតតែសំខាន់ថែមទៀត ក្នុងបុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយបានកាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង ២០ ភាគរយ នៃថវិកាជាតិសរុបនោះទេ។ ផ្ទុយទៅវិញ នៅក្នុងអតីតកាល ៣០ ឆ្នាំមុន ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស។ នេះគឺជាលទ្ធផលជាក់ស្ដែងដែលយើងសម្រេចបាន ស្របតាមគោលជំហរដឹកនាំ ដែលខ្ញុំបានប្រកាសជាសាធារណៈ នាពេលកន្លងទៅ គឺ៖ «កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់»។ទស្សនៈដឹកនាំនេះ រួមជាមួយនឹងសមិទ្ធផលជាក់ស្តែង នៃកិច្ចការកែទម្រង់បានធ្វើឱ្យក្ដីរំពឹងទុកលើការកសាងប្រជាជាតិរបស់យើង ដែលត្រូវបានចារឹកទុកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ក្លាយទៅជាការពិតនោះគឺ៖ «ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍» និងប្រែក្លាយកម្ពុជាឱ្យទៅជាកោះសន្ដិភាព»យ៉ាងពិតប្រាកដ។
សន្ដិភាព និងវិបុលភាពសង្គម ដែលកំពុងតែផ្តល់មនុញ្ញផល ដល់យើងទាំងអស់គ្នានាបច្ចុប្បន្ននេះ បានធ្វើឱ្យយើងមានមោទនភាពជាតិយ៉ាងក្រៃលែង និងមានការជឿជាក់កាន់តែ រឹងមាំថា «ខ្មែរពិតជាអាចធ្វើបាន»។ ប៉ុន្តែច្បាស់ណាស់ថា យើងក៏មិនត្រូវស្កប់ស្កល់ ឬលង់លក់នៅក្នុងជោគជ័យបច្ចុប្បន្នដែរ។ ផ្ទុយទៅវិញ យើងត្រូវប្រឹងប្រែងរៀនសូត្រ និងដកស្រង់ពិសោធន៍ពីការអនុវត្តន៍ និងបណ្តាបញ្ហាប្រឈមនាពេលកន្លងទៅ ដើម្បីបោះជំហានទៅដំណាក់កាលថ្មីជាបន្តទៀត ជាមួយនឹងមហិច្ឆតាបែបប្រាកដនិយម និងមិនបង្អង់រង់ចាំ។ ប្រការនេះមានន័យថា យើងត្រូវវាយតម្លៃឱ្យចំសកម្មភាពជាអាទិភាពដែលយើងត្រូវធ្វើជាបន្ទាន់ និងអាចធ្វើទៅបាន ដើម្បីឆ្លើយតបឱ្យចំសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុក ស្របពេលដែលយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើកត្តាបរិបទ និងកត្តាបរិស្ថានគ្របដណ្ដប់ជារួមផងដែរ ដើម្បីធានានូវការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានឱ្យបានក្នុងកម្រិតជាអតិបរមា។
- សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
នៅក្នុងគោលដៅនៃ «ការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម» នេះ ដែលសំដៅទៅដល់ការទទួលខុសត្រូវផ្អែកលើលទ្ធផល ការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាបានឈានចូលមកដល់ដំណាក់កាលយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលជាគោលដៅដ៏ចម្បងរបស់យើង នោះគឺការប្រែប្រួលជាសារវ័ន្តផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព ដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្ត្រីរាជការក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។ ក្នុងន័យនេះ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយនឹងការទទួលបាននូវការផ្ទេរសិទ្ធិអំណាច ក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន ក្រសួង-ស្ថាប័ននីមួយៗនឹងត្រូវមានការទទួលខុសត្រូវខ្ពស់លើការប្រើប្រាស់ថវិកាឱ្យបានប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ព្រមទាំងចំគោលដៅកំណត់ ពោលគឺម្ខាងត្រូវទទួលខុសត្រូវលើការសម្រេចឱ្យបាននូវគោលបំណងគោលនយោបាយបេសកកម្ម និងសូចនាករលទ្ធផលរំពឹងទុករបស់ខ្លួនអនុលោមតាមគោលការណ៍នៃ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» និងម្ខាងទៀតត្រូវទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ លើការប្រើប្រាស់ថវិកាដែលត្រូវបានអនុម័តផ្ដល់ជូន ឱ្យបានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងធានាបាននូវ «តម្លៃនៃលុយ» ស្របតាមបទប្បញ្ញត្តិ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាធរមាន។
ក្នុងស្មារតីបន្តជំរុញអនុវត្តដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់នេះ ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក ខ្ញុំសូមផ្តល់អនុសាសន៍គន្លឹះមួយចំនួនសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគ្រប់ក្រសួង-ស្ថាប័ន ដែលជាតួអង្គនិម្មាបនករ និងប្រតិបត្តិករនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចខាងក្រោម៖
ទី១. ត្រូវបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័ន ដោយរដ្ឋមន្ត្រី និងប្រធានស្ថាប័ន ត្រូវជំរុញអនុវត្តប្រកបដោយភាពជាម្ចាស់នូវកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល។ ការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការសម្រេចបាននូវគោលបំណង និងបេសកកម្មរបស់ក្រសួង-ស្ថាប័ន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ឤស្រ័យនេះ គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការងារដែលត្រូវតាមដានការអនុវត្តជាប្រចាំ។ ការកែទម្រង់ ត្រូវផ្តើមចេញជាសំខាន់ ពីការពង្រឹងភាពជាអ្នកដឹកនាំ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដោយផ្តោតទៅលើការសម្រេចនូវលទ្ធផល ស្របគ្នានឹងការពង្រឹងសមត្ថភាពធនធានមន្ត្រីរាជការនៅក្រោមឱវាទ។
ទី២. ត្រូវផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការត្រៀម រៀបចំគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យបាននូវការអនុវត្តជាមូលដ្ឋាន» នូវថវិកាព័ត៌មានសមិទ្ធិកម្ម យ៉ាងយូរនៅឆ្នាំ ២០២៦ ខាងមុខ ស្របតាមគោលដៅកំណត់នៃ«យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ» របស់រាជរដ្ឋាភិបាល។ ច្បាស់ណាស់ថាការកែទម្រង់ប្រព័ន្ធថវិកាជាតិ គឺជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសារថវិកា គឺជាឧបករណ៍គន្លឹះ សម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗប្រើបា្រស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការប្រមែប្រមូលធនធានរបស់ជាតិ ប្រកបដោយចីរភាព និងការវិភាជធនធាន ទាំងនោះបម្រើឱ្យការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។
ទី៣. ត្រូវបន្តពង្រឹងយន្តការសម្របសម្រួលសង្គតិ្តភាព និងភាពប្រទាក់ក្រឡាគ្នា រវាងកម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេស គឺកម្មវិធីកែទម្រង់ ៣ បូក ១ ស្របតាមឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្តស្តីពីសុខដុមនីយកម្ម ការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល» ដែលខ្ញុំបានសម្រេចដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងទៅ។ អភិបាលកិច្ចល្អ ត្រូវការសមាសធាតុសំខាន់ទាំងបួន ដែលជាកម្មវត្ថុនៃកិច្ចការកែទម្រង់ ៣ បូក ១ នេះ ពោលគឺ ៖ (១). ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព (២). ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព (៣).ការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និង (៤). ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះយើងពិតជាមានតម្រូវការចាំបាច់ ក្នុងការធានានូវសុខដុមភាព សង្គត្តិភាព ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមកនៃក្របខ័ណ្ឌកម្មវិធី កែទម្រង់ ៣ បូក ១ នេះ។
ទី៤. ត្រូវបន្តជំរុញឱ្យបានរីកចម្រើននូវវិស័យឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយបន្ស៊ី និងប្រទាក់ក្រឡាគ្នា ជាមួយនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាជាមួយកម្មវិធីកែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល។
ទី៥. ត្រូវបន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលជាអភិក្រមកែទម្រង់របស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំនៅតាមក្រសួង-ស្ថាប័ន ក្នុងគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស កម្រិតគ្រប់គ្រង និងកម្រិតដឹកនាំក្នុងស្មារតីភ្ញាក់រលឹក កែលម្អ និងបង្កើនប្រសិទ្ធភាពការងារ ទាំងក្នុងក្របខណ្ឌនៃការបំពេញការងារជាបុគ្គល ក៏ដូចជាការបំពេញការងារជាក្រុម។
ទី៦. ត្រូវផ្ដល់សារៈសំខាន់លើការពង្រឹង «ភាពជាអ្នកដឹកនាំ» នៅគ្រប់កម្រិត និងជាពិសេស «ក្នុងកម្រិតថ្នាក់ដឹកនាំ»នៅក្នុងស្ថាប័ន និងអង្គភាព ពីព្រោះនេះ គឺជាកត្តាចម្បងដែលកំណត់ នូវភាពជោគជ័យ នៃការងារនៅក្នុងគ្រប់អង្គភាព និងក្រសួង-ស្ថាប័ន ទាំងសាធារណៈ និងឯកជន។
ទី៧. ត្រូវប្រកាន់យកគោលការណ៍«គុណភាព សមត្ថភាព និងគុណាធិបតេយ្យ» ជាវប្បធម៌ការងារ ពិសេស នៅក្នុងការគ្រប់គ្រងធនធានមនុស្ស។ ប្រការនេះសំដៅដល់ភាពចាំបាច់ក្នុងការផ្ដល់នូវឱកាស និងការលើកទឹកចិត្ត ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោយសមធម៌ និងយុត្តិធម៌ ជូនដល់មន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិ ស្របតាមគុណវុឌ្ឍិ បទពិសោធន៍ សមត្ថភាព ឆន្ទៈ និងវិន័យ ក្នុងការបំពេញការងារ។ គោលការណ៍នេះត្រូវអនុវត្តមិនត្រឹមតែក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវតែក្លាយទៅជាគោលការណ៍អាទិភាពមួយរបស់រាជរដ្ឋាភិបាលសម្រាប់ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ននៅគ្រប់កម្រិត។
ទី៨. ត្រូវពង្រឹងយន្តការ «តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ» នៅគ្រប់កម្រិត និងឱ្យបានទូលំទូលាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ជាឧបករណ៍ ដើម្បីកំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាពនៃរាល់ការអនុវត្តន៍ផែនការសកម្មភាពការងារ។ ម្យ៉ាងទៀត យន្តការនេះក៏ជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ចូលរួមពង្រឹង «គណនេយ្យភាព សមិទ្ធកម្ម» ផងដែរ។
- សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ខ្ញុំពិតជាមានមោទនភាពខ្ពស់ ចំពោះការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដែលតាមរយៈនេះ យើងអាចកសាងមូលដ្ឋានគ្រឹះតាមដំណាក់កាលនីមួយៗ និងអាចឈានមកដល់ដំណាក់កាលចុងក្រោយនេះបានដោយជោគជ័យយ៉ាងប្រចក្ស។
ជាការពិត លទ្ធផល សមិទ្ធផល និងវឌ្ឍនភាព ដែលសម្រេចបានមកដល់ពេលនេះ ពិតជាមិនឤចកាត់ផ្តាច់បានឡើយ ពីការចូលរួមចំណែករបស់គ្រប់ស្ថាប័នទាំងអស់ក្នុងជួររាជរដ្ឋាភិបាល ទោះដោយផ្ទាល់ក្តី ឬ ដោយប្រយោលក្តី។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការវាយតម្លៃខ្ពស់ ជូនដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ ២០០៤ មក ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីទាំងឡាយ ដែលជាប់ពាក់ព័ន្ធតាំងពីដំបូង រហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានដឹកនាំផ្ទាល់ និងជាប់លាប់តាំងពីដើមទីលើការងារនេះ ប្រកបដោយភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈខ្ពស់។ ខ្ញុំក៏សូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាគ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមអនុវត្តកម្មវិធីកែទម្រង់នេះប្រកបដោយភាពអត់ធ្មត់ និងភាពជាម្ចាស់។ បន្ថែមលើនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បណ្ដាដៃគូអភិវឌ្ឍន៍ទាំងឡាយ ដែលតែងតែបានគាំទ្រ ទាំងជាជំនួយបច្ចេកទេស និងទាំងជាជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់ តាំងពីដំណាក់កាលទី ១ រហូតមកដល់ដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយនេះ។
ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្ដាំផ្ញើ និងជំរុញជាថ្មីម្តងទៀត ឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្តតាមបេសកកម្ម មុខងារ កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួនប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ដីពីកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤»។ ខ្ញុំសង្ឃឹមថា ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្ត ប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។
ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ដំណាក់កាលទី៤៖ «ការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់ពីពេលនេះតទៅ៕
សូមអរគុណ!