សុន្ទរកថា និង ប្រសាសន៍ក្រៅសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកឧត្តមអគ្គរដ្ឋទូត និងតំណាងដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងស្ថាប័នជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សក្រៃលែងដោយបានមកចូលរួមជាអធិបតីក្នុង«ពិធីប្រកាសដាក់ឱ្យអនុវត្តដំណា​ក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ​ដែលជាទិវាប្រវត្តិសាស្ត្រមួយទៀត នៅក្នុងដំណើរការនៃការកែទម្រង់អភិបាលកិច្ចនៅកម្ពុជា។ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា បាន និងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរនៅលើមាគ៌ាដ៏ត្រឹមត្រូ​វ និ​​ងប្រកបដោយក្ដីសង្ឃឹម។ ផ្លែផ្កាជាសមិទ្ធផលទទួលបាននាបច្ចុប្បន្ន ដុះចេញពីឫសគល់ដែលជាមូលដ្ឋានគ្រឹះពីអតីតកាល នោះគឺការបញ្ចប់ជាស្ថាពរនូវសង្គ្រាម និងការធានាបាននូវសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស។ សន្ដិភាព គឺជាបុរេលក្ខ​ខ​ណ្ឌជាសកល និងជាបរិយាកាសចម្បងមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិក្នុងគ្រប់ផ្នែក គ្រប់វិស័យ រួមបញ្ចូលទាំងការផ្ដល់ឱកាសដល់ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ច្បាស់ណាស់ថា កន្លងមកយើងមិនបានរង់ចាំទាល់តែ ទទួលបានសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ទើបចាប់ផ្ដើមកិច្ចការកែទ​​ម្រង់នោះទេ។ ផ្ទុយទៅវិញ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ យើងបានចា​ប់ផ្ដើមធ្វើការកែទម្រង់លើគោ​លនយោបាយរបស់យើងជាបន្តបន្ទាប់ ដោយផ្ដោតលើអាទិភាពបន្ទាន់ទាំងឡាយស្របតាមបរិការណ៍ និងកាលៈទេសៈនៃសម័យកាលនីមួយៗ ចាប់តាំងពីក្រោយការ ដួលរលំនៃរបបប្រល័យពូជសាសន៍មកម្ល៉េះ។ យ៉ាងណាមិញ…

សេចក្តីស្រង់សារជាសម្លេង សម្តេចតេជោ ហ៊ុន សែន បំភ្លឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស្តីពីការតស៊ូរំដោះប្រទេសកម្ពុជា និងការចាប់ខ្លួនលោក ប៉ែន សុវណ្ណ

សូមជម្រាបសួរបងប្អូនទាំងអស់គ្នា។ ព្រឹកមិញខ្ញុំបាននិយាយត្រួសៗ។ ហើយ(បងប្អូន)ក៏ប្រហែលជានឹងអាចក្តាប់បានរួចហើយដែរ អំពីការបំភ្លឺរបស់ខ្ញុំទាក់ទងនឹងបញ្ហាប្រវត្តិសាស្រ្ត ហើយក៏ទាក់ទងជាមួយនឹងការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដែលខ្ញុំធ្វើការកែតម្រូវ។ ឥឡូវ ខ្ញុំចង់បន្ថែម និយាយឡើងវិញ ដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបទាក់ទិនទៅនឹងដំណើររឿង។ ប្រវត្តិ​សាស្រ្ត គឺវាជាប្រវត្តិសាស្រ្ត ដែលយើងត្រូវតែនិយាយការពិតចេញមក ឲ្យត្រូវនឹងការពិត ទើបគេហៅថាប្រវត្តិ​សាស្រ្តបាន។ ប្រសិនបើយើងនិយាយខុសការពិត វាអាចនឹងបង្កើតនូវការភាន់ច្រឡំ សម្រាប់ក្មេងជំនាន់ក្រោយ ហើយបើសិនជាមានការទាក់ទិនជាមួយនឹងបរទេសទៀតសោត វានឹងអាចបង្កើតជាអរិភាពរវាងប្រ​ទេស និងប្រទេសទៀតផង។ ដូចជាករណីដែលលោក ខាន់ សុវណ្ណ បានលើកឡើងថាវាជាការដណ្តើមគ្នារវាងវៀតណាម ជាមួយនឹងសូវៀតលើបញ្ហាការតែងតាំងនាយករដ្ឋមន្រ្តី(កម្ពុជា)ជាដើម។ល។ ខ្ញុំគ្រាន់តែបញ្ជាក់ថា កម្ពុជា មិនមែនជានំ ឬមិនមែនជាដុំស្ករសម្រាប់ការដណ្តើមរបស់មហាអំណាចណាមួយទេ។ វាសំខាន់ខ្លាំងណាស់សម្រាប់សិទ្ធិសម្រេចរបស់ប្រទេសនីមួយៗ។ ប្រទេសដទៃ បើទោះបីជាចង់មានឥទ្ធិពល ឬក៏ចង់ធ្វើជាមិត្ត ឬក៏ចង់ធ្វើជាសត្រូវ ក៏វាតាមចិត្តចង់របស់ពួកគេ តែពួកគេក៏មិនអាចនឹងមើលរំលងឆន្ទៈរបស់ប្រជាពលរដ្ឋរបស់កម្ពុជា ឬរបស់ប្រទេសផ្សេងៗទៀតបានដែរ។ ចំណុចនេះ ខ្ញុំសុំបញ្ជាក់ជាការចាប់ផ្តើម ដើម្បីឈានឆ្ពោះទៅរកការតម្រង់ផ្លូវ ហើយដែលអាចផ្តល់ឱកាសឲ្យមានការផ្សព្វផ្សាយផងដែរ។ រណសិរ្សសង្គ្រោះជាតិបានបង្កើតឡើងលើមូលដ្ឋាននៃកម្លាំង ៥ យើងបានដឹងគ្រប់គ្នាហើយថា របបប្រល័យពូជសាសន៍ ប៉ុល ពត ជារបបមួយដែលយើងមិនអាចទ្រាំទ្ររស់នៅបានទេ។ ដូច្នេះ បញ្ហាដែលសំខាន់នៅពេលនោះ គឺការប្រមូលគ្រប់កម្លាំងទាំងអស់ ទោះបីមាននិន្នាការយ៉ាងណាក៏ដោយ…