- ឯកឧត្តម សាបា ខូរូស (Csaba Körösi) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ,
- ឯកឧត្ដម អង់តូនីយ៉ូ ហ្គូទរ៉ស (António Guterres)អគ្គលេខាធិការអង្គការសហប្រជាជាតិ,
- ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម សាបា ខូស្ស៊ី ដែលត្រូវបានជ្រើសរើសជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧។ ជាមួយគ្នានេះ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះជូនដល់ឯកឧត្តម អាប់ឌូឡាសាហ៊ីដ ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំកិច្ចការរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ក្នុងពេលដ៏សែនលំបាកកន្លងមក។
ប្រធានបទនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ របស់យើង “ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា“ នេះ ពិតជាសមស្របនឹងបរិការណ៍បច្ចុប្បន្ន។ ភាពមិនប្រាកដប្រជាជាសកល កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ តាមរយៈការកើនឡើងនូវភាពតានតឹងនៃជម្លោះប្រដាប់អាវុធ ការប្រណាំងប្រជែងសព្វាវុធ ការកើនឡើងនៃសម្ព័ន្ធភាពសន្តិសុខខ្នាតតូច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះពហុភាគីនិយម។
ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនបានបង្កភាពស្មុគស្មាញ មិនត្រឹមតែចំពោះទំនាក់ទំនងអន្តរជាតិនៅតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែបានបន្ទច់បង្អាក់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យបញ្ហាសន្តិសុខស្បៀង និងថាមពល កាន់តែយ៉ាប់យ៉ឺន។ ការកើនឡើងនៃអរិភាពរវាងតួអង្គកាន់តែច្រើនឡើងៗដោយផ្ទាល់ ឬដោយប្រយោល និងគ្មានសញ្ញានៃការបញ្ចប់ រួមទាំងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ បានជះឥទ្ធិពលធ្ងន់ធ្ងរដល់ពិភពលោកជារួម។
ស្ថានការណ៍នៅឧបទ្វីបកូរ៉េ នៅតែជាក្តីព្រួយបារម្ភ ដោយសារការត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរ លើកទី ៧។ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរាប់សិបគ្រាប់ ក្នុងការឆ្លើយតបនឹងសមយុទ្ធយោធា។ លើសពីនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក៏បង្កការព្រួយបារម្ភផងដែរ។
ជារួម ក្នុងបរិការណ៍ដ៏លំបាកនេះ ក្នុងនាមជាប្រទេសមួយដែលទទួលបានបទពិសោធន៍ ក្នុងការរកបាននូវសន្តិភាពដោយលំបាកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជាបាននិងកំពុងព្យាយាមចូលរួមប្រកបដោយការស្ថាបនាជាមួយអង្គការសហប្រជាជាតិ ក្នុងការគាំទ្រនូវសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងលើកកម្ពស់ការគោរពទៅលើគោលការណ៍ និងគុណតម្លៃជាមូលដ្ឋាននៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ការជួបជុំគ្នាពេលនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យគួរឱ្យកត់សម្គាល់នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការយកឈ្នះនូវជំងឺរាតត្បាត ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងវិបត្តិសុខភាពសកលនេះ នៅពុំទាន់បញ្ចប់នៅឡើយទេ។
ទម្រង់ថ្មីៗនៃវីរុសបំប្លែងខ្លួន និងជំងឺឆ្លងផ្សេងៗ កំពុងតែលេចឡើងជាបន្តបន្ទាប់។ តើនឹងមានអ្វីផ្សេងទៀត ដែលអាចនឹងកើតមានឡើងនាពេលអនាគត? ប្រព័ន្ធសុខាភិបាលសកលមួយដ៏រឹងមាំ ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ដែលមានតួនាទីស្នូល ក្នុងការសម្របសម្រួល អាចជួយកសាងប្រព័ន្ធសុខាភិបាលជាតិមួយកាន់តែមានភាពធន់ និងនិរន្តរភាព។ ការចែកចាយវ៉ាក់សាំង ដោយឈរលើយន្តការពហុភាគី ប្រកបដោយការបើកចំហ និងតម្លាភាព ជំរុញដោយគោលការណ៍ទទួលខុសត្រូវរួមពិតប្រាកដ គឺជាមធ្យោបាយតែមួយគត់សម្រាប់ទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗនាអនាគត រួមទាំងការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង។
ក្រៅពីនេះ ការគំរាមកំហែងដែលកើតមានចំពោះមនុស្សជាតិ គឺភាពងាយរងគ្រោះរបស់យើង ចំពោះការប្រែប្រួលអាកាសធាតុ។ យើងចាំបាច់ត្រូវផ្លាស់ប្តូរដំណើរការនៃការដោះស្រាយបញ្ហាអាកាសធាតុនាពេលនេះ ដោយមិនអាចរង់ចាំថ្ងៃស្អែកបាននោះទេ។ អស់រយៈពេល ៥០ឆ្នាំ មកហើយ ចាប់តាំងពីរដ្ឋាភិបាលត្រូវបានទទួលការព្រមាន អំពីការផ្លាស់ប្តូរទម្រង់ផលិតកម្ម និងការប្រើប្រាស់របស់យើង ដើម្បីចៀសវាងគ្រោះមហន្តរាយនេះ។ ប៉ុន្តែជាអកុសល ចាប់តាំងពីពេលនោះមក យើងឃើញតែការបាត់បង់ជីវចម្រុះកាន់តែច្រើន ការរិចរិលដីកាន់តែច្រើន និងការខ្វះខាតទឹកសាបកាន់តែកើនឡើង។
សកម្មភាពរួមរបស់យើង ត្រូវតែផ្តោតលើកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការបញ្ចៀសផលប៉ះពាល់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដែលមានភាពធន់នឹងអាកាសធាតុ។ ការប្ដេជ្ញាចិត្តរបស់យើងចំពោះការទាញសីតុណ្ហភាពពិភពលោកឱ្យថយ ១,៥ អង្សាសេ ទាមទារការផ្តល់ហិរញ្ញប្បទាន និងការផ្ទេរបច្ចេកវិទ្យា ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរប្រកបដោយអត្ថន័យ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចៀស និងសម្របខ្លួន។ យើងត្រូវតែអនុវត្តនូវលទ្ធផលនៃកិច្ចប្រជុំ នៅក្នុងទីក្រុង Glasgow ដែលបានអនុម័តនៅ COP២៦ ដោយយកចិត្តទុកដាក់ជាបន្ទាន់ និងឈរលើគោលការណ៍រួម ប៉ុន្តែបែងចែកការទទួលខុសត្រូវ និងតាមសមត្ថភាពរៀងៗខ្លួន។
បន្ថែមលើនេះ ការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល។ អាស្រ័យហេតុនេះ ការផ្លាស់ប្តូរជាមូលដ្ឋានទៅមុខនៃដំណើរការសង្គម-សេដ្ឋកិច្ច និងនយោបាយ គឺត្រូវពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើវិធានច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក ជាអង្គការស្នូល ដែលអាចលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងធានាភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល។
ជាមួយគ្នានេះ យើងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងលើគោលនយោបាយឌីជីថល ប្រកបដោយបរិយាប័ន្ន និងក្របខណ្ឌបទប្បញ្ញត្តិអំណោយផល ដែលនាំទៅរកការវិនិយោគកាន់តែច្រើន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រោះវាមានសារៈសំខាន់សម្រាប់តភ្ជាប់គម្លាតឌីជីថល ដែលកំពុងកើនឡើង និងបង្កើតប្រភពនៃកំណើនថ្មី។ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាផ្នែកមួយមិនអាចខ្វះបាន ក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
សម្រាប់ឆ្នាំនេះ កម្ពុជាមានកិត្តិយសក្នុងការធ្វើជាប្រធានអាស៊ាន។ មកដល់បច្ចុប្បន្ន អង្គការនេះមានអាយុ៥៥ឆ្នាំ ហើយយើងមានមោទនភាពក្នុងការអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់យើង និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដែលយើងសម្រេចបានជាបន្តបន្ទាប់។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អាស៊ានអាចមានលទ្ធភាពធ្វើដំណើរឆ្លងកាត់សភាពការណ៍ភូមិសាស្ត្រនយោបាយ ដែលមានការផ្លាស់ប្តូរឥតឈប់ឈរ ក្លាយជាអង្គការតំបន់ដ៏លេចធ្លោ និងជោគជ័យបំផុត ខណៈដែលមានការបោះជំហានយ៉ាងខ្លាំង ក្នុងការជំរុញភាពជឿទុកចិត្តបាន និងភាពពាក់ព័ន្ធក្នុងកិច្ចការពិភពលោក។
ប្រធានបទរបស់យើង “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលបង្ហាញពីស្មារតីរឹងមាំនៃការរួបរួមគ្នា គ្របដណ្តប់លើបញ្ហាចម្បងៗទាំងអស់ ដែលខ្ញុំបានលើកឡើងពីខាងដើម។ ជាការពិត បញ្ហាប្រឈមទាំងនេះមានផលប៉ះពាល់យ៉ាងទូលំទូលាយលើដំណើរការកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់យើង។ ប៉ុន្តែ ក្នុងនាមជាប្រធានអាស៊ានកម្ពុជាបានប្តេជ្ញាចិត្តដូចសព្វដង ក្នុងការច្របាច់បញ្ចូលកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយនូវគោលដៅរួម ក្នុងការនាំមកនូវផលប្រយោជន៍ដល់ប្រជាជនរបស់យើង ដោយផ្អែកលើស្មារតីនៃមជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ាន។
ពិតណាស់ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានសភាពគួរឱ្យព្រួយបារម្ភ ដែលអាចបង្កជាផលប៉ះពាល់ដោយផ្ទាល់ទៅលើសន្តិសុខ និងស្ថិរភាពនៃតំបន់ទាំងមូល ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា វិបត្តិនេះគឺស្មុគស្មាញជាមួយនឹងមូលហេតុដែលចាក់ឬសយ៉ាងជ្រៅ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់ គឺសំដៅស្វែងរកការបញ្ចប់អំពើហិង្សា ការនាំមកនូវជំនួយមនុស្សធម៌ដល់ប្រជាជនខ្វះខាត និងការស្វែងរកការកសាងទំនុកចិត្តក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធ សំដៅបើកឱ្យមានការសន្ទនានយោបាយរួមមួយ ដូចដែលបានកំណត់ដោយកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ ចំណុចរបស់អាស៊ាន។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាល អន្តរាគមន៍សង្គម និងសេដ្ឋកិច្ច និងវិធានការរដ្ឋបាលនានា។ រាជរដ្ឋាភិបាលបានកំណត់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាវិធានការយុទ្ធសាស្ត្រជាគន្លឹះ។
ជាលទ្ធផល កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាគ្របដណ្តប់នៃចំនួនប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ខ្ពស់ជាងគេ ក្នុងកម្រិតសកល ជាពិសេស ការសម្រេចបាននូវ “ភាពស៊ាំសហគមន៍” ដ៏រឹងមាំ និងអាចបើកដំណើរការប្រទេសឡើងវិញបានពេញលេញ នៅចុងឆ្នាំ ២០២១ ក៏ដូចជាការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ក្នុងគន្លងប្រក្រតីភាពថ្មីផងដែរ។ ក្នុងឱកាសនេះ ខ្ញុំសូមសម្ដែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះប្រទេសជាមិត្តរបស់យើងទាំងអស់ ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា តាមរយៈក្របខណ្ឌទ្វេភាគី និងពហុភាគី។
សម្រាប់វិស័យសង្គម រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដូចជា ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ដើម្បីដាក់ឱ្យអនុវត្ត និងពង្រីកកម្មវិធីសំខាន់ៗមួយចំនួន ដូចជា ១). កម្មវិធីសាច់ប្រាក់ពលកម្ម ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងការផ្ដល់ឱកាសការងារបន្ថែម និង ២). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីជួយសម្រាលការលំបាក និងរក្សាជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ។
ចំពោះវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានខិតខំព្យាយាមឥតស្រាកស្រាន្ត ដើម្បីដោះស្រាយបញ្ហាជារចនាសម្ព័ន្ធរាំរ៉ៃ ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដែលអាជីវកម្មបានជួបប្រទះ តាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគថ្មី ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ ជារួម សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថា នឹងសម្រេចបានក្នុងអត្រាកំណើន ៥,៤% ក្នុងឆ្នាំ ២០២២ គាំទ្រដោយការងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម។
ចំពោះកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យវិញ ការបោះឆ្នោតឃុំ-សង្កាត់ ដែលត្រូវបានរៀបចំឡើងកាលពីខែមិថុនាកន្លងទៅ អាចឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដោយសារជាង ៨០% នៃអ្នកចុះឈ្មោះបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតប្រកបដោយភាពសេរី យុត្តិធម៌ សន្តិភាព និងតម្លាភាព។ ការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាជនកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព នយោបាយ កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ បានជំរុញឱ្យមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណបក្សកាន់អំណាចយ៉ាងលើសលប់។
លើសពីនេះ ទាក់ទងនឹងបេសកកម្មរក្សាសន្តិភាព កម្ពុជាបានបន្តបញ្ជូនកងកម្លាំងរាប់ពាន់នាក់ ដើម្បីទៅបំពេញបេសកកម្មក្នុងបណ្ដាប្រទេសដែលកំពុងជួបវិបត្តិ។ ជាង ១៥% នៃកងកម្លាំងកម្ពុជា ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជា “ស្ត្រី”។ ពួកគាត់បានដើរតួជាគំរូ និងជំរុញទឹកចិត្តដល់ស្ត្រី និងយុវនារី ក្នុងសង្គមដែលគ្របដណ្ដប់ដោយបុរស ដើម្បីទាមទារសិទ្ធិ និងការចូលរួមចំណែកក្នុងកិច្ចដំណើរការរក្សាសន្តិភាព។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ខ្ញុំសូមកត់សំគាល់ថា កាលពីម្សិលមិញអង្គជំនុំជម្រះកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសាលដីការបស់ខ្លួន ដើម្បីតម្កល់ការផ្តន្ទាទោសអស់មួយជីវិតដល់អតីតប្រមុខរដ្ឋខ្មែរក្រហម ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជា និងអង្គការសហប្រជាជាតិ តាមរយៈសាលាក្តីកូនកាត់ នៅក្នុងការនាំមកនូវយុត្តិធម៌ដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជនជាតិឯង យើងអាចប្រកាសប្រាប់ពិភពលោកអំពីការពិតដែលបានរកឃើញ និងយុត្តិធម៌ដែលត្រូវបានការពារ ហើយផ្សព្វផ្សាយដល់ពិភពលោកថា ឧក្រិដ្ឋកម្មបែបនេះមិនគួរកើតឡើងម្តងទៀតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិឡើយ។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសផ្តល់ជំនួយទាំងឡាយ ដែលបានផ្ដល់ថវិកាគាំទ្រ និងសូមថ្លែងអរគុណចំពោះជនរួមជាតិកម្ពុជាទាំងអស់ នៅក្នុងការសហការពង្រឹងដំណើរការផ្សះផ្សាជាតិ។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន ទោះបីជាមានបញ្ហាប្រឈមជាច្រើនអនេកបានជះឥទ្ធិពលអវិជ្ជមានដល់វឌ្ឍនភាពនយោបាយ សង្គម និងសេដ្ឋកិច្ចក្ដី យើងទាំងអស់គ្នានៅតែបន្តប្តេជ្ញាចិត្តជានិច្ច ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
សូមអរគុណ!