FN ៖ បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង១,៥០០លានដុល្លារ។
ការបញ្ជាក់ឲ្យដឹងបែបនេះរបស់បណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រមូលពន្ធនាំចូល លើយានយន្តជ្រុកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល» តាមរយៈប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។
បណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូល៨ខែ យើងអនុវត្ដបាន៦៤.២ភាគរយ នៃច្បាប់ផែនការ កំណត់ដោយច្បាប់ហិរញ្ញវត្ថុ […] អត់គ្រប់ផែនការទេ បើចង់គ្រប់ផែនការ ដល់តែ៦៦.៦៦ភាគរយ […] បើគិតជាប្រាក់ដុល្លារ ប្រមូលបាន១,៥២០លានដុល្លារ»។
បន្ថែមពីនោះទៀត បណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការអនុវត្តន៍ប្រមូលពន្ធនាំចូលលើយានយន្ត ជ្រុកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល គឺជួយបង្កើនចំណូលពន្ធ ដែលធ្លាក់ចុះ ហើយក៏ជាប្រភពមួយ ក្នុងការបំពេញតម្រូវការចំណាយផងដែរ។
បណ្ឌិត គុណ ញឹម បានឲ្យដឹងថា រថយន្តឯកជន ដែលជ្រកក្រោមស្លាកលេខរដ្ឋ ខ.ម និង ន.ប នាពេលបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនទាន់មានតួរលេខ នៅក្នុងដៃនៅឡើយនោះទេ ប៉ុន្ដែគ្រាន់តែដឹងថា ប្រភពមកពីណា។
បណ្ឌិត គុណ ញឹម បានបន្ដទៀតថា ប្រភពទាំងនោះដូចជា៖ នៅក្រសួងការពារជាតិ ដែលពន្ធដារ បានឲ្យតួរលេខមកជាបណ្ដើរៗ និងក្រសួងមហាផ្ទៃ និង ន.ប, ខ.ម ផ្លាកលេខក្លែងក្លាយ និងរថយន្ដ ដែលផ្លាកលេខស៊ីវិល គ្មានពន្ធនាំចូល។
ទន្ទឹមគ្នានោះ បណ្ឌិត គុណ ញឹម ក៏បានបង្ហាញពីផលលំបាក ក្នុងអនុវត្ដបង្ក្រាបរថយន្ដទាំងនោះ ដោយគយបានជួបប្រទះ បញ្ហាស្មុគស្មាញ់ជាច្រើន ដូចជា ផ្លាកលេខក្លែងក្លាយ និងមិនមែនជាមន្ដ្រី ដែលជារកស៊ី ប៉ុន្ដែពាក់លេខ ន.ប ខ.ម ផងដែរ។
បណ្ឌិត គុណ ញឹម បានឲ្យដឹងផងដែរថា ចំណូលដែលប្រមូលបានដោយគយ គឺដើរតួនាទីសំខាន់ណាស់ ក្នុងថវិកាជាតិ ដោយមានអង្គភាពចំនួន២ ជាអ្នកប្រមូលពន្ធអាករចូលថវិកាជាតិ គឺអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា អង្គភាពទាំង២នេះ គឺជាអ្នកប្រមូលពន្ធអាករនាំចេញ-នាំចូល ពីពាណិជ្ជកម្មអន្ដរជាតិ ហើយអគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករ លើផ្ទៃក្នុងប្រទេស។
បណ្ឌិត គុណ ញឹម បានបញ្ជាក់ឲ្យដឹងថា ទំនិញដែលជាប្រភពចំណូលសំខាន់ ដែលប្រមូលដោយគយ គឺយានយន្ដមាន៖ រថយន្ដ គ្រឿងចក្រ ម៉ូតូ និងប្រភេទយានយន្ដផ្សេងៗជាច្រើនទៀត។
លោកថា កាលពីឆ្នាំ២០១៩ ចំណូលពីការនាំចូលយានយន្តរួមចំណែក៥៣ភាគរយ នៃចំណូលសរុបរបស់គយ, ឆ្នាំ២០២០ ចំណូលគយបានពីការនាំចូលយានយន្តធ្លាក់ចុះត្រឹម ៤២ភាគរយ ដែលបណ្តាលមកពីការកើនឡើងនៃសកម្មភាពរត់ពន្ធយានយន្ត៕