- ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសទាំងអស់
- លោក តូរ៉ុ តាកាហាស៊ី (Taro Takahashi)និពន្ធនាយកទទួលបន្ទុកតំបន់អាស៊ី នៃទីស្នាក់ការកណ្ដាលសម្រាប់តំបន់អាស៊ី
- ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយជាអនេក ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីដទៃទៀត ថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្ដីពី “អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ” នាថ្ងៃនេះ។ ជាមួយគ្នានេះ ខ្ញុំសូមសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុននីកកេ (Nikkei) ដែលបានខិតខំរៀបចំវេទិកានេះឡើងតាមរយៈប្រព័ន្ធវីដេអូ លើប្រធានបទដ៏មានសារៈសំខាន់នេះ សម្រាប់ថ្នាក់ដឹកនាំ និងដៃគូពាក់ព័ន្ធទាំងអស់ ពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីស្ថានការណ៍ និងការវិវឌ្ឍក្នុងតំបន់ និងសកលលោក ជាពិសេស ការគិតគូរអំពីទិសដៅអនាគត សម្រាប់កិច្ចអភិវឌ្ឍតំបន់អាស៊ីក្នុង និងក្រោយពេលវិបត្តិជំងឺកូវីដ-១៩។
ជាការពិតណាស់ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្រ្តទំនើបរបស់ពិភពលោកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាន និងកំពុងបង្កជាវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ និងឈានដល់ការបន្ទច់បង្អាក់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាសកល។ គ្រប់ប្រទេស និងតំបន់លើសកលលោកសុទ្ធសឹងតែកំពុងរងការប៉ះទង្គិចលើគ្រប់វិស័យ ហើយប្រជាជនជាងមួយរយលាននាក់បានឆ្លង និងរាប់លាននាក់ត្រូវបានបាត់បង់ជីវិត។ ទន្ទឹមនេះ កំណើនសេដ្ឋកិច្ចសកលក៏ធ្លាក់ចុះក្នុងអត្រាអវិជ្ជមានដែលមិនធ្លាប់មាន បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល (Global Financial Crisis) ដោយសារការបង្អាក់ភ្លាមៗមកលើសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ច្រវាក់ផ្គត់ផ្គង់ ការតភ្ជាប់ និងការធ្លាក់ចុះយ៉ាងគំហុកនៃតម្រូវការពិភពលោក គួបផ្សំនឹងការដាក់ចេញនូវវិធានការរដ្ឋបាលរឹតត្បិតការធ្វើដំណើរ និងបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
យ៉ាងណាមិញ ទោះបីសេដ្ឋកិច្ចសកលឆ្នាំ ២០២១ នេះ ត្រូវបានរំពឹងថា នឹងងើបឡើងវិញក៏ដោយ សកលលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យពីរលកថ្មីនៃជំងឺកូវីដ-១៩ និងការបំប្លែងខ្លួនថ្មីនៃវីរុសកូរ៉ូណា ដែលមានសភាពកាន់តែកាចសាហាវ និងស្រួចស្រាល់ ដែលអាចនឹងបន្តរំខានដល់ជវភាពសេដ្ឋកិច្ចសកល។ បន្ថែមលើនេះ ការទទួលបានវ៉ាក់សាំងដែលអាចធានាបាននូវភាពស៊ាំសហគមន៍ (Herd Immunity) នឹងត្រូវចំណាយពេលយូរទៀត ស្របពេលដែលគម្លាតនៃការទទួលបានវ៉ាក់សាំង រវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ នឹងធ្វើឱ្យមានវិសមភាពសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដោយសារមានតែប្រទេសមួយចំនួនប៉ុណ្ណោះ អាចស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញបានប្រសើរ ខណៈដែលប្រទេសជាច្រើនផ្សេងទៀត នឹងបន្តប្រឈមនឹងផលប៉ះពាល់ ទាំងក្នុងផ្នែកសុខាភិបាល និងផ្នែកសេដ្ឋកិច្ច។
ជាងនេះទៅទៀត ពិភពលោកទាំងមូលក៏កំពុងបន្តប្រឈមនឹងវិបត្តិ និិងហានិភ័យជាច្រើនទៀតផងដែរ ជាពិសេស ការកើនឡើងនូវភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយតំបន់ និងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងប្រទេសមហាអំណាចនានា ក៏នឹងជះឥទ្ធិពលដល់ការអភិវឌ្ឍសកលសម្រាប់ទាំងរយៈពេលខ្លី និងវែងខាងមុខ។ ម្យ៉ាងទៀត កត្តាគំរាមកំហែងលើសន្តិភាព ស្ថេរភាព និងសន្តិសុខផ្សេងៗទៀត ក៏កំពុងលេចឡើងកាន់តែច្បាស់ និងបង្កើនការដាក់សម្ពាធមកលើតំបន់អាស៊ីយើង រួមមាន និន្នាការពហុប៉ូល ការប្រកួតប្រជែងដើម្បីផលប្រយោជន៍ ការប្រែប្រួលនៃតុល្យភាពអំណាចក្នុងតំបន់ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ជាដើម ដែលការណ៍ទាំងនេះបានកំពុងបង្កផលប៉ះពាល់ដល់ និងអាចបន្ទច់បង្អាក់និរន្តភាពនៃដំណើរការអភិវឌ្ឍផងដែរ។
ក្នុងបរិការណ៍នេះ ខ្ញុំយល់ថា អាស៊ីគឺពិតជាតំបន់ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការត្រួសត្រាយផ្លូវដល់ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ ជាមូួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ជាក់ស្ដែង វិបត្តិជំងឺកូវីដ-១៩ ក៏បានសបញ្ជាក់យ៉ាងច្បាស់សាជាថ្មីថា អាស៊ីគឺនៅតែជាតំបន់មួយដែលបន្តមានសក្ដានុពល និងជាក្ដីរំពឹងក្នុងការជំរុញការងើបឡើងវិញ នៃការអភិវឌ្ឍរបស់សកលលោក។ ក្នុងឆ្នាំ ២០២០ បើទោះបីជាពិភពលោកបានជួបប្រទះនឹងកំណើនអវិជ្ជមានក្ដី ប្រទេសមួយចំនួននៅតំបន់អាស៊ីនៅតែអាចរក្សាបាននូវកំណើនវិជ្ជមាន។ ជាងនេះទៅទៀត បច្ចុប្បន្ន ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីបានចាប់ផ្ដើមនាំមុខលើការជំរុញការស្ដារសេដ្ឋកិច្ចតំបន់ និងសកល ដោយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បានល្អប្រសើរក្នុងប្រទេសរបស់ខ្លួន ជាពិសេស ផ្ដល់ការជួយជ្រោមជ្រែងក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញរបស់បណ្ដាប្រទេសក្នុងតំបន់ តាមរយៈការផ្ដល់ជំនួយ កិច្ចសហប្រតិបត្តិការ និងគំនិតផ្ដួចផ្ដើមនានាផងដែរ។
ដោយឡែក គួរកត់សម្គាល់ផងដែរថា មុននឹងវិបត្តិជំងឺកូវីដ-១៩ កំណើនខ្ពស់ និងការអភិវឌ្ឍលឿនរបស់ប្រទេសក្នុងតំបន់អាស៊ីនៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ បានប្រែក្លាយតំបន់យើងទៅជាកម្លាំងចលករដ៏សំខាន់ សម្រាប់វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការបង្កើនប្រាក់ចំណូលប្រជាជន។ មកទល់ពេលនេះ ចិនជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ២ និងជប៉ុនលំដាប់ទី ៣ ខណៈដែលសហគមន៍អាស៊ាន និងឥណ្ឌា មានលំដាប់ទី ៥ និងទី ៦ រៀងគ្នា នៅលើពិភពលោក។ បន្ថែមលើនេះ ជាមួយនឹងប្រជាជនសរុបប្រមាណជិត ៦០% នៃប្រជាជនពិភពលោក និងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ប្រមាណជា ៣០% នៃ ផ.ស.ស. ពិភពលោក អាស៊ីគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទីផ្សារ និងចំណុចតភ្ជាប់ (connecting dot) ដ៏សំខាន់ ដែលមានសក្ដានុពលខ្ពស់ក្នុងការស្ដារ និងជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសកលលោក។ ក្នុងន័យនេះ ក្នុងបរិបទបច្ចុប្បន្ន ផ្អែកលើថាមភាព និងសក្ដានុពលនេះ សេដ្ឋកិច្ចអាស៊ីនឹងក្លាយជា ក្បាលម៉ាស៊ីន នៃការអូសទាញកំណើនសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយចីរភាព។
ដើម្បីជំរុញការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចប្រកបដោយសមធម៌ ចីរភាព និងបរិយាបន្ន ខ្ញុំសូមគូសរំលេចនូវទស្សនៈមួយចំនួន លើកិច្ចការអាទិភាព និងទិសដៅកិច្ចសហប្រតិបត្តិការ ដែលយើងទាំងអស់គ្នាត្រូវចាំបាច់គិតគូរ៖
ទី១. ចំពោះមុខ ការទប់ស្កាត់ការឆ្លងរីករាលដាល និងការគ្រប់គ្រងផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីឱ្យប្រទេសទាំងអស់អាចចាប់ផ្ដើមដំណើរការស្ដារ និងងើបឡើងវិញបានប្រកបដោយប្រសិទ្ធភាព។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវសាមគ្គីភាព ការជឿទុកចិត្ត ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។ ក្នុងស្មារតីនេះ អាស៊ីត្រូវផ្ដល់អាទិភាពខ្ពស់ និងភាពចាំបាច់បំផុតក្នុងការធានាថា វ៉ាក់សាំងបង្ការ និងថ្នាំព្យាបាលជំងឺកូវីដ-១៩ គឺជា ទំនិញសាធារណៈសកល (Global Public Goods) ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយ ក្នុងស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលងាយរងគ្រោះ។
ទី២. អាស៊ីចាំបាច់ត្រូវដឹកមុខក្នុងការបើកចំហនូវទីផ្សារពាណិជ្ជកម្មលើឧបករណ៍វេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ស្បៀងអាហារ ដោយមិនត្រូវបានដាក់កម្រិតណាមួយនោះទេ ជាពិសេសត្រូវកាត់បន្ថយ ឬលុបបំបាត់ពន្ធគយ និងកែសម្រួលវិធានមិនមែនពន្ធនានា លើទំនិញ និងសេវាកម្មវេជ្ជសាស្ត្រ និងលុបបំបាត់ការរឹតត្បិតការនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។ ម្យ៉ាងវិញទៀត ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ យើងត្រូវជំរុញបរិវត្តន៍ឌីជីថល (digital transformation) តំបន់ដែលជាប្រភពកំណើនថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតំបន់ តាមរយៈការផ្តួចផ្តើម និងជំរុញការរៀបចំអភិបាលកិច្ចរួម សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលរាប់បញ្ចូលទាំងការកំណត់ស្តង់ដារបទប្បញ្ញត្តិ ឯកជនភាព និងការចែករំលែកទិន្នន័យជាដើម។
ទី៣. ជាងនេះទៅទៀត អាស៊ីត្រូវពង្រឹងយន្តការក្នុងតំបន់ ក្នុងការសម្របសម្រួលការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់ ទន្ទឹមនឹងការបន្តខិតខំជំរុញលើកកម្ពស់ពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ ក៏ដូចជាជំរុញលើកស្ទួយតួនា ទី និងជវភាពរបស់វិស័យឯកជន សំដៅជំរុញការវិនិយោគ និងមូលធនឯកជនទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឬអភិវឌ្ឍទាប ជាពិសេសគឺការវិនិយោគផ្ទាល់ពីបរទេស ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
ទី៤. ការពង្រឹងគោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងការវិនិយោគ នៅតែជាកិច្ចការចាំបាច់ តាមរយៈការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ស៊ីជម្រៅ និងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ឧស្សាហកម្ម ទិន្នន័យព័ត៌មាន ធនធានមនុស្ស និងកិច្ចសម្រួលពាណិជ្ជកម្ម។ នាពេលបច្ចុប្បន្ន ការបាត់បង់ភាពជឿទុកចិត្ត ការប្រកួតប្រជែង គម្លាតការអភិវឌ្ឍ និងកម្រិតប្រាក់ចំណូល និងវិសមភាពសង្គម បានបង្កឱ្យមានការភ័យខ្លាច ឬបាត់បង់ការគាំទ្រលើគោលការណ៍សកលភាវូបនីយកម្មជាបណ្តើរៗ ស្របជាមួយនឹងការចាកចេញពីយន្តការពហុភាគីនិយម ដោយការគេចវេះពីគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ។ ទិដ្ឋភាពទាំងនេះបាននឹងបង្កក្តីបារម្ភ និងភាពតានតឹងនៅក្នុងសហគមន៍អន្តរជាតិ។ ដូច្នេះ អាស៊ីត្រូវលើកកម្ពស់តួនាទីដឹកនាំរបស់ខ្លួនក្នុងការធានាឱ្យបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតី បើកចំហ (openness) និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើសមាហរណកម្មការតភ្ជាប់គ្រប់វិស័យដើម្បីពង្រឹងភាពធន់របស់យើងចំពោះការផ្លាស់ប្តូរនយោបាយសេដ្ឋកិច្ច និងសង្គម។
ជារួម អាស៊ីត្រូវបន្តកសាង និងថែរក្សាសន្តិភាព និងសន្តិសុខក្នុងប្រទេស និងតំបន់ដែលជាគ្រឹះមិនអាចខ្វះបាន សម្រាប់កិច្ចការងារស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការអភិវឌ្ឍរយៈពេលវែង។ ជាងនេះទៅទៀត ក្នុងកិច្ចដំណើរការស្តារឡើងវិញ អាស៊ីចាំបាច់ត្រូវពង្រឹងភាពជាដៃគូរវាងបណ្ដាប្រទេសក្នុងតំបន់ និងរវាងប្រទេសនានាលើសកលលោក ក៏ដូចជាតួអង្គអភិវឌ្ឍន៍ទាំងអស់។ ដើម្បីសម្រេចគោលបំណងរួមរបស់យើង ប្រកបដោយជោគជ័យ យើងត្រូវគោរពនូវគោលការសន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក និងការគោរពបែបផែននៃការរស់នៅ វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រ ដែលជាគុណតម្លៃរបស់ប្រទេសនីមួយៗ ក្នុងគោលដៅពង្រឹងតម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព។
កម្ពុជាផ្តើមចេញពីប្រទេសតូច ដែលធនធានមានកម្រិត ប្តេជ្ញាបន្តខិតខំពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនានា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមរួម ដើម្បីកសាងភាពធន់ទៅនឹងវិបត្តិ និងធានាឱ្យបាននូវចីរភាព និងបរិយាបន្នកម្ម នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទាំងក្នុងក្របខណ្ឌតំបន់ និងសកល។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់កាន់តែស៊ីជម្រៅសំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយគ្រោងនឹងដាក់ចេញនូវ ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ ក្នុងគោលបំណង “អូសទាញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្ម តាមរយៈការធានារក្សានូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មីៗ ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសមូលដ្ឋាន ឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំងក្លាជាមួយច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក”។
លើមូលដ្ឋានទាំងនេះ កម្ពុជានឹងផ្តល់អាទិភាពលើការ (១). ស្តារឡើងវិញដោយកសាងមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ចវិលទៅមាគ៌ានៃកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងការជំរុញឱ្យងើបឡើងវិញ នៃធុរកិច្ចដែលមានសក្តានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស (២). កែទម្រង់ដោយបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗ ជារចនាសម្ព័ន្ធ ដែលរួមមាន ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញ និងការអភិវឌ្ឍឌីជីថលនូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងវិស័យឯកជន និង (៣). កសាងភាពធន់ ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនា គត ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ មានប្រសិទ្ធភាព និងការធានានូវចីរភាព និងបរិយាប័ន្នកម្មនៃការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធិពរឱ្យសន្និសីទអន្តរជាតិលើកទី ២៦ ស្តីពី “អនាគតរបស់អាស៊ី” នាពេលនេះ ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ហើយខ្ញុំត្រៀមឆ្លើយតប ប្រសិនជាមានសំណួរ។
សូមអរគុណ!
[ចាប់ផ្ដើមសំណួរចម្លើយ]
សំណួរ៖ សំណួរទី ១ … ពាក់ព័ន្ធនឹងជំងឺកូវីដ–១៩ ថ្មីៗនេះ … រហូតមានការបិទខ្ទប់នៅកម្ពុជា … តើរបៀបណា និងនៅពេលណាដែលជម្នះវិបត្តិនេះ?
សូមអរគុណសម្រាប់សំណួរដែលបានផ្ដល់មកនេះ។ ពិតហើយ ក្នុងរយៈពេលជាង ១ ឆ្នាំ គឺឆ្នាំ ២០២០ រហូតមកដល់ដើមឆ្នាំ ២០២១ កម្ពុជាគ្រប់គ្រងបានល្អណាស់នូវជំងឺកូវីដ–១៩។ មកដល់ថ្ងៃនេះ គឺគម្រប់ ៣ ខែ នៃការផ្ទុះក្នុងសហគមន៍ ដែលយើងខ្ញុំហៅថា សហគមន៍ ២០ កុម្ភៈ។ មុនការផ្ទុះឡើងនេះ យើងមានមនុស្សឆ្លងតែជាង ៥០០ នាក់តែប៉ុណ្ណោះ។ ប៉ុន្តែ ត្រឹមថ្ងៃនេះ ដែលមិនទាន់បូកបន្ថែមឆ្លងថ្ងៃនេះ ជាង ៤០០ នាក់ផង យើងមាន ២៣ ២៨២ នាក់ និងស្លាប់ ១៨៩ នាក់។
សភាពការណ៍នេះចាប់បង្ខំឱ្យយើងចាត់វិធានការជាច្រើន ដែលក្នុងនោះមានវិធានការការបិទខ្ទប់។ ដំបូងយើងបិទខ្ទប់ការឆ្លងពីខេត្តទៅខេត្ត តែបន្ទាប់ទៅយើងបិទខ្ទប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្ដាល និងបិទខ្ទប់នៅក្នុងខេត្តព្រះសីហនុ។ ការបិទខ្ទប់នេះ គ្រាន់តែជាការកាត់បន្ថយនូវការឆ្លងរីករាលដាលតែប៉ុណ្ណោះ។ បន្ទាប់ពីការបិទខ្ទប់រយៈពេល ៣ សប្ដាហ៍ យើងបានពិនិត្យឃើញថា អត្រានៃការឆ្លងគ្រាន់តែបានកាត់បន្ថយ ប៉ុន្តែមិនទាន់បានបញ្ចប់ទេ។ យើងមិនអាចបិទប្រទេសបានយូរទេ។ អ្វីដែលជាការលំបាកនោះគឺប៉ះពាល់ទៅដល់ចរន្តសេដ្ឋកិច្ចរបស់ប្រជាជន ហើយកាន់តែលំបាកទៅទៀត គឺការផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។ ក្នុងទីក្រុងភ្នំពេញ យើងបានចែកជំនួយឧបត្ថម្ភប្រមាណជាង ៤០ ម៉ឺនគ្រួសារ។ នេះជាការលំបាក។ មិនមែនការចែកដោយងាយស្រួលទេ។ យើងត្រូវប្រើកងទ័ពដើម្បីច្រក លើកដាក់ យកទៅជូនប្រជាពលរដ្ឋ។ ឥឡូវកំពុងតែគិតគូរអំពីការឧបត្ថម្ភជាសាច់ប្រាក់បន្ទាប់ពីការបិទខ្ទប់។
បន្ទាប់ពីការបិទខ្ទប់រួចហើយ យើងនៅសេសសល់ការបិទខ្ទប់ដោយគោលដៅតូចៗ ដែលជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ–១៩។ យុទ្ធសាស្រ្តរបស់យើង (គឺ)ពន្លត់ភ្លើង ប្រសើរជាងអង្គុយបក់ផ្សែង។ យើងត្រូវខិតខំស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង។ មកដល់ពេលនេះ យើងចាក់ជូនប្រជាពលរដ្ឋកម្ពុជាបានជាង ២ លាន ១ សែននាក់ ដែលស្មើនឹងជាង ២១% នៃចំនួនប្រជាជន ១០ លាននាក់ អាយុ ១៨ ឆ្នាំឡើង។ អ្វីដែលយើងត្រូវចាប់យក គឺអនុវត្តនូវយុទ្ធសាស្រ្តផ្ការីក តាមរយៈការចាក់ស្រោចនៅទីក្រុងភ្នំពេញរួចហើយ ទើបចាក់ចេញទៅក្រៅ។ សង្ឃឹមថា វិធានការវ៉ាក់សាំងនេះនឹងអាចឱ្យយើងកាត់បន្ថយនូវហានិភ័យនៃការឆ្លង និងការស្លាប់សម្រាប់ពលរដ្ឋរបស់យើង។ យើងខ្ញុំពិតជាមានការសោកស្ដាយជាមួយនឹងការកើតឡើងនូវមហន្តរាយ ដែលយើងខ្ញុំចាត់ទុកថា ជាមហន្តរាយដ៏ធ្ងន់ធ្ងរសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលថ្មីរបស់យើង។ សូមអរគុណសម្រាប់សំណួរនេះ។
សំណួរ៖ អំពីភូមិសាស្រ្តនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ … ផលប៉ះពាល់នៃទំនាស់នៃប្រទេសទាំងពីរ(អាមេរិក និងចិន) ដល់អាស៊ីយ៉ាងដូចម្ដេច ជាពិសេសសម្រាប់កម្ពុជា?
ពិតហើយ គឺកាលពីប៉ុន្មានទសវត្សរ៍មុននោះ ប្រទេសនានានៅក្នុងតំបន់របស់យើងបានទទួលនូវផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក និងចិន។ នេះគឺជាការពិត ព្រោះថា ចិននិងអាមេរិក គឺជាតួអង្គ ដែលយើងអាចចាត់ទុកថា ជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ ប្រទេសទាំងពីរសហប្រតិបត្តិការគ្នាល្អ តំបន់របស់យើង រាប់ទាំងកម្ពុជាផងដែរ ក៏ទទួលបាននូវផលប្រយោជន៍។ ប៉ុន្មានឆ្នាំថ្មីៗនេះ យើងក៏បានឃើញភាពតានតឹងនៃប្រទេសទាំងពីរបានកើតឡើង ទៅលើវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងទៀត ដូចជា ភូមិសាស្រ្តនយោបាយ។ យើងឃើញថា វាមានផលប៉ះពាល់ ដូចដែលសុភាសិតបាននិយាយថា «ដំរីជល់គ្នា គឺវាខ្ទេចស្មៅ»។ ប៉ុន្តែ យើងក៏មិនរង់ចាំឱ្យដំរីជល់គ្នាហ្នឹងមកជាន់យើងស្លាប់ដែរ។ យើងរកវិធីគេចចេញ។ យ៉ាងណាក៏ដោយ ផលប៉ះពាល់វាតែងតែកើតមានទៅលើប្រទេសតូចតាចនៅក្នុងក្របខណ្ឌតំបន់របស់យើង ដូចជាកម្ពុជា។
កម្ពុជាមានសង្ឃឹមថា អាមេរិក និងចិន នឹងខិតខំរកវិធីគ្រប់គ្រងទំនាក់ទំនង ដើម្បីបង្កើតឡើងវិញនូវសហប្រតិបត្តិការ ដែលបំពេញឱ្យគ្នាទៅវិញទៅមក ហើយក៏ជួយទៅដល់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ខ្ញុំជឿជាក់ថា ប្រទេសទាំងពីរពិតជានឹងខ្នះខ្នែងដើម្បីស្វែងរកនូវដំណោះស្រាយសមស្របមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនងឱ្យបានល្អ។ នៅលើពិភពលោកនេះ មិនអាចមាន ប្រទេសណាមួយប្រឆាំងជាមួយប្រទេសណាមួយរហូតដល់ប្រទេសមួយទៀតផុតរលត់នោះទេ។ ខ្ញុំជឿជាក់ថា រដ្ឋការរបស់លោក (ប្រធានាធិបតី ចូ) បៃដិន ពិតជានឹងមានវិធានការថ្មីៗថែមទៀត ទោះបីសង្កេតឃើញថា នៅមានបន្សល់នូវភាពតានតឹងពីរដ្ឋបាលលោក (ដូណាល់) ត្រាំម៍ ក៏ដោយ។ ខ្ញុំសង្ឃឹមថា នឹងអាចដំណាក់កាលណាមួយនឹងមានការថយចុះ ដោយមានតម្រូវការនៃការពឹងទៅពឹងមកបំពេញឱ្យគ្នាទៅវិញទៅមក។ ចិនទិញទំនិញ កសិផលពីអាមេរិក ហើយអាមេរិកក៏ត្រូវការទំនិញរបស់ចិន។ ដូច្នេះ វាជារឿងធម្មតា ដែលចាំបាច់ត្រូវរក(វិធីដើម្បី)គ្រប់គ្រងទំនាក់ទំនងនេះ។ កម្ពុជាមើលឃើញថា យើងអាចនឹងទទួលផលពីការកែសម្រួលទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។ សូមអរគុណ។
សំណូរ៖ ទំនាក់ទំនងជាមួយ EU … ផ្អាក EBA … ចំពោះផលិតផលមួយចំនួន រួមមានសម្លៀកបំពាក់ ហើយប៉ះពាល់សេដ្ឋកិច្ចកម្ពុជា និងមានការព្រួយបារម្ភអំពីប្រជាធិបតេយ្យនៅកម្ពុជានាពេលថ្មីៗចំពោះការដាក់ទណ្ឌកម្ម តើសម្ដេចយល់យ៉ាងណាចំពោះបញ្ហានេះ?
ជាការពិត បើគ្មានការរាតត្បាតពីជំងឺកូវីដ–១៩ទេ ការផ្អាកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBAអាចជះឥទ្ធិពលអវិជ្ជមានបន្តិចបន្តួចដល់សេដ្ឋកិច្ចកម្ពុជា។ ខ្ញុំប្រើពាក្យថា «បន្តិចបន្តួចដល់សេដ្ឋកិច្ចកម្ពុជា» ឬអាចថា បន្តិចបន្តួចនៃពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប។ ក៏ប៉ុន្តែ ដោយសារតែជំងឺកូវីដ–១៩ ការផ្អាកផ្នែកខ្លះនៃ EBA លែងមានឥទ្ធិពលអ្វីទាំងអស់ ដោយសារការប៉ះពាល់ពីជំងឺកូវីដ–១៩ មកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសកលលោកទាំងមូល វាមានទំហំមហាសាល។ ដូច្នេះ(ការផ្អាក) ២០% នៃពាណិជ្ជកម្មនោះ វាលែងមានទំងន់ទៅលើការខូចខាតដែលវាយលុកដោយជំងឺកូវីដ–១៩ ទៅហើយ។ ដូចនេះ ដើម្បីស្ដារសេដ្ឋកិច្ច–សង្គមឡើងវិញឱ្យបានឆាប់រហ័ស ខ្ញុំយល់ឃើញថា បណ្ដាប្រទេសទាំងអស់ក្នុងតំបន់ និងសកលលោក ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩ ព្រមទាំងដោះស្រាយបញ្ហាពាក់ព័ន្ធនានា ចៀសវាងឱ្យបាននូវការប្រកាន់យកគោលនយោបាយគាំពារនិយម យកមកធ្វើការគាបសង្កត់។
ចំណុចនេះ យើងក៏បានដឹងអំពីការរិះគន់ថា រដ្ឋាភិបាលកម្ពុជាគាបសង្កត់។ ប៉ុន្តែ រឿងដែលគួរឱ្យសោកស្ដាយនៅត្រង់ថា ការសម្រេចដ៏អយុត្តិធម៌នេះគឺវាមិនស្របជាមួយនឹងការពិតជាក់ស្ដែងរបស់កម្ពុជានោះទេ។ ក៏ប៉ុន្តែនេះគឺជាសិទ្ធិរបស់គេ។ ខ្ញុំបាននិយាយតាំងពីដើមទី ហើយពេលនោះខ្ញុំបាននិយាយនៅតូក្យូតែម្ដងថា “កម្ពុជាមិនយកឯករាជ្យ និងអធិបតេយ្យរបស់ខ្លួន ទៅដោះដូរជាមួយនឹងភាពអនុគ្រោះ ឬជំនួយណាទាំងអស់”។ កម្ពុជានៅតែបន្តក្នុងជំហានរបស់ខ្លួន អំពីដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស។ (សូម)លោករង់ចាំមើល នៅឆ្នាំក្រោយនេះ ឆ្នាំ ២០២២ នឹងមានការបោះឆ្នោតឃុំ/សង្កាត់ ហើយនិងឆ្នាំ ២០២៣ នឹងមានការបោះឆ្នោតសកលសាជាថ្មីម្ដងទៀត ជាមួយនឹងបក្សនយោបាយដែលចូលរួមបោះឆ្នោត ២០ គណបក្សនយោបាយកាលពីឆ្នាំ ២០១៨ ហើយនឹងមានគណបក្សនយោបាយថ្មីៗ ដែលអ្នកជាប់បំរាមនយោបាយបានសុំសិទ្ធិធ្វើនយោបាយ និងបង្កើតគណបក្ស។ ពីម្សិលមិញ ខ្ញុំបានផ្ញើថ្វាយទៅព្រះមហាក្សត្រ នូវអ្នកសុំសិទ្ធិធ្វើនយោបាយ ២ នាក់។ ខ្ញុំបានដឹងថា ពួកគេមានគម្រោងទៅបង្កើតបក្សនយោបាយ។ ដូច្នេះ ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា នៅតែបន្តអនុវត្ត។
ខ្ញុំមិនជំទាស់ ហើយក៏មិនទាមទារមកវិញនូវភាពអនុគ្រោះ ២០% នោះទេ។ កម្ពុជាបានត្រៀមរួចរាល់សម្រាប់ការមិនត្រឡប់មកវិញនៃការអនុគ្រោះពីសហភាពអឺរ៉ុប ដោយមិនធ្វើការចរចា មិនតវ៉ាប្រឆាំង ឬជំទាស់សេចក្ដីសម្រេចរបស់ពួកគេទេ។ យើងបន្តនាំចេញទំនិញ ២០% ទៅកាន់សហភាពអឺរ៉ុប ដោយធ្វើការបង់ពន្ធជាធម្មតា។ យើងមានការលំបាក ក៏ប៉ុន្តែ យើងមិនអាចនឹងទទួលយកបាននូវការដែល(ជា)ប្រទេសមួយ (បែជា)មិនអាចអនុវត្តបាននូវច្បាប់របស់ខ្លួនឯងនោះទេ។ តើយើងជារដ្ឋទេ? រដ្ឋឯករាជ្យ និងអធិបតេយ្យ គឺជារដ្ឋដែលអាចអនុវត្តច្បាប់ដោយខ្លួនឯងបាន។ បើយើងមិនអាចអនុវត្តច្បាប់ខ្លួនឯងផ្ទាល់ គួរតែរំលាយរដ្ឋនោះចោល ហើយដាក់ចំណុះប្រទេសដទៃទៅ។ ខ្ញុំគិតថា បញ្ហានេះមិនមែនជាបញ្ហាដែលយើងត្រូវព្រងើយកន្តើយចំពោះអធិបតេយ្យរបស់ប្រទេសមួយនោះទេ។ ខ្ញុំគិតថា ពួកគេនឹងស្ដាប់នូវសម្លេងរបស់យើង។ សូមអរគុណ។
សំណួរ៖ អ្នកខ្លះនិយាយថា កម្ពុជាដូចជាពឹងលើចិនខ្លាំងពេក តើសម្ដេចយល់យ៉ាងណា ពីការព្រួយបារម្ភពីសហគមន៍អន្តរជាតិ?
ឥឡូវមានសំណួរដែលថា កម្ពុជាពឹងផ្អែកលើចិនច្រើនពេក ខ្ញុំគួរតែនិយាយដោយត្រង់ៗថា បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា? និយាយឱ្យពិត និយាយការពិតនៅទីនេះ បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា? ទុកឱ្យប្រជាជនកម្ពុជាឆ្លងទន្លេ ឆ្លងព្រែក ដោយជិះទូកដ ដោយឆ្លងស្ពានឫស្សី ឬឈើ ប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរ ឬយ៉ាងណា? ខ្ញុំសូមជម្រាបថា កាលពីទសវត្សរ៍ ៩០ ជប៉ុនបានជួយជំនួយច្រើនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសរបស់យើង និងមានស្ពានធំៗ ២ គឺ ស្ពានគីហ្សូណាព្នការនពឹងចិន តើឱ្យខ្ញុំទៅពឹងអួ្ររតិបត្តិការ នៅកំពង់ចាម ស្ពានទ្សឹបាសា ភ្ជាប់ខេត្តកណ្ដាល និងខេត្តព្រៃវែង ប៉ុន្ដែក្រៅពីនោះស្ពានទាំងឡាយនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ គឺសុទ្ធតែស្ពានចិនកសាងទាំងអស់។ ផ្លូវជាង ៣០០០ គីឡូម៉ែត្រ គឺចិនជួយទាំងអស់។ អញ្ចឹងតាំងជាសំណួរ ប្រសិនបើកុំមានជំនួយរបស់ចិន តើយើងខ្ញុំទៅពឹងអ្នកណា? ពិភពលោកអាចឆ្លើយសំណួរទាំងនេះបានជាមួយកម្ពុជាទេ?
យើងខ្ញុំពុំបានបិទទ្វារសម្រាប់អ្នកណាទាំងអស់ អំពីការទទួលយកជំនួយដើម្បីកសាងប្រទេសកម្ពុជា។ ដូចប្រទេសជប៉ុន ឥឡូវកំពុងកសាងផ្លូវជាតិលេខ ៥ ដែលតភ្ជាប់ពីខេត្តកណ្ដាល ទៅកាន់ព្រំដែនកម្ពុជា–ថៃ បន្ទាប់ពីការកសាងផ្លូវជាតិលេខ ១ និងផ្លូវជាច្រើនខ្សែ។ នេះជារឿងពិតដែលគួរត្រូវបាននិយាយ។ (ដែលគេនាំគ្នានិយាយ)ថា ប្រទេសកម្ពុជាពឹងផ្អែកលើប្រទេសចិន ចុះបើ(កម្ពុជា)មិនពឹងផ្អែក ប្រជាជនខ្ញុំសព្វថ្ងៃនេះកំពុងឆ្លងទូកដតាមទន្លេ កំពុងតែគ្មានផ្លូវដើរ(ត្រូវធ្វើយ៉ាងណា?)។ ដូច្នេះ ភាសានេះគួរតែប្រទេសនានា និងអ្នកវិភាគទាំងឡាយដែលនិយាយ គួររកចម្លើយឱ្យកម្ពុជាផង។ តើកម្ពុជាគួរធ្វើយ៉ាងម៉េចដើម្បីបានផ្លូវដើរ បានស្ពានឆ្លង បានហេដ្ឋារចនាសម្ព័ន្ធដូចជាប្រឡាយទឹក ទំនប់ទឹកដទៃទៀត?
បន្ទាប់ទៅទៀត ខ្ញុំគួរនិយាយថា មានរបាយការណ៍ខ្លះលើកឡើងរហូតដល់ថា កម្ពុជាផ្ដល់នូវទីតាំងឱ្យប្រទេសចិនប្រើប្រាស់ជាមូលដ្ឋានទាហានជើងទឹក។ ខ្ញុំសូមជម្រាបម្ដងហើយម្ដងទៀតថា រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា មិនផ្ដល់ការអនុញ្ញាតឱ្យអ្នកណាមួយប្រើប្រាស់ ឬបោះទីតាំងលើទឹកដីរបស់ខ្លួនទេ ហើយក៏មិនអនុញ្ញាតឱ្យប្រទេសកម្ពុជាទៅបោះទីតាំងនៅលើប្រទេសផ្សេង។ លើកលែងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលពេលនេះ កម្ពុជាមានកងទ័ពនៅលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្ដាល។ យើងមិនបោះកងទ័ពនៅទីនោះក្រៅក្របខណ្ឌអង្គការសហប្រជាជាតិទេ។ ចំពោះមូលដ្ឋានសមុទ្ររបស់យើងនេះ យើងទទួលស្វាគមន៍នាវាបរទេសទាំងអស់ ដែលមានបំណងចង់ចូលចតនៅក្នុងកំពង់ផែប្រទេសរបស់យើង។ មិនមែនមានតែចិនមួយទេដែលអាចចូលបាន។ នាវាជប៉ុនធ្លាប់បានចូលចតកំពង់ផែរបស់យើង។ ដូចនេះ ការចោទប្រកាន់លើបញ្ហានេះ វាអយុត្ដិធម៌ពេកសម្រាប់យើង ហើយវាក៏អយុត្ដិធម៌សម្រាប់ចិនផងដែរ។
សូម្បីតែជំនួយវ៉ាក់សាំងដែលយើងខ្ញុំរកបាន យកមកចាក់(ជូន)ប្រជាជនជាង ២ លាននាក់នេះ បើគ្មានការផ្ដល់ជំនួយ និងការផ្គត់ផ្គង់ពីចិន(តាមរយៈ)ការលក់ យើងខ្ញុំក៏នឹងគ្មានវ៉ាក់សាំងចាក់ជូនប្រជាជនកម្ពុជា ក្រៅពី(ការផ្តល់ពីសម្ព័ន្ធ)កូវ៉ាក់ ដែលផ្ដល់ឲ្យយើងខ្ញុំជាង ៣០ ម៉ឺន ដូស។ តើមានប្រទេសណាមួយបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយឬនៅ? … អញ្ចឹងទេ ប្រើពាក្យថា កម្ពុជាពឹងពាក់លើចិន ទាល់តែចិនមានអ្វីឱ្យកម្ពុជាដែរ បានកម្ពុជាទៅពឹងពាក់បាន។ បើចិនអត់មានអីផង ឱ្យកម្ពុជាទៅពឹងពាក់យ៉ាងម៉េច។ ខ្ញុំថា គួរពិនិត្យឡើងវិញ។
គេថាពាក់វ៉ែនតាឱ្យបានប្រសើរ សម្លឹងឆ្ពោះមើលមកនយោបាយការបរទេសរបស់កម្ពុជា។ តើគេគួរមានឥរិយាបថយ៉ាងណាចំពោះកម្ពុជា? កម្ពុជាមិនដែលបានបិទទ្វារផង។ ជំនួយក៏មិនដែលបានបិទទ្វារ វិនិយោគ ពាណិជ្ជកម្ម ក៏មិនដែលបានបិទទ្វារ ប៉ុន្ដែបញ្ហានៅត្រង់ថា អ្នកណាហុចដៃមក យើងខ្ញុំទទួល។ លើកលែងតែពួកភេរវកម្ម ដែលយើងខ្ញុំមិនទទួល។ ក្រៅពីនោះ យើងខ្ញុំទទួលទាំងអស់។
ដូចជាកន្លងទៅ ជប៉ុនទើបផ្ដល់ជំនួយប្រឆាំងកូវីដ–១៩ ថ្មីៗនេះ ក្នុងនោះ មានរថយន្ដដឹកជញ្ជូនអ្នកជំងឺ ដែលទើបមកដល់ប្រហែលមួយអាទិត្យមុននេះ។ យើងខ្ញុំមិនដែលបដិសេធនូវជំនួយទាំងនោះទេ។ អ្នកណាផ្ដល់ជំនួយពួកយើងទទួល។ អាមេរិកដូចជាផ្ដល់ជំនួយ ១១ លានដុល្លា ប៉ុន្ដែលុយមិនដឹងថានៅឯណាទេ។ យើងខ្ញុំទទួលទាំងអស់ អត់បានបដិសេធឯណា។ យើងខ្ញុំក៏បានស្នើសុំវ៉ាក់សាំងទៅអាមេរិកផងដែរ ដូចជា ៤ លានដូស ប៉ុន្ដែមកដល់ម៉ោងនេះ យើងខ្ញុំមិនបានទទួលចម្លើយពីសហរដ្ឋអាមេរិកទេ។
ម្សិលមិញ ហ្វេសប៊ុកស្ថានទូតរបស់សហរដ្ឋអាមេរិក បានបង្ហោះថា វ៉ាក់សាំងអាមេរិកនឹងមកដល់ ១ លាន មួយសែនដូសនៅពេលខាងមុខ។ ប៉ុន្ដែពេលសួរបញ្ជាក់គឺមិនច្បាស់លាស់។ យើងស្វាគមន៍វ៉ាក់សាំងរបស់អាមេរិក ដែលមានឈ្មោះថា អាស្ដ្រាហ្សេនេកា នឹងមកដល់។ យើងខ្ញុំស្វាគមន៍ទាំងអស់។ អ្នកណាក៏ដោយឱ្យតែឱ្យជំនួយមកកម្ពុជាយើងស្វាគមន៍។ អញ្ចឹងមិនអាចចោទថា យើងខ្ញុំពឹងពាក់លើអ្នកនេះ លើអ្នកនោះទេ។ (បើ)អ្នកណាឱ្យយើងខ្ញុំទទួល។
ប៉ុន្ដែត្រូវយល់ឲ្យបានច្បាស់ កាលពីទសវត្សរ៍ ៩០ និងដើមឆ្នាំ ២០០០ យើងពឹងពាក់ច្រើនលើជប៉ុន។ ជប៉ុនបានផ្ដល់ជំនួយឥតសំណងច្រើន។ ឥឡូវនេះនៅតែបន្ដផ្ដល់។ អញ្ចឹងបន្ទាប់ពីចិន ដែលមានជំនួយ និងកម្ចីសម្រាប់ការអភិវឌ្ឍ ជប៉ុនបានដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។ អញ្ចឹងហេតុអីបានជាគេមិនថាមិនលំអៀងទៅជប៉ុនកាលពីពេលនោះ? ពេលនោះជប៉ុនបានផ្ដល់ជំនួយច្រើនណាស់។ ហេតុអីបានជាគ្មានអ្នកណាចោទថាលំអៀងទៅរកជប៉ុន? ដល់តែក្រោយនេះ ចិនបុកជំនួយមកដល់កម្ពុជា ស្រាប់តែគេចោទថាកម្ពុជាលំអៀងទៅចិន។ វាអយុត្ដិធម៌សម្រាប់កម្ពុជា។ វាជាអ្វីដែលខ្ញុំចង់បញ្ជាក់នៅទីនេះ៕
[ចប់សំណូរចម្លើយ]