សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនកម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹក!
លើកពេលជួបកម្មករ/ការិនី ដោយត្រូវគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ ចំនួនជាង ១ ម៉ឺននាក់ ហើយដែលជាកម្មវិធីបន្តពីកម្មវិធីមុនៗ។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ិត សំហេង បានលើកឡើងថា ក្មួយៗមួយចំនួនក៏បានទៅចូលរួមប្រជុំនៅកោះ ពេជ្រ ហើយខ្ញុំក៏សុំយកឱកាសនេះ ជម្រាបជូនសម្រាប់បងប្អូនដែលត្រៀមខ្លួនទៅជួបជុំជាមួយខ្ញុំ នៅថ្ងៃទី ៨ ខាងមុខនេះ គឺសុំអធ្យាស្រ័យត្រូវលើកពេលសិន។ ថ្ងៃទី ១៥ តុលា នោះ ក៏លើកពេលដែរ ដោយសារ តែជាខួបនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាថ្ងៃឈប់ សម្រាករៀបចំគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ ប៉ុន្តែ ជំនួបជាមួយកម្មករ/ការិនី ធ្វើឡើងជារៀងរាល់ថ្ងៃ ពុធ ក៏នៅតែបន្តធ្វើ។ អាទិត្យក្រោយនេះ ក៏នឹងបន្តធ្វើ។ ពិតមែនតែថ្ងៃស្អែកនេះ ខ្ញុំត្រូវចាកចេញពីប្រទេស(រយៈពេល)ពីរយប់ គឺល្ងាចថ្ងៃទី ៥, ៦ និងព្រឹកថ្ងៃទី ៧ ត្រឡប់មកដល់វិញ ចូលរួមខួបលើកទី ៥០ នៃថ្ងៃឡើងគ្រងរាជរបស់ព្រះចៅស៊ុលតង់ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម។
ការថតរូបស្តែងអោយឃើញពីទឹកចិត្តស្រឡាញ់
ថ្ងៃនេះ ពិតជារីករាយ ដែលយើងបានជួបជុំគ្នា ហើយសង្ឃឹមថា មេឃព្រឹកនេះភ្លៀងមិនធ្លាក់ទេ ដែលម្សិលម្ងៃ គឺភ្លៀងតែងធ្លាក់ កន្លែងខ្លះធ្លាក់ពេលព្រឹក កន្លែងខ្លះធ្លាក់ថ្ងៃត្រង់ កន្លែងខ្លះធ្លាក់ល្ងាច ស្រេចតែនឹងចិត្តរបស់គាត់ យើងទប់ស្កាត់មិនបានទេនូវទឹកខាងលើនោះ។ ថ្ងៃនេះក៏មិនជាក្តៅប៉ុន្មានដែរ ប៉ុន្តែ អាចថាមិនក្តៅពេលនេះ ក៏ប៉ុន្តែបន្តិចទៀតវានឹងក្តៅ។ សុំអភ័យទោស អំពីក្មួយៗនៅខាងនេះផងដែរ ដែលអម្បាញ់មិញធ្វើដំណើរពីត្រឹមនេះ គឺថាមានការយឺតបន្តិច ដោយសារតែក្មួយៗចង់បានរូបថត។ អញ្ចឹងទេ ក៏ត្រូវថតរូបមួយសាទៅ។ ថ្ងៃមុនមានរឿងចម្លែកអញ្ចេះ។ ក្មួយៗពោះធំដែលទៅឯកោះពេជ្រ ខ្ញុំកំពុងតែចែកថវិកា ដល់ពេលខ្ញុំមកដល់គាត់ថា ទុកសិន លុយមិនសំខាន់ទេ រូបថតសំខាន់ជាង។ អញ្ចឹង គាត់សែលហ្វីទាល់តែ(បានល្អទើបឈប់)។ អញ្ចឹង នេះគឺបានបង្ហាញឃើញទឹកចិត្តរាប់អានចំពោះខ្ញុំ ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ដែលក្នុងនោះក៏មានកម្មករ/ការិនីរបស់យើង ដែលបានចង់ថតរូប(ជាមួយ)ខ្ញុំ ហើយអម្បាញ់មិញក្មួយស្រីម្នាក់ថា ម្តាយចង់បានរូបថត អញ្ចឹងទេ ថតរូបបានហើយ នឹងផ្ញើទៅអោយម្តាយនៅឯស្រុកឯណោះ។
ក្រៅពីរំដោះប្រទេសជាតិ តែងនៅជាប់ជាមួយប្រជាពលរដ្ឋ ពិសេសគ្រាលំបាក
អរគុណណាស់ ចំពោះការរាប់អាន។ តាមរយៈ នៃការរាប់អានរបស់ក្មួយៗជាកម្មករ/ការិនីរបស់យើងនេះ ទាំងសាមីខ្លួនកម្មករ/ការិនីរបស់យើង ទាំងឪពុកម្តាយរបស់ក្មួយៗ ទាំងជីដូនជីតារបស់ក្មួយៗ ដែលធ្លាប់បានរួមដំណើរជាមួយពូក្នុងរយៈពេលកន្លងទៅ សុទ្ធតែបានដឹងថាតើតេជោសែននេះ បានធ្វើអ្វីខ្លះសម្រាប់ប្រទេសជាតិ? ប្រសិនបើពួកគាត់មិនបានដឹងរឿងនេះ ហើយក្មួយៗមិនបានដឹងរឿងនេះ ក៏គ្មានការចាំបាច់ ដើម្បីនឹងធ្វើការរាក់ទាក់ជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះដែរ។ ក៏ប៉ុន្តែ ក្នុងមួយជីវិតរបស់ខ្ញុំនេះ គឺក្រៅពីការតស៊ូដើម្បីរំដោះប្រទេស ខ្ញុំមិនដែលឃ្លាតឆ្ងាយចេញពីប្រជាពលរដ្ឋម្តងណាទេ។ ពេលវេលាដែលលំបាកបំផុត គឺជាពេលវេលាខ្ញុំនៅកៀកកិតជាមួយប្រជាជនបំផុត។ ដូច្នេះ ត្រង់នេះហើយដែលខ្ញុំមានអារម្មណ៍ថា ប្រជាពលរដ្ឋរបស់យើង បើទោះបីស្ថិតនៅទីណាក៏ដោយ ហើយនិន្នាការណាក៏ដោយ ក៏អាចយល់បាន អំពីអ្វីដែលខ្ញុំបានធ្វើសម្រាប់ប្រទេសជាតិយើង។
បន្តធ្វើនាយករដ្ឋមន្ត្រីយ៉ាងតិចពីរអាណត្តិ
ឆ្លងតាមរយៈនេះ ការរាប់អានពីសំណាក់ក្មួយៗជាកម្មករ/ការិនី ក៏បានបង្ហាញ ហើយក៏ជាប្រភពនៃការលើកទឹកចិត្តអោយខ្ញុំបន្តការខិតខំ ដើម្បីថែរក្សានូវសន្តិភាពនេះ និងជម្រុញការអភិវឌ្ឍជាបន្តទៀត ដើម្បីអនាគតកូនចៅរបស់យើង។ ខ្ញុំបានយកទីកន្លែងនៃការប្រកាសបន្តការគ្រប់គ្រងរដ្ឋ តាមរយៈនៃការបោះឆ្នោត ដែលត្រូវបានធ្វើជាទៀងទាត់ ៥ ឆ្នាំម្តង សម្រាប់ពីរអាណត្តិទៀត ដែលបងប្អូនក៏បានប្រសិទ្ធពរ ដើម្បីអោយខ្ញុំបន្តកាន់អំណាចនូវអាណត្តិទី ៦ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ប៉ុន្តែខ្ញុំមិនច្បាស់ថា អាណត្តិបន្តបន្ទាប់ទៀតនោះវាយ៉ាងម៉េច។ ក៏ប៉ុន្តែ ត្រឹម ១០ ឆ្នាំ គឺទៅរួច … ខ្ញុំក៏អាចនិយាយភាសាមួយបានថា យ៉ាងតិច ១០ ឆ្នាំ។ បើយ៉ាងតិច ១០ ឆ្នាំ មានន័យថា លើសពី ១០ ឆ្នាំ។ ព្រោះថា ឥឡូវនេះ បើទោះបីថា មានវ័យច្រើនគួរសមហើយក៏ដោយ ក៏ប៉ុន្តែ សុខភាពមិនទាន់ទ្រុឌទ្រោមពេកនោះទេ។
ពីប្រទេសអត្រានៃភាពក្រីក្រ ១០០% មកនៅត្រឹម ១៣% នៅឆ្នាំ ២០១៤
សង្ឃឹមថា អ្វីដែលយើងបានរួមគ្នាតាំងជំនាន់ជីដូនជីតារបស់ក្មួយៗ តាំងពីឪពុកម្តាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗ បាននាំអោយប្រទេសនេះបានដល់ដំណាក់កាលថ្មីមួយ គឺដំណាក់កាលដែលប្រទេសយើង បានឆ្លងកាត់អត្រានៃភាពក្រីក្រ ១០០% ក្រោយពីរំដោះពីរបប ប៉ុល ពត មកនៅអត្រានៃភាពក្រីក្រត្រឹមប្រមាណជា ១៣% កាលពីឆ្នាំ ២០១៤ ដែលយើងមិនទាន់បានធ្វើស្ថិតិឡើងវិញនៅឡើយ។ យើងបានឆ្លងកាត់ពីប្រាក់ចំណូលតិចតូច មកកាន់ឋានៈជាប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ យើងក៏មានមហិច្ឆតានាំប្រទេសនេះ ទៅកាន់ឋានៈប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយនឹងប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍនៅឆ្នាំ ២០៥០។ ខ្លួនខ្ញុំបានដឹងច្បាស់ថា ខ្ញុំគ្មានលទ្ធភាពរស់ទៅដល់ឆ្នាំ ២០៥០ ទេ ក៏ប៉ុន្តែ យើងដាក់ផែនទីចង្អុលផ្លួវមួយ សម្រាប់ការបន្តជំនាន់នៃការអនុវត្តនយោបាយមេរបស់ប្រទេស ដើម្បីចៀសវាងនូវការច្រឡំបល់សម្រាប់ដំណើរការអភិវឌ្ឍរបស់ប្រទេស។
អរគុណបណ្តាម្ចាស់រោងចក្រ ដែលអនុញ្ញាតអោយកម្មករ/ការិនីមកជួបជុំនៅថ្ងៃនេះ
ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងការស្វាគមន៍របស់ក្មួយៗ ហើយក៏សូមថ្លែងអំណរគុណ ចំពោះម្ចាស់ រោងចក្រទាំង ១០ ដែលផ្តល់ឱកាសអោយកម្មករ/ការិនីចូលរួមនៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ ខ្ញុំបានជួបជាមួយនឹងប្រធានផ្នែក ប្រធានរដ្ឋបាល ប្រធានក្រុម និងជំនួយការ ចំនួន ៣៩៨ រោងចក្ររួចមកហើយ ហើយសម្រាប់កម្មករ និយោជិត ជួប ៦ លើក មាន ១៤៣ រោងចក្រ ប៉ុន្តែ រឿងនេះ វាមិនទាន់គ្រប់គ្រាន់ទេ។ រោងចក្ររបស់យើងសម្រាប់ការផលិតបែបនេះមានទៅដល់ជាង ១ ពាន់ រោងចក្រ ហើយបើនិយាយពីសហគ្រាសទាំងអស់មានទៅជាង ១ ម៉ឺន រោងចក្រសហគ្រាសឯណោះ ហើយកម្មករមានទៅដល់ជាង ១ លាននាក់ ដូច្នេះ ខ្ញុំត្រូវបន្តដំណើរវិលជុំនៅក្នុងការជួបជុំកម្មករ/ការិនីរបស់យើង។
រួមចំណែកដោះស្រាយបញ្ហារបស់កម្មករ អនុវត្តគោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥/២០២៥
នៅក្នុងឱកាសពេលវេលា ដែលយើងកំពុងអនុវត្តនូវគោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥/២០២៥ វាជាការសមស្របណាស់ ដែលដាក់បន្ទុកនឹងដាក់ការទទួលខុសត្រូវ ជាពិសេស ការរួមសុខ រួមទុក្ខ ជាមួយនឹងកម្មករ/ការិនីរបស់យើងនៅតាមបណ្តារោងចក្រ ដូច្នេះហើយ ខ្ញុំមានកម្មវិធីជាក់លាក់ក្នុងរយៈពេលមិនមែនត្រឹមតែ ១ ឆ្នាំ ឬ ២ ឆ្នាំទេ ក៏ប៉ុន្តែ ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើដំណើរបន្តបន្ទាប់ពីកន្លែងមួយទៅកាន់កន្លែងមួយ ទោះបីជុំហើយ ក៏ត្រូវធ្វើដំណើរជាបន្ត។ យើងមានរោងចក្រច្រើន ប៉ុន្តែ យើងអាចទៅតាមរោងចក្រនេះទៅតាមរោងចក្រនោះដោយមិនចាំបាច់មានការប្រមូលផ្តុំទ្រង់ទ្រាយធំ។ ចំណុចនេះ ក៏បង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ហើយខ្លួនខ្ញុំផ្ទាល់ក៏ត្រូវរួមចំណែក ដើម្បីដោះស្រាយបញ្ហានេះជាបន្តទៀត នូវក្នុងក្របខណ្ឌនៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និយាយជារួម និងក្នុងក្របខណ្ឌនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម និយាយដោយឡែក។
ពលកម្មវ័យក្មេង ជួយជម្រុញកំណើនសេដ្ឋកិច្ច
កម្មវិធីមួយនេះ ជាកម្មវិធីដែលមានការរួមចំណែកធំ នៅក្នុងការជម្រុញកំណើនសេដ្ឋកិច្ចរបស់យើង ដែលកន្លងទៅពលកម្មវ័យក្មេង គឺជាអ្នកអូសនៃកំណើនសេដ្ឋកិច្ចរបស់យើង។ តាមការគន់គូរ ពលកម្មវ័យក្មេងរបស់យើងដែលមានយ៉ាងច្រើននៅក្នុងក្របខណ្ឌទូទាំងប្រទេស នឹងបន្តរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចជាបន្តទៀត តាមរយៈវិស័យកសិកម្មក្តី ទាំងវិស័យឧស្សាហកម្មក្តី ទាំងវិស័យសេវាក្តី។ ខ្ញុំមានការលើកទឹកចិត្ត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា គ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានចូលរួមចំណែកយ៉ាងធំធេង ទៅក្នុងការដោះស្រាយបញ្ហានានា ដែលជាបញ្ហាប្រឈមជាមួយនឹងដំណោះស្រាយចាំបាច់ ដើម្បីទទួលបាននូវភាពងាយស្រួល សម្រាប់ការវិនិយោគ សម្រាប់ការបង្កើតឡើងនូវលក្ខខណ្ឌការងារនានា។ ថ្ងៃនេះ វត្តមានក្មួយៗជាកម្មការិនីដែលមានផ្ទៃពោះមាន ៥១១ នាក់ ដែលមកទីនេះ ហើយនៅក្នុង ៥១១ នាក់នេះ ក៏មិនដឹងថាមានភ្លោះឬអត់?
ឆ្លើយតបទៅនឹងការតិទៀន ចំពោះការលក់ដីនៅតាមផ្លូវជាតិលេខ ៤ ឲ្យធ្វើជារោងចក្រ
ខ្ញុំពិតជាពេញចិត្តជាមួយនឹងជំនួបដែលត្រូវបន្តធ្វើជាបន្តទៀត។ ហើយថ្ងៃនេះ ការជួបជុំនៅទីនេះ គួរអោយ ខ្ញុំរំលឹកបន្តិចនៅត្រង់តាមផ្លូវជាតិលេខ ៤។ ខ្ញុំនៅចាំបានថា នៅមានការជេរប្រទេច ឬក៏ទិតៀនខ្ញុំយ៉ាងខ្លាំងនៅពេលនោះ។ សភារបស់យើងដំបូង ពិសេសនៅក្នុងដំណាក់កាលឆ្នាំ ១៩៩៥/១៩៩៦ នៅតាមដងផ្លូវលេខ ៤ របស់យើងនេះដែលតភ្ជាប់ពីទីក្រុងភ្នំពេញ/អង្គស្នួល និងតភ្ជាប់ទៅឯកំពង់ស្ពឺ។ ពេលនោះ នៅក្នុងរដ្ឋសភាក៏មានការតិទៀន ចំពោះការបណ្តែតបណ្តោយអោយប្រជាជនលក់ដី ដែលនៅតាមផ្លូវជាតិលេខ ៤ យើងនេះ។ ខ្ញុំក៏មានការតបត និងធ្វើការពន្យល់។ ឥឡូវនេះ បើសិនអាហ្វីលចាស់ ដែលខ្ញុំបាននិយាយទាក់ទិនជាមួយនឹងបញ្ហាតាមបណ្តោយផ្លូវជាតិលេខ ៤ នេះ យកមកចាក់(ឡើង)វិញ ទើបគេអាចមើលឃើញថា រយៈជាង ២០ ឆ្នាំ ហើយ ដែលចក្ខុវិស័យនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺប្រកបដោយភាពជាក់ស្តែង ហើយអនុវត្តទៅបាន។
ផ្លាស់ប្ដូរវាលស្រែដែលទទួលបានផលតិច ទៅជាតំបន់ឧស្សាហកម្មដែលអាចចិញឹមមនុស្សរាប់ពាន់នាក់
ពេលនោះ មានមនុស្សមួយចំនួនដែលមិនបានគិតវែងឆ្ងាយ ហើយគិតតែពីផ្តល់នូវការតិទៀន បានលើកឡើង អំពីការបណ្តែតបណ្តោយអោយប្រជាជនលក់ដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ដែលតភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយនឹងខេត្តកំពង់ស្ពឺ ព្រោះថា (វា)នឹងធ្វើអោយប្រជាជនអស់ដីធ្វើស្រែ។ ខ្ញុំក៏បានឆ្លើយតបជាមួយពួកគេថា សូមគិតអោយបានច្បាស់។ ដី ១ ហិកតា ធ្វើកសិកម្មចិញ្ចឹមត្រឹមតែមនុស្សមួយគ្រួសារ ដែលមាន ៤ ឬ ៥ នាក់ តែប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើដីនោះត្រូវបានទិញ ហើយកសាងទៅជារោងចក្រ ដីដែលធ្លាប់ចិញ្ចឹមបានតែមនុស្ស ៤ ឬ នាក់ គេនឹងអាចចិញ្ចឹមបានមនុស្ស ៤ ឬ ៥ ពាន់នាក់ ជំនួសវិញ តាមរយៈនៃការធ្វើរោងចក្រនោះឯង។ ហើយម្យ៉ាងទៀត ដីដែលត្រូវប៉ាន់កសាងរោងចក្រ គឺជាដីដែលមានតម្លៃខ្ពស់។ ដូច្នេះ ម្ចាស់ដីដែលលក់នូវដីនោះ គឺគាត់នឹងបានប្រាក់យកទៅទិញដីថ្មី និងយកទៅកសាង។ គាត់លក់ដីមួយហិកតា គាត់ទៅទិញដី ១០ ហិកតា ក៏បានដែរ។ អញ្ចឹងឥឡូវ រឿងរ៉ាវវាបាន និងកំពុងក្លាយទៅជាការពិតប្រាកដហើយ។ សូមពិនិត្យមើល តាមដងផ្លូវជាតិលេខ ៤ ដែលពីដើម វាជាវាលស្រែ ដែលឥឡូវវាក្លាយទៅជារោងចក្រ តើមានកម្មករប៉ុន្មានកំពុងពឹងអាស្រ័យទៅលើការងារ នៅក្នុងរោងចក្រនេះ?
ធ្វើផ្លូវជាតិលេខ ៤ កា្លយទៅជាច្រកនៃកំណើនសេដ្ឋកិច្ច
នេះគឺជាចំណុចដែលគូសបញ្ជាក់អំពីចក្ខុវិស័យទាក់ទិនជាមួយនឹងតំបន់រោងចក្រសហគ្រាស ដែលខ្ញុំមានមហិច្ឆតាធ្វើអោយផ្លូវជាតិលេខ ៤ ដែលតភ្ជាប់រវាងប៉ូលទី ១ គឺទីក្រុងភ្នំពេញ និងប៉ូលទី ២ គឺក្រុងព្រះសីហនុ ក្លាយទៅជាច្រកនៃកំណើនសេដ្ឋកិច្ចតែម្ដង។ តាមរយៈធ្វើអោយផ្លូវជាតិលេខ ៤ របស់យើងនេះ ជាតំបន់ប្រមូលផ្ដុំទៅដោយតំបន់ឧស្សាហកម្មរោងចក្រ និងតំបន់កសិឧស្សាហកម្មផងដែរ។ ចំណុចនេះ គឺជាចំណុចគ្រាន់តែជាការរំលឹកបន្ដិចតែប៉ុណ្ណោះ។ តើកម្មករ/ការិនីនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ដែលតភ្ជាប់រវាងទីក្រុងភ្នំពេញ ទៅដល់ខេត្តកំពង់ស្ពឺ មានប៉ុន្មានម៉ឺននាក់ទៅហើយ? ហើយប្រសិនបើដីនៅតំបន់ទីតាំងរោងចក្រទាំងនោះ នៅតែជាតំបន់ដែលផលិតស្រូវដូចកាលពីពេលមុន សួរថាតើរោងចក្រសហគ្រាស កសាងនៅកន្លែងនេះ វាទៅនៅកន្លែងណា(វិញ)? ហើយបើអត់រោងចក្រនៅតំបន់នេះ តើកម្មករ/ការិនីរបស់យើងមានការងារធ្វើ ឬអត់? នេះគ្រាន់តែជាការរំលឹកអំពីអតីតកាលបន្ដិច ដែលឆ្លុះបញ្ជាំងអោយឃើញអំពីចក្ខុវិស័យជាក់ស្ដែងនិយម នៃបច្ចុប្បន្នកាល និងទៅអនាគតកាល។ ខ្ញុំជឿជាក់ថា តំបន់នេះ ថ្ងៃនេះ ហ្នឹងជាទីកន្លែងដែលយើងខ្ចីគេ ថ្ងៃក្រោយនឹងក្លាយទៅជាសួនឧស្សាហកម្ម ឬក៏គេអាចកសាងទៅជាបុរី ឬលំនៅស្ថានទៅទៀត។
ផ្លាស់ប្ដូរការដាំដុះ រកដំណាំដែលមានផលខ្ពស់ក្នុងតំបន់របស់ខ្លួន
អញ្ចឹងទេ បានជាមានពេលខ្លះ គេក៏ត្រូវគិតអោយបានដិតដល់អំពី តើតំបន់ណាជាតំបន់ដែលត្រូវធ្វើការផលិតអំពីអ្វី? សូម្បីតែវិស័យកសិកម្ម ក៏ត្រូវមានតំបន់បែងចែកតំបន់ដាំដុះដែរ។ កន្លែងដែលខ្វះប្រភពទឹក មិនគួរនាំគ្នាធ្វើស្រូវទេ ដែលវាជាការចំណាយមួយខ្ពស់ ហើយគ្មានប្រភពទឹកសម្រាប់ដោះស្រាយផង។ ប៉ុន្តែគេអាចបង្វែរវាទៅជាការដាំអំពៅ ទៅជាការដាំនូវដំណាំផ្សេងៗ ដែលប្រើប្រាស់ទឹកតិចជាង ហើយទទួលផលបានច្រើនជាងជាងធ្វើស្រូវ។ វាមិនខុសពីផ្ទៃដីរបស់យើង ដែលឥឡូវនេះ ពោរពេញទៅដោយរោងចក្រជំនួសអោយដីស្រែកាលពីពេលមុន។ វាកំពុងតែបំពេញនូវបេសកកម្មជំនួសអោយវិស័យកសិកម្ម ដែលមួយហិកតាធ្លាប់ចិញ្ចឹមមនុស្សបានត្រឹមតែ ៤ ឬ ៥ នាក់ ទៅជាមួយហិកតាអាចចិញ្ចឹមមនុស្សបាន ៤.០០០ ទៅ ៥.០០០ នាក់ជំនួសវិញ តាមរយៈសកម្មភាពនៃវិស័យឧស្សាហកម្ម។
ទីក្រុងភ្នំពេញ រីកទាំងទំហំ និងជម្រៅ
ខ្ញុំពិតជាមានមោទនភាពជាមួយនឹងការចូលរួមទាំងឡាយរបស់កម្មករ/ការិនីរបស់យើង ទៅក្នុងកំណើនការងារ ក៏ដូចជាកំណើនប្រាក់ចំណូល ក៏ដូចជាសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ក្មួយអាចពិនិត្យអំពីបញ្ហាពាក់ព័ន្ធនឹងការចាប់ផ្ដើមរបស់យើង ការចាប់ផ្ដើមរបស់យើងវាលំបាកណាស់។ នៅតំបន់នេះ គឺជាតំបន់ដែលមានការប្រយុទ្ធគ្នា។ សូមកុំភ្លេចថា កន្លែងនេះ បើនិយាយពីសម័យឆ្នាំ ១៩៧០ គឺជាសម័យដែលដាក់គ្រាប់កាំភ្លើងផ្លោងចូលពោធិ៍ចិនតុងទេ។ កន្លែងនេះ គឺជាតំបន់ខ្សែក្រវាត់ រវាងកងទ័ពរំដោះ ជាមួយនឹងកងទ័ព លន់ នល់។ មានការវាយប្រយុទ្ធគ្នា រហូតដល់មានការវាយនៅក្នុងព្រលានយន្តហោះពោធិ៍ចិនតុងផងដែរ។ អតីតកាលរបស់យើងវាបែបនេះ។
ក្រោយឆ្នាំ ១៩៧៩ ទីក្រុងរបស់យើងវាតូចណាស់។ ឥឡូវនេះ ទីក្រុងនេះ ដីនេះពីដើមជាដីរបស់ខេត្តកណ្ដាល ប៉ុន្តែឥឡូវនេះ វានៅក្នុងខណ្ឌពោធិ៍សែនជ័យរបស់ភ្នំពេញទៅវិញ។ សូម្បីតែព្រលានយន្តហោះពោធិ៍ចិនតុងហ្នឹង ពីអតីតកាល កាលពីឆ្នាំ ១៩៨៥-១៩៨៦ គឺសិ្ថតនៅក្នុងខេត្តកណ្ដាលទេ ប៉ុន្តែពេលនោះ ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៅពេលនោះ ក៏បានកាត់ពោធិ៍ចិនតុង (នៅក្នុង)ស្រុកដង្កោ។ អញ្ចឹងទេ ទីក្រុងភ្នំពេញរបស់យើង កាលពីដើម មានទំហំត្រឹមតែជាង ៣០០ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ទីក្រុងភ្នំពេញមានរហូតទៅដល់ជាង ៦០០ គីឡូម៉ែត្រក្រឡា បានសេចក្ដីថា មួយទៅជាពីរនៃការពង្រីក(ទីក្រុងភ្នំពេញរបស់យើង)។ មិនមែនគ្រាន់តែជាការពង្រីកទំហំទីក្រុងភ្នំពេញទេ ក៏ប៉ុន្តែយើងបានពង្រីកទាំងទំហំ និងទាំងជម្រៅរបស់វា។
ទំហំរីកពីចំនួនជាង ៣០០ គីឡូម៉ែត្រក្រឡា ឡើងទៅដល់ជាង ៦០០ គីឡូម៉ែត្រក្រឡា។ ប៉ុន្តែជម្រៅវិញ កាលពីដើម ដីមួយហិកតាមានសំណង់ ៤.០០០ ទៅ ៥.០០០ ម៉ែត្រក្រឡាតែប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ ដីមួយហិកតាដដែល ប៉ុន្តែសំណង់ឡើងទៅដល់ ៤ ទៅ ៥ ម៉ឺនម៉ែត្រក្រឡា។ នេះហើយជាការរីកចម្រើនតាមបែបស៊ីជម្រៅ ដែលបច្ចុប្បន្ន ទីក្រុងភ្នំពេញរបស់យើងក៏មានអាគារខ្ពស់ៗដូចប្រទេសដទៃផងដែរ។ ពេលមុននេះ មានត្រឹមតែ ៧ ជាន់ ប៉ុន្តែឥឡូវមានជាង ៤០ ជាន់ រហូតទៅដល់ ៥០ ជាន់ ហើយក៏មានមហិច្ឆតាដើម្បីនឹងកសាងនូវអាគារ ដែលកំពុងសិក្សាស្ថានភាពដីគម្រោងវិនិយោគប៉ុន្មានជាន់របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលអាចឈានទៅដល់ការកសាងអគារកម្ពស់ ៥៥៥ ម៉ែត្រ ដែលអាចចាត់ទុកថា ជាអគារដែលខ្ពស់ជាងគេនៅក្នុងអាស៊ីអាគ្នេយ៍ ប្រសិនបើវាចេញជារូបរាងពិតប្រាកដ។
តែងមានវត្តមានសម្ដេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ
ឥឡូវយើងនិយាយអំពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសយើង។ ការចាប់ផ្ដើមរបស់យើងលំបាកណាស់។ បើសិនជាក្មួយៗកើតមិនទាន់ ក្មួយៗអាចសល់ជីដូនជីតា អាចនៅសល់ឪពុកម្ដាយ ដើម្បីសួរនាំពីពួកគាត់អំពីការចាប់ផ្ដើមរបស់យើង។ បាតដៃទទេ បន្ទាប់ពីការឆក់ប្លន់កម្មសិទ្ធិរបស់ពួក ប៉ុល ពត ទៅលើបញ្ហាទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ លុបចោលនូវកម្មសិទ្ធិរបស់ប្រជាពលរដ្ឋរបស់យើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ យើងត្រូវកសាងឡើងវិញជាមួយនឹងស្ថានភាពប្រទេសជាតិដែលមានសន្ដិភាពផង មានសង្រ្គាមផង តែតម្រូវអោយពេលនោះ ប្រហែលជាគេអាចឃើញនូវសកម្មភាពរបស់ខ្ញុំ នៅឯខ្សែត្រៀមជួរមុខ ដើម្បីសួរសុខទុក្ខកងទ័ព និងដោះស្រាយបញ្ហាលំបាករបស់កងទ័ព ដើម្បីទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត។ ម្ខាងទៀត ក៏ដើម្បីនឹងចរចារកដំណោះស្រាយជាមួយនឹងឥស្សរជនខ្មែរដទៃទៀត និងការចូលរួមពីបរទេស ដែលខ្ញុំធ្វើដំណើរទៅកាន់ទីកន្លែងនៃការចរចា។
ជាបន្តទៅទៀត សេដ្ឋកិច្ចរបស់យើងត្រូវបានស្ដារជាជំហានៗ តែផ្ដោតជាសំខាន់ ដើម្បីធានាធ្វើយ៉ាងម៉េចផ្គត់ផ្គង់ស្បៀងអោយបានគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋរបស់យើង។ គេក៏បានឃើញវត្តមានរបស់ខ្ញុំយ៉ាងច្រើននៅតាមទីកន្លែងទាក់ទងជាមួយនឹងវាលស្រែ តំបន់កសិកម្ម។ មានការចូលរួមជាមួយនឹងកសិករច្រើនដែលធ្វើអោយប្រទេសកម្ពុជា ក្លាយពីប្រទេសមួយដែលខ្វះខាតស្រូវអង្ករ ទៅជាប្រទេសមួយដែលនៅសល់ស្បៀង សល់ស្រូវ រហូតជាង ៥ លានតោនក្នុងមួយឆ្នាំ ជាមួយនឹងផលិតផលកសិកម្មដទៃទៀតដែលត្រូវនាំចេញ និងត្រូវពង្រីកទីផ្សារដើម្បីការនាំចេញ។ បច្ចុប្បន្ន កំពុងតែជួបប្រទះនូវបញ្ហាប្រឈមអំពីទីផ្សារ និងតម្លៃស្រូវ តម្លៃកសិផល ដែលនៅក្នុងក្របខណ្ឌនៃប្រទេសកំពុងអភិវឌ្ឍ មានស្ថានភាពប្រហាក់ប្រហែលគ្នា។
ការប្រកួតប្រជែងតែគ្នាឯងរវាងប្រទេសកំពុងអភិវឌ្ឍ
ម្សិលមិញ ខ្ញុំបានជួបជាមួយនឹងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ដែលកំពុងតែប្រជុំអង្គការសភារបស់អាស៊ីនៅទីក្រុងភ្នំពេញ។ ខ្ញុំបាននិយាយជាមួយគាត់ថា ប្រទេសយើងទាំងពីរ និយាយដោយឡែក និងនិយាយជារួម ប្រទេសកំពុងអភិវឌ្ឍទាំងអស់ គឺប្រកួតប្រជែងតែគ្នាឯងទេ។ ដោយសារតែយើងមានផលិតផលវាប្រហាក់ប្រហែលគ្នា។ យើងមានស្រូវ គេក៏មានស្រូវ យើងមានពោត គេក៏មានពោត យើងមានដំឡូង គេក៏មានដំឡូង។ បើនិយាយអំពីផលិតផលវិស័យកាត់ដេរវិញ ប៉ាគីស្ថានក៏ជាប្រទេសដែលនាំចេញផលិតផលកាត់ដេរ ឯយើងក៏ជាប្រទេសដែលនាំចេញនូវផលិតផលកាត់ដេរដែរ។ ដូច្នេះនៅក្នុងក្របខណ្ឌនៃប្រទេសកំពុងអភិវឌ្ឍ មិនថាទ្វីបអាស៊ី មិនថាទ្វីបអាហ្វ្រិក មិនថាទ្វីបអាមេរិកឡាទីននោះទេ គឺសុទ្ធតែជាប្រទេសដែលមានការនាំចេញ(នូវ)ទំនិញប្រហាក់ប្រហែលគ្នា។
ដូច្នេះ ពេលដែលនាំចូលទៅក្នុងប្រទេសដែលមានការអភិវឌ្ឍ ប្រទេសដែលអភិវឌ្ឍនោះតែងតែដាក់លក្ខខណ្ឌនេះ លក្ខខណ្ឌនោះ ហើយយើងក៏ចេះតែនាំគ្នាសម្រុកទៅកាន់ទីផ្សាររបស់គេ ព្រោះវាជាតម្រូវការរបស់យើងទៅហើយ។ ប៉ុន្តែដល់យើងនាំចូលទំនិញពីប្រទេសអភិវឌ្ឍមកវិញ ទំនិញរបស់គេគ្មានការប្រកួតប្រជែងទេ ដូចជាការនាំចូលអំពីតម្រូវការពាក់ព័ន្ធជាមួយនឹងផ្នែកដឹកជញ្ជូន។ ប្រទេសខ្លះផលិតកប៉ាល់ ត្រូវលក់កប៉ាល់អោយយើងយ៉ាងខ្ពស់។ ប្រទេសខ្លះត្រូវលក់យន្តហោះ អញ្ចឹងយន្តហោះនេះ នៅលើពិភពលោកមានតែក្រុមហ៊ុនធំៗពីរ មានក្រុមហ៊ុន Boeing របស់អាមេរិកាំង និងក្រុមហ៊ុន Airbus របស់ពួកអឺរ៉ុប។ អញ្ចឹងវាអត់មានអ្នកណាប្រកួតប្រជែងជាមួយនឹងយន្តហោះហ្នឹងទេ មានយន្តហោះប្រភេទខ្លះមានការប្រកួតប្រជែងដែរ ដូចជាឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ដែលត្រូវប្រកួតប្រជែង ហើយដែលទីផ្សារវាមានកាន់តែច្រើន សម្រាប់ប្រភេទប្រភេទយន្តហោះដឹកជញ្ជូនរបស់រុស្ស៊ី។
ថ្នាំពេទ្យក៏ដូចគ្នា យើងនាំចូលថ្នាំពេទ្យពីប្រទេសក្រៅ ដែលថ្នាំពេទ្យនោះមានការប្រកួតប្រជែងមិនច្រើនទេ។ មានការនាំចូលនូវសំភារៈមួយចំនួនផ្សេងទៀត ដូចជា កុំព្យូទ័រ។ ហើយបើនិយាយពីទូរស័ព្ទវិញ ការប្រកួតប្រជែងវាតិចណាស់ ព្រោះទូរស័ព្ទភាគច្រើន គឺផលិតចេញពីអាមេរិក Apple iPhone ឥឡូវចេញ iPhone 8 ប៉ុន្តែគេថា iPhone 8 ថ្ងៃមុនបើកហ្វេសប៊ុក គេថា អត្ថប្រយោជន៍នៃ iPhone 8 អាចយកធ្វើជាជ្រុញ។ ឱ! អ្នកណាអើយ ទៅយក iPhone ទៅធ្វើជាជ្រុញហាន់សាច់ នេះប្រហែលជាវីដេអូកំប្លែងក៏មិនដឹង។ ប៉ុន្តែ ខ្ញុំមិនទៅណាឆ្ងាយទេ ខ្ញុំប្រើតែអា iPhone ៦ មាំជាង ធ្លាក់មួយដង ពីរដងអត់អី ប៉ុន្តែយកល្អកាន់ឲ្យជាប់។ ខ្ញុំប្រើអា ៦ ព្រោះអា ៧ ដូចមិនសូវមាំ ឮថាអា ៨ កាន់តែមិនមាំទៀត ប៉ុន្តែគេថាចាំអា ១០ ខែ ១១ ប៉ុន្តែខ្ញុំអត់ចាំទេ ព្រោះពិបាកទាញណាស់។ គ្រាន់តែខួរក្បាលរបស់ខ្ញុំវានៅក្នុងនេះច្រើន អញ្ចឹងទេ បើសិនផ្ទេរទូរស័ព្ទ អានេះបើចង់ផ្ទេរ វាត្រូវតែបំផ្លាញចោលទាំងអស់ ព្រោះមិនអាចឲ្យទូរស័ព្ទហ្នឹងទៅអ្នកដទៃទេ …។
សម្រាប់វិស័យឧស្សាហកម្មរបស់កម្ពុជា ក្នុងអតីតកាលយើងក៏ធ្លាប់មានការរីកចម្រើនក្នុងវិស័យឧស្សាហកម្ម ជាការចាប់ផ្តើមក្នុងទស្សវត្សរ៍ ៦០ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចឪ សម្តេចតា សម្តេចតាទួត។ ក៏ប៉ុន្តែ វាបានបំផ្លាញអស់ក្នុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ ហើយក៏បានបំផ្លាញបន្តទៀតដោយដំណាក់កាល ប៉ុល ពត។ យើងក៏បានចាប់ផ្តើមស្តារបន្តិចម្តងៗ ក៏ប៉ុន្តែសុទ្ធតែជាឧស្សាហកម្មហួសសម័យ ហើយពេលនោះ វាមិនមែនជាឧស្សាហកម្ម ជារោងចក្រពិតប្រាកដនោះទេ។ រោងចក្រពិតប្រាកដមានតែប៉ុន្មានទេ ប៉ុន្តែវាបែបជាប្រភេទសិប្បកម្មនេះឯង។
បៀវត្សអប្បបរមា ២០១៨ មិនទាបជាង ១៦០ ដុល្លារ
ឥឡូវ យើងចាប់ផ្តើមបន្ទាប់ពីការស្វែងរកសន្តិភាពបានហើយ យើងក៏ចាប់ផ្តើមដើម្បីនឹងរកនូវការអភិវឌ្ឍ ដោយចាប់ផ្តើមទាក់ទាញនូវវិនិយោគលើគ្រប់ផ្នែក។ ក្នុងហ្នឹង មានការវិនិយោគលើវិស័យឧស្សាហកម្ម ហើយដែលវិស័យដែលបានទទួលផលឆាប់រហ័ស គឺក្នុងវិស័យកាត់ដេរនេះឯង។ ជាបណ្តើរៗ ប្រទេសកម្ពុជាយើង នៅក្នុងគ្រប់ផ្នែកនៃសេដ្ឋកិច្ចរបស់ខ្លួន គឺបានបង្កើតឲ្យយើងមាននូវរោងចក្រ សហគ្រាស ចំនួន ១១.០០០ រោងចក្រ សហគ្រាសជាង។ ដោយឡែកតែចំពោះកាត់ដេរវិញ យើងមានជាង ១.១០០ រោងចក្រ ដែលគ្របដណ្តប់ ដោយកម្មករជាង ៧១ ម៉ឺននាក់។ នេះជាចំនួនមួយដ៏ច្រើន ប៉ុន្តែសូមកុំភ្លេចថា ការចាប់ផ្តើមរបស់យើងលំបាកណាស់ នៅក្នុងដំណាក់កាលដំបូងនេះ ដោយយើងមិនទាន់មានទីផ្សារ ដោយយើងមិនទាន់មានបទពិសោធន៍។ ការរៀបចំដំណាក់កាលរោងចក្រដំបូង ដែលក្មួយៗមួយចំនួនបានរួមចំណែកនៅក្នុងការធ្វើការក្នុងរោងចក្រ។ ប្រាក់ខែនៅមុនឆ្នាំ ១៩៩៧ មានប្រមាណជាជាង ៣០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងឆ្នាំ ១៩៩៧ តាមការកត់ត្រានៅពេលនោះ យើងមាន ៦៤ រោងចក្រ ជាមួយនឹងកម្មករ ៨២.០០០ នាក់ ប៉ុណ្ណោះ ហើយប្រាក់ឈ្នួលពេលនោះ មានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិកទេ។ ប៉ុន្តែ ឥឡូវនេះ ប្រាក់ខែរបស់ក្មួយៗកម្មករ/ការិនីរបស់យើងនេះ ដែលបាន និងកំពុងអនុវត្តនៅពេលនេះ ទាបបំផុត ១៥៣ ដុល្លារសហរដ្ឋអាមេរិក។ ការចរចាមួយកំពុងតែចាប់ផ្តើម ខ្ញុំមិនដឹងថា តើវាប៉ុន្មានទេ ក៏ប៉ុន្តែ ខ្ញុំប្រកាសជូនចំពោះកម្មករ/ការិនី របស់យើងថា ប្រាក់បៀវត្សរ៍អប្បបរមានៅឆ្នាំ ២០១៨ នឹងមិនឲ្យទាបជាង ១៦០ ដុល្លារសហរដ្ឋអាមេរិកនោះទេ។ តាមការគន់គូររបស់ខ្ញុំ វារត់នៅក្នុងចន្លោះ ១៦០ ទៅ ១៧០ និងប្រហាក់ប្រហែលប៉ុណ្ណឹង។
ប្រៀបធៀប បៀវត្សអប្បបរមា នៅប្រទេសក្នុងតំបន់
ខ្ញុំចង់ឲ្យបានច្រើន ប៉ុន្តែច្រើនយ៉ាងណាក៏ដោយ យើងត្រូវគិតឲ្យបានច្បាស់លាស់ជាមួយគ្នា ដើម្បីធានាសុវត្ថិភាពនៃប្រាក់ចំណូលរបស់យើង ជាជាងការដែលយើងបាន គេហៅថា ការទាមទារដែលមិនអាចធ្វើទៅរួច។ ក្មួយៗមិនត្រូវភ្លេច យើងបានឆ្លងកាត់ពីប្រាក់បៀវត្ស ត្រឹមតែ ៤០ ដុល្លារ ឡើងមកដល់ ១៥៣ ដុល្លារ។ ខាងមុខនេះនឹងទៅផុត ពី ១៦០ ដុល្លារ ក្នុងពេលដែលប្រទេសមួយចំនួន ដែលអាចមានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយយើង។ បង់ក្លាដេសពេលនេះ តែ ៦៧ ដុល្លារទេ។ ស្រីលង្ការតែ ៦៧ ដុល្លារទេ។ ឥណ្ឌាដែលមានប្រជាជនច្រើនបំផុត តែ ៧៧ ដុល្លារ។ មីយ៉ាន់ម៉ា ឬហៅថាភូមា តែ ៧៩ ដុល្លារទេ។ ឥណ្ឌូនេស៊ីមាន ២ តំបន់ តំបន់ទាបគឺ ៩៩ ដុល្លារ តំបន់ខ្ពស់ គឺ ២៤៩ ដុល្លារ។ ឡាវត្រឹមតែ ១១០ ដុល្លារ។ ឯវៀតណាមមាន ២ តំបន់ តំបន់ដែលទាបមាន ១១៣ ដុល្លារ និងតំបន់ដែលខ្ពស់មាន ១៦៥ ដុល្លារ។ ប៉ាគីស្ថានដែលម្សិលមិញប្រធានព្រឹទ្ធសភាជួបជាមួយខ្ញុំ មានត្រឹមតែ ១៣៤ ដុល្លារទេ។ ឯចិនគឺមានចន្លោះ ១៧០ ទៅ ៦០០។ ថៃ ២៥០ ដុល្លារ ឬ ៣១០ បាត ក្នុងមួយថ្ងៃ។ ម៉ាឡេស៊ី ៣០០ ដុល្លារ។ សាំងហ្គាពួរ ៨៤០។ ហ្វីលីពីន ១៣៩ ដុល្លារ តំបន់ដែលទាប តំបន់ដែលខ្ពស់ មាន ២៥៧ ដុល្លារ។ ឯសម្រាប់យើង គឺយើងអត់បែងចែកតំបន់ទេ គឺឥឡូវកំពុងតែអនុវត្ត ១៥៣ ដុល្លារស្មើគ្នា ប៉ុន្តែរោងចក្រមួយចំនួនក៏បានផ្តល់ឲ្យកម្មកររបស់យើងទៅលើសពីកម្រិតអប្បបរមាបូកជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត។ ភាគច្រើនកម្មករ/ការិនីរបស់យើងបានទទួលជាង ២០០ ដុល្លារសហរដ្ឋអាមេរិក តាមអ្វីដែលខ្ញុំបានសួរនាំកម្មករ/ការិនី។ ប៉ុន្តែ បើទោះបីយ៉ាងណាក៏ដោយ ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត ជាមួយនឹងការងារ គឺកម្មករ/ការិនីរបស់យើងបានទទួលបៀវត្ស បានទទួលប្រាក់ចំណូលកាន់តែច្រើនទៅៗ។
ថ្លៃទឹក និងភ្លើង កាន់តែទាប ជួយសម្រួលជីវភាពកម្មករ
ជាមួយនឹងការកាត់បន្ថយនូវការចំណាយមួយចំនួន ដែលរាជរដ្ឋាភិបាលបាននឹងកំពុងជួយដោះស្រាយ សម្រាប់ក្មួយៗ ថ្លៃទឹក ថ្លៃភ្លើង ដែលមុននេះត្រូវបានបង់ខ្ពស់ យើងក៏បានខិតខំតាមរយៈក្រសួង តាមរយៈរដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ នៃក្រសួងរ៉ែ ក្រសួងសិប្បកម្ម ឧស្សាហកម្ម។ យើងក៏បានតទឹក តភ្លើង ទៅ ជាមួយនឹង តទឹកទៅជាមួយផ្ទះជួល ហើយដែលមុននេះ តម្លៃទឹកសម្រាប់ក្មួយៗ សម្រាប់កម្មករ ត្រូវបានកំ ណត់ដោយម្ចាស់ផ្ទះ។ ប៉ុន្តែ ក្រោយមកយើងបានកំណត់ដោយរដ្ឋាករទឹកលក់ទៅឲ្យម្ចាស់ផ្ទះ ត្រឹមតែ ១.០៣០ រៀល ហើយម្ចាស់ផ្ទះលក់ឲ្យកម្មករ ១.២០០ រៀល។ ប៉ុន្តែ រយៈពេលមួយខែរួចមកហើយ ដែលថ្លៃទឹកត្រូវបានកែប្រែ។ រដ្ឋាករទឹកលក់ឲ្យទៅម្ចាស់ផ្ទះត្រឹមតែ ៧០០ រៀល ក្នុងមួយម៉ែត្រគូប ឯម្ចាស់ផ្ទះលក់ទៅឲ្យកម្មករត្រឹមតែ ៨០០ រៀលក្នុងមួយម៉ែត្រគូប។ ដែលនេះធ្វើឲ្យកម្មករ/ការិនីរបស់យើងចំណេញ ៤០០ រៀល ក្នុងមួយម៉ែត្រគូប។ នេះជាការកាត់បន្ថយចំណាយ។ ជាមួយនឹងអគ្គិសនីដែលមុននេះត្រូវបានបង់ខ្ពស់ដោយម្ចាស់ផ្ទះ ប៉ុន្តែ ឥឡូវកម្មករ/ការិនីរបស់យើងបង់ត្រឹមតែ ៤៨០ រៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងករណីដែលខ្លួនប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់។
សមិទ្ធផលសព្វថ្ងៃចេញពីការដឹកនាំរបស់គណបក្សប្រជាជន
ជាមួយគ្នានោះដែរ នៅតាមរោងចក្រ សហគ្រាស ក៏បានខិតខំជួយដោះស្រាយ មួយផ្នែកទាក់ទងទៅនឹងបញ្ហាការធ្វើដំណើរ ទាក់ទងនឹងបញ្ហាការទទួលទានអាហារ ដែលមានកន្លែងខ្លះក៏បានដោះស្រាយមួយពេល ពីរពេល ឬរហូតទៅដល់ ៣ ពេល តាមសមត្ថភាពរបស់រោងចក្រ។ ប្រាក់បៀវត្សចេះតែឡើង ចំនួនរោងចក្ររបស់យើងក៏កាន់តែច្រើន ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវបន្តនូវកិច្ចការងារនេះ ជាមួយនឹងការខិតខំទាំងឡាយ ដែលយើងបានរួមគ្នាខិតខំរយៈពេលកន្លងទៅ។ ប៉ុន្តែ ចំណុចមួយដែលពូសុំនិយាយទៅកាន់ពួកក្មួយៗ ហើយក៏ដូចជាទៅកាន់ប្រជាជនទូទាំងប្រទេស ដែលជាក្រុមគ្រួសារ ឬក៏ជាប្រជាពលរដ្ឋ អ្វីដែលបាន និងកំពុងមានសព្វថ្ងៃ គឺបានចេញមកពីបាតដៃនៃការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជន។ ខ្លួនខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុងការរំដោះខ្លួនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការស្វែងរកសន្តិភាពដើម្បីប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះនោះ គឺផ្តល់ឱកាសឲ្យយើងកសាងប្រទេសឡើងវិញ ពីការលំបាកគ្រប់យ៉ាងដែលយើងបានជួបប្រទះ។ យើងបានខិតខំកសាងប្រទេសនេះ ជាមួយនឹងញើសឈាមរបស់យើង ដើម្បីយើងនាំប្រទេសយើងមកដល់ពេលនេះ។
៣ កុំ របស់បក្សប្រឆាំង ជាទង្វើក្បត់នឹងប្រជាជនខ្លួនឯង
គ្មានបាតដៃរបស់គណបក្សប្រឆាំងនោះទេ។ ពួកគេមិនបានធ្វើអ្វីក្រៅតែពីទៅ រារាំងប្រទេសក្រៅមិនឲ្យផ្តល់ជំនួយមកកម្ពុជា មិនឲ្យវិនិយោគមកកាន់កម្ពុជា និងមិនឲ្យទិញទំនិញពីកម្ពុជា។ នេះគឺជាទង្វើមិនទទួលខុសត្រូវ ហើយវាក៏ជាទង្វើក្បត់នឹងផលប្រយោជន៍ប្រជាជនខ្លួនឯង។ ប្រសិនបើប្រទេសក្រៅធ្វើទៅតាមការចង់បានរបស់បក្សប្រឆាំង តើក្មួយៗមានការងារធ្វើឬអត់? ពិតជាមិនមានទេ។ បើសិនជាគេស្នើសុំវិញ គឺជាវិធីរុញឲ្យខ្លោច រោចឲ្យឆៅ។ ទាមទារតម្លើងប្រាក់ខែ តម្លើងៗ ន័យពិតប្រាកដគឺអ្វី? តម្លើងរួចហើយទីចុងបំផុត ថៅកែទ្រាំមិនបាន បិទរោងចក្រ អ្នកដែលស្លាប់ អ្នកដែលបាត់បង់ការងារ និងបាត់បង់ប្រាក់ចំណូលគឺកម្មករ។ … ប៉ុន្តែ សមត្ថភាពពួកគេមានកម្រិត មិនមែនអ្នកណាក៏ចេះតែជឿចំពោះពួកគេនោះទេ ការខិតខំប្រឹងប្រែងរបស់កម្មករ/ការិនីរបស់យើង បាននាំមកនូវផលប្រយោជន៍។
ទង្វើក្បត់ជាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
នេះជាតំបន់ដែលគេមកទម្លាយទ្វាររោងចក្រ ដើម្បីឲ្យទៅធ្វើបាតុកម្ម ក្នុងពេលវេលាដែលគេចង់ផ្តួលរំលំ កាលពីឆ្នាំ ២០១៣។ នៅកន្លែងហ្នឹងឯង។ ប៉ុន្តែ ជាការល្អដែលក្មួយៗពេលនោះកំពុងធ្វើការ។ តម្រូវការធ្វើការ ប៉ុន្តែអ្នកនយោបាយតម្រូវឲ្យក្មួយៗចេញទៅធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នោះហើយជាទង្វើក្បត់ជាតិ ដែលគេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបាន និងកំពុងដំណើរការខាងផ្លូវច្បាប់នេះ។ មិនមែនរឿងអ្នកឯងធ្វើថ្ងៃមុនហើយរួចខ្លួននោះទេ។ ត្រូវទទួលខុសត្រូវលើរឿងនេះ។ មិនមែនជាបាតុកម្មដើម្បីទាមទារលក្ខណ្ឌការងារទេ ក៏ប៉ុន្តែគឺជាបាតុកម្មផ្តួលរំលំ តាមបែបបដិវត្តពណ៌ ព្រោះការបោះឆ្នោតបានធ្វើរួចទៅហើយៗ អ្នកឯងចង់ផ្តួលរំលំរដ្ឋាភិបាល អ្នកឯងមកប្រមូលកម្មករ គេមិនព្រមទៅ អ្នកឯងទៅទម្លាយទ្វារគេ។
សុខដុមភាវូបនីយកម្ម ដោះស្រាយបញ្ហាដោយសន្តិវិធី វិវាទការងារ បាតុកម្ម កូដកម្មថយចុះ
… ខ្ញុំសុំអបអរសាទរ ដែលការដោះស្រាយបញ្ហានានានៅតាមបណ្តារោងចក្រ សហគ្រាសកាន់តែប្រសើរ។ ខ្ញុំមានជំនួបជាមួយនឹងប្រធានរដ្ឋបាល ខ្ញុំមានជំនួបជាមួយនឹងម្ចាស់រោងចក្រ ជាមួយប្រធានផ្នែក ប្រធានក្រុម ក្នុងគោលដៅធំបំផុត ការធ្វើសុខដុមភាវូបនីយកម្មក្នុងចំណោមកម្មករ នៅក្នុងក្របខណ្ឌ រោងចក្រនីមួយៗ តួនាទីរបស់ប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល វាមានសារៈសំខាន់ ដើម្បីរួមចំណែកជាមួយនឹងភាពសុខសាន្តនៅក្នុងរោងចក្រ។ យើងត្រូវយល់ឲ្យបានថា ថៅកែ បើគ្មានកម្មករ គេមិនហៅថា ថៅកែទេ ឯកម្មករ បើគ្មានរោងចក្រដើម្បីធ្វើការងារ ហើយបែរជាទៅកាន់ចប កាន់ឧបករណ៍កសិកម្ម ក៏គេមិនហៅថាកម្មករដែរ។ ដូច្នេះហើយ វាទាមទារឲ្យមានការធ្វើការសម្រុះសម្រួលគ្នាដោយហ្មត់ចត់។ ដំណោះស្រាយដោយសន្តិវិធី និងដំណោះស្រាយដោយមានការជឿទុកចិត្តគ្នា និងក្នុងន័យស្ថាបនា គឺជាការរក្សានូវឆ្នាំងបាយសម្រាប់កម្មករ/ការិនី។ វាជាផលប្រយោជន៍ដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមក។ កម្មករត្រូវការរោងចក្រធ្វើការ ហើយផ្តើមចេញពីរបៀបនេះ វាត្រូវការមានអ្នកវិនិយោគមកធ្វើការវិនិយោគ។ ឯអ្នកវិនិយោគ តែគេវិនិយោគហើយ ក៏ត្រូវការកម្មករ ត្រូវការកម្លាំងពលកម្ម។ ដោយសារបញ្ហានេះហើយ បានជាចំនួនវិវាទការងារ បាតុកម្ម កូដកម្ម មានការថយចុះ តាមរយៈនៃការយោគយល់ការដោះស្រាយ បញ្ហាជាមួយគ្នាដោយសន្តិវិធី។ ទៅមុខទៀត ខ្ញុំបន្តឲ្យមានការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី និងការយោគយល់គ្នា ដើម្បីរក្សាការងារបស់យើង។
មានសិទ្ធិធ្វើបាតុកម្ម កូដកម្ម តែត្រូវគោរពសិទ្ធិអ្នកដែលមិនធ្វើបាតុកម្មផង
វាមិនមែនជាដំណោះស្រាយទេ ប្រសិនអ្វីក៏ចេះតែនាំគ្នា(បាតុកម្ម) លើកលែងតែរឿងហ្នឹង វាដោះស្រាយមិនបានកន្លែងខ្លះ។ ប៉ុន្តែ នៅពេលដែលយើងដោះស្រាយបាន។ ឥឡូវវាមានអ្នកដែលរោងចក្រក្ស័យធនរត់ចោលរោងចក្រ ដែលវាមានបញ្ហាច្រើន។ ប៉ុន្តែ ដោយសារតែការប្រញាប់ប្រញាល់ទៅដោះស្រាយ ដោយក្រសួងការងាររបស់យើង ក៏យើងដោះស្រាយបានរហ័សដែរ។ ឯក្រៅពីនោះ រឿងបញ្ហាតូចតាចមួយចំនួន ក៏ត្រូវបានដោះស្រាយយ៉ាងរហ័ស។ ប៉ុន្តែ ខ្ញុំក៏មានសំណូមពរ កុំឲ្យមានជើងកាងក្នុងការធ្វើកូដកម្ម។ ម៉េចទៅដែលហៅថាជើងកាងនៃការធ្វើកូដកម្ម? នៅត្រង់អញ្ចេះ យើងត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក ទើបបាន។ នៅក្នុងដូចជាចំណោម ១ ពាន់នាក់ នៃរោងចក្រមួយធ្វើកូដកម្ម ៥០ នាក់, ៥០ នាក់ធ្វើកូដកម្ម, អ្នកចំនួន ៩៥០ នាក់ទៀត ត្រូវគោរពសិទ្ធិអ្នកធ្វើកូដកម្ម ប៉ុន្តែ អ្នកធ្វើកូដកម្មក៏ត្រូវគោរពសិទ្ធិ ៩៥០ នាក់ ផ្សេងទៀត ដែលគេចង់ធ្វើការ ហើយមិនចង់ចូលរួមកូដកម្ម។
កន្លងទៅនេះ មានបងធំខាងផ្នែកកូដកម្ម ខ្លួនឯងធ្វើកូដកម្មទៅរារាំងមិនឲ្យអ្នកដទៃទៅចូលធ្វើការគំរាមកំហែងគេ។ រឿងនេះមិនមានជាបន្តទេ។ ក្នុងក្របខណ្ឌសហជីព សិទ្ធិរបស់អ្នកក្នុងការធ្វើកូដកម្មត្រូវបានគោរព ប៉ុន្តែសិទ្ធិអ្នកដែលចង់ធ្វើការ មិនចង់ចូលរួមកូដកម្ម ក៏ត្រូវបានគោរពទាំងអស់គ្នា។ មិនត្រូវឈរជើងធ្វើជាបងធំនៃការធ្វើកូដកម្មនៅតាមរោងចក្រសហគ្រាសនោះទេ។ ថ្ងៃ ១ ឧសភា ដែលជាទិវាពលកម្មអន្តរជាតិ គឺមានសិទ្ធិដូចគ្នា អ្នកខ្លះមានសិទ្ធិទៅដង្ហែ ដើម្បីដាក់ញត្តិ ហើយនាំគ្នាដើរហើរទៅ។ យើងគោរពនូវសិទ្ធិនោះ ប៉ុន្តែ អ្នកទាំងនោះក៏ត្រូវគោរពត្រឡប់មកវិញ ដែលនៅតាមរោងចក្រសហគ្រាសមួយចំនួន ចាត់តាំងពិធីកំសាន្ត បាយទឹក ហើយមានរហូតដល់ប្រឡងបវរកញ្ញានោះ។ ខ្ញុំគាំទ្រឲ្យមានការប្រឡងបវរកញ្ញារោងចក្រតទៅទៀត។ កន្លងទៅបានប្រឡងពីរឆ្នាំហើយ។ យើងប្រឡងអាហ្នឹង។ ថៅកែរោងចក្រចេញប្រាក់ចំណាយទៅ ដើម្បីឲ្យសប្បាយមួយពេល ហើយចាំទៅយកទៅផ្តាច់ព្រ័ត្រផ្សាយបន្តផ្ទាល់ទៀត។
… មិនមែនថា កម្មករហ្នឹងមិនស្អាត កសិករមិនស្អាត វាទាល់តែពាណិជ្ជករ អ្នកនេះស្អាត អ្នកនោះស្អាត មិនមែនអញ្ចឹងទេ។ មនុស្សដូចតែគ្នាតើ។ អញ្ចឹងបានជា ថ្ងៃ ១ ខែ ឧសភា ជារៀងរាល់ឆ្នាំ តែងមានសកម្មភាពខុសៗគ្នា។ សហជីពខ្លះនាំកម្មករដើរ តាមរយៈការដាក់ញត្តិ ធ្វើទៅ អាហ្នឹងជាសិទ្ធិរបស់យើងតើ។ ប៉ុន្តែ អ្នកក៏ត្រូវគោរពសិទ្ធិតាមរោងចក្រនានា ដែលគេចាត់តាំងកម្មវិធីសប្បាយនៅតាមរោងចក្ររបស់គេ។ ហើយមានរោងចក្រខ្លះ គេក៏អាចចាត់តាំងពិធីនេះ ពិធីនោះ ដើម្បីកំសាន្តសប្បាយដូចជាការធ្វើដំណើរទៅកាន់កន្លែងនេះ កន្លែងនោះ តាមដែលអាចធ្វើទៅកើត។
រាជរដ្ឋាភិបាលស្វែងរកសន្តិភាព ធ្វើច្បាប់ កសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ទាញអ្នកវិនិយោគ
ឥឡូវ សូមបញ្ជាក់សាជាថ្មីថា ការងាររបស់ក្មួយៗ ប្រាក់ចំណូលរបស់ក្មួយៗ ដែលបាន និងកំពុងទទួលសព្វថ្ងៃនេះ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាដឹកនាំ។ យើងបានប្រឹងណាស់ ដើម្បីម្ខាងរកសន្តិភាពសម្រាប់ប្រទេសជាតិនេះ ដែលជាលើកដំបូងនៅក្នុងប្រវត្តិរបស់កម្ពុជារាប់រយឆ្នាំ ដែលប្រទេសនេះលុបចោលតំបន់អបគមន៍ត្រួតត្រាដាច់ដោយឡែកពីគ្នា បង្កើតឡើងនូវស្ថានភាពឯកភាពជាតិមួយ ដោយគ្មានរបងខណ្ឌដោយកម្លាំងផ្សេងៗគ្រប់គ្រងនោះទេ។ ម្ខាងទៀតខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីទាញអ្នកវិនិយោគមក គ្មានអ្នកណាមកវិនិយោគ ពេលដែលយើងខ្វះផ្លូវដឹកជញ្ជូនទេ គ្មានអ្នកណាមកវិនិយោគ នៅពេលដែលយើងអត់អគ្គិសនី គ្មានអ្នកណាមកវិនិយោគ នៅពេលដែលយើងអត់មានកំពង់ផែ អត់មានព្រលានយន្តហោះ ហើយក៏គ្មានអ្នកណាមកវិនិយោគ នៅពេលដែលយើងអត់មានច្បាប់ធានាឲ្យពួកគេ គ្មានអ្នកណាមកវិនិយោគ នៅពេលដែលយើងគ្មានធនធានមនុស្ស ហើយក្នុងហ្នឹងក៏មានចំណែកក្មួយៗដែលជាកម្លាំងពលកម្មនេះដែរ។ អញ្ចឹង យើងត្រូវខិតខំកសាងទាំងផ្នែកទន់ និងផ្នែករឹងដើម្បីទាក់ទាញការវិនិយោគ។ យើងខិតខំទៅរកទីផ្សារនៅខាងក្រៅ ប្រទេស ដើម្បីនាំទំនិញដែលក្មួយៗផលិតសម្រាប់ការនាំចេញទៅក្រៅប្រទេស។
ដូច្នេះ សុំកុំរំពឹងទៅលើបាតដៃរបស់ពួកបក្សប្រឆាំង ក្រៅពីការបំផ្លាញគឺគ្មានអ្វី បានធ្វើអ្វីនោះទេ ពាក្យថាតម្លើងប្រាក់ខែ គឺជាពាក្យសម្លាប់កម្មករយ៉ាងពិតប្រាកដ។ យើងគាំទ្រទៅលើសំណើណាក៏ដោយ ដែលវាផ្តល់អត្ថប្រយោជន៍ពិតៗឲ្យកម្មករ និងលទ្ធភាព ដែលអាចធ្វើទៅកើត។ ប៉ុន្តែ ការញុះញង់កម្មករ ទាមទារលើសកម្រិតដើម្បីបង្កើតឡើងនូវចរន្តនៃនយោបាយ ធ្វើបាតុកម្ម ដើម្បីគាំទ្រទង្វើខុសច្បាប់របស់ខ្លួន គឺជាទង្វើ ដែលក្បត់នឹងផលប្រយោជន៍របស់កម្មករនេះតែម្តង គ្មានរឿងអ្វីផ្សេងទេ។ ឥឡូវ យើងត្រូវតែបន្តតទៅទៀត ជាមួយនឹងនយោបាយដែលយើងបានដាក់ចេញទៅក្នុងវិស័យឧស្សាហកម្ម ពិតមែនហើយ យើងកំពុង និងបន្តការខិតខំទាក់ទាញឧស្សាហកម្មកែឆ្នៃ ដើម្បីបង្កើតតម្លៃបន្ថែម សម្រាប់វត្ថុធាតុដើម ដែលមានស្រាប់នៅក្នុងប្រទេសរបស់យើង ដើម្បីបង្កើតតម្លៃបន្ថែម ដែលជាឧស្សាហកម្មកែឆ្នៃ ក្រៅពីការកាត់ដេរ។ យើងខិតខំទាក់ទាញនូវឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ មកកាន់ប្រទេសរបស់យើង ដូចដែលបានធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសទីក្រុងភ្នំពេញ និងកន្លែងមួយចំនួនផ្សេងទៀត ក៏ប៉ុន្តែ យើងមិនបានបំភ្លេចចោល នូវឧស្សាហកម្មអតិពលកម្ម ដែលក្នុងហ្នឹងវិស័យកាត់ដេរ និងដេរស្បែកជើង ក៏ដូចជាវិស័យមួយចំនួនទៀត ដែលបាន និងកំពុងមាននៅក្នុងប្រទេសកម្ពុជា។
រួមគ្នារក្សាសន្ដិភាពដើម្បីធានាការអភិវឌ្ឍ ទំនាក់ទំនងមិនអាចបេះចេញពីគ្នាបាន
យើងត្រូវខិតខំរក្សារោងចក្រ ហើយក៏បន្ថែមរោងចក្រនេះទៅតាមរយៈការទាក់ទាញនូវវិនិយោគទុនបន្ថែម។ ដើម្បីរក្សាបាននូវរោងចក្រ រក្សាបាននូវការងាររបស់យើង និងរក្សាបាននូវប្រាក់ចំណូលដែលយើងបាន និងកំពុងមាន កិច្ចការដំបូង ខ្ញុំអំពាវនាវឲ្យក្មួយៗ ក៏ដូចជាប្រជាពលរដ្ឋ ខិតខំរួមគ្នាដើម្បីរក្សាបាននូវសន្ដិភាពដែលយើងកំពុងមាន។ គ្មានសន្ដិភាព គឺមិនមានការអភិវឌ្ឍអ្វីទាំងអស់។ ប្រទេសរបស់យើងធ្លាប់ជួបប្រទះហើយនូវសោកនាដកម្មកាលពីអតីតកាល នៃការបាត់បង់សន្ដិភាព តាមរយៈនៃការបំផ្លាញរបស់ពួកក្បត់ជាតិ លន់ នល់, សិរីមតៈ, ចេង ហេង, អ៊ិន តាំ ដែលធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០ ហើយដែលមានសហរដ្ឋអាមេរិកគាំទ្រ។ យើងមិនអាចឲ្យរឿងនេះកើតឡើងបន្តទៅទៀតទេ។ ពេលនោះ យើងបានបាត់បង់ជីវិតមនុស្សច្រើនណាស់ដោយសារតែសង្គ្រាម ហើយបន្ទាប់ទៅរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដូច្នេះ ការរក្សាសន្ដិភាពដើម្បីធានាការអភិវឌ្ឍ គឺជាផ្នែកដ៏សំខាន់ ដែលមិនអាចបេះចេញពីគ្នាបានទេ។ គ្មានសន្ដិភាពគឺគ្មានការអភិវឌ្ឍ ហើយបើសិនជាគ្មានការអភិវឌ្ឍ វាក៏មិនអាចរក្សាទុកនូវសន្ដិភាព ដែលយើងរកបានដោយលំបាកនេះដែរ។ ដូច្នេះ ដើម្បីធានាថា កិច្ចការដែលយើងអាចបន្ដបាន គឺ(រក្សា)សន្ដិភាពសម្រាប់ប្រទេសរបស់យើង។
រាជរដ្ឋាភិបាលកម្ពុជាសូមចូលរួមរំលែកទុក្ខអាមេរិកចំពោះសោកនាដកម្មបាញ់ប្រហារនៅ Las Vegas
និយាយដល់សន្ដិភាពខ្ញុំសុំយកឱកាសនេះក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសំដែងនូវការចូលរួមមរណទុក្ខចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិកដែលបានទទួលរងនូវការបាញ់ប្រហារយ៉ាងសាហាវនៅតំបន់ Las Vegas ដែលធ្វើឲ្យមនុស្សស្លាប់រហូតទៅដល់ ៥៩ នាក់ និងរបួសជាង ៥០០ នាក់ ដែលជាសោកនាដកម្មធំបំផុតនៅក្នុងប្រវត្តិសាស្រ្ដអាមេរិក។ ក៏អាចចាត់ទុកថាជាសោកនាដកម្មដ៏ធំបំផុតនៅក្នុងពិភពលោកផងដែរ ដែលមានការបាញ់ត្រឹមតែរយៈពេល ១៥ នាទី មានមនុស្សស្លាប់រហូតដល់ទៅជិត ៦០ នាក់ និងរបួសជាង ៥០០ នាក់បែបនេះ។ ខ្ញុំពិតជាមានការសោកស្ដាយ និងសំដែងនូវការចូលរួមមរណទុក្ខជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាប្រជាជនអាមេរិក។ នៅប្រទេសអាមេរិក ប្រសិនបើមិនមានការគ្រប់គ្រងហ្មត់ចត់ទៅលើអាវុធទេ ការបាញ់ប្រហារនៅតាមសាលារៀន នៅតាមហាងលក់ដូរ នៅតាមទីកន្លែងនេះ តាមទីកន្លែងនោះ ក៏វានៅតែមានជាបន្ត។ ប៉ុន្តែ នេះជាកិច្ចការផ្ទៃក្នុងរបស់អាមេរិកទេ។ វាជាការដើរផ្ទុយមួយ ជាមួយនឹងសំណូមពរ និងការប្រកាសរបស់អគ្គរដ្ឋទូតអាមេរិកនៅទីក្រុងភ្នំពេញ។ អគ្គរដ្ឋទូតអាមេរិក នៅមុនពេលភ្ជុំ បែរជាធ្វើការដាស់តឿនប្រជាជនអាមេរិក ដែលមកប្រទេសកម្ពុជា សូមឲ្យមានការប្រុងប្រយ័ត្នពីសន្តិសុខ។ ប៉ុន្តែ វាមិនបានកើតរឿងនេះនៅប្រទេសកម្ពុជាឯណា វាទៅកើតនៅក្នុងប្រទេសអាមេរិកខ្លួនឯង វាដូចជាការចំអកមួយចំពោះអគ្គរដ្ឋទូតអាមេរិកតែម្ដង។ ប៉ុន្តែ បើទោះបីវាជាការចំអកសម្រាប់អគ្គរដ្ឋទូតអាមេរិក ដែលបំភ័យប្រជាជនកម្ពុជាក៏ដោយចុះ តែការស្លាប់នៅអាមេរិកគឺជាសោកនាដកម្ម ដែលគួរឲ្យសោកស្ដាយ។ ហើយយើងធ្វើការថ្កោលទោសជាមួយអំពើឃោរឃៅបែបនេះ។
កំពុងតែ Concert សប្បាយរីករាយជាមួយនឹងការប្រគុំតន្ដ្រីមនុស្សរាប់ម៉ឺននាក់ ត្រូវបាញ់មកតែម្ដុំ ហើយទៅមើលទីតាំងតំបន់ដែលគេបាញ់ជាន់ទី ៣២ ហើយបាញ់ចំងាយ ៤០០ យ៉ាត បើ ៤០០ យ៉ាត វាស្មើនឹង ៣០០ ម៉ែត្រ វាជាង ៣០០ ម៉ែត្របន្តិច។ កាំភ្លើងហ្នឹង បើយោងតាមការស្ដាប់ គឺមីត្រីយ័រ ៣០ តែម្ដង ហើយកាំភ្លើងដូចជាប្រមាណ ៣៤ ដើមកាំភ្លើងឯណោះ។ មិនដឹងថាការគ្រប់គ្រងសន្ដិសុខនៅអាមេរិករបៀបម៉េចទេ? ក៏ប៉ុន្តែ យើងក៏មិនទាន់ដឹងថា តើមានពលរដ្ឋខ្មែររបស់យើងនៅទីនោះ ឬអត់? សុំប្រជាពលរដ្ឋខ្មែរ ដែលរស់នៅអាមេរិកមានការប្រុងប្រយ័ត្នអំពីសន្ដិសុខនៅអាមេរិកដែរ …។ ឥឡូវ គេវិភាគថា មិនមែនជាពួក ISIS ក៏ប៉ុន្តែ ពួក ISIS ចេញមកអះអាងថាអ្នកហ្នឹង ISIS។ ប៉ុន្តែ ISIS មិន ISIS ការប្រុងប្រយ័ត្នគឺជាការល្អ។
នៅក្នុងប្រទេសរបស់យើង កាលពីថ្ងៃច័ន្ទនេះ ខ្ញុំបាននិយាយថាធ្វើម៉េចដើម្បីធានានូវស្ថេរភាព សន្តិសុខ សម្រាប់ទេសចរ បើទោះបីជាយើងមានសុវត្ថិភាពក៏ដោយក៏យើងនៅតែមានការប្រុងប្រយ័ត្ន។ អញ្ចឹងទេសុំអគ្គរដ្ឋទូតអាមេរិកកុំយល់ថា ខ្ញុំនិយាយចំអកឲ្យឯកឧត្តមឲ្យសោះ ខ្ញុំគ្រាន់តែលើកឡើងថា វាហាក់ដូចជាការចំអក ព្រោះពេលដែលអគ្គរដ្ឋទូតអាមេរិកអំពាវនាវឲ្យជនជាតិអាមេរិកប្រុងប្រយ័ត្ននៅលើទឹកដីកម្ពុជា វាមិនកើតនៅលើទឹកដីកម្ពុជា វាទៅកើតនៅអាមេរិកដែលទូតអាមេរិកជាអ្នកអំពាវនាវទៅវិញ។ អាហ្នឹងបើនិយាយតាមភាសាមួយបែប វាហាក់ដូចជាការចំអក នៃព្រហ្មលិខិតតែម្ដង ប៉ុន្តែយើងសោកស្ដាយ និងអាណិតអាសូរចំពោះអ្នកដែលស្លាប់ និងរបួសនៅឯប្រទេសអាមេរិកវិញឯណោះទេ។
រួមគ្នារក្សាសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គមដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ
ក្រៅពីនោះ ក្រៅពីកិច្ចការរួមដែលយើងត្រូវរួមគ្នារក្សាសន្ដិភាព ដើម្បីធានាការអភិវឌ្ឍ យើងត្រូវរួមគ្នាការងារទី ១ បន្ត គឺរួមគ្នារក្សាសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ។ ឥឡូវ មេឃហាក់ដូចជាចង់រកភ្លៀង បើភ្លៀងយ៉ាងម៉េចក៏ដោយ ក្មួយៗកុំរត់ជាន់គ្នា តាមសម្រួលហើយពូមិនទៅណាចោលទេ។ កុំនឹកគិតថា ហ៊ុន សែន អាចរត់ចោលក្មួយៗ។ បើសិនជាភ្លៀងសុខចិត្តថាដកដំបូលហ្នឹងចេញ នៅមុជទឹកភ្លៀងទាំងអស់គ្នាថ្ងៃនេះ។ ប៉ុណ្ណេះហើយមិនយករួចខ្លួនទេ។ តែត្រូវប្រុងប្រយ័ត្នក្មួយៗដែលជាអ្នកពោះធំនេះ ពេលហ្នឹងអាចក្មួយៗមកនៅរោងឯណេះវិញ ប៉ុន្តែសំខាន់បំផុតនៅឲ្យបានស្ងៀមស្ងាត់ …។ ការរួមគ្នារក្សាសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម វាជាការធានាដើម្បីឲ្យក្មួយៗរក្សាសុវត្ថិភាពការងារ និងស្ថេរភាពការងារ។ គ្មានការងារណាដែលមានសុវត្ថិភាពនៅក្រោមគ្រាប់បែក គ្រាប់ផ្លោងទេ មិនមែនគ្រាន់តែក្នុងរោងចក្រទេ សូម្បីតែនៅក្នុងសណ្ឋាគារ នៅទីកន្លែងរមណីយដ្ឋានទេសចរណ៍ ក៏មិនអាចធ្វើបានទេ។ ហើយមិនអាចមានរោងចក្រ ដែលមានសុវត្ថិភាពការងារ ដោយមានបងតូចបងធំកាប់គ្នាដោយដាវសាមូរៃ ឬកាប់គ្នាដោយកាំបិតនោះទេ ក៏មិនមានសុវត្ថិភាពការងារ នៅពេលដែលមានគ្រឿងញៀនរីករាលដាលនៅក្នុងរោងចក្រដែរ។
រកវិធីដោះស្រាយបញ្ហាកិច្ចសន្យាការងារខ្លីពេក
ប៉ុន្តែ មានរឿងមួយដែលខ្ញុំយប់មិញនេះ បានពិភាក្សាជាមួយឯកឧត្តម អ៊ិត សំហេង ខ្ញុំទើបនឹងក្ដាប់បាន នេះខ្ញុំចាត់ទុកថាជាផ្នែកមួយនៃសុវត្ថិភាពការងារនោះគឺកិច្ចសន្យាការងារ។ ប្រហែលជាមានចំណោទនៅតាមបណ្ដារោងចក្រមួយចំនួនអំពីកិច្ចសន្យាការងារដែលវាមានរយៈពេលខ្លីពេក។ រឿងនេះមិនដឹងថានៅតំបន់នេះបានកើត ឬយ៉ាងណាទេ? នេះក៏ជាផ្នែកមួយនៃសុវត្ថិភាពការងារ ហើយវាឋិតដិតដាមនៅក្នុងអារម្មណ៍របស់កម្មករ/ការិនីរបស់យើង។ កិច្ចសន្យាការងារត្រឹមតែ ៣ ខែ ដូច្នេះកម្មករតែងមានអារម្មណ៍ថាបន្ទាប់ពី ៣ ខែ តើគេបញ្ឈប់អញ ឬមិនបញ្ឈប់? នេះគឺជាបញ្ហាដែលត្រូវរកដំណោះស្រាយសមស្រប។ រឿងនេះ ខ្ញុំក្ដាប់បានពីអ្នករោងចក្រនៅខាងបាទីរបស់ខេត្តតាកែវឯណោះវិញទេ ដែលកម្មករមានកង្វល់ស្ដីអំពីបញ្ហាកិច្ចសន្យាការងារដែលធ្វើខ្លីពេក។ បន្ទាប់ពីការសាកល្បងរយៈពេល ៣ ខែ ហើយ កិច្ចសន្យាការងារគប្បីធ្វើឲ្យបានសមស្រប។ ខ្ញុំនិយាយពាក្យសមស្របនៅត្រង់ថា ជួនកាលការងារមានតែត្រឹម ៦ ខែ តម្រូវឲ្យចុះកិច្ចសន្យាការងាររហូតទៅដល់ ១ ឆ្នាំ វាមិនត្រូវទេ។ ប៉ុន្តែ គួរគប្បីពិនិត្យឲ្យបានហ្មត់ចត់តម្រូវយ៉ាងណា ដើម្បីម្ខាងម្ចាស់រោងចក្រគឺទទួលបានដោយមានការងារ គឺការងារមិនត្រូវបានបញ្ចប់។ ប៉ុន្តែកម្មករក៏ត្រូវមានសុវត្ថិភាពថា ខ្លួនបន្ទាប់ពីសាកល្បង ៣ ខែហើយ ខ្លួនមានកិច្ចសន្យាការងារវែងជាង។
កន្លងទៅ (កិច្ចសន្យា) ៣ ខែ (ទើបអាចបន្ត)។ អារឿងអាចបន្ដហ្នឹងហើយ ដែលកម្មករមានការបារម្ភ។ បារម្ភថា បន្ទាប់ពី ៣ ខែ ហើយ តើគេអាចធ្វើការងារតទៅទៀតអត់? អញ្ចឹងទេ អំពាវនាវចំពោះរោងចក្រ អំពាវនាវចំពោះសមាគមនិយោជក និងក្រសួងការងារ ធ្វើកិច្ចការងារនេះ ដើម្បីធានាសុវត្ថិភាពការងាររបស់កម្មករ/ការិនីរបស់យើង។ ខ្ញុំបានធ្វើដំណើរកាន់តែជ្រៅ កាន់តែច្រើន ខ្ញុំមានការយល់ដឹងដូចជាសាលារៀនមួយដែរ ដែលបានបង្រៀនខ្ញុំថា តើអ្វីជាបញ្ហាប្រឈមរបស់កម្មករ/ការិនីរបស់យើង ហើយជាការគិតគូររបស់កម្មករ/ការិនីរបស់យើង។ អញ្ចឹងទេ ដំណើររបស់ខ្ញុំមិនគ្រាន់ជាដំណើរ ដើម្បីឆ្ពោះមកសួរសុខទុក្ខដាច់ដោយឡែកទេ ក៏ប៉ុន្តែ គឺមកសួរសុខទុក្ខផង ភ្ជាប់នឹងការរួមចំណែក ដើម្បីដោះស្រាយទៅលើអ្វីដែលយើងអាចដោះស្រាយបាន(ផង)។
ចំណុចទី ១ នេះគឺជាចំណុចដែលអំពាវនាវចំពោះទាំងអស់គ្នា រួមគ្នារក្សាសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គមដើម្បីសុវត្ថិភាពការងារ និងស្ថេរភាពការងាររបស់យើង។ ហើយត្រូវដាក់បញ្ចូលនូវការគិតគូរអំពីកិច្ចសន្យាការងារ ដើម្បីអារម្មណ៍នឹងនររបស់កម្មករ/ការិនីរបស់យើងថា កិច្ចការរបស់ខ្លួនមិនត្រូវបានលុបចោល នៅពេលដែលចប់កិច្ចសន្យាការងារនោះទេ លើកលែងតែកម្មករ/ការិនីសុំឈប់ដោយខ្លួនឯង តែយើងមិនអាចបង្ខំគេបានទេ។
រួមគ្នារក្សាការងារចាស់ និងបង្កើតការងារថ្មី
ឯការងារទី ២ រួមគ្នារក្សាការងារ និងបង្កើតការងារថ្មី ខ្ញុំចង់និយាយថាការងារដែលមានរួចមកហើយ ជាមួយនឹងប្រាក់ចំណូលដែលមានរួចមកហើយ ក្មួយៗត្រូវរួមគ្នាក្ដាប់ឲ្យជាប់ក្នុងដៃ កុំឲ្យវារបូតទៅវិញតាមរយៈនៃសកម្មភាពណាមួយ ដែលធ្វើឲ្យរោងចក្រត្រូវដកចេញពីកម្ពុជា ទៅកាន់ប្រទេសផ្សេង ហើយអ្នកដែលបាត់បង់មុនគេ គឺកម្មករ/ការិនី ដែលត្រូវបាត់បង់ប្រាក់ចំណូល ហើយប្រាក់ចំណូលដែលក្មួយៗមាននេះ ក៏វាបានទៅដល់ក្រុមគ្រួសាររបស់ក្មួយៗ ដែលលើសពី ១០០ ដុល្លារ ដែលក្រុមគ្រួសារទទួលបាន។ (ភ្លៀងធ្លាក់មកដល់) យើងត្រូវបន្តរួមគ្នា ដើម្បីរក្សាការងារដែលយើងបាន និងកំពុងមាននៅពេលនេះ ហើយយើងក៏នឹងបង្កើតការងារថ្មីថែមទៀត ដើម្បីអ្នកដែលមិនទាន់មានការងារធ្វើ។ ពេលនេះ ក្មួយៗមានការងារធ្វើហើយ ក៏ប៉ុន្តែមានបងប្អូនសាច់ញាតិក្មួយៗមិនទាន់មានការងារធ្វើ ដូច្នេះចាំបាច់ណាស់។ ម្ខាងត្រូវរក្សាការងារ ដែលកំពុងមាន ឯម្ខាងទៀតត្រូវបង្កើតការងារថ្មី ហើយរាជរដ្ឋាភិបាលក៏នឹងធ្វើការខិតខំ ដើម្បីទៅទាក់ទងវិនិយោគិនបន្ថែម សម្រាប់ការវិនិយោគនៅកម្ពុជា។ ឯម្ខាងទៀត គឺសម្រាប់ការទៅរកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីបន្ថែមការនាំចូលទៅកាន់ប្រទេសផ្សេង។
រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង
ចំណុចទី៣ យើងត្រូវរួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង។ ចំណុចនេះ ខ្ញុំបានបញ្ជាក់ហើយពីខាងលើបានមួយចំនួនហើយ។ បៀវត្សត្រូវតែឡើងជារៀងរាល់ឆ្នាំ ហើយសូមបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់គ្រងតែធ្វើយ៉ាងណាប្រាក់បៀវត្សអប្បបរមាតែប៉ុណ្ណោះ។ មានន័យថា បើឆ្នាំនេះ ១៥៣ ដុល្លារ រាជរដ្ឋាភិបាលពិនិត្យមើលត្រឹមតែអ្នកណាអនុវត្ដក្រោម ១៥៣ ដុល្លារ គឺខុសច្បាប់ ប៉ុន្តែបើផ្ដល់ឡើងលើ ១៥៣ គឺត្រូវច្បាប់ទាំងអស់។ អញ្ចឹងទេ យើងធានាថាប្រាក់បៀវត្សរបស់កម្មករ/ការិនីរបស់យើង គឺនឹងត្រូវឡើងជារៀងរាល់ឆ្នាំ។ ជាមួយប្រាក់បៀវត្សកើនឡើង ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃឈ្នួលផ្ទះ អាចមានការថយចុះ។ ហើយឆ្នាំ ២០១៨ ហាក់ដូចជាមានការស្រុះស្រួលគ្នាហើយ រវាងម្ចាស់ផ្ទះដែលមិនតម្លើងថ្លៃឈ្នួលផ្ទះក្នុងឆ្នាំ ២០១៨ នេះ។
របបសន្ដិសុខផ្នែកថែទាំសុខភាព កម្មករបង់ពាក់កណ្តាល
សម្រាប់កិច្ចការទី ៤ ដែលជាកិច្ចការអាទិភាពមួយទៀត ក៏សូមបញ្ជាក់ជូនក្មួយៗទាក់ទិនជាមួយបញ្ហារឿងរបបសន្ដិសុខផ្នែកថែទាំសុខភាព ដែលមុននេះ ប្រាក់សម្រាប់ថែទាំសុខភាពសម្រាប់កម្មករ/កម្មការិនីរបស់យើងបានបង់ពាក់កណ្ដាលគឺ ៥០%។ ប៉ុន្តែ ចាប់ពីឆ្នាំ ២០១៨ នេះទៅកម្មករ/ការិនីរបស់យើងមិនត្រូវបង់ទៀតទេ។ និយោជកនឹងត្រូវបង់ជំនួស ១០០% តែម្ដង ដូចនេះកម្មករ/ការិនីរបស់យើង នឹងចំណេញបានក្នុងរង្វង់ពី ៨.០០០ ទៅ ១៣.០០០ រៀល ក្នុងមួយខែ។ នេះបានសេចក្តីថា ប្រាក់ចំណូលកើន តែប្រាក់ចំណាយទៅវិញគឺតិចជាងពេលមុន តាមរយៈការជួយទ្រទ្រង់ពីសំណាក់រាជរដ្ឋាភិបាល ដោយមានការអនុគ្រោះមួយចំនួនជាមួយរោងចក្រ សហគ្រាស។ ប៉ុន្តែ រោងចក្រ សហគ្រាសនោះ ត្រូវតែបង់សម្រាប់ឲ្យកម្មករ/ការិនីរបស់យើង។
ខែ មករា ២០១៨ កម្មករទាំងអស់ ទទួលការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ នៅតាមពេទ្យរដ្ឋ
ហើយក៏ចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ កម្មករគ្រប់ផ្នែកទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ត្រូវទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ហើយរដ្ឋជាអ្នកបង់ថ្លៃជំនួស តាមរយៈមូលនិធិសមធម៌។ រឿងនេះ យើងបាន និងកំពុងពង្រឹងសមត្ថភាពចំពោះបណ្តាមន្ទីរពេទ្យ ដែលត្រូវទទួលយកនូវកម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បូកទៅប្រមាណជា ៣ លាននាក់បន្ថែមទៀត ដើម្បីចូលទៅក្នុងក្របខណ្ឌនៃការអនុវត្ត នូវមូលនិធិសមធម៌។ កន្លងទៅ យើងបានអនុវត្តជាង ៣ លាននាក់រួចស្រេចទៅហើយ។ ឥឡូវ យើងបន្ថែមចំពោះមុខសញ្ញាកម្មករ/ការិនីរបស់យើង។ ខ្ញុំក៏សូមអំពាវនាវឲ្យគ្រប់ផ្នែក ទាំងក្នុង និងក្រៅប្រព័ន្ធ មកចុះបញ្ជីឲ្យបានឆាប់រហ័ស ដើម្បីឲ្យកម្មករ/ការិនីរបស់យើង អាចទទួលបាននូវអត្ថប្រយោជន៍ពីនយោបាយថ្មីរបស់យើងនេះ។
កម្មការិនីឆ្លងទន្លេ សម្រាក ៣ ខែ បៀវត្ស ១២០% ចេញពីធ្វើការមុនយ៉ាងតិច ១៥ នាទី
សម្រាប់កម្មការិនីឆ្លងទន្លេ ខ្ញុំក៏សូមបញ្ជាក់បន្ថែមថា នារីដែលជាកម្មការិនីឆ្លងទន្លេ ត្រូវបានឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងបៀវត្ស ១២០% សម្រាប់ពេលឆ្លងទន្លេ។ ក្នុង ១២០% នេះ គឺបេឡាជាតិសន្តិសុខសង្គមចេញ ៧០% និងនិយោជកចេញ ៥០%។ បន្ថែមពីលើនោះ ត្រូវបានពិនិត្យឲ្យបានហ្មត់ចត់អំពីការពិនិត្យផ្ទៃពោះ ដែលសុំអំពាវនាវចំពោះថៅកែ និងម្ចាស់រោងចក្រ អនុគ្រោះឲ្យបានច្រើន ដើម្បីផ្តល់ឱកាសសម្រាប់ស្ត្រីមានផ្ទៃពោះ ហើយក្នុងនោះ ហាក់ដូចជាមានការឯកភាពស្រុះស្រួលគ្នាហើយ។ មុននេះ កម្មការិនី(មានផ្ទៃពោះ)របស់យើង រោងចក្រខ្លះឲ្យចេញមុន ៥ នាទី ខ្លះ ១០ នាទី។ ត្រូវខិតខំធ្វើយ៉ាងម៉េច ខ្ញុំបានអំពាវនាវដើម្បីដោះស្រាយ ធ្វើយ៉ាងណាធានាថា កម្មការិនីដែលមានផ្ទៃពោះចាប់ពី ៣ ខែឡើងលើ ត្រូវបានចេញមុនយ៉ាងតិច ១៥ នាទី។ ប៉ុន្តែ សូមបញ្ជាក់ រោងចក្រខ្លះបានឲ្យដល់ ២០ ឬ ៣០ នាទីគឺរក្សាដដែលចុះ តែរោងចក្រដែលឲ្យចេញមុនត្រឹម ៥ ឬ ១០ នាទី សូមបង្កើនឲ្យបាន ១៥ នាទី ដើម្បីធានាថា កម្មការិនីដែលមានផ្ទៃពោះនេះមានសុវត្ថិភាព សម្រាប់ពេលចាកចេញពីការងារ។
កម្មការិនីឆ្លងទន្លេ ទទួលបានសាច់ប្រាក់ ៤០ ម៉ឺនរៀល/កូនម្នាក់
បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ទៅ កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលមានការឆ្លងទន្លេ ត្រូវទទួលកម្មវិធីសាច់ប្រាក់ ដោយក្នុងកម្មការិនីម្នាក់ដែលឆ្លងទន្លេបានកូន ១ ត្រូវទទួលបាន ៤០ ម៉ឺនរៀល, កូនភ្លោះ ២ បាន ៨០ ម៉ឺនរៀល និងកូនភ្លោះ ៣ បាន ១ លាន ២ សែនរៀល ហើយកូនភ្លោះ ៣ នឹងក្លាយទៅជាសមាគមគ្រួសារនៃអ្នកមានកូនភ្លោះ ៣ ដែលខ្ញុំជាអ្នកទទួលបន្ទុក ក្នុងការជួយមួយផ្នែកបន្ថែមពីលើហ្នឹងទៀត។ អញ្ចឹងទេ អម្បាញ់មិញ សួរក្មួយម្នាក់ទើបនឹងមានផ្ទៃពោះ ៦ ខែ បើអញ្ចឹងមែន ច្បាស់ណាស់ថា នឹងឆ្លងទន្លេនៅខែមករាឯណោះទេ បើអញ្ចឹងពេលនោះ នឹងមានការទទួលបាននូវប្រាក់ឧបត្ថម្ភ។ ប៉ុន្តែ អ្នកដែលឆ្លងទន្លេពីឥឡូវ វាផុតទៅហើយ ប៉ុន្តែ កុំភ្លេចថា យើងក៏នៅមានកូនក្រោយៗដែរ។ សង្ឃឹមថា ក្មួយៗដែលមិនទាន់មានគ្រួសារ មិនទាន់មានកូន មិនច្រណែនចំពោះអ្នកដែលមានកូននោះទេ ថ្ងៃក្រោយ គង់តែដល់វេនយើងម្តងហើយ។
កម្មករទាំងអស់ ជិះឡានក្រុងឥតគិតថ្លៃ ២ ឆ្នាំ
ប៉ុន្តែ មានរឿងមួយ ដែលខ្ញុំមិនទាន់បាននិយាយ។ កម្មករ/ការិនីទាំងអស់ ទាំងក្នុង និងក្រៅប្រព័ន្ធ នឹងទទួលបាននូវការជិះរថយន្តក្រុង ដោយមិនបាច់បង់ថ្លៃ យ៉ាងតិច ២ ឆ្នាំ។ អញ្ចឹង យើងនឹងរៀបចំ។ ផ្លូវនេះមានឬនៅ? ប៉ុន្តែ នៅកន្លែងនេះមានក្មួយៗខ្លះបានជិះឡានក្រុងឬនៅហ្នឹង? លើកដៃទៅមើល។ ជិះទៅធ្វើការក៏បាន ជិះទៅលេងផ្សារក៏បាន ជិះទៅលេងសង្សារក៏បាន មិនថាជិះតែមកការងារទេ។ អញ្ចឹង កម្មករ/ការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ រៀបចំកាតឲ្យ ដើម្បីពេលដែលឡើងលើរថយន្តនោះ នឹងទទួលបាននូវការជិះដោយមិនចាំបាច់បង់ថ្លៃ។ រឿងនេះ ក៏តម្រូវឲ្យគ្រប់ទីកន្លែង រោងចក្រ សហគ្រាស មកធ្វើការចុះបញ្ជីនៅឯក្រសួងការងារឲ្យបានឆាប់ ដើម្បីផ្តល់ឱកាសឲ្យកម្មករ/ការិនីនៅកន្លែងធ្វើការរបស់ខ្លួន មានឱកាសទទួលយកនូវអត្ថប្រយោជន៍ ដែលបានផ្តល់តាមកម្មវិធីថ្មីរបស់យើងនេះ។
រៀបចំឲ្យមានគិលានដ្ឋាន កន្លែងហូបបាយ និងទារកដ្ឋាន បើមិនទាន់មាន
កិច្ចការបន្ថែមទៀត នៅតាមរោងចក្រនីមួយៗ ត្រូវរៀបចំគិលានដ្ឋាន រៀបចំអាហារដ្ឋាន ទារកដ្ឋាន ដែលពេលនេះ រោងចក្រ សហគ្រាស ចំនួន ៨៨% ហើយ ដែលមានគិលានដ្ឋាន, ៣៣% មានកន្លែងហូបបាយ, ២១% មានកន្លែងបំបៅកូន, ២៨% មានកន្លែងទារកដ្ឋាន។ អញ្ចឹងត្រូវបន្ត កន្លែងដែលមិនទាន់មាន ខិតខំធ្វើឲ្យមានដើម្បីធានាសុវត្ថិភាព និងសុខភាពរបស់កម្មករ/ការិនីរបស់យើង។ បណ្តាលក្ខខណ្ឌការងារផ្សេងៗ ដែលតម្រូវដោយច្បាប់ការងារ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន។ ក្នុងនោះ ក៏មានកែលម្អខ្លះទៅលើបញ្ហាដែលទាក់ទងជាមួយនឹងសុវត្ថិភាពរបស់កម្មករ/ការិនី តាំងពីការកសាងរោងចក្រ រហូតទៅដល់បញ្ហាទីកន្លែងដែលធ្លាប់តែមានការដួលសន្លប់។ ចំពោះកម្មករ/ការិនី ក៏គួរមានការកែលម្អ ដើម្បីឆ្លើយតបជាមួយនឹងសុខុមាលភាពរបស់កម្មករ/ការិនីរបស់យើង។ ប៉ុន្តែ ខ្ញុំសង្កេតឃើញថា កម្មករ/ការិនីរបស់យើងមានសុខភាពល្អណាស់ គ្មានភាពស្លេកស្លាំងដែលជាបញ្ហាសង្កេតឃើញខ្វះអាហារូបត្ថម្ភនោះទេ។
យកចិត្តទុកដាក់ចំពោះកម្មករ/ការិនី ធ្វើការក្រៅប្រទេស
មួយទៀត ជាកិច្ចការដែលរាជរដ្ឋាភិបាលបាន និងកំពុងធ្វើផងដែរ គឺការយកចិត្តទុកដាក់ចំពោះកម្មករ/ការិនីរបស់យើង ដែលកំពុងធ្វើការនៅឯក្រៅប្រទេស រួមមាននៅប្រទេសថៃ ម៉ាឡេស៊ី នៅកូរ៉េខាងត្បូង នៅប្រទេសជប៉ុន និងនៅប្រទេសដទៃទៀត។ យើងក៏កំពុងពង្រីកទីផ្សាររបស់យើងទៅក្រៅប្រទេសផងដែរ។ ខ្ញុំគិតថា ដោយសារ ថ្ងៃនេះ មានភ្លៀងធ្លាក់ ហើយអម្បាញ់មិញ កម្មករ/ការិនីរបស់យើងមួយចំនួនមានការទទឹក ខ្ញុំក៏មិនគួរនិយាយបន្ថែមទៀតទេ។
កម្មករត្រូវរក្សាឲ្យបាននូវអ្វីដែលទទួលបាន ជាមួយរាជរដ្ឋាភិបាល
ថ្ងៃនេះ ជាមួយនឹងមោទនភាព និងការកោតសរសើរ ហើយអរគុណចំពោះក្មួយៗដែលរាប់អានចំពោះខ្ញុំដែលមកកាន់ទីកន្លែងនេះ ដើម្បីជួបជាមួយក្មួយៗ។ អរគុណចំពោះម្ចាស់រោងចក្រ ដែលអនុញ្ញាតឲ្យក្មួយៗបានឈប់សម្រាកនៅព្រឹកនេះ ដើម្បីមកជួបជុំជាមួយនឹងមេដឹកនាំប្រទេស។ សង្ឃឹមថា អ្វីដែលក្មួយៗបាន និងកំពុងមាននេះ ក្មួយៗនឹងចងចាំឲ្យបាន និងខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាការងារនេះ រក្សានូវប្រាក់ចំណូលដែលយើងបាន និងកំពុងមាននេះ។ ពិតមែនតែវាមិនទាន់គ្រប់ទៅតាមនៃការចង់បាន មនុស្សយើងគ្មានពេលណាឆ្អែតឆ្អន់ទេ។ អ្នកមានបំផុតនៅលើពិភពលោកនេះ ក៏គង់នៅត្រូវការប្រាក់ចំណូលជារៀងរាល់ថ្ងៃបន្ថែមទៀត។ ដូច្នេះ បៀវត្ស ដែលយើងបាន និងកំពុងមាននេះ មិនត្រូវងាប់ទ្រឹងនៅមួយកន្លែងទេ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ ហើយអត្ថប្រយោជន៍ដទៃទៀត ក៏នឹងត្រូវទទួលបានតាមរយៈនៃច្បាប់ការងាររបស់យើង និងអត្ថប្រយោជន៍ ដែលតម្រូវដោយច្បាប់។ សង្ឃឹមថា យើងរួមដំណើរជាមួយគ្នា ដើម្បីធ្វើឲ្យប្រទេសនេះមានភាពរុងរឿងឡើង ពីស្ថានភាពដ៏ខ្ទេចខ្ទាំ ពីប្រទេសដែលមានសង្គ្រាម ពីប្រទេសដែលមានរបបប្រល័យពូជសាសន៍ ពីប្រទេសដែលមានស្ថានភាពដ៏លំបាកលំបិន មកកាន់ឋានៈប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ មិនយូរប៉ុន្មាន នៅឆ្នាំ ២០៣០ គឺរយៈពេលតែត្រឹម ១៣ ឆ្នាំទៀតតែប៉ុណ្ណោះ។
ថ្ងៃនេះ ខ្ញុំក៏បាននាំមកសម្រាប់ក្មួយៗទាំងអស់ ដែលជាកម្មករ/ការិនីដែលចូលរួម ១៥.៣៣១ នាក់ រាប់ទាំងរោងចក្រដែលកំពុងតែស្តាប់ ហើយសំណាងអ្នករោងចក្រដែលយើងត្រូវទៅនោះ គាត់អត់ត្រូវទឹកភ្លៀង ហើយបានស្តាប់ពីនេះទៅដែរ តែបន្តិចទៀត ខ្ញុំនឹងទៅដល់កន្លែងនោះ ប៉ុន្តែ ជូនម្នាក់ៗបានតែ ២ ម៉ឺនរៀល តែប៉ុណ្ណោះ សម្រាប់ក្មួយៗដែលមកចូលរួមនៅទីនេះ។ ឯចំពោះក្មួយៗដែលមានផ្ទៃពោះ ពូមិនប្រកាសទេ នឹងចែកជូនស្រោមសំបុត្រមួយ ហើយទៅបើកមើលខ្លួនឯងទៅចុះ សម្រាប់ការឆ្លងទន្លេនៅពេលខាងមុខ។ ហើយសូមជូនពរក្មួយៗមានសុខភាពល្អ និងសុវត្ថិភាពនៅពេលឆ្លងទន្លេ និងបានកូនមកជាទីស្រឡាញ់ ហើយកុំឲ្យប្តីបែកចិត្តក្នុងពេលហ្នឹង។ ប្រយ័ត្នបំផុតពេលហ្នឹង កុំឲ្យទៅណាឆ្ងាយពេក។ យ៉ាងណាក៏ដោយ ខ្ញុំគិតថា អ្នកចូលរូមទាំងអស់ក៏មិនច្រណែនទេ ស្ត្រីមានផ្ទៃពោះទាំង ៥១១ នាក់នោះ។ ខ្លួនយើង ខ្លួនគេ កូនយើង កូនគេ ហើយជួនកាលដល់វេនយើងតែម្តង។ ដល់ពេលយើងនោះ ដល់ចំពេលអនុវត្តនូវគោលនយោបាយផ្តល់សាច់ប្រាក់ ដល់អ្នកឆ្លងទន្លេបណ្តោយ រាប់ទាំងអ្នកនៅត្រង់ហ្នឹង កូនណាដែលទើបនឹងមាន វាទាញដល់ម៉ោង ១ ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ បានវាកើត វាចាំទទួល ៤០ ម៉ឺនរៀលដែរ។
ថ្ងៃនេះ បញ្ចប់ត្រឹមប៉ុណ្ណឹងចុះ សូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕