FN ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសសារជាថ្មី ស្ដីពីការផ្អាកចរាចរណ៍ទាំងស្រុង លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ចាប់ពីម៉ោង១២យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ ដើម្បីធ្វើការជួសជុលឡើងវិញ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មកអង្គភាព Fresh News ឲ្យដឹងថា «ចាប់ពីម៉ោង១២យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) នឹងចាប់ផ្ដើមបិទការចរាចរណ៍ទាំងស្រុង ដើម្បីធ្វើការជួសជុលស្ពាននេះឡើងវិញ»។
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដោយបានបញ្ជាក់ថា មិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធំៗ ដែលធ្វើដំណើរ ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានជ្រោយចង្វារ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ រហូតដល់ស្ពាន ជួសជុលត្រូវបានបញ្ចប់ ដោយត្រូវពង្វាងចរាចរ ទៅតាមផ្លូវឆ្ពោះទៅស្ពានព្រែកក្តាម មកផ្លូវជាតិលេខ៥ ចូលមកក្រុងវិញ។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងន័យនេះ ដើម្បីជៀសវៀងការកកស្ទះចរាចរ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ក៏ដូចជាចំណុចក្បាលស្ពានទាំងសងខាងនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការជូនដំណឹងដូចខាងក្រោម៖
ទី១៖ ចំពោះរថយន្ដធុនធំចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ត្រូវពង្វាង់បត់ចូលតាមផ្លូវ លី យ៉ុងផាត់។
ទី២៖ ចំពោះយានយន្ដគ្រប់ប្រភេទ ដែលធ្វើចរាចរទិសដៅចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ មកដល់ចំណុចថ្នល់កែង ត្រូវបត់ស្ដាំធ្វើចរាចរតាមកំណត់ផ្លូវជាតិលេខ៦ ឆ្ពោះទៅស្ពានព្រែកក្ដាម និងបន្ដដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥វិញ។
ទី៣៖ ក្នុងករណីមានការកកស្ទះចរាចរណ៍ ក្នុងតំបន់ការដ្ឋានធ្ងន់ធ្ងរ អ្នកបញ្ជាយានយន្ដគ្រប់ប្រភេទ ត្រូវអនុវត្តតាមការបង្វែទិសចរាចរណ៍របស់សមត្ថកិច្ចជំនាញ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦នេះ នឹងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសហការយ៉ាងល្អជាមួយ នឹងសមត្ថកិច្ចពាក់ព័ន្ធ ដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ ស្របតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ៕