FN ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ ដែលធ្វើការលើបញ្ហាគ្រឿងញៀន បានបង្ហាញការប្តេជ្ញាចិត្តលើយន្តការទាំងឡាយ ដើម្បីធ្វើការទប់ស្កាត់បញ្ហាគ្រឿងញៀន ពោលភាគីទាំង២ នឹងពង្រឹងយន្តការភូមិស គ្មានគ្រឿងញៀននៅតាមបណ្តោយព្រំដែន និងប្រែក្លាយភូមិទាំងនោះទៅជាតំបន់រីកចម្រើន និងអភិវឌ្ឍន៍។
ការប្តេជ្ញារវាងមន្រ្តីជាន់ខ្ពស់ទាំង២ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំទ្វេរភាគីលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន កម្ពុជា-ថៃ ត្រូវបានប្រារព្ធធ្វើនៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ភាគីថៃដឹកនាំដោយលោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (SirinyaSitdhichai) អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។
លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (SirinyaSitdhichai) បានស្វាគមន៍ដល់ប្រតិភូភាគីកម្ពុជាទាំងអស់ និងសូមឱ្យការស្នាក់នៅបំពេញការងារនៅ ព្រះរាជាណាចក្រថៃ ជាបងប្អូនសូមប្រកបដោយផាសុខភាពហើយលោក បានលើកឡើងពីបញ្ហាគ្រឿងញៀនដែលកើតមាននៅក្នុងប្រទេសថៃ ក៏ដូចជា ក្នុងតំបន់ទាំងមូលថា បញ្ហាគ្រឿងញៀន មិនមានសញ្ញាថមថយទេដែរតម្រូវឲ្យយើងខិតខំរួមគ្នាដោះស្រាយ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងក្នុងនាមគណៈប្រតិភូកម្ពុជា អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya Sitdhichai) និងសហការីទាំងអស់ ដែលបានផ្តល់នូវការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ ហើយលោកបានបន្តថា កម្ពុជានៅតែមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ហើយកម្ពុជាបាននិងកំពុងដំណើរការយ៉ាងសកម្ម និងខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា សម្រេចបាននូវលទ្ធផលសំខាន់ៗដូចជា៖ បានធ្វើការផ្សព្វផ្សាយ អប់រំ ដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងឱ្យភ្ញាក់រលឹកទៅរកសេវាព្យាបាលស្តារនីតិសម្បទាដោយបានលើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើគ្រឿងញៀនទៅទទួលយកការព្យាបាលនៅតាមសហគមន៍ និងនៅតាមមណ្ឌលបណ្តោះអាសន្ន។
ជាមួយគ្នានេះដែរ សមត្ថកិច្ចអនុវត្តច្បាប់បានខិតខំតស៊ូបង្ការបង្រ្កាបបទល្មើសគ្រឿងញៀន ព្រមទាំងរឹបអូសគ្រឿងញៀនបាន ច្រើនជាងឆ្នាំមុនៗ។ ដោយឡែកឆមាសទី១ ឆ្នាំ២០១៧នេះ កម្ពុជាបាននិងកំពុងមមាញឹកក្នុងការអនុវត្ត យ៉ាងសកម្មនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ នៅទូទាំងប្រទេស ដោយគ្រាន់តែរយៈពេល៦ខែប៉ុណ្ណោះ អង្គភាពអនុវត្តច្បាប់បានបង្រ្កាបបានចំនួន៤,៣៣១ករណី ចាប់ជនសង្ស័យសរុប៩,៦៩៤នាក់ / ស្រី ៩៥១នាក់ ដកហូតវត្ថុតាងគ្រឿងញៀន សរុប១១៩គីឡូក្រាម៦៥៧ក្រាម មានមេតំហ្វេតាមីន ICE-WY, អ៊ិចស្តាស៊ី, ហេរ៉ូអ៊ីន, កូកាអ៊ីន, កេតាមីន, កញ្ឆាក្រៀម បានធ្វើផ្សព្វផ្សាយពីបញ្ហា គ្រឿងញៀនបានចំនួន៣,៦៥០,៨៦៧នាក់ បណ្តុះបណ្តាលក្រុមជនបង្គោលបានចំនួន៥.០៧៧នាក់ ផ្តល់សេវាព្យាបាលដល់អ្នកញៀន បាន១១.៦០១នាក់ ក្នុងនោះការព្យាបាលដោយផ្អែកលើសហគមន៍ តាមមូលដ្ឋានសុខាភិបាល បាន៤.៣០០នាក់។
ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ បានឯកភាពថា បញ្ហាគ្រឿងញៀនមិនមានសញ្ញាថមថយ ហើយភាគីថៃបានឯកភាព កោតសសើរនិងបន្តជួយដល់ភាគីកម្ពុជាដូចខាងក្រោម៖
១-ភាគីថៃកោតសសើរដល់រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដោយទទួលបានលទ្ធផលល្អ
២-ភាគីថៃបានឯកភាពនូវស្មារតីជំនួបរវាងលោក ប្រាយុទ្ធ ចាអ៊ូឆា និងសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះ កម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ
៣-ជួយកសាងមជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ និងជួយបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្រ្តីលើការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
៤-ជួយពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់
៥-ផ្តល់សម្ភារ បរិក្ខារ ក្នុងការងារប្រយុទ្ធប្រយុទ្ធប្រឆាំងគ្រឿងញៀន
៦-ពង្រឹងយន្តការភូមិស គ្មានគ្រឿងញៀន នៅតាមបណ្តោយព្រំដែន ទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន និងប្រែក្លាយភូមិទាំងនោះទៅជាតំបន់រីកចម្រើន និងអភិវឌ្ឍន៍
៧-ពង្រឹងសមត្ថភាពមន្រ្តីត្រួតពិនិត្យគ្រឿងញៀនតាមបណ្តោយព្រំដែន
៨-ទទួលដំណើរទស្សនកិច្ចការងាររឹបអូសទ្រព្យពីជំនួញគ្រឿងញៀន និងពន្ធនាគារ៕