FN៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកល បានថ្លែងថា ដើម្បីបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ទាំង៣មានជំងឺអេដស៍ របេង និងគ្រុនចាញ់ ពីឆ្នាំ២០១៨ដល់ ២០២០ កម្ពុជាទទួលបានថវិកាប្រមាណ៩៨លានដុល្លារ ពីគម្រោងមូលនិធិសកល ដើម្បីរៀបចំក្នុងការអនុវត្តគម្រោង និងរចនាសម្ព័ន្ធថ្មី ក្នុងនោះភាគីដែលមានតួនាទីសំខាន់ជាងគេ ក្នុងការអនុវត្តគម្រោងនេះ ឲ្យមានប្រសិទ្ធភាព គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងផែនការ ព្រមទាំងដៃគូម្ចាស់ជំនួយ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងនានា។ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការបញ្ចប់នូវការរៀបចំរចនាសម្ព័ន្ធថ្មី ក្នុងការអនុវត្តគម្រោងមូលនិធិសកល សម្រាប់ឆ្នាំ២០១៨-២០២០ ដែលបានរៀបចំឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារណាហ្គាវើល។
លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តទៀតថា ជាការពិតថវិកាប្រមាណជិត១០០លានដុល្លារនេះ គឺពុំបានឆ្លើយតបគ្រប់គ្រាន់ ទៅតាមតម្រូវការរបស់កម្ពុជា ទៅលើការអនុវត្តគម្រោងទាំងអស់នេះឡើយ ប៉ុន្តែកម្ពុជានៅតែបន្តទទួលយកមូលនិធិទាំងអស់នេះ ហើយរាជរដ្ឋាភិបាល ក៏នឹងបញ្ចេញកញ្ចប់ថវិកាបំពេញបន្ថែម ដើម្បីបន្តយុទ្ធនាការនេះ ប្រកបដោយជោគជ័យ។
លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ក៏បានបង្ហាញពីការបារម្ភមួយចំនួន នៅពេលដែលថវិកាជំនួយពីមូលនិធិសកល ត្រូវធ្លាក់ចុះនៅក្នុងត្រីមាសទី៣ ព្រោះអាចជួបប្រទះនូវបញ្ហា ប្រឈមជាច្រើន និងអាចឈានដល់ការរាំងស្ទះ សម្រាប់ការអនុវត្តគម្រោងបន្តនៅឆ្នាំបន្ទាប់។ ប៉ុន្តែទោះបីជាថវិកា ពីមូលនិធិសកល មានការថយចុះ ហើយប្រទេសកម្ពុជា លែងជាប្រទេសក្រីក្រក្ដី ក៏លោកនៅតែអំពាវនាវដល់ប្រទេសជាម្ចាស់ជំនួយ មេត្តាបន្តជួយគាំទ្របន្ថែមទៀត ព្រោះបន្ទុកនៅក្នុងការដោះស្រាយ ផ្នែកសុខាភិបាល មិនថាប្រទេសណាទេ នៅលើសកលលោក គឺនៅតែមានបញ្ហាប្រឈមធ្ងន់ធ្ងរ ជាពិសេសគឺខណៈដែលកម្ពុជាទើបតែងើបចេញ ពីភ្លើងសង្គ្រាមនេះ។
ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍រូបនេះ បានបន្តថា ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជាអ្នកទទួលជំនួយផ្ទាល់ ពីមូលនិធិសកល (PR) ឯក្រសួងសុខាភិបាលទទួល ជាអ្នកអនុវត្តបន្ត ដោយសម្របសម្រួលសកម្មភាព ជាមួយកម្មវិធីជាតិ និងអង្គការមិនមែនរដ្ឋាភិបាល។ លោកយល់ឃើញថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគួរបញ្ជាក់ថា រចនាសម្ព័ន្ធថ្មីដែលបានរៀបចំឡើងនេះ មិនដូចជារចនាសម្ព័ន្ធ អង្គភាពគ្រប់គ្រងជំនួយ (PMU)ទេ។ ក្រសួងសុខាភិបាល ទទួលតួនាទីជាអ្នកនាំមុខ អនុវត្តកម្មវិធី Lead Implementation (LIP)។ ក្នុងតួនាទីនេះ អ្នកនាំមុខអនុវត្តកម្មវិធី LIT មានភារកិច្ចចំបង ក្នុងការសម្របសម្រួលរាល់សកម្មភាព ជាមួយអ្នកអនុវត្តកម្មវិធីផ្ទាល់ ដើម្បីបំពេញមុខងារទាំង៣ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចង្អុលបង្ហាញរួចហើយ គឺទី១ លទ្ធកម្ម, ទី២ហិរញ្ញវត្ថុ និងទី៣ របាយការណ៍។
លោកក៏សូមអបអរសាទរ ចំពោះការព្រមព្រៀងគ្នា ជាគោលការណ៍រវាងក្រុមប្រចាំប្រទេស របស់មូលនិធិសកល (GF CT) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់ស្តង់ដារ ប្រតិបត្តិការ (SOP) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងមូនិធិសកល ព្រោះថា ស្តង់ដាប្រតិបត្តិការនេះ ក៏ត្រូវបានធនាគារពិភពលោក ទទួលស្គាល់រួចហើយ។
ទន្ទឹមនឹងនេះ លោក អៀង ម៉ូលី សូមលើកទឹកចិត្ត ឲ្យក្រុមប្រចាំប្រទេសរបស់មូលនិធិសកល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តការចរចាលើចំណុចលម្អិត នៃស្តង់ដារប្រតិបត្តិការ ដើម្បីអាចឲ្យអនុវត្តបានដោយរលូន និងទទួលយកបានទាំងស្រុង ដោយមូលនិធិសកល។ ជាមួយគ្នានេះ លោកសូមទទួលស្គាល់ និងកោតសរសើរ ចំពោះការរៀបចំរចនាសម្ព័ន្អថ្មីនេះ ដែលអាចចាត់ទុកជា ជំហានដ៏វិជ្ជមានមួយ ក្នុងការពង្រឹងភាពជាម្ចាស់ (Ownership) របស់រាជរដ្ឋាភិបាល ក្នុងការធានានូវចីរភាព នៃកម្មវិធីសុខាភិបាល ដើម្បីបន្តលើកតម្កើងសុខុមាលភាព របស់ប្រជាជនយើង។
លោកសូមថ្លែងអំណរគុណ ចំពោះមូលនិធិសកល ដែលបានរួមចំណែករំលែកបន្ទុក ចំណាយផ្នែកសុខាភិបាលនៅកម្ពុជា ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ របស់រាជរដ្ឋាភិបាល។ ដោយបានទទួលជំនួយ សប្បុរសពីដៃគូអភិវឌ្ឍន៍ ជាពិសេសពីមូលនិធិសកល កម្ពុជាយើងបានទទួលជោគជ័យ គួរជាទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រួមមាន អេដស៍ របេង និងគ្រុនចាញ់។ ក្នុងនាមរាជរដ្ឋាភិបាល លោកសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ទាំងអស់បន្តជំនួយតទៅទៀតដល់កម្ពុជា ដើម្បីឈានទៅកម្ចាត់ជំងឺ អេដស៍ របេង និងគ្រុនចាញ់ ឲ្យបានជោគជ័យ ដូចការរំពឹងទុក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែទទួលស្វាគមន៍ជានិច្ច ជំនួយរបស់មូលនិធិសកល នៅក្រោយឆ្នាំ២០២០ តទៅទៀត ជាពិសេសសម្រាប់ការបង្ការ និងព្យាបាលជំងឺទាំង៣ ដែលនៅតែជាបន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជា ទោះជាយើងបានឆ្លងកាត់ពីភាពជាប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលធម្យមកម្រិតទាប យ៉ាងណាក៏ដោយ។
សូមឲ្យការពិភាក្សារវាងក្រុមប្រចាំ ប្រទេសរបស់មូលនិធិសកល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីតួនាទីភារកិច្ច របស់យន្តការសម្របសម្រួល ប្រចាំប្រទេស ឬគណៈកម្មាធិការសម្របសម្រួល ជំនួយមូលនិធិសកលនេះ សម្រេចចេញជាផ្លែផ្កា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដើម្បីអាចឲ្យយន្តការនេះ ដំណើរការបានចាប់ពីឆ្នាំ២០១៨តទៅ៕