FN ៖ រយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នឹងចាប់ផ្ដើមអនុវត្តកិច្ចសហប្រតិបត្តិការ លើអនុស្សរណៈថ្មីមួយ ក្នុងនោះកម្ពុជានឹងបញ្ជូនកម្មសិក្សាការីរបស់ខ្លួនទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសជប៉ុនបន្ថែម ខណៈបច្ចុប្បន្នកម្មសិក្សាការីខ្មែរនៅជប៉ុន មានប្រមាណ ៤,០០០នាក់។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីរាជធានីតូក្យូ។
អនុស្សរណៈនេះ គឺមានខ្លឹមសារស្តីពី «កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកម្មសិក្សាបច្ចេកទេស និងនីតិវិធីជ្រើសរើស បណ្តុះបណ្តាល និងនាំកម្មសិក្សាការីកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន» ដែលត្រូវបានចុះហត្ថលេខារវាងលោករដ្ឋមន្រ្តី អ៊ិត សំហេង ជាមួយលោក ស៊ីអូ សាគី រដ្ឋមន្ត្រីក្រសួងការងារ សុខាភិបាល និងសុខមាលភាពសង្គម នៃប្រទេសជប៉ុន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា ភាគីកម្ពុជា និងភាគីជប៉ុនបានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នា លើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានគោលបំណង ផ្ទេរជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ពីប្រទេសជប៉ុនមកប្រទេសកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖
១៖ ក្រសួងការងារប្រទេសជប៉ុន ដែលមានការសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ត្រូវប្តេជ្ញាចិត្តទទួលនូវកម្មសិក្សាការីជំនាញបច្ចេកទេសពីប្រទេសកម្ពុជា ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនៃប្រទេសជប៉ុន។
២៖ ក្រសួងការងារកម្ពុជា ត្រូវប្តេជ្ញាចិត្តក្នុងការបញ្ជូនកម្មសិក្សាការីជំនាញបច្ចេកទេស ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា។
៣៖ ទាំងក្រសួងការងារប្រទេសកម្ពុជា និងក្រសួងការងារប្រទេសជប៉ុន (ចាប់ពីពេលនេះទៅហៅកាត់ថា ក្រសួងទាំងពីរ) នឹងជ្រើសរើសអ្នកតំណាងក្នុងការទំនាក់ទំនង និងសម្របសម្រួលរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុស្សរណៈនេះប្រកបដោយប្រសិទ្ធភាព។
៤៖ ក្រសួងទាំងពីរនឹងប្រឹក្សាយោបល់គ្នា ក្នុងការអនុវត្តសកម្មភាពទាំងឡាយរបស់អនុស្សរណៈ ឬមានវិវាទកើតឡើង ដូចជា ការបាត់ខ្លួនរបស់កម្មសិក្សាការីជំនាញបច្ចេកទេស ដោយរាល់វិវាទទាំងនោះ ត្រូវបានដោះស្រាយដោយកិច្ចសហការយ៉ាងជិតស្និទ្ធ និងតាមរយៈការទូតឱ្យបានសមស្របរវាងក្រសួងដែលពាក់ព័ន្ធ និងទីភ្នាក់ងាររបស់ប្រទេសនីមួយៗ។
៥៖ កិច្ចសហការនៃអនុស្សរណៈ នឹងត្រូវអនុវត្តនៅក្រោមវិសាលភាពនៃច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសនីមួយៗ។
៦៖ ក្រសួងទាំងពីរនឹងធ្វើការកំណត់នូវកិច្ចប្រជុំ និងចែករំលែកព័ត៌មានសម្រាប់កិច្ចសហការ លើកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ហើយសមាគមបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន នឹងធ្វើការទំនាក់ទំនងគ្នាទៅលើការអនុវត្តកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស។
៧៖ ការចាប់ផ្តើមនៃអនុស្សរណៈនេះ នឹងត្រូវបានអនុវត្តដោយមានកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស។
កិច្ចសហប្រតិបត្តិការនៃអនុស្សរណៈនេះ មានសុពលភាពរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ ហើយកម្ពុជាជាប្រទេសទី២ បន្ទាប់ពីប្រទេសវៀតណាម ដែលបានចុះអនុស្សរណៈនេះជាមួយប្រទេសជប៉ុន ពោលគឺមុនប្រទេសចិន ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី។
លោកបន្តថា នេះជាវឌ្ឍនភាពថ្មីមួយរបស់ប្រទេសកម្ពុជា ហើយការកែសម្រួលច្បាប់នេះ នឹងផ្តល់ឱកាសកាន់តែច្រើនថែមទៀត ដល់ប្រជាពលរដ្ឋខ្មែរក្នុងការមកធ្វើកម្មសិក្សា និងបម្រើការនៅប្រទេសជប៉ុន រីឯកម្មសិក្សាការីដែលមានសមត្ថភាព ក៏អាចបន្តកិច្ចសន្យាការងារ រយៈពេល២ឆ្នាំបន្ថែមទៀត សរុប៥ឆ្នាំ។ លើសពីនេះទៅទៀត រដ្ឋាភិបាលជប៉ុន ក៏បានបង្កើតអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) ដែលមានសាខារបស់ខ្លួនចំនួន ១៣កន្លែង នៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់សេវាគាំពារប្រឹក្សាយោបល់ និងជួយគាំទ្រដល់ការធ្វើកម្មសិក្សា និងធ្វើការរបស់កម្មសិក្សាការីទាំងអស់។
លោក អ៊ិត សំហេង បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺកើតចេញពីការដឹកនាំដ៏ឆ្លៀសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ ដោយរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងកសាងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជឿនលឿន៕