FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបង្កើតក្រុមការងារចំនួន ៤ក្រុម ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញទៅលើកញ្ចប់សន្លឹកឆ្នោត «ឃ ពិសេស» និង កញ្ចប់ «ឃ» រួមទាំងសម្ភារ ឯកសារពាក់ព័ន្ធការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបញ្ជូនពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC)។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា ក្រុមការងារទាំង ៤ក្រុមនោះ មានអ្នកធ្វើការសរុបចំនួន៦២នាក់ហើយបាន ដំណើរការ ការងាររបស់ខ្លួនជាបណ្ដើរៗហើយ នៅទីស្ដីការ គ.ជ.ប។ ក្រុមការងារទាំង៤នោះ រួមមាន៖
១៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត
២៖ ក្រុមទទួលត្រួតពិនិត្យលទ្ធផលឡើងវិញ
៣៖ ក្រុមកំណត់បែងចែកអាសនៈ
៤៖ ក្រុមជំនួយការឲ្យអគ្គលេខាធិការដ្ឋាន។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ក្រោយពីទទួលបានកំណត់ហេតុបូកសរុបលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត ពីតាមឃុំ-សង្កាត់នីមួយៗ ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ PEC ត្រូវត្រួតពិនិត្យលទ្ធផលបណ្ដោះអាសន្ននោះ បន្ទាប់ពីបានបញ្ចប់ការ ត្រួតពិនិត្យលទ្ធផលបណ្ដោះអាសន្នរួចហើយ PEC ត្រូវធ្វើការកំណត់បែងចែកអាសនៈ ស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត និងកំណត់ឈ្មោះ បេក្ខជនជាមេឃុំ-ចៅសង្កាត់ ជំទប់ និងមេឃុំ-ចៅសង្កាត់រង ឲ្យបានហ្មត់ចត់មុននឹងប្រគល់មក គ.ជ.ប។
លោកបន្តថា ក្នុងករណីមានពាក្យបណ្ដឹងតវ៉ា ឬ ពាក្យបណ្ដឹងជំទាស់ ពាក់ព័ន្ធនឹងឃុំ-សង្កាត់ណាមួយ PEC ក៏ត្រូវដោះស្រាយបណ្ដឹង ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យបានចប់សិន មុនបញ្ជូនលទ្ធផលបណ្ដោះអាសន្ននោះ មក គ.ជ.ប។ បើភាគីបណ្ដឹងទាំងនោះ នៅតែមិនទាន់សះជានឹងគ្នា ហើយតម្រូវឲ្យឡើងមកបន្តនីតិវិធីនៅ គ.ជ.ប ទៀត PEC ក៏ត្រូវបញ្ជូនលទ្ធផលបណ្ដោះអាសន្ននោះ មក គ.ជ.ប ផងដែរ ដើម្បីបើកត្រួតពិនិត្យមើល ក្នុងដំណើរការដោះស្រាយបណ្ដឹងបន្តទៀត។
លោក ហង្ស ពុទ្ធា បានបន្ថែមថា នៅពេលទទួលបានសម្ភារ ឯកសារពី PEC ហើយ ក្រុមការងារទាំង៤ក្រុមនេះ នឹងប្រតិបត្តិការ ការងាររបស់ខ្លួន នៅទីស្ដីការ គ.ជ.ប ផ្ទាល់ ពោលការងារត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ការដោះស្រាយបញ្ហា ដោះស្រាយបណ្ដឹងទាំងអស់ មកពីទូទាំង ២៥រាជធានី-ខេត្ត ត្រូវតែធ្វើឲ្យបានចប់សព្វគ្រប់មុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ព្រោះថ្ងៃដ៏សំខាន់ដែលគណបក្សនយោបាយ និងប្រជាពលរដ្ឋទន្ទឹងរង់ចាំមួយនេះ គឺជាថ្ងៃប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។
គ.ជ.ប បានបញ្ជាក់ថា ការត្រួតពិនិត្យលទ្ធផលបណ្ដោះអាសន្ននៅ គ.ជ.ប ត្រូវធ្វើឡើងនៅចំពោះមុខតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដែលចូលរួមសង្កេតមើលដំណើរការត្រួតពិនិត្យនេះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តិដោយរលូននោះ បានបិទបញ្ចប់នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅទូទាំងប្រទេស ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦៕