FN ៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនា រយៈពេល១៤ថ្ងៃនេះ ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ជាមួយនឹងការទទួលបាននូវបណ្ដឹងតិចតួចបំផុត ខណៈគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានដង្ហែក្បូនទ្រង់ទ្រាយធំ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ មកនេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ទោះបីមានបញ្ហាបន្តិចបន្តួចក៏ដោយ។
ក្នុងសន្និសីទព័ត៌មានបូកសរុបព្រឹត្តិការណ៍ទូទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅរសៀលថ្ងៃទី០២ ខែមិថុនានេះ លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះ «ជិត១៤ថ្ងៃនេះ គ.ជ.ប បានវាយតម្លៃថា កាឃោសនាដើម្បីស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយ មានភាពរលូន ក្នុងនោះបញ្ហាកើតមានតិចតួច ហើយបញ្ហាទាំងឡាយ ក៏បានដោះស្រាយជាបន្តបន្ទាប់ហើយដែរ មានតែ១ករណីទេ ដែលឡើងមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺរឿងនៅខេត្តតាកែវ នៅឃុំព្រៃខ្លា ស្រុកកោះអណ្ដែត»។
អ្នកនាំពាក្យរូបនេះបានបន្តថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានទទួលបណ្ដឹងចំនួន ៧៨បណ្ដឹង ក្នុងនោះបណ្ដឹងចំនួន១០ បានឡើងមកដល់ គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងបានឡើងមកដល់ គ.ជ.ប ចំនួន១បណ្ដឹង។
បើតាមស្ថាប័នអព្យាក្រឹតមួយនេះ បន្ទាប់ពីបិទបញ្ចប់ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នៅវេលាម៉ោង១០ យប់ថ្ងៃនេះទៅ សកម្មភាពឃោសនា ការចែកចាយ ឬបិទស្លាកសញ្ញានានា ការផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវតែបញ្ឈប់។ សម្រាប់ថ្ងៃទី០៣ ខែមិថុនាស្អែកនេះ ដែលថ្ងៃ «ស» ក្នុងរយៈពេល២៤ម៉ោង ហាមមិនឲ្យទាំងការលក់ និងពិសាគ្រឿងស្រវឹង។
ជាការកត់សម្គាល់ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតទ្រុងទ្រាយធំ ក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក-សមាជិកា រួមនិងអ្នកគាំទ្រ ចន្លោះពី១៥ម៉ឺន ទៅ២០ម៉ឺននាក់។ គណបក្សប្រជាជនកម្ពុជា ក្រៅពីការធ្វើយុទ្ធនាការទ្រង់ទ្រាយធំនៅ ក្នុងរាជធានីភ្នំពេញហើយនោះ នៅតាមបណ្តាខេត្តក៏បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងផងដែរ។
ដោយឡែកគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា នៅថ្ងៃបិទបញ្ចប់នេះ លោក កឹម សុខា ប្រធានបក្ស ក៏បានដឹកនាំការដង្ហែក្បូនកណ្ដាលរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមយ៉ាងច្រើនផងដែរ។
សម្រាប់គណបក្សនយោបាយ ១០ ផ្សេងទៀត ដែលបានចុះឈ្មោះប្រកួតប្រជែង យកអសនៈឃុំ-សង្កាត់ អាណត្តិទី៤នេះ គេសង្កេតឃើញថា ហាក់មិនបានធ្វើសកម្មភាពឲ្យកងរំពង ដូចគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះទេ តែក៏មានការជួបជុំតាមខេត្ត ឃុំ-សង្កាត់ ដែលពួកគេបានដាក់បេក្ខភាពប្រកួតប្រជែងផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងឈានចូលមកដល់ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ នេះហើយ។ ដើម្បីអាចបោះឆ្នោតនេះបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦ និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត៕