DAP ៖ ស្របពេលយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កំពុងដំណើរការ និងមានការមិនទុកចិត្ត គុណភាពទឹកខ្មៅ ជ្រលក់ដៃ ពីបណ្ដាមគណបក្ស នយោបាយ និងអង្គការសង្គមស៊ីវិល មួយចំនួន សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បានអះអាងថា ទឹកខ្មៅនេះគឺធ្លាប់បាន ប្រើក្នុងការបោះឆ្នោត នៅឥណ្ឌា ដែលមានប្រជាពលរដ្ឋ ជាង១ពាន់លាននាក់ ពុំដែលមានបញ្ហាអ្វីនោះទេ ដូច្នេះកម្ពុជាត្រូវមានជំនឿទុកចិត្ត លើទឹកខ្មៅជ្រលក់ដៃនេះ ខណៈភាគីខាង ប្រទេសឥណ្ឌា ចង់ឲ្យមានជើងហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជាផងដែរ ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ក្នុងឱកាសអញ្ជើញជួប លោក Naveen Srivastava ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ខា ប្រចាំកម្ពុជា ចប់អាណត្តិ នាវិមានសន្តិភាព នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ថា “ចំពោះទឹកខ្មៅជ្រលក់ដៃ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ២០១៧ នេះ គឺប្រទេសឥណ្ឌា ជាអ្នកផ្តល់ជូនមកកម្ពុជា។ ទឹកខ្មៅនេះ គឺធ្លាប់បានប្រើក្នុងការ បោះឆ្នោតនៅឥណ្ឌា ដែល មានប្រជាពលរដ្ឋ ជាង១ពាន់លាននាក់ គឺប្រទេសឥណ្ឌ ពុំដែលមានបញ្ហាអ្វីនោះទេ ។ ដូច្នេះកម្ពុជាត្រូវមានជំនឿ ទុកចិត្តលើទឹកខ្មៅ ជ្រលក់ដៃក្នុងពេល បោះឆ្នោតខាងមុខនេះ”។
លោកឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ដែលបានបាត់បង់ យុទ្ធជនឆ្នើមចំនួន៤រូប ក្នុងបេសកកម្ម រក្សាសន្តិភាព នៅអាហ្រ្វិកកណ្ដាល ។ ហើយឥណ្ឌា ក៏មានកងកម្លាំង កំពុងបំពេញការងារ ថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការ សហប្រជាជាតិ ជាមួយកងកម្លាំង របស់កម្ពុជានៅប្រទេស ហ្ស៊ូដង់ខាងត្បូង ដែលមានកិច្ច សហប្រតិបត្តិការ ជាមួយគ្នាដ៏ល្អ។ លោកឯកអគ្គរាជទូតឥណ្ឌា បានថ្លែងអំណរគុណ ដល់កម្ពុជា ដែលបាន ដើរតួនាទីសម្របសម្រួល អោយឥណ្ឌាបានក្លាយជា ប្រទេសដៃគូអាស៊ាន។ ហើយពេលនេះ ថ្នាក់ដឹកនាំឥណ្ឌា កំពុងរង់ចាំដំណើរ ទស្សនកិច្ចរបស់ សម្ដេចតេជោ ទៅកាន់ប្រទេសឥណ្ឌាផងដែរ ដោយរំពឹងថា សម្ដេចតេជោ នឹងអាចមាន ឱកាសអញ្ជើញ ទៅបំពេញទស្សនកិច្ច នាឆ្នាំក្រោយ២០១៨នេះ។
លោកឯកអគ្គរាជទូត បានលើកឡើងផងដែរ អំពីទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ដែល ក្នុងនោះមានទាំង វិស័យពាណិជ្ជកម្ម, វិស័យទេសចរណ៍, វិស័យវប្បធម៌ ជាពិសេសគឺចង់អោយ មានជើងហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជា ផ្ទាល់តែម្តង។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឯកភាពរាល់ការលើកឡើង របស់ឯកអគ្គរដ្ឋទូតឥណ្ឌា ពាក់ព័ន្ធនឹងការ ពង្រីក ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើន លើគ្រប់វិស័យ។
សម្ដេចតេជោ បានចាត់ទុកឥណ្ឌា ជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា បន្ទាប់ពីពេលរំដោះ ប្រទេសចេញពីរបប ប្រល័យពូជសាសន៍ ខ្មែរក្រហម ហើយតែងបាន គាំទ្រកម្ពុជា រហូតរៀងមក។ កន្លងមកនេះ ឥណ្ឌាក៏បានផ្ដល់ជំនួយ និងកម្ចីឥណទានខ្លះៗ ដល់កម្ពុជាផងដែរ សម្រាប់កសាង ទំនប់ទឹកនៅស្ទឹងតាសាល់ និងការតបណ្ដាញអគ្គិសនី ពីខេត្តស្ទឹងត្រែង មកខេត្តក្រចេះ ដើម្បីនាំភ្លើង ពីទន្លេសេ សានពីរ ប្រើប្រាស់នៅចុងឆ្នាំនេះ។
សម្ដេចតេជោ ហ៊ុន សែន ចង់បានការហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជាដែរ ដោយបានលើកឡើង ពីក្រុមហ៊ុនអាណា របស់ជប៉ុន ដែលដំបូងឡើយ ពុំសូវមានមនុស្សជិះ ប៉ុន្តែបច្ចុប្បន្ន មានមនុស្ស ជិះច្រើនពេញៗតែម្តង៕