FN ៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះថា វិស័យសំណង់ និងកាត់ដេរសម្លៀកបំពាក់ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា បន្ដនៅមានភាពរឹងមាំ ហើយបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,៩% ក្នុងឆ្នាំ២០១៧-២០១៨នេះ។
តែរបាយការណ៍បានបង្ហាញថា បើទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅមានភាពល្អប្រសើរ ក៏មានសញ្ញាណនៃការថមថយលើវិស័យមួយចំនួន។ ការនាំចេញសម្លៀកបំពាក់ គឺកំពុងប្រឈមនឹងការប្រកួតប្រជែងធំធេង ដោយសារតែតម្លៃប្រាក់ដុល្លារឡើងថ្លៃ និងកម្រៃពលកម្មកើនឡើង ព្រមទាំងមានការប្រកួតប្រជែងពីប្រទេសក្នុងតំបន់ ដែលមានកម្រៃពលកម្មទាប កំណើនក្នុងវិស័យនាំចេញសម្លៀកបំពាក់នេះនឹងទទួលបានតែ ៨,៤% ក្នុងឆ្នាំ២០១៦ បើធៀបទៅនឹងឆ្នាំ២០១៥ គឺមាន១២,៣%។
អ្នកស្រី អ៊ីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា «កំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្ដរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយអត្រានៃភាពក្រីក្រនឹងបន្ដថយចុះ។ វាពិតជាសំខាន់ណាស់ក្នុងការធានាការវិនិយោគរបស់ប្រទេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលវាផ្ដល់ប្រយោជន៍ដល់ប្រជាជនក្រីក្រ ដែលទ្រទ្រង់ឲ្យមានកំណើនខ្ពស់ ស្រប់ពេលនេះដែរ ក៏ត្រូវផ្ដោតលើការកសាងជំនាញសម្រាប់វិស័យឯទៀតៗ ដែលផ្ដល់កំណើននាពេលអនាគត និងពង្រឹងការផ្គត់ផ្គង់វិស័យសាធារណៈ»។
របាយការណ៍ បានបញ្ជាក់ទៀតថា វិស័យដែលជួយរក្សាកំណើនរឹងមាំរបស់កម្ពុជារួមមាន៖
*ការជំរុញបង្កើនផលិភាពការងារដើម្បីជាថ្នូរ នឹងការកើនឡើងប្រាក់ឈ្នួលពិត។ អាទិភាពជាចំបងគឺលើកកម្ពស់គុណភាព នៃការអប់រំមូលដ្ឋាន និងលើកម្ពុស់ជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ទន្ទឹមជាមួយនឹងការកាត់បន្ថយតម្លៃអគ្គិសនីដើម្បីទាក់ទាញ និងប្រកួតប្រជែងលើកម្មន្ដសាលមានតម្លៃបន្ថែមខ្ពស់ និងស្មុគ្រស្មាញ។
* លើកកម្ពស់ការផ្គត់ផ្គង់សេវាសាធារណៈ ដោយសារវិស័យនេះ គឺជាវិស័យដែលផ្ដល់សេវាសំខាន់បំផុត និងជាគន្លឹះសម្រាប់សម្របសម្រួលដល់កិច្ចអភិវឌ្ឍន៍វិស័យឯកជន។
* ការលើកម្ពស់ការខិតខំប្រឹងប្រែងដើម្បីបង្កើនការវិនិយោគសាធារណៈ ក្របខ័ណ្ឌច្បាប់ និងសមត្ថភាពក្នុងការអនុវត្តដើម្បីពង្រីកការចំណាយមូលធនផ្ដល់ហិរញ្ញប្បទានដោយរដ្ឋាភិបាល ដើម្បីប៉ះប៉ូវចំពោះការកាត់បន្ថយជំនួនពីដៃគូរអភិវឌ្ឍន៍៕