FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានព្រមានធ្ងន់ៗទុកជាមុនថា ចំពោះជនណាដែលចេញ មុខអះអាងថា ទឹកខ្មៅអាចលប់ជ្រះនៅថ្ងៃបោះឆ្នោត ហើយគ.ជ.ប ហៅជននោះថា ជាអ្នកដែលចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា។
ក្រោយបញ្ចប់ការបង្ហាញ និងធ្វើការសាកសល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ប្រធាន គ.ជ.ប បានព្រមានថា «ប្រសិនបើមានរូបភាពគេចង់សាកល្បង អង្គការចាត់តាំងណាក៏ដោយ គេចាត់តាំងទៅធ្វើអ្វីដើម្បីបំផា្លញការបោះឆ្នោតនេះ ចាំមើលថា តើ គ.ជ.ប នឹងចាត់វិធានការតាមច្បាប់យ៉ាងមិច, ហើយអង្គការចាត់តាំងហ្នឹង សម្រាប់ជួយដល់ការបោះឆ្នោត ឬបំផ្លាញការបោះឆ្នោត»។
លោក ស៊ិក ប៊ុនហុក បន្ដថា «អ្នកដែលទឹកខ្មៅលប់មិនជ្រះឲ្យជ្រះ នៅក្នុងថ្ងៃបោះឆ្នោតមានបំណង៣យ៉ាងគឺ ទី១៖ មានគំនិតចង់បន្លំចូលទៅបោះឆ្នោតច្រើនដង, ទី២៖ មានគំនិតមិនស្មោះត្រង់នឹងការបោះឆ្នោត ហើយចង់ទៅបោះឆ្នោតម្ដងទៀត និងទី៣៖ ធ្វើឲ្យមានការភាន់ច្រឡំ នឹងបាត់ទំនុកចិត្តដល់ការបោះឆ្នោត»។
សូមជម្រាបថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញវិធានការចំនួន ៥ចំណុច ដែលធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងគត់។ បើតាម លោក ស៊ិក ហ៊ុនហុក វិធានការ៥ចំណុចដែល គ.ជ.ប បានដាក់ចេញ ដើម្បីធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងនោះ វាមានប្រសិទ្ធិភាពខ្លាំងជាងការប្រើប្រាស់ទឹកខ្មៅទៀត ព្រោះវិធានការនេះអាចឲ្យអ្នកក្លែងបន្លំ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់ទៀត។
លោក ស៊ិក ប៊ុនហុក បញ្ជាក់ថា វិធានការទាំង៥នេះ បានធ្វើឲ្យបណ្ដាប្រទេសអន្ដរជាតិមួយចំនួន បានឯកភាពជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថែម ទៀតផង ដើម្បីមិនឲ្យមនុស្សម្នាក់បោះឆ្នោតបាន២ដង ហើយប្រសិនបើអ្នកណាដែលហ៊ានប្រថុយទៅបោះឆ្នោត២ដងនោះ ច្បាស់ជាខកខ្លួនហើយ ព្រោះវិធានការនេះមិនបណ្ដាយឲ្យបោះបានជាដាច់ខាត៕