DAP ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានលើកឡើងថា ទឹកខ្មៅជ្រលក់ម្រាមដៃ ដែលប្រើប្រាស់ក្នុងពេល បោះឆ្នោតលក្រុមប្រឹក្សាឃុំ-សង្កាត់នោះ ដើម្បីការពារ កុំឲ្យមានការលួចបន្លំ បោះឆ្នោតពីរដង ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញ និងសាកល្បងទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា ពេលទឹកថ្នាំពណ៌ខ្មៅ មកដល់កម្ពុជាហើយ នឹងយកទឹកថ្នាំនេះ ទៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិសោធន៍ ពីគុណភាពទឹកថ្នាំ ថាតើមានគុណភាព ដូចមាននៅក្នុង លិខិតស្នាមដែរឬទេ ?
លោកបន្តថា បើសិនជាក្នុងករណី យកទៅពិសោធន៍ហើយ ទឹកខ្មៅជ្រលក់ម្រាមដៃ គ្មានគុណភាពដូចមានចែង នៅក្នុងក្រដាស នោះទេ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ។
ប្រធាន គ.ជ.ប បញ្ជាក់ថា “វិធានការ ការពារមិនឲ្យមានការ បោះឆ្នោតពីរដង គឺជាគោលដៅសម្រាប់ ការជ្រលក់ទឹកខ្មៅហ្នឹង ដែលមិនឲ្យគេបោះពីរដង” ។
សូមរំលឹកថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៤ មិថុនា ខាងមុខនេះ ដោយមានចំនួនអ្នកចុះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦មាន ជាង ៧លាន ៨សែននាក់ (៧.៨៦៤.០៣៣នាក់) ក្នុងចំណោមពលរដ្ឋ គ្រប់អាយុចុះឈ្មោះ បោះឆ្នោតសរុបជាង ៩លាន ៦សែននាក់ (៩.៦៦៤.២១៦នាក់)។ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ មានគណបក្សនយោបាយ ចំនួន១២ បានចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត ជាផ្លូវការ សរុបទំាងអស់ ៩៤,៥៩៥ នាក់ ស្រី២៥,៧៨៨នាក់ ៕