DAP ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប គ្មានកងកម្លាំងនគរបាល ឬសមត្ថកិច្ច នៅក្នុងដៃនោះទេ ជាពិសេស គ.ជ.ប ក៏គ្មានរដ្ឋអំណាច នៅតាមភូមិ-ឃុំនោះដែរ ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញ និងសាកល្បងទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា “ផ្នែកប្រតិបត្តិ របស់រាជរដ្ឋាភិបាល ជាពិសេសដូចជាក្រសួងមហាផ្ទៃ ដែលមានទាំងអាជ្ញាធរមូលដ្ឋាន មានទាំងកងសន្តិសុខ សម្រាប់មើល ថែរក្សាសុវត្ថិភាព គ.ជ.ប គ្មាននគរបាលនៅក្នុងដៃទេ គ.ជ.ប គ្មានរដ្ឋអំណាចនៅតាមភូមិ-ឃុំទេ” ។
លោកបន្តថា ដាច់ខាត គ.ជ.ប ត្រូវតែសហការ ជាមួយផ្នែកប្រតិបត្តិរបស់រាជរដ្ឋាភិបាល ទើបអាចក្ដាប់បាន ព័ត៌មានពលរដ្ឋ ដែលដល់អាយុបោះឆ្នោតនៅតាម ភូមិ-ឃុំដែលពួកគាត់ស្នាក់នៅ ៕