FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញវិធានការចំនួន ៥ចំណុច ដែលធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងគត់។
វិធានការទាំង ៥ចំណុច ត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបង្ហាញ និងធ្វើការសាកល្បងគុណភាពទឹកខ្មៅ លុបមិនជ្រះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាសាលប្រជុំក្រសួងមហាផ្ទៃ។
វិធានការ ៥ចំណុច ដែល គ.ជ.ប ធ្វើឡើង ដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់ បោះឆ្នោតបានតែម្តងនេះរួមមាន៖
ទី១៖ ពង្រឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតជូនអ្នកបោះឆ្នោត ដែលពុំមានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ទី២៖ ពង្រឹងភារកិច្ចរបស់លេខាធិការការិយាល័យបោះឆ្នោត ក្នុងការអនុវត្តការពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិតរបស់ជននោះ ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ ក្នុងបញ្ជីបោះឆ្នោត មុននឹងធិចសញ្ញាសម្គាល់ដើម្បីបញ្ជាក់ថា ជននោះបានមកបោះឆ្នោត។
ទី៣៖ ណែនាំឲ្យលេខាធិការដ្ឋានឲ្យធិចលើកប្រអប់លេខរៀងនៃបញ្ជីបោះឆ្នោត និងណែនាំអ្នកបោះឆ្នោតឲ្យធិចនៅលើបញ្ជីបោះឆ្នោតត្រង់ចន្លោះទំនេរ នៃឈ្មោះរបស់អ្នកបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ថា សាមីខ្លួនបានមកបោះឆ្នោត។
ទី៤៖ រំលឹកដល់ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីឈ្មោះនៅក្នុងដៃ និងអ្នកសង្កេតការណ៍បោះឆ្នោត ឲ្យតាមដានពិនិត្យមើលដំណើរការពិនិត្យផ្ទៀងផ្ទាត់ឯកសារប្រើប្រាស់ សម្រាប់ការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិត ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ក្នុងបញ្ជីបោះឆ្នោត។
ទី៥៖ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការពង្រឹងការអនុវត្តទោសប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
សូមជម្រាបថា គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល៕