DAP ៖ សល់មិនដល់មួយខែទៀតទេ ដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចូលមកដល់ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ។
ដំណើរការងាររបស់ គ.ជ.ប មានការទទួលស្គាល់ពីពលរដ្ឋ សង្គមស៊ីវិល អ្នកឃ្លាំមើលសង្គម និងបក្សនយោបាយ។ ក្នុងនោះអ្វីដែលទុកចិត្តបំផុត លើបញ្ជីបោះឆ្នោត ។ ប៉ុន្តែនៅពេលដែល គ.ជ.ប បោះសន្លឹកឆ្នោតបម្រុង រហូតដល់ទៅជាង២០% ទើបអ្នកតាមដានស្ថានការណ៍សង្គម ចាប់ផ្តើមខ្វល់ខ្វាយ និងដាក់ការសង្ស័យច្រើន ជាមួយនឹងទឹកថ្នាំជ្រលក់ដៃ ។
ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមធ្វើទំនាក់ទំនង ច្រើនលើកច្រើនសារ ទៅកាន់មន្រ្តីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា តែលោកពុំទទួលទូរស័ព្ទ ។ តែកន្លងមកលោកធ្លាប់បញ្ជាក់ថា តាមការធ្វើពិសោធន៍ ទឹកថ្នាំដែលទិញពីប្រទេសឥណ្ឌានោះ ពិតជាលាងជ្រះមែន ។ ប៉ុន្តែលោកថា បញ្ហានេះ គ.ជ.ប បានជូនដំណឹងទៅ ក្រុមហ៊ុននោះវិញហើយ ដើម្បីស្វែងរកដំណោះស្រាយ ធានាដល់ការទុកចិត្ត លើការបោះឆ្នោតនៅកម្ពុជា។ ជាមួយគ្នានេះដែរ នៅថ្ងៃនេះ គជប ប្រកាសតាមលិខិតចំហថា ខ្លួននឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញ និងធ្វើការសាកល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ ។
លោក សន ជ័យ ប្រធានអង្គការគណនេយ្យភាពសង្គម លើកឡើងថា ចំណុចល្អប្រសើរ គឺបញ្ជីបោះឆ្នោតមិនមានឈ្មោះស្ទូន តែសន្លឹកឆ្នោតបោះបម្រុងជិត២០% អាចនឹងសង្ស័យ ជាមួយទឹកថ្នាំជ្រលក់ដៃ។ គ្រប់បក្សនយោបាយ សង្គមស៊ីវិល និងអ្នកអង្កេត គួរយកចិត្តទុកដាក់លើចំណុចនេះ ដើម្បីធានាថា សន្លឹកឆ្នោតតាមមណ្ឌលនីមួយៗ គ្មានភាពខុសឆ្គង។ ម្យ៉ាងទៀត គ.ជ.ប គួរពិនិត្យឡើងវិញ ខណៈរបាយការណ៍ ពលរដ្ឋចោទប្រកាន់ថា មានបក្សនយោបាយខ្លះ បានចុះទៅបង្រៀន ឲ្យពលរដ្ឋគូសឲ្យបក្សគេ ដែលលោកចាត់ទុកថា នេះជារឿងមិនល្អ ។
លោកបន្តថា “អ្វីដែលបារម្ភ គឺទឹកថ្នាំជ្រលក់ដៃអាចលុបជ្រះ ហើយសន្លឹកឆ្នោត ត្រៀមរហូតដល់ ១លានកន្លះ ស្មើរនឹង២០% ចឹងហើយបារម្ភថា ភាពស៊ីសង្វាក់គ្នាជាអ្វីខ្លះ រវាងទឹកខ្មៅលុបជ្រះ និងចំនួនសន្លឹកឆ្នោតដែលគេបោះបម្រុង។ អ្នកឃ្លាំមើលគេនឹងពិនិត្យលើចំនុច ២នេះ ទោះបីជាបញ្ជីឆ្នោតទុកចិត្តក៏ដោយ” ។
កាលពីព្រឹកថ្ងៃទី២៩ មេសា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានបង្ហាញអំពីដំណើរការ បោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ។ ដំណើរការបោះពុម្ពសន្លឹកឆ្នោត ៩លាន៤សែនសន្លឹកនេះ នឹងរួចរាល់ នៅថ្ងៃទី២៣ ខែឧសភា ដើម្បីដឹកជញ្ជូនទៅកាន់ការិយាល័យ សម្រាប់ប្រើប្រាស់នៅ ថ្ងៃបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៤ មិថុនា។
បន្ទាប់ពីមានការលើកឡើងថា ការបោះពុម្ពសន្លឹឆ្នោតលើស ពីចំនួនអ្នកបោះឆ្នោត អាចនឹងមានការលួចបន្លំជាដើមនោះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបំភ្លឺថា ការបោះពុម្ពសន្លឹកឆ្នោត លើសដល់ទៅជាង ១លាន៥សែនសន្លឹក នៃចំនួនអ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺដើម្បីទុកជាសន្លឹកឆ្នោតបម្រុងប៉ុណ្ណោះ ។
សេចក្តីបំភ្លឺ កាលពីថ្ងៃទី៣ ឧសភា បង្ហាញថា ដើម្បីធានាឲ្យមានសន្លឹកឆ្នោតគ្រប់គ្រាន់ គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតលើស ពីចំនួនអ្នកបោះឆ្នោតនោះ ទុកសម្រាប់ការិយាល័យ បោះឆ្នោតនីមួយៗ បម្រុងទុកក្នុងករណីសន្លឹកឆ្នោតខូច ។ សន្លឹកឆ្នោតខូច ត្រូវបានគជប លើកឡើងថា អាចបណ្តាលមកពីសន្លឹក ឆ្នោតដែលរោងពុម្ពបោះប្រឡាក់ ឬរហែក សន្លឹកឆ្នោត ដែលមន្ត្រីការិយាល័យ បោះឆ្នោតហែកជូន អ្នកបោះឆ្នោតរហែកខុសពីថ្នេរ និងសន្លឹកឆ្នោត ដែលអ្នកបោះឆ្នោតគូសខុស ឬគូសជ្រើសរើស ប៉ុន្តែសុំផ្លាស់ប្តូរចិត្តវិញជាដើម។ សូមជំរាបថា ចំនួនអ្នកមានសិទ្ឋបោះឆ្នោតឃុំសង្កាត់ មានជិត ៨លាននាក់ ។
លោក អាត់ ធន់ ប្រធានសហជីពស៊ីខាឌូ ថ្លែងថា កម្មករចន្លោះពី ៨០ទៅ៩០% បានត្រៀមរួចហើយសម្រាប់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ៤មិថុនាឆ្នាំ២០១៧ ។ យ៉ាងណាក៏ដោយ ពួកគេបង្ហាញក្តីកង្វល់ថា នឹងធ្វើដំណើរមកធ្វើការវិញមិនទាន់ ខណៈ គ.ជ.ប និងក្រសួងការងារ ឲ្យឈប់សំរាកបានតែមួយថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោត។ បំណងពួកគេ ចង់សំរាកមុនការបោះឆ្នោត មួយថ្ងៃ និងក្រោយការបោះឆ្នោតមួយថ្ងៃ ទើបការធ្វើដំណើរពួកគេ ប្រកបដោយសុវត្ថិភាព ។
លោកអាត់ ធន់ ធានាថា កម្មករពេលនេះយល់ដឹងច្រើន ពីការជ្រើសរើសមេដឹកនាំ ឬរើសបក្សនយោបាយ ដឹកនាំប្រទេស ។ ទោះបីជាគជបមិនទាន់តប សំណើរសុំឈប់ ២ថ្ងៃមុន និងក្រោយថ្ងៃបោះឆ្នោត តែលោកសង្ឃឹមថា គ.ជ.ប នឹងព្រមតាមសំណើ របស់កម្មករនេះ ។
លោកបន្ថែមថា “បញ្ហាកម្មករមានមួយ គឺការធ្វើដំណើរទៅមួយថ្ងៃ មកមួយថ្ងៃ ចឹងពេលគជប និងក្រសួងការងារអត់បាន រៀបចំឲ្យឈប់បន្ថែមនោះជាក្តីបារម្ភ កម្មករហៅមកខ្ញុំច្រើន ហើយខ្ញុំបានជូនដំណឹងទៅ គ.ជ.ប ហើយ តែគជបមិនទាន់សម្រេចយ៉ាងណាទេ ។ តែយើងនឹងបន្តសុំទៅ កាន់ក្រសួងការងារទៀត” ។
លោក យ៉ង់ គីមអេង សមាជិកកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា ERA លើកឡើងថា នៅប្រទេសឥណ្ឌូនេស៊ី ឬប្រទេសនៅអាស៊ី គេបោះសន្លឹកឆ្នោតបម្រុងតែ ២% ប៉ុណ្ណោះ ដើម្បីរក្សាប្រសិទ្ធភាព ក្រោយការបោះឆ្នោត ។ សំរាប់កម្ពុជា ការបោះទុកជាង២០% គឺច្រើនពេកហើយ ដែលអាចយកសន្លឹកឆ្នោតនេះ ទៅប្រើប្រាស់ធ្វើឲ្យមាន ភាពប្រក្រតីកើតឡើង ឬថាមានការលួចបន្លំស្រួល ។
លោកបញ្ជាក់ថា “ស្រុកគេបោះតែ២% អីនឹងអស់ហើយ តែយើងបោះដល់ទៅជាង២០% បោះច្រើនចឹងធ្វើឲ្យប្រែប្រួល ដល់ការរាប់សន្លឹកឆ្នោត និងមានបាតុភាព កំពុងរាប់ និងក្រោយរាប់ ទី២គឺការខ្ជះខ្ជាយ ថវិកាជាតិច្រើន” ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថ្លែងថា សន្លឹកឆ្នោតបោះលើស និងបញ្ហាទឹកថ្នាំ នោះជារឿងបច្ចេកទេសគជប តែសំខាន់ពលរដ្ឋអត់ចង់ទៅបោះឆ្នោត បន្ទាប់ពីមិនទុកចិត្ត លើបក្សនយោបាយធំៗទាំង២ ។
លោកបញ្ជាក់ថា “ទី១ពួកគាត់ខកចិត្តជាមួយអ្នកនយោ បាយពួកគេថា អ្នកណាក៏ដូចអ្នកណា ចឹងដំបូងគាត់ស្អប់ CPP ហើយបោះឆ្នោតឲ្យបក្សប្រឆាំង ក្រោយមកពួកគេឈ្នោះគ្នា ធ្វើឲ្យពួកគាត់បាក់ទឹកចិត្ត។ នេះបើតាមខ្ញុំចុះមូលដ្ឋាន ពួកគាត់ប្រាប់ខ្ញុំចឹង ។ មួយទៀតសារ សម្តេចតេជោ ហ៊ុន សែន បង្ក្រប់ន័យច្រើន ធ្វើឲ្យពលរដ្ឋយល់ថា បើបោះឆ្នោតហើយ CPP ធ្លាក់មានសង្គ្រាមដដែល មិនបាច់ទៅបោះម៉ងទៅ” ។
លោក សាម អ៊ីន អ្នកនាំាពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន មានប្រសាសន៍ថា បញ្ហាចោទពេលនេះ គ.ជ.ប បោះពុម្ភសន្លឹកឆ្នោត លើសកំណត់ច្រើនពេក តែយ៉ាងណា ក៏មិនទាន់អាចវាយតម្លៃថា យ៉ាងណាដែរ រង់ចាំមើលលទ្ឋផលក្រោយ ការបោះឆ្នោតឃុំសង្កាត់សីន។
លោកបន្តថា “មានក្តីកង្វល់ ការបោះពុម្ភសន្លឹកឆ្នោតច្រើន ទឹកថ្នាំខ្ញុំមិនមែនជាអ្នកជំនាញ់ មិនអាចនិយាយបានទេ តែសង្គមស៊ីវិលគាត់បារម្ភ តែអ្វីកាន់តែបារម្ភនោះ ការរាប់សន្លឹកឆ្នោត ខណៈការបោះ សន្លឹកឆ្នោតច្រើនពេក រហូតដល់២០% ។ រាប់សន្លឹកឆ្នោតហើយទើប អាចវាយតម្លៃទៀតបាន” ។
ទោះបីជាមានការវិភាគថា CPP នឹងមិនចាញ់ការបោះឆ្នោតឃុំសង្កាត់ ឬថយចុះក៏ដោយ ក៏អ្នកមន្រ្តីបក្សប្រជាជនកម្ពុជា មិនចាប់អារម្មណ៍ ដោយលោក ផៃ ស៊ីផាន ចាត់ទុកថា នោះជាការលើកឡើងគ្មានភស្តុតាង ខណៈការពិតពលរដ្ឋមូលដ្ឋាន បានទុកចិត្តមកលើការដឹកនាំ របស់មន្រ្តីឃុំសង្កាត់ ដែលធ្វើ CPP ត្រៀមយកជ័យជំនះ ។
លោកបន្ថែមថា “មូលដ្ឋានឃុំសង្កាត់ ការដឹកនាំបក្សប្រជាជន មានទិសដៅសម្រាប់ប្រជាជន នោះហើយពលរដ្ឋនឹងគាំទ្រ បោះឆ្នោតឲ្យបក្សប្រជាជន គឺស្មើរនឹងបោះឆ្នោតឲ្យខ្លួនឯងផ្ទាល់។ ទី២សេវាកម្មរាជរដ្ឋាភិបាល ដាក់យ៉ាងម៉ឺងមាត់ មិនយកប្រាក់លើក្រដាសស្នាម អត់យកសេវាកម្មពន្ឋដីស្រែ ។ ដូចនេះយើងមានមោទភាព គឺនាំមុខឈ្នះឈ្នះទាំអស់គ្នា ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព” ។
លោក គីម ឆន មន្រ្តីសម្របសម្រួល អង្គការឃ្លាំមើលការ បោះឆ្នោតខុមហ្វ្រែល លើកឡើងថា ខុមហ្វ្រែលកំពុងពិនិត្យករណី សន្លឹកឆ្នោតបោះបម្រុងដែលលើសច្រើនពេក ចំពោះបញ្ហាទឹកថ្នាំវិញ ហាក់មិនសូវដាក់ការបារម្ភទេព្រោះគជប បានធ្វើសាកល្បងច្រើនលើក ច្រើនសារមុននឹងសម្រេច យកមកប្រើប្រាស់ ។
លោកបញ្ជាក់ថា “បញ្ហាការប្រើប្រាស់ សន្លឹកឆ្នោតមិនប្រក្រតី ក្នុងថ្ងៃបោះឆ្នោត ព្រោះអ្នកបោះឆ្នោត មិនដែលបានទៅគ្រប់ចំនួនទេ នោះសន្លឹកឆ្នោតសល់ច្រើន ធ្វើឲ្យមានបញ្ហាសន្លឹកឆ្នោតហើយ។ បញ្ហាទឹកខ្មៅយើងក៏មានការបារម្ភទេ យើងទុកចិត្ត គ.ជ.ប ចំពោះទឹកខ្មៅនេះ ព្រោះលើកនេះ មានគុណភាពល្អប្រសើរជាងមុន ដើម្បីសម្រួលដល់ការប្រើប្រាស់ និងរាប់សន្លឹកឆ្នោត។ គជបបានធ្វើតេស្ត សាកល្បងច្រើនដងដែរ ចឹងយើងសង្ឃឹមថា នឹងល្អប្រសើរ” ។
សំរាប់ការបោះឆ្នោតឃុំសង្កាត់នេះ គណបក្សកាន់អំណាច បានដាក់គោលនយោបាយ សំខាន់ៗរបស់ខ្លួន សម្រាប់អភិវឌ្ឍន៍ ឃុំ- សង្កាត់ ២០១៧ – ២០២២ ។ គោលនយោបាយសំខាន់ៗ របស់គណបក្សប្រជាជន សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៤រួមមាន៖ ផ្តល់ឲ្យឃុំ-សង្កាត់ នូវធនធានហិរញ្ញវត្ថុយ៉ាងតិច ២,៨ភាគរយ នៃចំណូលចរន្តថវិកាជាតិប្រចាំឆ្នាំ និងបង្កើនបន្ថែមជាលំដាប់ទៀត។ រដ្ឋគាំទ្រការបង្កើនផលិតកម្ម និងរកទីផ្សារលក់កសិផល ដោយតម្លៃសមរម្យ ។ កាត់បន្ថយអត្រាការ ប្រាក់មីក្រូហិរញ្ញវត្ថុ ក្នុងកម្រិតសមរម្យ និងពង្រឹងកិច្ចការពារប្រជាជនក្រីក្រ ដែលខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ ។ បែងចែកដីសម្បទានសង្គមកិច្ច សំរាប់លំនៅដ្ឋាន និងបង្កបង្កើនផល ជូនប្រជាជនអត់ដី ឬខ្វះដី និងចំណុចសំខាន់ៗ មួយចំនួនទៀត។
គណបក្សសង្គ្រោះជាតិវិញ មានចំនួន ៥ចំណុច រួមមាន៖ ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ផ្តល់ឱកាស និងលើកទឹកចិត្តប្រជាពលរដ្ឋ បង្កើតសហគមន៍ ផ្តល់យោបល់ វាយតម្លៃ និងចូលរួមធ្វើសេចក្តីសម្រេចនានា ក្នុងឃុំ សង្កាត់ ។ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ដោយការពារកម្មសិទ្ធិដីធ្លី ស្របច្បាប់របស់ប្រជាពលរដ្ឋ និងមិនចុះហត្ថលេខា លើការវិនិយោគ ឬសម្បទានណា ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។ សេវាសាធារណៈ ដោយផ្តល់លិខិតស្នាមផ្សេងៗ ដោយមិនរើសអើង ស្អាតស្អំ និងទាន់ពេលកំណត់ បង្កើតមូលនិធិសម្រាប់ជួយជនរងគ្រោះ ។ សន្តិសុខ នឹងពង្រឹងប្រសិទ្ធភាព និងលើកកម្ពស់ការងារនគរបាល ដើម្បីឃុំ-សង្កាត់ ប្រកបដោយសុវត្ថិភាព គ្មានគ្រឿងញៀន និងគ្មានអំពើហិង្សា ។ វិមជ្ឈការ (គោលនយោបាយថ្នាក់ជាតិ សម្រាប់ឃុំ-សង្កាត់) ដោយធ្វើវិមជ្ឈការអំណាច ប្រគល់សិទ្ធិអំណាច ធ្វើសេចក្តីសម្រេចចិត្ត ក្នុងការអភិវឌ្ឍន៍ឃុំ-សង្កាត់ ផ្តល់ថវិកាយ៉ាងតិច ៥០ម៉ឺនដុល្លារ សម្រាប់ឃុំ សង្កាត់ ក្នុងមួយឆ្នាំ ស្មើនឹងប្រមាណ២០% នៃថវិកាជាតិ ។ គោលនយោបាយ របស់គណបក្សទំាងពីរ នឹងធ្វើការឃោសនា ស្វែងរកសំឡេងឆ្នោត នៅពេលបោះឆ្នោត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ក្នុងចំណោម គណបក្សនយោបាយ ចំនួន១២ បានចុះឈ្មោះនៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត សម្រាប់ប្រកួតប្រជែងគ្នា។
សូមជំរាបថា កងកម្លាំងដែលត្រូវ បានរៀបចំសម្រាប់ ការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅទូទាំងប្រទេសមាន ៣៧៥៣០នាក់ ។ ក្នុងនោះនគរបាលចំនួន ៣៥០៤៣នាក់ ។ កងរាជអាវុធហត្ថ ៦៤៣នាក់ ។ និងកងយោធពលខេមរភូមិន្ទ ១៨៤៤នាក់ ៕