FN ៖ ទីបំផុតបន្ទាប់ពីកិច្ចពិភាក្សាសម្របសម្រួលអស់រយៈពេលប្រមាណ ៣ម៉ោង ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ បានព្រមទទួលយកសំណង ១,៤០០ដុល្លារ ក្នុងម៉ែត្រការេ ជាថ្នូរនឹងការចាកចេញរបស់ពួកគេ។
ការព្រមព្រៀងនេះ បានកើតមានឡើង នៅក្នុងកិច្ចប្រជុំសម្របសម្រួលជាលើកចុងក្រោយ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧នេះ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា តំណាងក្រុមហ៊ុនជប៉ុន Arakawa និងប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូឌិញ «ស»។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ក្រោយកិច្ចពិភាក្សានោះថា ប្រជាពលរដ្ឋភាគច្រើនបំផុតបានយល់ព្រមចាក ចេញហើយ ហើយខាងក្រុមហ៊ុនព្រមជួយចេញថ្លៃរុះរើទំនិញក្នុងមួយគ្រួសារ ១០០ដុល្លារថែមទៀតផង។ បើតាមលោក ជា សុផារ៉ា ការរុះ រើនេះ នឹងចាប់ផ្តើមធ្វើចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានបើកកិច្ចសម្របសម្រួលរវាងក្រុមហ៊ុនជប៉ុន Arakawa និងប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូឌិញជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ទើបតែនៅព្រឹកនេះភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋបានជួបជជែកគ្នាជាថ្មី និងព្រមព្រៀងផ្តល់ និងទទួលយកសំណង ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការេ សម្រាប់ការចាកចេញ។
បើតាមលោក ជា សុផារ៉ា ប្រជាពលរដ្ឋរស់នៅសរុបក្នុងអគារប៊ូឌិញប្រមាញ ៣៩៣គ្រួសារ បានព្រមព្រៀងទទួលសំណងស្ទើរតែទាំងអស់ទៅហើយ នៅសល់តែមួយ ទៅពីរគ្រួសារតែប៉ុណ្ណោះ ដែលលោកសង្ឃឹមថាពួកគេនឹងសម្រេចចិត្ត ក្នុងពេលឆាប់ៗនេះ។
សូមជម្រាបថា អគារប៊ូឌីញ «ស» នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើប មានកម្ពស់ប្រមាណ ២១ជាន់ ដោយគ្រោងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕