FN ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅសាលាជាតិពន្ធដារ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «កាតព្វកិច្ចពន្ធចំពោះក្រុមហ៊ុនទើបចុះបញ្ជីថ្មី ដែលស្ថិត ក្រោមការគ្រប់គ្រងរបស់ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ» ក្រោមអធិបតីភាពរបស់ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពី លោកអនុ ប្រធាននាយកដ្ឋាន លោកប្រធាន-អនុប្រធានការិយាល័យ និងមន្ដ្រី នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ លោក-លោកស្រី តំណាងសហគ្រាសដែលទើប ទទួលបានការចុះបញ្ជីពន្ធដារថ្មីចំនួន ២០០សហគ្រាស ដែលត្រូវប្រកាស និងបង់ពន្ធនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
លោក អេង រតនា បានសំដែងនូវកិច្ចស្វាគមន៍ចំពោះវត្ដមានរបស់ លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុន និងលោក-លោកស្រី ជាមន្ដ្រីពន្ធដារ និងភ្ញៀវកិត្ដិយសទាំងអស់ ដែលបានអញ្ឆើញចូលរួមក្នុង អង្គសិក្ខាសាលានេះ។
លោកបន្តថា តាមរយៈសិក្ខាសាលានេះ តំណាងក្រុមហ៊ុនដែលទើបចុះបញ្ជីថ្មីៗទាំងអស់ដែលមានវត្តមាននាព្រឹកនេះ នឹងបានយល់ច្បាស់អំពីកាតព្វកិច្ចពន្ធ ដែលត្រូវបំពេញ និងដើម្បីជៀសវាងបាននូវកំហុសឆ្គងទាំងឡាយ ក្នុងការរៀបចំប្រកាសនិងបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំ។
ប្រធានបទសំខាន់ៗដែលលើកយកមកធ្វើបទបង្ហាញ មានដូចខាងក្រោម ៖
១៖ សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
២៖ ពន្ធលើប្រាក់បៀវត្ស
៣៖ អាករលើតម្លៃបន្ថែម
៤៖ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ
នៅក្នុងឱកាសនេះដែរ លោក អេង រតនា ក៏បានបញ្ជាក់ជូនអង្គសិក្ខាសាលា អំពីជោគជ័យដែល បានមកពីលទ្ធផលនៃការធ្វើកំណែទម្រង់ គោលនយោបាយសារពើពន្ធ និងរដ្ឋបាលសារពើពន្ធ ដែលនាំឲ្យការ ប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ កើនឡើងជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ លោកបានសំណូមពរ ឲ្យក្រុមហ៊ុនទាំងអស់ យកចិត្តទុកដាក់គោរពច្បាប់ និងបទប្បញ្ញត្តស្ដីពីពន្ធដារ តាមរយៈប្រកាសបង់ពន្ធ និងកាន់កាប់បញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវ ដើម្បីចៀសផុតពីការផាកពិន័យ និងទោសទណ្ឌផ្សេងៗពីសំណាក់ រដ្ឋបាលសារពើពន្ធ។ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា ធុរកិច្ចជនដែលបានចូលរួម នឹងសហការជាមួយអគ្គនាយក- ដ្ឋានពន្ធដារក្នុងការអនុវត្តច្បាប់ឲ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាពថែមទៀត៕