FN ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន បានលើកឡើងឲ្យដឹងថា «ការជ្រើសរើសមេដឹកនាំប្រទេសមិនដូចជាការចាក់ឆ្នោត នោះទេ បើយើងជ្រើសរើសត្រូវ យើងមានសំណាងជោគវាសនា រស់នៅក្នុងសុខសន្តិភាព មានក្តីសង្ឃឹម និងឱកាសអភិវឌ្ឍប្រទេស តែបើយើងជ្រើសរើសខុសប្រទេស នឹងក្រឡាប់ចាក់»។
លោក ហ៊ុន ម៉ាណែត បន្តថា «ជាក់ស្តែងដូចប្រទេសប្រទេសមួយចំនួន នៅលើពិភពលោក នៅមានការវាយប្រហារគ្នា មកដល់សព្វថ្ងៃ។ នៅក្នុងរយៈពេល៣០ឆ្នាំយើងបានជ្រើរើសត្រូវ យើងបានផ្លាស់ប្តូរត្រូវ យើងបានផ្លាស់ប្តូរពីប្រទេស មានសង្រ្គាមមកជា ប្រទេសមានសុខសន្តិភាព ពីជីវភាពលំបាកមក មានជីវភាពធូរធា និងក្លាយជាប្រទេសមានការអភិវឌ្ឍន៍»។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានាវត្តសែនឧត្តម ស្ថិតក្នុងឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត សង្គ្រាមបានបន្សល់ទុក នូវការឈឺចាប់ ពីអតីតកាល ឪពុកម្តាយព្រាត់កូន ប្រពន្ធ ព្រាត់ប្តី អ្វីដែលយើង មានមកដល់ថ្ងៃនេះ គឺសល់ពីសង្គ្រាម។ ដោយសារយើងមានឱកាសរស់រានមានជីវិតទើបយើងមាន ឱកាស កសាងសមិទ្ធិផលជាច្រើន។
លោកបានបន្តថា ប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ប្រជាពលរដ្ឋមានជីវភាពធូរធាកូនចៅ ប្រជាពលរដ្ឋមានឱកាស រៀនសូត្រ មានការងារធ្វើ។ នេះគឺជាភ័ពសំណាងរបស់យើងដែលមានអ្វីៗ ដូចសព្វថ្ងៃនេះ។
ការកសាងសមិទ្ធិផលនេះ គឺជាទឹកចិត្តនិងការចូលរួមរបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ។ ជាក់ស្តែងការកសាងសមិទ្ធិផល នៅក្នុងទីវត្តអារាមគឺជាមជ្ឈមណ្ឌលអប់រំ សីលធម៌ គុណធម៌ និងអំពើល្អ៕