សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ

នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ ចំនួន១,០២៦នាក់ ជាបន្តទៀត ដែលពិធីនេះ បានប្រារព្ធឡើងនៅទីរួមខេត្តក្រចេះ។ នេះជាបេសកកម្មលើកទី១៦ និងចំនួន១៩ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមឡើងពីខេត្តកំពង់ចាម,ត្បូងឃ្មុំ,កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ, កណ្ដាល, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន និងខេត្តក្រចេះ នាថ្ងៃនេះ។ តាមរបាយការណ៍របស់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានឱ្យដឹងថា ខេត្តក្រចេះ គឺស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាន មានចម្ងាយពីរាជធានីភ្នំពេញ៣៤០គីឡូម៉ែត្រ តាមផ្លូវជាតិ​លេខ​​៧ កាត់តាមស្រុកស្នួល…