សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម
រសៀល ថ្ងៃចន្ទទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ សារធារណរដ្ឋសង្គមនិយមវៀតណាម។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងខួបអនុស្សាវរីយ៍៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាមនាពេលនេះ។ ឯកឧត្តមបានចាត់ទុកវត្តមានសម្ដេចតេជោ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាមដ៏រឹងមាំដែលមាននាពេលកន្លងមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានលើកឡើងថា វៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តម តូ ឡឹម ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូដែលបានអញ្ជើញមកកាន់ប្រទេសវៀតណាមនាឱកាសនេះ។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ខែសីហា កាលពីឆ្នាំ១៩៤៥ ដែលមានអត្ថន័យសម្រាប់ប្រទេសវៀតណាម និងក៏ជាចំណុចសំខាន់មួយដែលកើតមានចលនានៃការតស៊ូដើម្បីទាមទារឯករាជ្យទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ សម្ដេចតេជោបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងបក្សនៃប្រទេសទាំងពីរ ក្នុងឋានៈសម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយក្នុងឋានៈឯកឧត្តម តូ ឡឹម ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម…