សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wookឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉ ចូលជួបសម្ដែងការគួរសម និងជម្រាបលា

នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបសន្ទនាជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងឱកាសនៃការបញ្ចប់បេសកកម្មការទូតនិងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការនានានៅក្នុងការរួមចំណែកកសាង និង ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាឱកាសជំនួបនេះ ឯកឧត្តម PARK Jung-Wook បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តលើកឡើងថា វាជាកិត្តិយស និងបុព្វសិទ្ធិដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមគោរពថ្លែងអំណរគុណសម្តេចតេជោរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្តល់កិច្ចសហការនានាក្នុងការបំពេញការងាររបស់ឯកឧត្តម។ បន្ទាប់ពីប្រទេសទាំងពីរបានតភ្ជាប់ទំនាក់ទំនងនៅឆ្នាំ១៩៩៧ មក ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលេចថា កម្ពុជាមានសន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហើយកម្ពុជាបានក្លាយជាដៃគូជិតស្និទ្ធមួយរបស់សាធារណរដ្ឋកូរ៉េ។ នៅក្នុងន័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ពិតជាមានមោទនភាពដែលបានចូលរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅកូរ៉េ នៅឆ្នាំ២០២៤ ដែលនាឱកាសនោះ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជា ភាពជាដៃគូយុទ្ធសាស្រ្ត។…